ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លទ្ធផល​ឆ្នោត​បណ្តោះ​អាសន្ន​នៅ​ខេត្ត​ព្រៃវែង​ប្រឈម​នឹង​បណ្តឹង​ច្រើន


ក្រុម​អ្នក​បោះឆ្នោត​បាន​រារាំង​អ្នក​មក​ពី​ក្រៅ​មិន​ឲ្យ​បោះឆ្នោត​នៅ​ក្នុង​ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
ក្រុម​អ្នក​បោះឆ្នោត​បាន​រារាំង​អ្នក​មក​ពី​ក្រៅ​មិន​ឲ្យ​បោះឆ្នោត​នៅ​ក្នុង​ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​ចំនួន​ប្រាំមួយ​ក្នុង​ខេត្ត​ព្រៃវែង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​កាន់​អំណាច​ បាន​បាត់បង់​អាសនៈ​ពី​ចំនួន​៧​មក​ត្រឹម​៥​វិញ។​

លោក​ហួត​ ផា​ន​ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ព្រៃវែង ​បាន​ឲ្យ​ដឹង​ដូច្នេះ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។​

លោក​និយាយ​ថា៖​ «ឃើញ​លទ្ធផល​នៃ​ការ​បែងចែក​អាសនៈ​នេះ​រួច​ហើយ​គឺ​គណ​បក្ស​ប្រជាជន​បាន​ប្រាំ​អាសនៈ​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាំមួយ​អាសនៈ»។​

ប៉ុន្តែ​លោក​ប្រធាន​គណៈកម្មការ​បោះ​ឆ្នោត​ខេត្ត​បញ្ជាក់​ថា​ ​នេះ​គ្រាន់តែ​ជា​លទ្ធ​ផល​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ​ មិន​ទាន់​ផ្លូវការ​ទេ។​

លោក​បន្តថា៖​ «​លទ្ធផល​នេះ​ជា​លទ្ធផល​បណ្តោះអាសន្ន​ទេ​ ពី​ព្រោះ​យើង​កំពុង​ប្រមូល​ឯកសារ​ផ្សេងៗ​បន្ថែម​ទៀត​ដើម្បីផ្ទៀងផ្ទាត់​លទ្ធផល​ឡើង​វិញ​ ហើយ​យើង​នឹង​បញ្ជូន​ទៅ​គ.ជ.ប.។ ការ​ប្រកាស​លទ្ធផល​គឺ​ គ.ជ.ប.​ អ្នក​ប្រកាស»។​

ខេត្ត​ព្រៃវែង​មាន​អាសនៈ​តំណាងរាស្ដ្រ​ចំនួន​១១។ ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០០៨​បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៧​អាសនៈ​ គណបក្ស​សម​ រង្ស៊ី​ ដែល​មិន​ទាន់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស​ ទទួល​បាន​២​អាសនៈ​ និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​១​អាសនៈ​ និង​គណបក្ស​នរោត្តម​ រណ​ឫទ្ធិ​ទទួល​បាន​មួយ​អាសនៈ។​

លោក​ជុំ​ ច័ន្ទ​ លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ព្រៃវែង​ មាន​ប្រសាសន៍​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ប្រកាស​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​ ដែល​ គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​រក​ឃើញ​នោះ​ទេ។​

លោក​និយាយថា៖​ «ការ​រក​ឃើញ​មិន​ទាន់​យក​ជា​ការ​ប្រាកដ​ទេ​ មូលហេតុ​យើង​អត់​ទាន់​បាន​ទទួល​ទម្រង់១១០៤ ​ដែល​ជា​ទម្រង់រាប់​សន្លឹក​ឆ្នោត​តាម​ការិយាល័យ​ទាំង​១៦០៥​ការិយាល័យ។ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​គិត​ថា​ ប៉ិច​ខេត្ត​ ដែល​ប្រកាស​ថា​ ៥ (អាសនៈ​ទល់​នឹង)​៥​នោះ​ជា​ការណ៍​ពិត​ទេ»។​

មាន​របាយការណ៍​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ពី​អង្គការ​សង្គម​ស៊ីវិល​ប្រចាំ​ខេត្ត​ដូច​ជា​ការ​បាត់ឈ្មោះ​អ្នកបោះឆ្នោត​ វត្តមាន​របស់​មន្ត្រី​អាជ្ញាធរ​ ឬ​មន្ត្រី​គណបក្ស​កាន់​អំណាច​ ដែល​អាច​នាំ​ឲ្យ​មាន​ការ​រំខាន​ដល់​ស្មារតី​អ្នក​បោះឆ្នោត​ ការ​ងើប​ប៉ះ​បោរ​របស់​ក្រុម​ប្រជាជន​នៅ​តាម​មណ្ឌល​បោះឆ្នោត​មួយ​ចំនួន​ប្រឆាំង​នឹង​អ្នក​បោះឆ្នោត​ដែល​ត្រូវ​គេ​ដឹក​ជញ្ជូន​ពី​តំបន់​ផ្សេង​ឲ្យ​មក​ជួយ​បោះ​ឆ្នោត​ជាដើម។​

លោក​ហួត​ ផា​ន​ ប្រធាន​គណៈកម្មការរៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ព្រៃវែង​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ គណៈកម្មការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ចាប់ផ្តើម​ទទួល​ពាក្យ​បណ្តឹង​នានា​ ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃនេះ​ និង​ថ្ងៃស្អែក។ ប៉ុន្តែ​លោក​មិនដឹង​ពី​ចំនួន​បណ្តឹង​ទាំង​នោះ​ទេ។​

លោក​ជុំ​ ច័ន្ទ​ លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ព្រៃវែង​ អះអាង​ថា ​គណបក្ស​របស់​លោក​គ្រោងនឹង​ដាក់​បណ្តឹង​ទាក់ទង​នឹង​ការ​គំរាមកំហែង​ និង​ការ​បាត់​ឈ្មោះ​ប្រជា​ពលរដ្ឋ​អ្នក​បោះឆ្នោត។​

កាលពី​ម្សិលមិញ​ ក្រុម​អាជ្ញាធរ​បាន​បង្ក្រាប​ប្រជា​ពលរដ្ឋ​ដែល​រារាំង​អ្នក​ចំណូល​ថ្មី​មិន​ឲ្យ​បោះ​ឆ្នោត​ក្នុង​ឃុំ​ក្តឿង​រាយ​ ស្រុក​កញ្ច្រៀច ដោយ​ចាប់​បុរស​អ្នក​តវ៉ា​ខ្លាំង​ក្លា​ពីរ​នាក់។ ប៉ុន្តែ​ម្នាក់​ក្នុង​ចំណោម​នោះ​បាន​រត់​រួច​ខ្លួន​មក​វិញ។ រីឯ​ម្នាក់​ទៀត​ត្រូវ​ដោះ​លែង​នៅ​ពេល​យប់៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG