ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង​ងាក​ទៅ​ចិន​ដើម្បី​ទប់​នឹង​ឥទ្ធិពល​វៀតណាម​មក​លើ​កម្ពុជា


លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​លោក​ កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​លោក​ កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ។
នៅ​ពេល​ដែលនាយករដ្ឋមន្ត្រី​វៀតណាម​ លោក​ង្វៀន តាន់​ យុង (Nguyen Tan Dung) ​កំពុង​បំពេញ​ទស្សនកិច្ច​នៅប្រទេស​កម្ពុជា​ ​លោក សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បានបង្ហាញ​ជំហរដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ងាក​ទៅ​រក​ប្រទេស​ចិន។

លោក​បាន​ថ្លែង​ថា៖ «យើង​គាំទ្រ​ចិន​ពេញ​ទំហឹង​ដើម្បី​ការពារ​ឯកភាព​ជាតិ ​បូរណភាព​ទឹកដីប្រទេស​ចិន​ប្រឆាំង​យួន​ឈ្លាន​ពាន»។

ប្រមុខ​ដឹកនាំ​គណបក្ស​ជំទាស់បាន​ប្រកាស​ជំហរ​នេះ​ជាបន្ត​បន្ទាប់​ចំពោះ​មុខ​សកម្ម​ជន​គាំទ្រ​នយោបាយ​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​សៀមរាប​និង​នៅ​ក្នុង​ខេត្ត​បាត់ដំបង​កាល​ពី​ថ្ងៃ​ទី​១០​និង​ទី​១២​ខែ​មករា​នេះ​ គឺ​ស្រប​ពេល​ដែល​នាយករដ្ឋមន្ត្រី​វៀតណាម​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈ​ពេលបី​ថ្ងៃ​នៅ​កម្ពុជា។​ ទស្សនកិច្ច​ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ។

នេះ​គឺជា​សារលើក​ដំបូង​របស់​មេដឹកនាំ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​ទំនង​មិនមែន​ជា​ការជ្រើស​រើស​ពេលវេលា​ដោយ​ចៃដន្យ​ក៏​ប៉ុន្តែ​គឺជា​សារ​ដែល​កើត​ឡើង​ស្រប​ពេល​ដែល​ប្រមុខ​គណបក្ស​ជំទាស់​បំផុស​គំនិត​ជាតិ​និយម​ទាក់ទង​នឹង​បូរណភាព​ទឹក​ដី ​បញ្ហា​ព្រំដែន​និង​អន្តោ​ប្រវេសន៍​វៀតណាម​ជាដើម​ហើយ​សារ​នេះ​កើតឡើង​ដំណាល​គ្នា​នឹង​ជម្លោះ​នយោបាយ​នៅ​ក្នុង​ប្រទេស​ដែល​ដោះ​មិនទាន់​ចេញ​ចាប់ពី​ក្រោយ​ការបោះឆ្នោត​ខែកក្កដា​ដែល​គណបក្ស​ជំទាស់​តែងតែ​ស្តី​បន្ទោស​ថា​ប្រទេស​វៀតណាម​ជា​ជន្ទល់​អំណាច​ដ៏រឹងមាំ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។

លោកសម រង្ស៊ី ​សំឡឹង​ឃើញ​ថា​ឥទ្ធិពល​របស់​ប្រទេស​ចិន​អាច​ជួយ​បំបែក​ច្រក​ពី​ភាព​ជាប់គាំង​នយោ​បាយ​នៅ​ក្នុង​ពេល​នេះ​បាន​ដោយ​លោក​សំអាង​ថា​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​គោរព​ប្រទេស​ចិន​ដែល​ជា​មហា​អំណាច​ក្នុង​តំបន់​ផង​និង​ជា​មហា​អំណាច​ពិភព​លោក​មួយ​ផង។

លោក​សម ​រង្ស៊ី ​ពន្យល់​ទៅ​កាន់​សកម្មជន​នយោបាយ​ដែល​ភ្ញាក់ផ្អើល​ថា​ការគាំទ្រ​ប្រទេស​ចិន​គឺ​ជា​កេរ្តិ៍​ដំណែល​នយោបាយ​ពី​អតីត​ព្រះមហាក្សត្រ​សម្តេចឪ​នរោត្តម សីហនុ។

«អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​អនុវត្ត​ទាំង​ក្នុង​ប្រទេស​ទាំងក្រៅ​ប្រទេស​គឺ​តាម​ព្រះរាជ​តម្រិះ​របស់​ព្រះករុណា​សម្តេច​ព្រះ​នរោត្តម​សីហនុ ​កាល​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​ចាប់តាំង​ពី​សង្គម​រាស្ដ្រ​និយម»។

ព្រះមហាវីរក្សត្រ​ដែល​គេ​បានឃើញ​ពី​ចំណង​មិត្តភាព​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​ប្រទេស​ចិន​ហើយ​ព្រះ​អង្គ​បាន​ចាត់ទុក​ប្រទេស​ចិន​គឺជា​មហា​មិត្ត។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម​ លោក​ង្វៀន តាន់​ យុង (Nguyen Tan Dung) នៅ​ទី​ក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ទី​២៦ ធ្នូ ២០១៣។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម​ លោក​ង្វៀន តាន់​ យុង (Nguyen Tan Dung) នៅ​ទី​ក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ទី​២៦ ធ្នូ ២០១៣។
ប៉ុន្តែ​លំនាំ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រយៈ​ពេល​ចុងក្រោយ​ហាក់​ដូចជា​មិន​បានស្ថិត​តាមដាន​ផ្លូវ​នយោបាយ​ទៅរក​ចិន​ដែល​មាន​របប​ដឹកនាំ​បែបកុម្មុយនិស្ត​នោះ​ឡើយ ​ផ្ទុយទៅវិញ​គឺ​ជា​លំអាន​នយោបាយ​ដែល​ជាក់​ស្តែង​កៀក​ទៅ​ខាង​លោក​ខាង​លិច​ជាពិសេស​សហ​រដ្ឋ​អាមេរិក។

​លោក​សម ​រង្ស៊ី ​បង្វិល​ភាព​បត់បែន​ក្នុង​នយោបាយ​នេះ​ជុំវិញ​ការការពារ​បូរណភាព​ទឹកដី​ជា​ពិសេស​ប្រឆាំង​ប្រទេស​វៀតណាម។ ​សារ​នយោបាយ​នេះ​ហើយ​ដែល​បាន​ចាក់​ចំ​បេះ​ដូង​អ្នកបោះ​ឆ្នោត​នា​ពេល​កន្លង​មក។

«ផលប្រយោជន៍​ប្រទេស​ចិន​ស្រប​ទៅនឹង​អធិបតេយ្យភាព​ប្រទេស​យើង។ បើយួន​លេប​ខ្មែរ​បាន​គឺ​យួន​កាន់តែ​ខ្លាំង​ យួន​រករឿង​ចិនកាន់​តែ​ខ្លាំង។ដូច្នេះ​ដើម្បី​ចិន​ការពារ​ផល​ប្រយោជន៍​គេ​កុំឲ្យយួន​មាន​កម្លាំង​ខ្លាំង​ពេក ​កុំ​ឲ្យ​យួន​ទៅ​រករឿង​គេ​គឺ​ចិនត្រូវ​តែ​ការពារ​ស្រុក​ខ្មែរ​កុំឲ្យ​យួន​លេបស្រុក​ខ្មែរ​បាន។ ​នេះ​ហើយ​គឺ​ជា​ផល​ប្រយោជន៍​យើង​ធ្វើយ៉ាងណា​រក​កម្លាំង​ដើម្បី​ជួយ​ទប់​កុំឲ្យយួន​លេប​ស្រុក​ខ្មែរ​យើង​បាន»។

លោកសម​ រង្ស៊ី ​បាន​ផ្តោត​ការ​គាំទ្រ​ប្រទេស​ចិន​ជាពិសេស​ទាក់​ទង​នឹង​ជម្លោះ​ដែន​ដី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​វៀតណាម​ត្រូវ​ដណ្តើម​កាន់កាប់​កោះ​ជាមួយ​ប្រទេស​ចិន។​

លោក​បណ្ឌិត​ឡៅ ​ម៉ុងហៃ​ អ្នកវិភាគ​ឯករាជ្យ​យល់​ថាការ​បង្ហាញ​ជំហរ​ការទូត​ជាមួយ​ប្រទេស​ចិន​របស់​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ចេតនា​មួយ​ជួយរក​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្នុង​ស្រុក​ក្នុង​ពេល​នេះ។លោក​គូស​បញ្ជាក់​ថា​ចិន​មាន​តួនាទី​សំខាន់​សម្រាប់​ប្រទេស​ខ្មែរ​ទាំង​ខាង​សេដ្ឋកិច្ច​និង​នយោបាយ។

ទោះ​ជាយ៉ាង​ណា​លោក​បណ្ឌិត​ឡៅ​ ម៉ុងហៃ​ យល់​ថា​ការងាក​ទៅ​រក​ប្រទេស​ចិន​ដើម្បី​ឲ្យ​ជួយ​អន្តរា​គមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​មិនគួរ​នឹង​ធ្វើ​នោះ​ទេ។

«ខ្ញុំ​ថា​មិន​បាន​ការអ្វី​ទេ។​ គេ​មិន​គួរ​ទៅ​រក​ចិន​ឲ្យ​ជួយ​ដោះ​ស្រាយ​នោះ​ទេ។​ យើង​មាន​យន្ត​ការ​ក្នុង​ស្រុក​រួច​ហើយ»។

បន្ថែម​ពីនោះ​ទៀត​ អ្នក​វិភាគ​នយោបាយ​ដដែល​គិត​ថា​ជំហរ​ទៅ​រក​ប្រទេស​ចិន​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​មិនគួរ​ជា​ក្លាយ​ជា​ការភ្ញាក់​ផ្អើល​នោះ​ទេ។

«មិន​មាន​អ្វី​ប្លែក​សម្រាប់​គណបក្ស​មួយ​ដែល​ឈ្នះ​ឆ្នោត​ច្រើន​ដែរ​នោះ​គឺត្រូវ​មាន​គោល​ជំហរ​ពាក់​ព័ន្ធនឹង​ទំនាក់​ទំនង​អន្តរជាតិ​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភព​លោក»។​

រដ្ឋាភិបាល​កម្ពុជា​ធ្លាប់បាន​សម្តែង​ចេញ​ឲ្យ​ឃើញ​អំពី​ជំហរ​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​ជម្លោះ​ដែនដី​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​អំឡុងពេល​ដែល​កម្ពុជា​បាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ឆ្នាំ​២០១២។

ប៉ុន្តែ​បញ្ហា​ដែលគួរ​កត់​សម្គាល់​នោះ​គឺ​ថា​ក្រុម​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​ចោទ​សួរ​ដោយ​ត្រង់​ទៅ​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​អំពី​ទំនោរ​ទៅ​រក​ប្រទេសចិន​កាលពី​ចុង​សប្តាហ៍​មុន​នៅ​ក្នុង​ខេត្ត​បាត់​ដំបង។

មួយវិញ​ទៀត​ដោយសារ​តែ​គណបក្ស​ជំទាស់​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​ប្រទេស​លោក​ខាង​លិច​ច្រើន​ជាង​ ជា​ពិសេស​ជាមួយ​សហរដ្ឋ​អាមេរិក​ វា​ទំនង​ជា​អាច​ជា​បច្ច័យ​មួយ​ផ្នែក​ដែល​អាច​បង្ក​ឡើង​ដោយ​ការងាក​ទៅ​កាន់​ប្រទេសចិន​លើ​បញ្ហា​បូរណភាព​ទឹកដី​និង​ការ​ស្វែង​រក​ឥទ្ធិពល​ពី​ប្រទេស​ចិន​នេះ។

មួយវិញ​ទៀត​ក៏ជា​សញ្ញា​មួយ​ដែល​អាច​ជា​ការកត់​សម្គាល់​ថា​ជំហរ​នៃ​ប្រទេស​លោក​ខាង​លិច​មិន​បាន​ជួយ​ទម្លុះ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ឲ្យ​បានឆាប់។

លោកបណ្ឌិត​ឡៅ ម៉ុងហៃ ​មើលឃើញ​ផ្សេងពីនេះ។​លោក​បញ្ជាក់​ថា​ជំហរ​របស់​គណបក្ស​ជំទាស់​ទៅ​រកប្រទេស​ចិន​ក្នុង​ពេលនេះ​គ្រាន់តែ​ជា​ចំណិត​មួយ​នៃ​នយោបាយ​ប៉ុណ្ណោះ​ហើយ​វានឹង​មិនអាច​បង្ក​ឲ្យ​មាន​ភាព​ល្អក់កករ​ក្នុង​នយោបាយ​ការបរទេស​របស់​បក្ស​នេះ​ជាមួយ​ប្រទេស​ផ្សេង​ទៀត​នោះ​ទេដោយឡែក​ជំហរ​នេះ​ក៏នឹង​មិនជះឥទ្ធិពល​អាក្រក់​ដល់ទឹកចិត្ត​អ្នកគាំទ្រ​នយោបាយ​ប្រឆាំង​នោះ​ដែរ។

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជាចំនួន​ប្រាំរូប​ដែល​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ទាក់ទង​ចាប់តាំងពីថ្ងៃ​អង្គារ​មក​មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG