ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនភៀសខ្លួន​ដំបូង​បញ្ជូន​ពី​អូស្ត្រាលី​ត្រៀមចាកចេញ​ពី​កម្ពុជា​ទៅ​ភូមា​វិញ


រូបឯកសារ៖ ជន​ភៀសខ្លួន​​​ដែល​ស្វះស្វែង​រក​សិទ្ធិ​ជ្រក​កោណ​កំពុង​ត្រូវ​គេ​នាំ​​ពី​យន្តហោះ​ទៅ​កាន់​​រថយន្ត​ក្រុង​នៅ​ក្រោយ​ពួក​គេ​ទើប​មក​ដល់​កោះ​ណូរូ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២។ ប្រទេស​អូស្ត្រាលី​បាន​ផ្តល់ថវិកា​ជា​ច្រើន​ដល់​ប្រទេស​ណូរូ​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក នៅ​ពេល​កោះ​នេះ​បាន​ក្លាយ​ជា​កន្លែង​សំខាន់​សម្រាប់​គោលនយោបាយ​ដ៏​ចម្រូងចម្រាស់​ទាក់ទង​នឹង​ជន​សុំ​សិទ្ធិ​ជ្រក​កោណ។ កោះ​ណូរូ​មាន​​មណ្ឌល​ឃុំ​ខ្លួន​ដែល​អាច​ដាក់​មនុស្ស​បាន​ដល់​១.៥០០​នាក់ សម្រាប់​បុរស​ស្ត្រី​និង​កុមានរ​ពី​​​តំបន់​មជ្ឈិមបូព៌ា​ អាហ្វ្រិក និង​អាស៊ី។​​ (REUTERS/Rod Henshaw)
រូបឯកសារ៖ ជន​ភៀសខ្លួន​​​ដែល​ស្វះស្វែង​រក​សិទ្ធិ​ជ្រក​កោណ​កំពុង​ត្រូវ​គេ​នាំ​​ពី​យន្តហោះ​ទៅ​កាន់​​រថយន្ត​ក្រុង​នៅ​ក្រោយ​ពួក​គេ​ទើប​មក​ដល់​កោះ​ណូរូ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២។ ប្រទេស​អូស្ត្រាលី​បាន​ផ្តល់ថវិកា​ជា​ច្រើន​ដល់​ប្រទេស​ណូរូ​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក នៅ​ពេល​កោះ​នេះ​បាន​ក្លាយ​ជា​កន្លែង​សំខាន់​សម្រាប់​គោលនយោបាយ​ដ៏​ចម្រូងចម្រាស់​ទាក់ទង​នឹង​ជន​សុំ​សិទ្ធិ​ជ្រក​កោណ។ កោះ​ណូរូ​មាន​​មណ្ឌល​ឃុំ​ខ្លួន​ដែល​អាច​ដាក់​មនុស្ស​បាន​ដល់​១.៥០០​នាក់ សម្រាប់​បុរស​ស្ត្រី​និង​កុមានរ​ពី​​​តំបន់​មជ្ឈិមបូព៌ា​ អាហ្វ្រិក និង​អាស៊ី។​​ (REUTERS/Rod Henshaw)

ជនភៀស​ខ្លួន​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ (Rohingya) ​មក​ពី​ប្រទេស​ភូមា​ត្រៀម​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ បន្ទាប់​​ពី​បាន​មក​តាំង​ទី​លំនៅ​ដោយ​ការស្ម័គ្រចិត្ត​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​​នេះ។

ជនភៀស​ខ្លួន​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ (Rohingya) ​មក​ពី​ប្រទេស​ភូមា​ត្រៀម​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ បន្ទាប់ពី​បាន​មក​តាំង​ទី​លំនៅ​ដោយ​ការស្ម័គ្រចិត្ត​កាល​ពី​ខែ​មិថុនា​កន្លង​ទៅនេះ។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​មន្ត្រី​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​កម្ពុជា។​

ជនជាតិ​រ៉ូហ៊ីងយ៉ា​នេះ​ គឺ​ស្ថិត​នៅក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ទាំង​បួន​រូប​ដែល​ត្រូវបាន​បញ្ជូន​ពី​កោះ​ណូរូ​មក​កាន់​ប្រទេស​កម្ពុជា​តាមរយៈ​កិច្ច​ព្រមព្រៀង​ដ៏​ចម្រូង​ចម្រាស​រវាង​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​និង​អូស្ត្រាលី​ ស្តី​ពី​ការ​ផ្ទេរ​ជន​ភៀស​ខ្លួន​មក​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​ក្រីក្រមួយ​នៅ​ក្នុង​សមាគមអាស៊ាន។​

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ឯ​សណ្ឋាគារ​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅព្រឹក​ថ្ងៃ​ច័ន្ទ​នេះ លោក​កែម សារិន​ប្រធាន​នាយកដ្ឋាន​ជន​ភៀស​ខ្លួន​នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហា​ផ្ទៃ​ ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​កំពុង​រង់ចាំ​លិខិត​បើក​ផ្លូវ​ពី​ស្ថានទូត​នៃ​ប្រទេសភូមា​ប្រចាំ​នៅ​កម្ពុជា​ដើម្បី​សម្រួល​ដល់​ការ​ចាក​ចេញ​របស់​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​នេះ ​ក្រោយ​ពី​ជន​ភៀស​ខ្លួន​រូប​នេះបាន​ដាក់​លិខិត​ទៅកាន់​ស្ថានទូត​កាលពី​ពីរ​សប្តាហ៍​មុន។​

លោក​បាន​បន្ថែម​ថា៖​ «សាម៉ីខ្លួន​បាន​ទំនាក់​ទំនង​ ស្ថានទូត​ភូមា​ហើយ​ ហើយ​យើង​នឹង​រង់​ចាំ​ស្ថាន​ទូត​ភូមា​ គាត់​នឹង​ចេញ​ លិខិត​បើក​ផ្លូវ​ឲ្យ។ នៅ​ពេល​ដែល​ស្ថានទូត​ភូមា​គាត់​នឹង​ចេញ​លិខិត​បើក​ផ្លូវ​ឲ្យរួច​ហើយ​នោះ​ កម្ពុជា​នឹង​ចេញ​ទិដ្ឋាការ​ ចេញ​Exit Visa ​ជូន​ ហើយ​ពេលនោះ​ គឺ​គាត់​អាច​ធ្វើ​ដំណើរ​ ត្រឡប់​ទៅ​កាន់​ប្រទេសដើមរបស់​ខ្លួន​វិញ​ហើយ»​។​ ​ ​

លោក​ឲ្យ​ដឹង​ទៀត​ថា​ ការ​ស្ម័គ្រចិត្ត​វិលត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ជនភៀសខ្លួន​នេះ​ នឹង​មិន​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​ដែល​រដ្ឋាភិបាល​អូស្រ្តាលី​ ​បាន​ចុះ​ជាមួយ​ប្រទេស​កម្ពុជា​ទេ៖

«វា​មិនមាន​អ្វីប៉ះពាល់​ ព្រោះ​នៅ​ក្នុង​MOU​ ក៏​បាន​ និយាយ​ថា​ នៅ​ពេល​ដែល​ជនភៀសខ្លួន​បាន​មក​ដល់​កម្ពុជា​ បើសិន​ជា​ជន​ភៀស​ខ្លួន​មាន​ការ​ស្ម័គ្រចិត្ត​ទៅកាន់​ប្រទេស​ខ្លួន​វិញ​ អានោះ​ជាសិទ្ធិ​របស់​គាត់​នៅ​ក្នុង​ការ​ធ្វើការ​ស្ម័គ្រ​ចិត្ត​ ធ្វើ​មាតុភូមិ​និវត្ត​ន៍​ទៅកាន់​ប្រទេស​ដើម​នោះវិញ»។​

លោក​កែម សារិន​មិនអាច​បញ្ជាក់​លម្អិត​ពី​ហេតុផល​នៃ​ការវិល​ត្រឡប់​ទៅ​វិញ​នៃ​ជនភៀស​ខ្លួន​រូបនេះ​ ទេ​ ដោយ​លោកគ្រាន់​តែ​បញ្ជាក់​ថា​ ជនភៀស​ខ្លួន​មាន​សិទ្ធិ​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​ បើសិន​ជា​ជនភៀសខ្លួន​នេះ​យល់ថា​ ប្រទេស​កំណើត​របស់​ខ្លួន​អាច​ផ្តល់​នូវ​សុវត្ថិភាព​គ្រប់​គ្រាន់​ និង​មិន​រង​នូវ​ការ​គំរាម​កំហែង​ ឬក៏​ធ្វើ​ទារុណកម្ម​នានា។​

អ្នក​ស្រី​ Kristin Dadey ​មន្រ្តី​ជំនាញ​ក្នុង​ការ​ជួយ​ជន​ចំណាកស្រុក​ នៃ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ បដិសេធ​មិនផ្តល់ការ​អធិប្បាយ​តាម​សារអេឡិកត្រូនិក​ ឬ​Email ​ទៅនឹង​សំណួរ​ទាក់​ទិន​នឹង​ហេតុផល​នៃ​ការត្រៀម​ត្រឡប់​ទៅ​វិញ​នៃ​ជន​ភៀស​ខ្លួន​ជន​ជាតិ​ Rohingya នេះ​ ដោយ​គោរពទៅ​តាម​ការ​ស្នើ​សុំ​មិន​ឲ្យ​បញ្ចេញ​នូវ​ព័ត៌មាន​ទាក់​ទង​ជីវិតផ្ទាល់​ខ្លួន​របស់​ជន​ភៀស​ខ្លួន​រូបនេះ។​ ​

ថ្មីៗ​នេះ​ មន្ត្រី​ក្រសួង​មហាផ្ទៃ​នៃ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​កម្ពុជា​ ​ពុំទាន់​មាន​ផែនការ​ក្នុង​ការ​ទទួល​យក​បន្ថែម​ជន​ ភៀសខ្លួន​ពី​កោះ​ណូរូ(Nauru) ​ទៀតទេ​ដែល​នាំ​ឱ្យ​មាន​ការ​មន្ទិល​សង្ស័យ​លើ​កិច្ច​ព្រម​ព្រៀង​នោះ​ តែ​មន្ត្រី​នៃ​ក្រសួង​ការ​បរទេស​អូស្ត្រាលី​ឆ្លើយ​តប​ថា​ កិច្ចព្រម​ព្រៀង​នេះ​នៅ​មាន​សុពលភាព​ និង​មិន​បរាជ័យ​នោះ​ដែរ។​

លោក​ស្រី​ Julie Bishop រដ្ឋមន្ត្រី​ការ​បរទេស​អូស្រ្តាលី​ បានថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ នៅ​ក្នុង​ទីក្រុង​Sidney ​ថា​ រដ្ឋាភិបាល​កម្ពុជា​ បានតាំង​ចិត្ត​ដោះ​ស្រាយ​បញ្ហានៅ​ក្នុង​តំបន់​ តាមរយៈ​អនុស្សារណៈ​ យោគ​យល់​គ្នា​ជាមួយ​រដ្ឋាភិបាល​អូស្រ្តាលី​ដើម្បី​តាំង​លំនៅ​អ្នក​ស្វែង​រក​សិទិ្ធ​ជ្រកកោន​ដែល​ជា​ជន​ភៀស​ខ្លួន។​

ជន​ភៀស​ខ្លួន​បួន​នាក់​ដែល​មក​ពី​កោះ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង​គឺ​កោះ​ Nauru​ ត្រូវ​បាន​ប្រគល់​ទៅ​អង្គការទេសន្តរ​ប្រវេសន៍​អន្តរជាតិ(IOM) ​នៅ​ខែមិថុនា​កន្លង​ទៅ​នេះ ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​តាំង​ទី​លំនៅថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ពួកគេ​ទាំងនោះ​ មាន​បីនាក់​ជា​ជនជាតិ​អ៊ីរ៉ង់​ និង​ ម្នាក់​ទៀត​ជា​ជនជាតិ​Rohingya។​

លោកអំ សំអាត​ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្សលីកាដូ ​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា​ ​ការ​ស្នើ​សុំ​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ជនជាតិ​ Rohinghya ​រូបនេះ​ គឺ​ជា​សារ​មួយ​ទៅកាន់​ជន​ភៀស​ខ្លួន​ឯ​ទៀត​នៅ​ឯកោះ​ណូរូ​ ឲ្យ​មាន​ការ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​មុន​នឹង​សម្រេច​ចិត្ត​មក​កាន់​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​ក្រីក្រ​មួយ​នេះ។​ លោក​ថ្លែង​បន្ត​ថា​ នេះ​ជា​បទពិសោធន៍​មួយ​ផង​ដែរ​ សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ នៅក្នុងការចុះ​កិច្ច​ព្រម​ព្រៀង​ណាមួយ​ទៅ​ថ្ងៃ​អនាគត ​ដោយ​រដ្ឋា​ភិបាល​មិន​គួរ​ណា​សំឡឹង​មើលតែទៅ​លើ​ទឹកប្រាក់​ ជាថ្នូរ​និង​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នោះ​ឡើយ​។​

«យើង​មើល​ទៅ​លើ​ជីវភាព​រស់​នៅ​ ជាពិសេស​ទាក់​ទង​នឹង​បញ្ហា​ការងារ​សម្រាប់ប្រជា​ពលរដ្ឋ​ខ្មែរ​ យើង​នៅ​អំពាវនាវ​ ទៅលើ​ប្រទេស​នៅ​បរទេស​ ដើម្បី​ឲ្យ​ទទួល​កម្មករ​ ឬ​ក៏​ប្រជាពលរដ្ឋ​យើង​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​នៅ​ឡើយ។ អញ្ចឹង​បញ្ជាក់​ថា​ ទីផ្សារ​ការងារ​យើង​នៅ​ចង្អៀត​ ហើយ​កម្ពុជា​យើង​នៅ​មាន​បញ្ហា​ផ្សេងៗ​ដែល​ត្រូវ​ដោះស្រាយ​ ជាពិសេស​គឺ​បញ្ហា​សិទ្ធិ​មនុស្ស​ ជាដើម​ដែល​យើង​ត្រូវ​ដោះ​ស្រាយ​ ឲ្យមាន​ស្ថានភាព​ល្អប្រសើរ​ មុន​នឹង​សម្រេច​ទទួល​ជនភៀស​ខ្លួន​ដទៃ​ទៀត​ ពីព្រោះ​យើង​កុំមើល​ឃើញ​ ទឹក​ប្រាក់​ ឬ​ក៏​លុយ​ជាធំ​ ហើយ​យើង​ទទួល​ជន​ភៀស​ខ្លួន​ ដោយសារ​តែ​ប្រាក់​ជំនួយ ​មិន​បាន​គិតគូ​ល្អិត​ល្អន់​ សម្រាប់​ពួកគេ​ ឬ​ក៏​សិទ្ធិ​របស់​ពួកគេ»។​ ​ ​ ​

សារព័ត៌មាន​ The Guardian ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេង​ទៀត​ បាន​រាយ​ការណ៍​កន្លងមក​ថា ​ប្រទេស​អូស្រ្តាលី​បាន​ផ្តល់​ឱ្យ​ប្រទេស​កម្ពុជា​ជា​ទឹក​ប្រាក់​ចំនួន​ ៥៥លាន​ដុល្លារ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​មួយ​នេះ៕

XS
SM
MD
LG