ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​តួកគី​ថា អាវុធ​គីមី​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ក្នុង​ប្រទេស​ស៊ីរី


ជន​រងគ្រោះ​នៃ​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​ដេក​នៅ​លើ​ដី ក្នុង​ក្រុង Khan Sheikhoun ខេត្ត Idlib ប្រទេស​ស៊ីរី។

រដ្ឋាភិបាល​តួកគី​បាន​ឲ្យ​ដឹង​ថា ការ​វះ​ពិនិត្យ​សាកសព​របស់​ជនជាតិ​ស៊ីរី ៣ នាក់ ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស បាន​បង្ហាញ​ថា ពួកគេ​បាន​ស្លាប់​ដោយសារ​តែ​ប៉ះពាល់​ជាមួយ​នឹង​ជាតិ​ពុល​នៃ​អាវុធ​គីមី។

ជនជាតិ​ស៊ីរី​ទាំង ៣ នាក់ បាន​ស្លាប់​បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​តួកគី​ជាមួយ​នឹង​អ្នក​រង​របួស​យ៉ាង​តិច ៣០ នាក់​ផ្សេង​ទៀត ដើម្បី​ព្យាបាល បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ លើ​ក្រុង Khan Sheikhoun ដែល​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម ស្ថិត​នៅ​ភាគ​ខាង​ជើង​ខេត្ត Idlib រួច​មក។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​តួកគី​លោក Bekir Bozdag បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​វះ​ពិនិត្យ​សាកសព​របស់​ជនជាតិ​ស៊ីរី​ទាំង ៣ នាក់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មន្ត្រី​មកពី​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ក្រុង Adana ប្រទេស​តួកគី កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ។

ការ​វាយ​ប្រហារ​លើ​ក្រុង Khan Sheikhoun បាន​សម្លាប់​មនុស្ស ១ រយ​នាក់ និង​បាន​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​ជាង ៣៥០ នាក់ ផ្សេង​ទៀត​រង​របួស ដែល​ក្នុង​នោះ​មាន​ទាំង​កូន​ក្មេង​ជា​ច្រើន​ផង​ដែរ។ ការ​វាយ​ប្រហារ​នេះ បាន​ធ្វើ​ឲ្យ​អន្តរជាតិ​មាន​ការ​ខឹង​សម្បារ​ជាមួយ​នឹង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ស៊ីរី​លោក Bashar al-Assad និង​រដ្ឋាភិបាល​រុស្ស៊ី ដែល​ជា​សម្ព័ន្ធ​មិត្ត​ចម្បង​បំផុត​របស់​របប​លោក Assad។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ នៅ​ក្នុង​កិច្ច​ប្រជុំ​បន្ទាន់​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ចក្រភព​អង់គ្លេស បារាំង និង​សហរដ្ឋ​អាមេរិក បាន​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ប្រទេស​រុស្ស៊ី៕

XS
SM
MD
LG