ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនាក់ទំនង​ស្អិត​រមួត​មិន​ធ្លាប់​មាន​រវាង​ចិន​និង​កម្ពុជា​ជា​កេរដំណែល​របស់​សម្តេចឪ


រូបឯកសារ៖ ប្រជាពលរដ្ឋកម្ពុជាអង្គុយលេងកម្សាន្តនិងធ្វើលំហាត់ប្រាណជាមួយក្រុមគ្រួសារនិងមិត្តភក្តិរបស់ពួកគេនៅទីធ្លាព្រះមរមរាជវាំងនៅមាត់ទន្លេ​តាម​វិធី​​ព្រះស៊ីសុវត្ថិ ក្នុង​រាជធានីភ្នំពេញនៅថ្ងៃទី១៣ ខែតុលា​ ឆ្នាំ​២០១៥។ ទី​នេះ​ជាទីកន្លែងប្រវត្តិសាស្រ្តមួយដែលកម្ពុជារំលឹក​ព្រះ​វិញ្ញាណក្ខន្ធរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ (ឡេង ឡែន /VOA)
រូបឯកសារ៖ ប្រជាពលរដ្ឋកម្ពុជាអង្គុយលេងកម្សាន្តនិងធ្វើលំហាត់ប្រាណជាមួយក្រុមគ្រួសារនិងមិត្តភក្តិរបស់ពួកគេនៅទីធ្លាព្រះមរមរាជវាំងនៅមាត់ទន្លេ​តាម​វិធី​​ព្រះស៊ីសុវត្ថិ ក្នុង​រាជធានីភ្នំពេញនៅថ្ងៃទី១៣ ខែតុលា​ ឆ្នាំ​២០១៥។ ទី​នេះ​ជាទីកន្លែងប្រវត្តិសាស្រ្តមួយដែលកម្ពុជារំលឹក​ព្រះ​វិញ្ញាណក្ខន្ធរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ (ឡេង ឡែន /VOA)

កេរដំណែល​របស់​ព្រះអង្គ ​តែង​ត្រូវ​បាន​រាជ​រដ្ឋាភិបាល ​មជ្ឈដ្ឋាន​នយោបាយ​នានា ​និង​មហាជន​ជា​កូន​ចៅ ​លើក​រំឭក​​ឡើង​ ហើយ​កេរដំណែល​មួយ​ដែល​បាន​បន្ត​ដល់​បច្ចុប្បន្ន​នេះ​គឺ ​«ចំណង​មិត្តភាព​ជា​ប្រពៃណី»​ខ្មែរ​ចិន​នេះ​ឯង ​ដែល​ត្រូវ​បាន​​គេ​មើល​ឃើញ​ថា​ បាន​ឈាន​ឡើង​ដល់​«កម្រិត​កំពូល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ» ​នៅ​ចំ​ខួប​ទី​បួន​នៃ​ការ​យាង​​សោយ​ព្រះ​ទីវង្គត​របស់​ព្រះអង្គ។

រាជ​រដ្ឋាភិបាល​បាន​សម្រេច​យក​ថ្ងៃទី​១៥​ខែតុលា​ រៀង​រាល់​ឆ្នាំ​ជា​ទិវា​រំឭក​ព្រះរាជ​វិញ្ញាណក្ខ័ន្ធ ព្រះបាទ​នរោត្តម​ សីហនុ ព្រះ​មហា​វីរក្សត្រ ដើម្បីរំឭកពី​កេរ​ដំណែល គុណបំណាច់​របស់​ទ្រង់​ ចំពោះ​ជាតិ​មាតុភូមិ។ នៅ​ថ្ងៃ​១៥​តុលា​ឆ្នាំ​នេះ ​កេរ​ដំណែល​មួយ​ដ៏​ចម្បងរបស់ទ្រង់គឺ​ទំនាក់​ទំនង​មិត្តភាព​ប្រពៃណី​ជាមួយ​នឹង​ប្រទេស​ចិនបាន​ដល់​កម្រិត​កំពូល​ចំ​ពេល​ដែល​ប្រធានាធិបតី​ចិន​ ស៊ី ​ជីនពីង ​មក​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិ​សាស្ត្រ​នៅ​ភ្នំពេញ។​

នៅ​ក្នុង​សប្ដាហ៍​នេះ ​កម្ពុជា​បាន​រៀប​ចំ​ពិធី​ទ្រង់ទ្រាយ​ធំ ​ក្រាល​កម្រាល​ព្រំក្រហម​ ទទួល​ដំណើរ​ទស្សន​កិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ប្រធានាធិបតី​ចិន ​ស៊ី ​ជីនពីង​ (Xi Jinping) នៅ​ភ្នំពេញ​ទី​ដែល​លោក​បាន​ចូល​ជួប​មេដឹកនាំ​កំពូល​របស់​កម្ពុជា ​ដោយ​ពាំនាំ​ជាមួយ​នូវ​ជំនួយ​និង​កិច្ច​ព្រម​ព្រៀង​ច្រើន​វិស័យ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​មក​ជាមួយ​ផង។

ដំណើរ​ទស្សនកិច្ច​នេះ​នៅ​ចំ​ពេល​ដែល​កម្ពុជា​កំពុង​រៀបចំ​ពិធី​គោរព​ព្រះវិញ្ញាណក្ខ័ន្ធ ​ព្រះបាទ​សម្ដេច​ ព្រះ ​នរោត្តម ​សីហនុ ​ព្រះមហាវីរក្សត្រ ​ព្រះ​បរមរតនកោដ្ឋិ ​ជា​ឆ្នាំ​ទី​បួន ​ចាប់​តាំង​ពី​ព្រះអង្គ​សោយ​ទី​វង្គត​ នៅ​ឆ្នាំ​២០១២​មក។

កេរដំណែល​របស់​ព្រះអង្គ ​តែង​ត្រូវ​បាន​រាជ​រដ្ឋាភិបាល ​មជ្ឈដ្ឋាន​នយោបាយ​នានា ​និង​មហាជន​ជា​កូន​ចៅ ​លើក​រំឭកឡើង​ ហើយ​កេរដំណែល​មួយ​ដែល​បាន​បន្ត​ដល់​បច្ចុប្បន្ន​នេះ​គឺ ​«ចំណង​មិត្តភាព​ជា​ប្រពៃណី»​ខ្មែរ​ចិន​នេះ​ឯង ​ដែល​ត្រូវ​បានគេ​មើល​ឃើញ​ថា​ បាន​ឈាន​ឡើង​ដល់​«កម្រិត​កំពូល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ» ​នៅ​ចំ​ខួប​ទី​បួន​នៃ​ការ​យាងសោយ​ព្រះ​ទីវង្គត​របស់​ព្រះអង្គ។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ ស៊ី ​ជីនពីង​ ​បាន​នាំ​ឱ្យ​មាន​ការ​ចុះ​កិច្ច​ព្រម​ព្រៀង ​និង​ពិធីសារ​យ៉ាង​តិច​ចំនួន​៣១ ​គ្របដណ្ដប់​លើ​កិច្ច​សហ​ប្រតិបត្តិការ ​និង​ផ្លាស់​ប្ដូរ​ជំនួយ​លើ​វិស័យ ​កសិកម្ម ​ពាណិជ្ជកម្ម ​ហេដ្ឋារចនា​សម្ព័ន្ធ ​សន្តិសុខ ​និង​សុខាភិបាល ​រវាង​ប្រទេស​ទាំង​ពីរ។

កម្ពុជា​និង​ចិន ​មាន​ចំណង​ទាក់ទង​ជា​យូរ​លង់ ​និង​ជា​ប្រវត្តិសាស្ត្រ ​តាំង​ពី​មជ្ឈិមសម័យ ​តែ​ទំនាក់​ទំនង​ការ​ទូត​ត្រូវ​បាន​ភ្ជាប់​ជា​ផ្លូវការ​ឡើង​វិញ ​នៅ​ឆ្នាំ​១៩៥៨ ​ក្រោយ​ពី​មាន​ជំនួប​រវាង ​សម្ដេច​ព្រះ ​នរោត្តម ​សីហនុ ​និង​លោក​អតីត​នាយក​រដ្ឋ​មន្ត្រី​ចិន ​ជូ ​អេនឡាយ ​ដែល​បាន​កសាង​ទំនាក់​ទំនង​«មិត្តភាព​ជា​ប្រពៃណី»​រវាង​ប្រទេស​ទាំង​ពីរ។

ព្រះ​អង្គ​ម្ចាស់ ​ស៊ីសុវត្ថិ ​ធម្មិកោ ​អតីត​លេខា​ផ្ទាល់​របស់​អង្គ​សម្ដេច​ឪ ​បាន​មាន​ព្រះ​បន្ទូលប្រាប់ VOA ​ថា ​ការណ៍​ដែល​សម្ដេចព្រះ​ឧប​យុវរាជ ​បោះ​ជំហាន​នយោបាយ​ការ​បរទេស​ទៅ​រក​ប្រទេស​ចិន ​នៅ​ឆ្នាំ​ដំបូងៗ​ពី​ពេល​ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំងក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ ​ដោយ​សារ​មាន​មូលហេតុ​ពីរ​ធំៗ។

«ព្រះ​ករុណា​ពេល​ហ្នឹង ​(១៩៥៥)​ លោក​យល់​ឃើញ​ថា ​ទោះ​យ៉ាង​ណា​ក៏​ដោយ ​ប្រទេស​ចិន​ហ្នឹង ​ត្បិត​ថា​មិន​អភិវឌ្ឍ ​ជឿន​លឿន​ដូច​ប្រទេស​ដទៃ​ទៀត ​តែ​ចិន​ជា​មហា​អំណាច​មួយ​នៅ​ក្នុង​តំបន់​ ដូច្នេះ​យើង​ត្រូវ​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ ខ​ទី​មួយ»។

«ខ​ទី​ពីរ ​ដោយ​សារ​តែ​ប្រទេស​ចិន ​ជាប្រទេស​មួយ​ដែល​គាំទ្រ​ លូក​ដៃ​ជ្រៅ​ចូល​ទៅ​ក្នុង​សង្គ្រាម​វៀតណាម ​ក៏​យើង​ត្រូវតែ​មាន​ទំនាក់ទំនង​ដែរ ​ដើម្បី​ធ្វើ​យ៉ាង​ម៉េច ​ចៀស​វាង​កុំ​ឱ្យ​សង្គ្រាម​វៀតណាមហ្នឹង​រាល​មក​ដល់​កម្ពុជា»។

ព្រះអង្គ​ម្ចាស់​ ធម្មិកោ ​ដែល​បច្ចុប្បន្ន​ជា​សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិជា​បក្ស​ជំទាស់ ​បាន​មាន​ព្រះ​បន្ទូល​ថា ​ព្រះករុណា​ ព្រះ​បរម​រតន​កោដិ្ឋ ​តែង​មាន​ក្ដី​រំពឹង​ថា ​ចំណង​មិត្ត​ភាព​ខ្មែរ​ចិន ​និង​ជួយ​ការពារ​ ឯករាជ​ភាព ​និង​បូរណភាព​ទឹក​ដី​នៃ​ប្រជាជាតិ​ព្រះអង្គ​ពី​ការ​គំរាម​នានា។

យ៉ាង​ណា​ក៏​ដោយ ​ព្រះអង្គ​ម្ចាស់ ​ស៊ីសុវត្ថិ​ ធម្មិកោ ​បាន​មាន​ព្រះ​បន្ទូល​បន្ត​ថា ​បើ​ទោះ​ជា​ព្រះ​ករុណា ​ព្រះ​បរម​រតន​កោដ្ឋិ ​មាន​ចំណង​ជិត​ស្និទ្ធ​ជាមួយ​មេដឹកនាំ​ចិន​កុម្មុយ​នីស្ត​ជា​ច្រើនជំនាន់​យ៉ាង​ណា​ក្ដី ​ភាព​រកាំ​រកូស ​និង​ការ​អាក់​អន់​ព្រះ​ហឫទ័យ​ជាមួយ​នឹង​ចិន​ក៏​ធ្លាប់​មាន​ដែរ។

បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​ព្រះអង្គ​ម្ចាស់​អង្គ​នេះ ​ការណ៍​ដំបូង​គឺ​ពេល​ដែល​ចិន​សម្រេច​តាម​លោក ​ខៀវ​ សំផន​ ក្នុង​ការ​វាយ​ផ្ដាច់​ដណ្ដើម​យក​ជ័យ​លើ​ក្រុម​សាធារណរដ្ឋ​ខ្មែរ​តាម​សឹក​សង្គ្រាម និងមិនគាំទ្រ​ការ​ចរចា​បញ្ចប់​សង្គ្រាម​ដោយ​សន្តិ​វិធី ​ដែល​ជា​ព្រះ​រាជ​បំណង​របស់​អង្គ​សម្ដេច​ឪ​នៅ​ឆ្នាំ​១៩៧៣។

ម្ដង​ទៀត ​ព្រះ​អង្គ​ម្ចាស់ ​ស៊ីសុវត្ថិ ​ធម្មិកោ ​ក៏​បាន​លើក​ឡើង​អំពី​ការណ៍​ដែល​ព្រះ​ករុណា ​បដិសេធ​សំណើ​ចិន ​ក្នុង​ការ​ទទួល​យក​ជា​ផ្លូវ​ការ​សម្ព័ន្ធ​ភាព​ជាមួយ​នឹងក្រុម​ខ្មែ​រក្រហម​ ប្រឆាំង​នឹង​ការ​ចូល​កាន់​កាប់​របស់​វៀតណាម ​មក​លើ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៧៩ ​និង​ការ​ជំទាស់​នឹង​ចិន ​ដែល​ចង់​បើក​ការ​ចរចា​ជា​អន្តរជាតិ​ ហើយ​ទុក​ភាគី​ជម្លោះ​របស់​ខ្មែរ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ ​នៅ​មួយ​កន្លែង​ឆ្ងាយ​ពី​តុ​ចរចា​ស្វះ​ស្វែង​រក​សន្តិភាព។

ព្រះ​អង្គ​ម្ចាស់មាន​ព្រះ​បន្ទូលប្រាប់ VOA ​ថា៖

«ដូច្នេះ​ការ​ទំនាក់ទំនង ​វា​មិន​ស្រួលរហូត​នោះ​ទេ ​វា​មាន​ការ​រអាក់​រអួល។ ​ដោយ​សារ​តែ​អ្វី? ​ដោយ​សារ​តែ ​ចង់​មិន​ចង់​ ​ប្រទេស​ចិន ​ជា​មហា​អំណាច​មួយ ​ដែល​ការពារ​រក្សា​ប្រយោជន៍​របស់​ខ្លួន​ឯង»។

គួរ​រំឭក​ដែរ​ថា ​ប្រទេស​ចិន ​បាន​គាំ​ទ្រ​ក្រុម​រដ្ឋាភិបាល​ត្រី​ភាគី ​ដែល​មាន​ក្រុម​តស៊ូ​ហ៊្វុនស៊ីនប៉ិច ​ក្រុម​លោក​ សឺន​ សាន ​និង​ក្រុមខ្មែរ​ក្រហម ​ក្នុង​ការ​វាយ​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ ដែល​គាំទ្រ​ដោយ​វៀតណាម។

ក៏​ប៉ុន្តែ​ក្រោយ​ពី​កម្ពុជា​បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​សន្ដិភាព ​និង​រៀបចំ​ការ​បោះឆ្នោត ​បង្កើត​រាជាណាចក្រ​កម្ពុជា​ទី​ពីរ នៅ​ឆ្នាំ​១៩៩៣​មក​ ប្រទេស​ចិន​បាន​ចាប់​យក​ទំនាក់ទំនង​ជាមួយ​ពហុភាគី​នយោបាយ​នៅ​កម្ពុជា ​មិន​ថា ​ជាមួយ​ក្រុម​រាជានិយម ​និង​ព្រះ​រាជវាំង​ជា​មិត្ត​ចាស់​ប៉ុណ្ណោះ​ទេ ​តែ​ក៏​បង្កើត​ចំណង​ទាក់ទង​ល្អ​ជាមួយ​នឹង​គណបក្ស​ប្រជាជន ​ដែល​ជា​អតីត​គូ​សត្រូវ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ផងដែរ។

ទំនាក់​ទំនង​ខ្មែរ​ចិន ​បាន​ឈាន​ដល់​របត់​ថ្មី​នៅ​ឆ្នាំ​២០១០ ​ពេល​ដែល​ប្រទេស​ទាំង​ពីរតំឡើង​កម្រិត​សហប្រតិបត្តិការ​ក្នុង​ក្រប​ខណ្ឌ​ថ្មី​ដែល​មាន​នាម​ថា «ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ» ​ជាមួយ​នឹង​លំហូរ​នៃ​ជំនួយ​ហិរញ្ញប្បទាន ​និង​ការ​វិនិយោគ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​មក​ដល់​កម្ពុជា។

ការ​ឈាន​ឡើង​នៃ​ឥទ្ធិពល​របស់​ប្រទេស​ចិន ​ទាំង​នៅ​កម្ពុជា ​ទាំង​នៅ​ក្នុង​តំបន់ ​បាន​នាំ​ឱ្យ​មាន​ការ​រិះ​គន់​ថា ​ការ​ប្រើ​ប្រាស់​ជំនួយ​របស់​ចិន​នៅ​កម្ពុជា ​បាន​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​ឯកភាព​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​(អាស៊ាន) ​ដែល​កម្ពុជា ​បាន​លេច​មុខ​លេច​មាត់​ក្នុង​ការ​ប្រឈម​នឹង​ការ​ជំទាស់​មិន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ណា​មួយ​គាំទ្រ​សេចក្ដី​សម្រេច​របស់​តុលាការមជ្ឈតការ​អន្តរជាតិ (តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ)​ប្រឆាំង​នឹង​ការ​អះអាង​របស់​ចិន​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។​

យ៉ាង​ណា​ក្ដី​ ​រាជ​រដ្ឋាភិបាល​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ​ជា​បន្ត​បន្ទាប់ ​បាន​បដិសេធ​ការ​អះ​អាង​ខាង​លើ។

លោក សុខ ឥសាន​ សមាជិក​សភា​មណ្ឌល​ព្រៃវែង ​និង​ជាអ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច ​បាន​ហៅ​ទំនាក់ទំនង​កម្ពុជា​ចិន ​នា​ពេល​បច្ចុប្បន្ន ​គិត​ត្រឹម​ដំណើរ​ទស្សនកិច្ច​របស់​លោក ​ស៊ី ​ជីនពីង​ ក្នុង​សប្ដាហ៍នេះ​ថាបាន​ឈាន​ទៅ​ដល់ «កម្រិត​កំពូល​មិន​ធ្លាប់​មាន​ពី​មុន​មក» ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ទាំង​ពីរ។​

ទាំង​លោក ​សុខ ​ឥសាន ​និង​ព្រះ​អង្គ​ម្ចាស់ ​ស៊ីសុវត្ថិ ​ធម្មិកោ ​បាន​លើក​ឡើង​ស្រប​គ្នា​អំពី​ការ​ទទួលខុស​ត្រូវ​របស់​ចិន នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ​ដែល​ថា​ បណ្ដាល​មក​ពី​ភាព​មិន​ច្បាស់លាស់​នៃ​ការ​វិវត្ត​នយោបាយ​ចិន ​នៅ​អំឡុង​ពេល​បដិវត្ដន៍​វប្បធម៌ ​និង​ការ​ស្លាប់​របស់​មេ​ដឹកនាំ​បក្ស​កុម្មុយនិស្ត​ចិន ​លោក ​ម៉ៅ ​សេទុង​ និង​លោក ​ជូ ​អេនឡាយ។

លោក ​សុខ​ ឥសាន ​បាន​លើក​ឡើង​ថា ​ទាំង​ប្រទេស​ចិន ​និង​សម្ដេច ​ព្រះ ​នរោត្តម ​សីហនុ ​សុទ្ធ​តែ​បាន​ធ្លាក់​ស្ថិត​ក្នុង​ការប្រើល្បិចបញ្ឆោត​របស់​ខ្មែរ​ក្រហម ​ដើម្បី​យក​តួអង្គ​ទាំង​ពីរ​ជា​ឈ្នាន់​ក្នុង​ការ​ឈាន​ទៅ​រក​ការ​កាន់​អំណាច​ដែលរង​ការ​ចោទ​ថា ​បាន​បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​យ៉ាង​ហោច​ណាស់​១.៧​លាន​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត។

លោក ​សុខ ​ឥសាន ​បាន​ពោល​សរសើ​អំពី​ឥរិយាបថ​ប្រទេស​ចិន ​ក្នុង​ទំនាក់​ទំនង​បច្ចុប្បន្ន​ជាមួយ​កម្ពុជា​ថា៖​

«យើង​មើល​ចិន​គោរព​បាន ​ទោះ​យើង​ធំ​មិន​ស្មើរ​ប៉ុន​ខេត្ត​មួយ​របស់​ចិន​ក៏​ដោយ ​ក៏​ចិន​គោរព​យើង​ស្មើ​ភាព​ ស្មើ​សិទ្ធិ ​ជាមួយ​គ្នា ​គោរព​អធិបតេយ្យ​ភាព ​ទៅ​វិញ​ទៅ​មក ​ដោយ​ស្មើ​ភាព ​មិន​ដើរ​ខ្សែ​លើ ​ដូច​ជា​ប្រទេស​មួយ​ចំនួន​ ដែល​អាង​ប្រទេស​ធំ ​អាងប្រជាជន​ច្រើន ​មក​ដើរ​ខ្សែ​លើ​យើង ​ហ្នឹង​គឺ​មិន​មាន​ទេ។ ចិន​មិន​បាន​ធ្វើ​ដូច្នេះ​ទេ»។

«ចិនមិន​ចូល​ចិត្ត ​ឬ​គ្មាន​វប្បធម៌​លូក​ដៃ​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ជា​មិត្ត​ទេ ​អ៊ីចឹង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​យើង​គោរព​គាត់ ​... ​យើង​ដឹង​ហើយ​ថា ​យើង​ជា​ប្រទេស​តូច ​ទោះ​បី​ការ​ខិត​ខំ​របស់​រាជរដ្ឋាភិបាល ​យ៉ាង​ណា​ក៏​ដោយ ​យើង​ឃើញ​ថា ​សភាពការណ៍​បច្ចុប្បន្ន ​យើង​មាន​តុល្យភាព ​ជា​ជញ្ជីង​មួយ​ដែល​យុត្តិធម៌ ​សម្រាប់​កម្ពុជា​ដែរ​ ក៏​ប៉ុន្តែ ​ក្នុង​លក្ខណៈ​ជា​ប្រទេស​ឯករាជ្យ ​មាន​អធិបតេយ្យ​ពេញ​លេញ ​យើង​មិន​ចូល​ចិត្ត​ឱ្យ​ប្រទេស​ណា​មក​ច្រំ​ក្បាល​យើង​ ឬ​មួយ​ដឹក​ច្រមុះ​យើង​ទាំង​ស្រុង​នោះ​ទេ»។

ព្រះអង្គ​ម្ចាស់ ​ស៊ីសុវត្ថិ​ ធម្មិកោ ​បាន​លើក​ឡើង​ដែរ​ថា ​ភាព​ខុស​គ្នា​រវាង​ឥរិយាបថ​ទៅ​រក​ប្រទេស​ចិន ​ដោយ​សម្ដេច ​ព្រះ​ នរោត្តម ​សីហនុ ​និង​រាជ​រដ្ឋាភិបាលគណបក្ស​ប្រជាជន​បច្ចុប្បន្ន​នៅ​ត្រង់​ថា ​សម្ដេច ​ព្រះ​ នរោត្តម ​សីហនុ ​ទ្រង់​ផ្ដោត​ទៅ​លើ​ការ​ជួយ​គាំពារ​ផ្នែក​សន្តិសុខ ​ឯករាជ្យភាព ​និង​អធិបតេយ្យភាព ​របស់​កម្ពុជា ​រីឯ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ​ផ្ដោត​ជា​អាទិភាព ​លើ​ជំនួយ​ផ្នែក​សេដ្ឋកិច្ច ​និង​ហិរញ្ញប្បទាន​ ច្រើន​ជាង​បញ្ហា​ផ្សេង។​

ការ​គាំទ្រ​របស់​ប្រទេស​ចិន​ដល់​ព្រះរាជវាំង​ខ្មែរ​មាន​ជា​បន្ត​បន្ទាប់។ ​ចិន​ប៉េកាំង​បាន​កសាង​ព្រះរាជ​ដំណាក់​មួយ​នៅ​រដ្ឋធានី​របស់​ខ្លួន​សម្រាប់​ព្រះមហាក្សត្រ​ខ្មែរ ​និង​ព្រះ​ញាតិ​វង្ស ​បូក​រួម​នឹង​ការ​សម្រាក​ព្យាបាល​ព្រះ​រោគ​របស់​ព្រះមហា​ក្សត្រ​ខ្មែរ​ និង​សម្ដេច​ព្រះ​វររាជមាតា ​នរោត្តម​ មុនីនាថ ​សីហនុ។ ​សម្ដេច​ព្រះ​បរមរតនកោដ្ឋិ​ផ្ទាល់​ព្រះអង្គ​ បាន​ចំណាយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នៃ​ព្រះជន្ម​វស្សា​របស់​ព្រះអង្គ​សម្រាក​នៅ​ទីក្រុង​ប៉េកាំង ​ដែល​ជា​ទី​ព្រះអង្គ​សោយ​ទីវង្គត​នៅ​ឆ្នាំ​២០១២​នោះ​ឯង៕​

XS
SM
MD
LG