\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សហប្រជាជាតិ​និង​ធនាគារ ADB មាន​សុទិដ្ឋិនិយម​ទៅ​លើ​ទស្សនវិស័យ​សេដ្ឋកិច្ច​អាស៊ី

  • Ron Corben

រូបឯកសារ៖ លោក Jitendra Prasad ទទួល​លុយ​ពីការលក់​ចេក​ នៅក្បែរ​ផ្សារ​ Azadpur Mandi ជា​ផ្សារ​លក់​ផ្លែឈើ​និង​បន្លែ​លក់​ដុំ​ធំ​បំផុត​នៅអាស៊ី ក្នុងទីក្រុងញូដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។

រូបឯកសារ៖ លោក Jitendra Prasad ទទួល​លុយ​ពីការលក់​ចេក​ នៅក្បែរ​ផ្សារ​ Azadpur Mandi ជា​ផ្សារ​លក់​ផ្លែឈើ​និង​បន្លែ​លក់​ដុំ​ធំ​បំផុត​នៅអាស៊ី ក្នុងទីក្រុងញូដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។

ប៉ុន្តែ​ក្រុម​សេដ្ឋវិទូ​កំពុង​អំពាវនាវ​ឲ្យ​ដោះស្រាយ​បញ្ហា​កំណើន​វិសមភាព​ប្រាក់​ចំណូល​និង​ទ្រព្យ​សម្បត្តិ​ដែល​កាន់​តែ​រីក​ធំ​ដុះដាល។

ក្រុម​សេដ្ឋ​វិទូ​នៃ​អង្គការ​សហប្រជាជាតិ​កំពុង​អំពាវនាវ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ឲ្យ​ជំរុញ​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅ​មុខ​តាមរយៈ​ការធ្វើ​កំណែ​ទម្រង់​នានា​ ជា​ពិសេស​ទៅ​លើ​វិសមភាពប្រាក់​ចំណូល​និង​ទ្រព្យ​សម្បត្តិ​ដែល​កាន់​តែ​រីក​ធំ​ដុះដាល ទោះ​បី​ជា​តំបន់​នេះ​មាន​កំណើន​សេដ្ឋកិច្ច​អស់​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​ក៏​ដោយ​។​

ក្រុម​សេដ្ឋ​វិទូ​នៃ​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ ហៅ​កាត់​ថា​ UNESCAP បាន​និយាយ​ថា​ បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​តំបន់​នេះ​ ត្រូវ​តែ​ដោះស្រាយ​បញ្ហា​កំណើន​វិសមភាព​ប្រាក់​ចំណូល​ ដែល​ត្រូវ​គេ​មើល​ឃើញ​ថា ​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ចាប់​តាំង​ពី​ទសវត្សរ៍​១៩៩០មក។​

វិសមភាព​ប្រាក់​ចំណូល​គឺ​ជា​បញ្ហា​មួយ​

លោកHamza Ali Malik សេដ្ឋវិទូ​ទទួល​បន្ទុក​ផ្នែក​គោល​នយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​នៃ​អង្គការ​ UNESCAP និយាយ​ថា​ វិសមភាព​ប្រាក់​ចំណូល​បាន​កើន​ឡើង​៣០​%​ ក្នុង​រយៈពេល​បី​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។

លោក​ Ali Malik និយាយ​ថា​៖ «​នេះ​គឺ​ជា​កំណើន​យ៉ាង​ខ្ពស់។​ ដូចគ្នា​ទៅ​នឹង​ករណី​សូចនាករ​ទ្រព្យ​សម្បត្តិ​ដែរ។ ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន​កំពូលៗ​មាន​ចំនួន​ច្រើន​ជាង​ពាក់​កណ្ដាលទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​ធម្មតា​សរុបក្នុង​សេដ្ឋកិច្ច​នៃ​ប្រទេស​ឥណ្ឌា​ ឥណ្ឌូនេស៊ី​ រុស្ស៊ី​ និង​ថៃ​។ វា​មាន​កម្រិត​ខ្ពស់​គួរ​សម។​ បញ្ហា​នេះ​តម្រូវ​ឲ្យ​ពង្រឹង​គោលនយោបាយ​សារពើពន្ធ​ ក្នុង​គោល​បំណង​បែងចែក​ប្រាក់​ចំណូល​ឡើង​វិញ»។

ការដំឡើង​ពន្ធ​ជា​ដំណោះស្រាយ​មួយ​សម្រាប់​វិសមភាព​ប្រាក់​ចំណូល​

លោក​បាន​និយាយ​ថា​ គន្លឹះ​សំខាន់​គឺ​ស្ថិត​នៅ​លើ​កំណែ​ទម្រង់​គោល​នយោបាយ​ដូចជា​ការយក​ពន្ធ​ ជា​ពិសេស​បង្កើន​ពន្ធលើ​ប្រាក់​ចំណូល​របស់​បុគ្គលិក​ដែល​មាន​កម្រិត​ទាប​ «តាម​រយៈ​ការបែងចែក​ប្រាក់​ចំណូល​ឡើង​វិញ ដើម្បី​កាត់​បន្ថយ​វិសមភាព​ទាំងនេះ»។

​ការព្រួយ​បារម្ភ​ទាំងនេះ​ ផ្ទុយ​ពី​ទស្សនវិស័យ​សេដ្ឋកិច្ច​រីកចម្រើន​ក្នុង​តំបន់​នេះ ខណៈ​ពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក​មិន​មាន​ភាព​ប្រាកដ​ប្រជា។ នេះ​បើ​យោង​តាម​អង្គការ​ UNESCAP និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ADB។​

អាស៊ី​ប៉ាស៊ីហ្វិក​នៅ​តែ​មាន​សក្ដានុពល​កំណើន​សេដ្ឋកិច្ច​

លេខាធិការ​ប្រតិបត្តិ​នៃ​អង្គការ​ UNESCAP លោក​ស្រី​ Shamshad Akhtar បាន​និយាយ​ថា តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​តែ​ជា​មជ្ឈមណ្ឌល​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច​សកលលោក។ ​

លោកស្រី​ Akhtar​ មាន​ប្រសាសន៍​ថា​ ការ​ងើប​ឡើងវិញ​នៃ​តម្រូវការ​ក្នុង​ស្រុក និង​ការគាំទ្រ​ផ្នែក​គោលនយោបាយ​ពី​រដ្ឋាភិបាល​ បាន​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ក្នុង​តំបន់ «ស្ថិត​ក្នុង​អត្រាមួយ​ថេរ​ គឺ​ ៤,៩%» ក្នុង​ឆ្នាំ​២០១៦។​ លោកស្រី​ Akhtar​ និយាយ​បន្ថែម​ថា​៖ «ថ្វីដ្បិត​តែ​សេដ្ឋកិច្ច​ពិភពលោក​មាន​កំណើន​យឺតយ៉ាវ​ហើយ​ពាណិជ្ជកម្ម​បន្ត​ធ្លាក់​ចុះ​ក៏​ដោយ​ ជាក់ស្តែង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​តែ​ល្អ​ជាង​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​ទូទាំង​ពិភពលោក​ ហើយ​យើង​អាច​និយាយ​បាន​ថា គឺ​ជា​យុថ្កានៃ​ស្ថិរភាព​មួយ​សម្រាប់​ជួយ​ដល់​សេដ្ឋកិច្ច​ពិភពលោក​ដែល​កំពុង​ជួប​បញ្ហា»។

លោកស្រី​បាន​និយាយ​ទៀត​ថា​ ទស្សនវិស័យ​សម្រាប់​ឆ្នាំ​២០១៧​នៅ​តែ«​មាន​ភាព​វិជ្ជមាន​ជា​ទូទៅ» ដោយ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​មាន​កំណើន​ខ្លាំង​ជាង​មុន​ ប៉ុន្តែ​សេដ្ឋកិច្ច​របស់​ចិន​ធ្លាក់​ចុះ ខណៈ​ពេល​ដែល​ចិន​ធ្វើ​«លំនឹង​សេដ្ឋកិច្ច​ឡើងវិញ» ឆ្ពោះ​ទៅ​រក​កំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុក។

បញ្ហា​នានា

ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​ UNESCAP បាន​ឲ្យ​ដឹង​ថា ប្រទេស​នាំចេញ​ទំនិញ​ ​នានា ដូចជា​ប្រទេស​ម៉ុងហ្គោលី​ កាហ្សាក់ស្ថាន​ និង​សហព័ន្ធ​រុស្ស៊ី​ នៅ​តែ​បន្ត​ប្រឈម​នឹង​ «ការថ្លឹងថ្លែង​សេដ្ឋកិច្ច​និង​សារពើពន្ធ» ដោយសារ​តែ​តម្លៃ​ប្រេង​ចុះ​ថោក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

សញ្ញាណ​វិជ្ជមាន​នៃ​សេដ្ឋកិច្ច​រុស្ស៊ី​មាន​ភាព​នឹងនរ បន្ទាប់​ពី​ថយ​ចុះ​ពីរ​ឆ្នាំ​ជាប់​គ្នា​មក។​ ហើយការ​ព្យាករណ៍​បង្ហាញ​ថា​ មាន​អត្រា​កំណើន​១​%នៅ​ក្នុង​ឆ្នាំ​២០១៧។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​។​

នៅ​ក្នុង​របាយការណ៍​ផ្សេង​មួយ​ទៀត​ ធនាគារ​ ADB ក៏​មាន​សុទិដ្ឋិនិយម​ទៅ​លើ​ទស្សនវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​ដូច​គ្នា​ដែរ។​

លោក​ Juzhong Zhuang អនុ​ប្រធាន​ក្រុម​សេដ្ឋ​វិទូ​នៃ​ធនាគារ​ ADB និយាយ​ថា​៖ «សេដ្ឋកិច្ច​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​បន្ត​ស្ទុះ​ឡើង​យ៉ាងខ្លាំងក្លា ខណៈ​ដែល​សេដ្ឋកិច្ច​សកលលោក​មិន​មាន​ភាព​ប្រាកដ​ប្រជា»។​

សេដ្ឋកិច្ច​មាន​ស្ថិរភាព​នៅ​ទូទាំង​តំបន់​អាស៊ី​

ធនាគារ​ ADB បាន​ឲ្យ​ដឹង​ថា​ កំណើន​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​តំបន់​អាស៊ី​នៅ​តែ​មាន​«ស្ថិរភាព​ជាទូទៅ» បើ​ទោះបីជា​សេដ្ឋកិច្ច​«ធ្លាក់​ចុះ​បន្តិច»នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ បាន​សម្របសម្រួល​ដល់ទស្សនវិស័យ​សម្រាប់​ឆ្នាំ​២០១៦​ក៏​ដោយ។​

លោក​ Juzhong​ និយាយ​ថា​៖​ «ការធ្វើ​កំណែ​ទម្រង់​រចនាសម្ព័ន្ធ​ដើម្បី​បង្កើន​ផលិតកម្ម​ ការកែលម្អ​បរិយាកាស​វិនិយោគ​ និង​ការគាំទ្រ​តម្រូវការ​ក្នុង​ស្រុក​ អាច​ជួយ​រក្សា​សំទុះ​កំណើន​នៅ​ពេល​អនាគត​បាន»។

ជា​ទស្សនៈ​សកល​ ធនាគារ​ ADB ក៏​មាន​សុទិដ្ឋិនិយម​ផង​ដែរ។ នៅ​ក្នុង​ ធនាគារ​ ADB បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ទស្សនវិស័យ​មួយ​ថា​ «ការចំណាយ​ដ៏​លើសលប់​របស់​អតិថិជន​បាន​ទ្រទ្រង់​សេដ្ឋកិច្ច​អាមេរិក​ ជាមួយ​នឹង​គោលនយោបាយ​គាំទ្រ​រូបិយប័ណ្ណ​និង​ការកែ​លម្អ​ទីផ្សារ​ពលកម្ម​ ដែល​បាន​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ក្នុង​តំបន់​ចាយ​រូបិយវត្ថុ​អឺរ៉ូ»។​

សក្តានុពល​ក្នុង​ប្រទេស​ជប៉ុន​

របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​ ស្ទុះ​ឡើង​ដោយ​សារ​ការ​នាំចេញ​ខ្លាំង​ បើ​ទោះ​បី​ជា​មានរូបិយប័ណ្ណ​ក្នុង​ស្រុក​ខ្លាំង​ជាង​ក៏​ដោយ។

ប៉ុន្តែ​អង្គការ​ UNESCAP ក៏​បាន​លើកឡើង​ពី​ភាព​មិន​ប្រាកដ​ប្រជា​ដែល​កើត​មាន​ ដោយសារ​ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិក​បាន​ដំឡើង​អត្រា​ការប្រាក់​០,២៥% គឺ​ចន្លោះ​ពី​ ០,៥០% និង​ ០,៧៥% ។ នេះ​ជា​ការដំឡើង​អត្រា​ការប្រាក់​លើក​ទី​២​ចាប់​តាំង​ពី​មាន​វិបត្តិ​ហិរញ្ញ​វត្ថុ​ឆ្នាំ​២០០៨​មក។

ចំណុច​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ

ក្រុម​អ្នកវិភាគ​ឯករាជ្យ​និយាយ​ថា​ ការដំឡើង​អត្រា​ការប្រាក់​របស់​អាមេរិក​អាចបង្កើត​បញ្ហា​ដល់​សេដ្ឋកិច្ច​ប្រទេស​ចិន​ ខណៈ​ដែល​អ្នក​វិនិយោគទុន​ចិន​ជា​ច្រើន​ព្យាយាម​ផ្លាស់​មូលនិធិ​ចេញ​ពី​ប្រទេស​ចិន​ទៅ​កាន់​ទីផ្សារ​របស់​សហរដ្ឋ​អាមេរិក​វិញ។

លោក​ស្រី​ Akhtar នៃ​អង្គការ UNESCAP និយាយ​ថា ការព្រួយ​បារម្ភ​ផ្សេង​ទៀត​សម្រាប់​តំបន់​អាស៊ី​គឺ​ផល​ប៉ះពាល់​ទៅ​លើ​តំបន់​ចាយ​រូបិយវត្ថុ​អឺរ៉ូ ដោយសារ​តែ​ការចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ ឬ​ហៅ​ថា​ Brexit នោះ។

បញ្ហា​ផ្សេង​ទៀត​ដែល​ត្រូវ​បញ្ជាក់​នោះ គឺ​ស្ថិត​នៅ​លើ​គោលនយោបាយ​ក្រោម​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត លោក ដូណាល់ ត្រាំ។

ក្រុម​សេដ្ឋវិទូ​និយាយ​ថា នៅ​តែ​មាន​ការព្រួយ​បារម្ភ​ទៅ​លើ​និន្នាការ​ឆ្ពោះ​ទៅ​រក​កំណើន​ការពារ​ពាណិជ្ជកម្ម ដែល​ប៉ះពាល់​ដល់​ការធ្វើ​វិនិយោគ ដែល​ជា​កត្តា​ចម្បង​មួយ​សម្រាប់​កំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុក។ ​ការវិនិយោគ​ជា​រួម​បាន​បរាជ័យ​ក្នុង​ការធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​នៅ​ទូទាំង​តំបន់ បើ​ទោះ​បី​ជា​ស្ថានភាព​ហិរញ្ញវត្ថុ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ក៏​ដោយ​៕​

ប្រែ​សម្រួល​ដោយ នូវ​ ពៅ​លក្ខិណា

XS
SM
MD
LG