ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ក្រុង​ហាណូយ​ខឹង​សម្បារ​ចំពោះ​ការបាញ់​ប្រហារ​លើ​អ្នក​នេសាទ​វៀតណាម​ដោយ​ប៉ូលិសថៃ


រូបឯកសារ៖ ទូកនេសាទ​វៀតណាម​ ចត​នៅ​ជិត​កោះ​ Ly Son ក្នុង​ខេត្ត​ Quang Ngai ប្រទេស​វៀតណាម។
រូបឯកសារ៖ ទូកនេសាទ​វៀតណាម​ ចត​នៅ​ជិត​កោះ​ Ly Son ក្នុង​ខេត្ត​ Quang Ngai ប្រទេស​វៀតណាម។

កាសែត​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋ​ក្នុង​ប្រទេស​វៀត​ណាម​ ​បាន​ចោទ​ប្រកាន់​ប្រទេស​ថៃ​ពីការ​រំលោភ​ច្បាប់​អន្តរជាតិ​ នៅពេល​ដែល​ប៉ូលិស​ការ​ពារ​ដែន​សមុទ្ររបស់​ថៃ​បាន​បាញ់​អ្នក​នេសាទ​វៀតណាម​៣​នាក់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ដែល​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់។

កាសែតផ្លូវការ​របស់​រដ្ឋ Nhan Dan​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ឧបទ្ទវហេតុ​នេះ ​បាន​កើត​មាន​ឡើង​កាល​ពី​សប្តាហ៍​មុន ​នៅ​ផ្ទៃ​ទឹក​ជាន់​គ្នា​រវាង​ម៉ាឡេស៊ី ​វៀតណាម ​និង​ប្រទេស​ថៃ។

សេចក្តី​រាយការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​កប៉ាល់​វៀតណាម​បាន​បើក​គេច​នៅ​ពេល​ដែល​នាវា​ប៉ូលិស​ថៃ​បាន​មក​ជិត ​ដោយ​បាន​ស្រែក​តាមវិទ្យុ​ថា៖ «នាវា​វៀតណាម​ត្រូវ​ឈប់ ​បើមិន​ឈប់​ទេ ​យើង​នឹង​បាញ់​សម្លាប់​អ្នក»។

ការស៊ើប​អង្កេត​របស់​វៀត​ណាម​បាន​សន្និដ្ឋាន​ថា ​ប៉ូលិសថៃ​បាន​រំលោភច្បាប់ វៀតណាមនិង​ច្បាប់​អន្តរជាតិ ​ហើយ​បាន​ស្នើ​យក​បញ្ហា​នេះ ​ទៅ​ដោះ​ស្រាយ​កម្រិត​ការទូត។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ VOA​ ផ្សាយ​ជាភាសា​វៀត​ណាម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ ​លោក ​Le Thanh Luu ​ប្រធាន​នេសាទ​វៀតណាម​បាន​និយាយ​ថា ​ក្រុម​របស់​លោក​នឹង​សុំ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​សើ្ន​ឲ្យ​មាន​ការស៊ើប​អង្កេត​ឲ្យ​បាន​ល្អិតល្អន់ពី​ប្រទេស​ថៃ​ ហើយ​និង​សង​សំណង​ដល់​ពួក​អ្នក​នេសាទ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ។

ក៏ប៉ុន្តែ ​ទី​ភ្នាក់​ងារ​ព័ត៌មាន ​Reuters​ បាន​ដក​ស្រង់​សម្តី​មន្រ្តី​ជាន់​ខ្ពស់​របស់​ថៃ​ម្នាក់​មក​ចុះ​ផ្សាយ​ថា ​ការ​បាញ់​នោះ គឺ​ជាការ​ការពារ​ខ្លួន​ប៉ុណ្ណោះ។

លោក​ឧត្តម​សេនីយ៍ ​Grittapol Yeesakhorn ​ប្រធាន​ដែន​សមុទ្រ​ថៃ​បាន​និយាយ​ថា ​លោក​មិន​បាន​ដឹង​ពី​មនុស្ស​ស្លាប់​នោះ​ទេ ​ហើយ​ប៉ូលិស​បាន​ការ​ពារ​ខ្លួន​គេ​នៅ​ពេល​ដែល​នាវា​របស់​ពួកគេបាន​ត្រូវ​ឡោម​ព័ទ្ធ​ដោយ​នាវា​វៀតណាមដែល​ព្យាយាម​បុក​នាវា​ប៉ូលិស​ថៃ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន៕

XS
SM
MD
LG