ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​​ថា​ ដល់​ពេល​អាមេរិក​ក្រោកឈរ​ឡើង​ដើម្បី​កម្ពុជា


រូបឯកសារ៖ សមាជិក​សភា​លោក ​អាឡាំង ឡូវឹនសល (Alan Lowenthal) ថ្លែង​ក្នុង​កម្មវិធី​ជួបជុំ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា។ (សាយ មុន្នី/VOA)
រូបឯកសារ៖ សមាជិក​សភា​លោក ​អាឡាំង ឡូវឹនសល (Alan Lowenthal) ថ្លែង​ក្នុង​កម្មវិធី​ជួបជុំ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា។ (សាយ មុន្នី/VOA)

មុនពេល​ការឃោសនា​បោះឆ្នោត​ចាប់​ផ្តើម​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​បាន​ព្រមាន​ជាថ្មី​ពី​លទ្ធភាព​នៃ​ការផ្ទុះឡើង​សង្គ្រាម​បើ​សិន​ជា​គណបក្ស​របស់​លោក​ចាញ់ឆ្នោត។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​យល់​ថា​ ដល់​ពេល​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​ក្រោកឈរ​ឡើង​ដើម្បី​ទាមទារឱ្យមាន​ការបោះឆ្នោត​ដោយ​សេរី ​និង​ត្រឹមត្រូវ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដនៅ​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅឆ្នាំ​២០១៧ និង​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

លោក​អាឡាំង ឡូវឹនសល​សមាជិក​សភា​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​បាន​បញ្ជាក់​ថា​ក្នុង​ពេល​កន្លង​មករដ្ឋសភា​សហរដ្ឋ​អាមេរិក​បាន​សម្តែង​ការមិនពេញ​ចិត្ត​លើ​ការចាប់​ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង និង​ការធ្វើ​ទុក្ខ​បុកម្នេញ​នានា​ ដោយ​បានសម្តែង​ការមិនពេញចិត្ត​ទាំងនេះ​តាម​រយៈ​ពាក្យ​សម្តី ​និង​ការសរសេរ​ជា​ច្រើន។

នៅក្នុង​បទ​សម្ភាស​ន៍មួយ​ជាមួយ​នឹង​VOA កាលពី​ចុង​ខែ​មេសា​ លោក​អាឡាំង​ ឡូវឹនសល​បាន​បញ្ជាក់​ថា ​វាជា​ពេល​វេលា​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​ធ្វើ​លើស​ពីនេះ៖ ​

«ដល់ពេល​ដែល​ពួកយើង​ត្រូវ​ក្រោកឈរ​ដើម្បី​ទាមទារ​ឱ្យ​គោរព​តាម​អ្វី​ដែល​បាន​សន្យា​ដល់​ពលរដ្ឋ​កម្ពុជា​ហើយ​។ ការសន្យា​នោះ​គឺ​ការរៀបចំបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ។​ នោះ​គឺ​ ជាអ្វី​ដែល​បាន​សន្យា​កន្លងមក‍»។ ​

លោក​អាឡាំង​ ឡូវឹនសល​បន្ថែម​ថា​ លោក​កំពុង​ពិនិត្យ​មើល​លទ្ធភាពក្នុង​ការ​បញ្ជូន​គោលជំហរ​របស់​សភា​ជាតិ​នេះ​តាម​រយៈអ្នក​សង្កេតការណ៍​បោះឆ្នោត​ ឬ​យន្តការ​ផ្សេង​ទៀត​ដែល​អាច​មាន។ ​

រូបឯកសារ៖ លោក​អាឡាំង ឡូវឹនសល​សមាជិក​សភា​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​ ពេលផ្តល់​បទសម្ភាសន៍​មួយ​ជាមួយ​ VOA។
រូបឯកសារ៖ លោក​អាឡាំង ឡូវឹនសល​សមាជិក​សភា​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​ ពេលផ្តល់​បទសម្ភាសន៍​មួយ​ជាមួយ​ VOA។

លោកឡូវឹនសលបន្ថែម​ថា ​លោក​នឹង​តស៊ូ​ដើម្បី​ឱ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ៖

«លោកសួរ​ខ្ញុំ​ថា​តើ ​ខ្ញុំ​រំពឹង​ថា​ការបោះឆ្នោត​ខាងមុខ​សេរី​ និង​ត្រឹមត្រូវ​ឬទេ? ចម្លើយ​គឺ​ខ្ញុំ​នឹង​តស៊ូ​ឱ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងម៉េច​នៅ​ឡើយ​ទេ។ តែ​លោក​ដឹង​ទេ​ថា​ខ្ញុំ​គិតថា​គេ​នឹង​ត្រូវ​ការ​ឱ្យ​សហរដ្ឋ​អាមេរិក​ក្រោកឈរ​ឡើង​ដើម្បី​ធានា​ឱ្យ​ប្រាកដ​ថា​ការបោះឆ្នោត​នោះ​សេរី​និង​ត្រឹមត្រូវ‍»។

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​នៅថ្ងៃ​អាទិត្យ​ទី​៤ខែ​មិថុនាខាង​មុខនេះ។ មាន​គណបក្ស​នយោបាយ​ចំនួន​១២បាន​ចុះឈ្មោះ​ប្រកួតប្រជែង​ដណ្តើម​យក​ការគ្រប់​គ្រង​លើ​ឃុំ-សង្កាត់​ចំនួន​១.៦៤៦ ប៉ុន្តែ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក​កឹម សុខា​ទេ​ ដែល​មាន​លទ្ធភាព​ដាក់​បេក្ខជន​នៅគ្រប់​ឃុំ-សង្កាត់​ទាំងអស់​នៅ​ទូទាំង​ប្រទេស។

ប៉ុន្តែ​មុនពេល​ការឃោសនា​បោះឆ្នោត​ចាប់​ផ្តើម​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​បាន​ព្រមាន​ជាថ្មី​ពី​លទ្ធភាព​នៃ​ការផ្ទុះឡើង​សង្គ្រាម​បើ​សិន​ជា​គណបក្ស​របស់​លោក​ចាញ់ឆ្នោត។

នៅក្នុង​សុន្ទរក​ថា​កាលពី​សប្តាហ៍​មុន​លោក​ហ៊ុន សែន​បាន​រំឭក​ពី​សកម្មភាព​ពលរដ្ឋ​ដែល​បាន​ហាមឃាត់​ជន​មួយ​ចំនួន​ដែល​ពួកគេ​គិត​ថា​ ជា​ជន​ជាតិ​វៀតណាម ​និង​អ្នក​ដែល​មិន​មាន​លំនៅដ្ឋាន​នៅក្នុង​មណ្ឌលបាន​បោះឆ្នោត​ និង​ព្រឹត្តិការណ៍​ហិង្សា ​ដែល​កើត​ឡើង​ពី​ការតវ៉ារបស់​ពលរដ្ឋ​មួយចំនួន​ ដែល​មិន​ពេញចិត្ត​នឹង​លទ្ធផលឆ្នោត​ជាតិ​ឆ្នាំ​២០១៣។

រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក​ ហ៊ុន ​សែន​ ថ្លែង​ទៅកាន់​អ្នក​សារ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៃវេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃទី១១​ ខែ​ឧសភា​ ឆ្នាំ​២០១៧។​ (ខាន់​ សុ​គុំ​មនោ​/ VOA)
រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក​ ហ៊ុន ​សែន​ ថ្លែង​ទៅកាន់​អ្នក​សារ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៃវេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃទី១១​ ខែ​ឧសភា​ ឆ្នាំ​២០១៧។​ (ខាន់​ សុ​គុំ​មនោ​/ VOA)

«សូម​កុំភ្លេច​ថ្ងៃទី​២៨ខែកក្កដា​មិនទាន់​ទាំងដឹង​លទ្ធផល​ផ្លូវការ​ផង​ឆេះឡាន​អស់​ប៉ុន្មាន​នៅ​ស្ទឹង​មានជ័យ? អ្នកឯង​ធ្វើ​សកម្មភាព​ច្រើន​ទីកន្លែង​មិន​ឱ្យ​ពលរដ្ឋ​ចូល​បោះឆ្នោត​តែ​ដើម្បី​ថ្នាក់​ថ្នម​សភាពការណ៍​ យើង​អត់​ធ្មត់មិនធ្វើ​សកម្មភាព​ប៉ុន្តែ ​កុំភ្លេច​ថា​២០១៧និង​២០១៨​ បើ​សកម្មភាព​ពួកអ្នក​ឯង​របៀប​នេះ​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​ចេញ​បង្ក្រាប​ភ្លាម​បើ​ផ្ទុះ​សង្គ្រាម​ក៏​ឱ្យ​វា​ផ្ទុះទៅចុះ​‍»។

ក្នុង​ដំណើរ​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ជួបជាមួយ​នឹង​អ្នកគាំទ្រ​ មន្ត្រី​សហរដ្ឋ​អាមេរិក​និង​អ្នកតំណាងរាស្ត្រ​ លោក​កឹម សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​សហគមន៍​អន្តរជាតិ​បាន​ដឹង​ពី​ការគំរាម​កំហែង​នោះ​និងក៏បាន​សម្តែង​ការព្រួយ​បារម្ភ​ហើយ​ក៏​តាមដាន​លើ​ការវិវត្ត​ជាក់​ស្តែង​។ ក្នុងពេល​ជាមួយ​គ្នា​នោះ​ដែរ​សហគមន៍​អន្តរជាតិក៏​លើកទឹកចិត្ត​ពលរដ្ឋ​ខ្មែរថា ​ពួកគេ​មិននៅ​ឯកោ​ទេ។

​លោក​កឹម សុខា​ក៏​បាន​បញ្ជាក់​ជាថ្មី​ពី​គោលនយោបាយ​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​ផ្លាស់ប្តូរ​វិជ្ជមាន។​

«សម្រាប់​ខ្លួនយើង​ផ្ទាល់​គឺ ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយគឺ​ យើង​ដោះស្រាយ​បញ្ហា​ដោយ​អហិង្សា​ ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​គឺ​ យើង​មិន​យក​កម្លាំង​បាយ​កម្លាំង​អាវុធ​មក​ដោះស្រាយ​បញ្ហា​ទេ​។ នេះ​ហើយ​ប្រជាពលរដ្ឋ​លោក​ជា្រប​ហើយ​គណបក្ស​សង្គ្រោះជាតិ​មិន​មែនជា​ពួកអ្នក​ចម្បាំង​ មិន​មែន​ជា​ពួកអ្នកកាន់​អាវុធ​ដើម្បី​បាញ់បោះ​អី​ទេ​ គឺ​យើង​ដឹង​ហើយ​ចរិក​របស់​អ្នក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។ ហើយ​ទីពីរ​គឺ​យើង​អត់​យកខ្មែរ​ណា​ធ្វើ​សត្រូវ​។ គោល​នយោបាយ​យើង​គឺ មិនគុំគួន​សងសឹកខ្មែរ​។ ដូច្នេះ ហើយ​គ្មានអី ដែលត្រូវ​មាន​សង្គ្រាម​ជាដាច់​ខាត‍»។​

រូបឯកសារ៖ លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពិធី​ជួបជុំ​បេក្ខនារី​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ នៅ​ទី​ស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពិធី​ជួបជុំ​បេក្ខនារី​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ នៅ​ទី​ស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

ប៉ុន្តែ​ការបញ្ជាក់​ដូចនេះ​មិន​បាន​ធ្វើ​ឱ្យ​វោហាសាស្រ្ត​គំរាម​កំហែង​របស់​លោក​ហ៊ុន សែន​ថមថយ​ទេ។

«​ទោះបីអ្នកឯង​ធ្លាប់​និយាយ​ថា​ អ្នក​ឯងគ្មាន​អាវុធ​ទេ​ក៏​ប៉ុន្តែ​សង្គ្រាម​វាមិន​បាន​កើតឡើង​ត្រឹម​តែ​ប្រើ​អាវុធ​ទេ​សង្គ្រាម​វាបាន​កើត​មាន​ឡើង​ដោយសារ​មាត់​អ្នក​ឯងហ្នឹង​តែម្តង។ ដូច្នេះ ប្រសិន​បើ​មាន​ចេតនា​រក្សា​សន្តិភាព​ពិតប្រាកដ​ អប់រំ​ផ្នែកខាងក្រោម​ឈប់ជេរ​ ឈប់​បញ្ចោរ​គ្នា​ទៅ‍»។ ​

សភា​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​ក៏​បាន​ចេញសេចក្តី​សម្រេច​មួយ​កាលពីខែមីនា ដែល​ស្នើ​ឱ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី ​និង​ត្រឹមត្រូវ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ផែទ្រីក អូដូនណល់ ​សមាជិក​សភា​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា។

លោក​បាន​បន្ថែម​ថា៖

«នេះ​គឺ​ជា​អ្វី​ដែល​មាន​នៅក្នុង​របប​ប្រជាធិតេយ្យ។ នេះ​គឺ​ជា​អ្វី​ដែល​មាន​នៅក្នុង​សហរដ្ឋ​អាមេរិក​ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏គួរតែមាន​ដូចនេះដែរ‍»។

លោក​រីកាដូ ឡារ៉ា ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​បាន​បញ្ជាក់​ថា​ រដ្ឋ​នេះ​មានសេដ្ឋកិច្ច​រឹងមាំ​ដែល​ជួយ​ឱ្យ​មានលទ្ធភាព​ក្នុងការ​និយាយ​ជាមួយ​នឹង​ប្រទេស​ផ្សេងៗ​ជាពិសេស​លោក​មាន​គម្រោង​នឹង​ទៅធ្វើ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​នៅឆ្នាំ​ក្រោយ​ ដែល​នឹង​ពិភាក្សា​ពីការ​ជំរុញទំនាក់​ទំនង​ជាមួយ​នឹង​កម្ពុជា​និង​ក៏​ជា​ឱកាស​លើកឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ផង​ដែរ៕

XS
SM
MD
LG