ខ្មែរ​ក្រហម

ប៉ុល ពត មាន​ផែនការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ពីទីក្រុង​

ផ្នូរ​របស់​ប៉ុលពត​ដែល​ស្ថិត​នៅ​​អន្លង់វែង​។​​
ផ្នូរ​របស់​ប៉ុលពត​ដែល​ស្ថិត​នៅ​​អន្លង់វែង​។​​
កែប្រែ​​​ទំហំ​​​អក្សរ - +
គង់ សុឋានរិទ្ធ
មេដឹកនាំ​ប្រវតិ្តសាស្ដ្រ​នៃ​របប​ខ្មែរក្រហម​គឺ​ប៉ុល ពត ​ទំនង​ជា​បាន​ដាក់​ផែនការ​បណ្ដេញ​ប្រជា​ពលរដ្ឋ​កម្ពុជា​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ​ហើយ​ផែនការ​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ជនជាប់​ចោទ​នួន ជា ​និង​ខៀវ សំផន។ 
 
មូលហេតុ​នៃ​ការបណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ទីក្រុង​គឺ​ដោយសារ​តែ​ពួក​ខ្មែរក្រហម​ព្រួយបារម្ភ​ពី​ការ​គ្រប់គ្រង​ស្ថានភាព​ប្រជាពលរដ្ឋ និង​ការវាយប្រហារ​របស់​ចារកម្ម​ជាពិសេស​ចារកម្ម​ ស៊ីអាយអេ (CIA) របស់​អាមេរិក និង​ ខេជីប៊ី (KGB) របស់​រុស្ស៊ី។ នេះ​បើ​ផ្អែក​តាម​ការបំភ្លឺ​របស់​សក្សី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។
 
ពួក​កុម្មុយនិស្ត​ឯកសណ្ឋាន​ខ្មៅ​ខ្មែរក្រហម​បាន​ដណ្តើម​អំណាច​ដោយ​ចុងកាំភ្លើង​ពី​របប​លោក​សេនា​ប្រមុខ​លន់ ណុល​ ទាំងស្រុង​នៅ​ថ្ងៃទី​១៧ ​មេសា ​ឆ្នាំ​១៩៧៥។ នៅ​ពេលនោះ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ភ្នំពេញ និង​នៅតាម​ទី​ប្រជុំជន​ដទៃទៀត​ត្រូវ​បណ្ដេញ​ឲ្យ​ទៅ​រស់នៅ​សហករ​នៅ​តាម​ទី​ជនបទ។
 
លោក ​រចឹម​ ទន់​ អតីត​អ្នក​នាំសារ​របស់​ប៉ុល​ ពត​ និង​របស់​អៀង​ សារី ​ផ្តល់​សក្ខីកម្ម​ក្នុង​សវនាការ​នៃ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​ប៉ុល​ ពត ​បាន​លើក​ផែនការ​ពី​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ទីក្រុង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទី​បញ្ជាការដ្ឋាន​របស់​ខ្មែរក្រហម​គឺ​មន្ទីរ ​ប៥​ក្នុង​ភូមិ​តាំងគោក​ ស្រុក​កំពង់​ត្រឡាច ​ខេត្ត​កំពង់ឆ្នាំង​នៅ​ពេល​ដែល​ខ្មែរក្រហម​ហៀប​នឹង​ទទួល​ជ័យជម្នះ​ទាំង​ស្រុង។ លោក​រចឹម​ ទន់​ រៀបរាប់​ថា ផែនការ​ជម្លៀស​ដំបូង​គឺ​សម្រាប់​រយៈពេល​មួយ​សប្ដាហ៍​តែ​ប៉ុណ្ណោះ។
 
«គេ​រាយការណ៍​ទៅ ​អ៊ំ​ទី​១​គាត់​សរុប​យោបល់ ​ហើយ​គាត់​បាន​លើក​វិធានការ​ទាំង​យោធា​ទាំង ​វិធានការ​ជម្លៀស​ប្រជាជន​ចេញ។ ឯ​អ៊ុំ​ទី​២ ​គឺ​អ៊ុំ​នួន​ ជា ​គាត់​ឯកភាព។ អ៊ុំ​ខៀវ ​សំផន​ ក៏​ឯកភាព។ ហើយ​អង្គភាព​គ្រប់​សមរភូមិ​ឯកភាព និង​ទះដៃ»។
សក្សី​រូប​នេះ​បាន​ឆ្លើយ​សំណួរ​របស់​លោក​ ដេល លីសាក (Dale ​Lysak) ជំនួយការ​សហ​ព្រះរាជអជ្ញា។
មាន​ដើម​កំណើត​ជា​ជនជាតិ​ចារ៉ាយ​ នៅ​ខេត្ត​រតនគីរី ​លោក ​រចឹម ​ទន់ ​លើក​ឡើង​ថា​ មួយ​ខែ​បន្ទាប់​ពី​ឡើង​កាន់​អំណាច​ក្រុម​មេដឹកនាំ​ខ្មែរក្រហម​បាន​បើក​កិច្ច​ប្រជុំ​ធំ​មួយ​នៅ​ប្រាសាទ​ព្រះកែវមរត​ក្នុង​ព្រះ​បរម​រាជវាំង។ កិច្ច​ប្រជុំ​រយៈ​ពេល​១០​ថ្ងៃ​ ដែល​ត្រូវ​បាន​ចូល​រួម​ដោយ​ជនជាប់ចោទ​អៀង​ សារី ​ខៀវ ​សំផង​ និង​នួន ជា​ រួមទាំង​មេទ័ព​ខ្មែរក្រហម​ដទៃ​ទៀត​ក្រោម​ការដឹកនាំ​ប្រជុំ​ដោយ​ប៉ុល ពត ​និង​នួន ​ជា។
 
សក្សី​ដដែល​បញ្ជាក់​ថា ​កិច្ច​ប្រជុំ​នោះ​បាន​កំណត់​គោលដៅ​នៃ​របប​ដឹកនាំ។
 
«សរុប​សភាពការណ៍​គឺ​ថា​យើង​បាន​វាយ​រំដោះ​ទីក្រុង​ភ្នំពេញ​រួចរាល់​អស់​ហើយ ដូច្នេះ​យើង​ត្រូវ​រៀបចំ​ទិស​របស់​យើង​គឺ​ថា ​ក្រោយពី​ប្រជុំ​ឃើញ​ឯកសារ​ថា យើង​ត្រូវ​ធ្វើ​បដិវត្តន៍​សង្គមនិយម​ហើយ​ដើម្បី​ឈាន​ទៅ​កុម្មុយនិស្ដ​និយម។ ​
 
លោក​រចឹម​ ទន់​ អាយុ ​៦៥​ ឆ្នាំ​បាន​ក្លាយ​ជា​ប្រធាន​មន្ទីរ​ប១​ ឬ​មន្ទីរ​ពិធីការ​របស់​ក្រសួង​ការបរទេស​ដែល​ត្រូវ​បាន​កាន់​កាប់​ដោយ​អៀង ​សារី។ គាត់​មាន​ឱកាស​ជូន​គណៈប្រតិភូ​ពី​ក្រៅ​ប្រទេស​ទៅ​ទស្សនា​តាម​ទី​ជនបទ និង​អម​ដំណើរ​អៀង ​សារី ​ដែល​ជា​បងធំ​ទី​៣​នៃ​របប​ខ្មែរក្រហម។ លោក​បាន​ឃើញ​ទុក្ខវេទនា​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​ពេល​ធ្វើ​ដំណើរ​ជាមួយ​ប្រតិភូ​នោះ។
 
«តាម​បណ្តោយ​ផ្លូវ​ដែល​យើង​ទៅ​ហ្នឹង​ប្រជាជន​មិន​សូវ​ជា​រីករាយ​ប៉ុន្មាន​ទេ។ ហើយ​ធ្វើការ​ហត់​ ជីក​ប្រឡាយ​ផង លើក​ទំនប់​ផង​លើក​ភ្លឺស្រែ​ផង​ហើយ​កន្លែង​ខ្លះ​ហូប​បបរ​ទៀត។​ ខ្ញុំឃើញ​ថា​វេទនា​ណាស់​ដែរ»។
 
អង្គ​ជំនុំជម្រះ​សាលាដំបូង​បាន​ផ្អាកការ​សួរ​ដេញដោល​សក្សី​ លោក ​រចឹម​ ទន់ ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ហើយ​នឹង​ចាប់ផ្តើម​ការសួរ​ដេញដោល​ឡើងវិញ​នៅ​ថ្ងៃ​ចន្ទសប្ដាហ៍​ក្រោយ៕
 

វីដេអូ​​​ខ្មែរ

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
វីដេអូ

វីដេអូ អ្នក​បង្កើត​កម្មវិធី​​ក្នុង​ស្រុក​ជួយ​បង្កើន​ប្រជាប្រិយភាព​កម្មវិធី​សម្រាប់​ទូរស័ព្ទ

កម្មវិធី​កុំព្យូទ័រ​សម្រាប់​ទូរស័ព្ទ​និង​ឧបករណ៍​ចល័ត​ផ្សេង​ទៀត កាន់​តែ​​មាន​ប្រជាប្រិយភាពឡើង​​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក ប៊ុន ថារម្យ អ្នក​ជំនួយ​​របស់​វីអូអេ និង​ជា​អ្នក​ជំនាញ​ខាង​អ៊ីនធឺណិត​​និយាយ​ថា នៅ​ប្រទេស​កម្ពុជា កម្មវិធី​​​ពី​បរទេស​​ដូច​ជា Angry Birds Google Maps និង Facebook មាន​ប្រជាប្រិយភាព​ ក៏​ប៉ុន្តែ​អ្នក​ផលិត​កម្មវិធី​​ក៏​កំពុង​ផលិត​កម្មវិធី​ទូក្នុង​ស្រុក​ផង​ដែរ។ លោក សឹង សុផាត នៃ​វីអូអេ​ រាយការណ៍​អំពី​​រឿង​នេះ​សម្រាប់​កម្មវិធី​«សំឡេង​ឌីជីថល»។