ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្ស​រាប់​សិប​នាក់​ស្លាប់​នៅ​ស៊ីរី​នៅ​ក្នុង​វាយ​ប្រហារ​ដែល​គេ​សង្ស័យ​ថា​ប្រើ​ឧស្ម័ន​ពុល​


រូប​ថត​បង្ហាញ​ពី​ស្ថានភាពមនុស្ស​ដេក​ស្តូក​ស្តឹង​នៅក្នុង​ទីក្រុង​ Khan Sheikhoun នៅ​ក្រោយ​មាន​ការ​វាយប្រហារ​ដែល​គេ​សង្ស័យ​ថា​ប្រើ​ឧស្ម័នពុល​នៅ​ក្នុង​តំបន់​ Idlib កាន់​កាប់​ដោយ​ពួក​ឧទ្ទាម ក្នុង​ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃទី៤ ខែ​មេសា។

ក្រុម​ការងារ​ត្រួត​ពិនិត្យ​និង​ការពារ​ជនស៊ីវិល​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​អង្គារ​ថា យន្ត​ហោះ​ចម្បាំង​របស់​រដ្ឋាភិបាល​ស៊ីរី​ ឬ​រុស្ស៊ី​បាន​ធ្វើ​ការវាយ​ប្រហារ​ដោយ​ប្រើ​ឧស្ម័ន​ពុល​ទៅ​លើ​ក្រុង​មួយ​ដែល​កាន់​កាប់​ដោយ​ក្រុម​ឧទ្ទាម​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ស៊ីរី។

ហេតុការណ៍​នោះ​បាន​សម្លាប់​មនុស្ស​អស់​រាប់​សិប​នាក់​និង​បណ្តាល​ឲ្យ​មនុស្ស​រាប់​រយ​នាក់​ទៀត​រង​របួស។ អង្គការ Union of Medical Care and Relief ដែល​ជា​ស្ថាប័ន​ចម្រុះ​រវាង​ជំនួយ​មនុស្សធម៌​និង​សុខាភិបាល​របស់​បស្ចិម​ប្រទេស បាន​បញ្ចេញ​តួលេខ​អ្នក​ស្លាប់​រហូត​ដល់​១០០​នាក់​និង​តួលេខ​អ្នក​រង​របួស​ជាង​៣៥០​នាក់។

សកម្មជន​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី​បាន​ពណ៌នា​ការវាយ​ប្រហារ​នេះ​ថា​ជា​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ដែល​ហែក​ហួរ​ដោយ​សង្គ្រាម​យ៉ាង​ឃោរឃៅ​អស់​រយៈពេល​៦​ឆ្នាំ​មក​ហើយ​ ហើយ​ក្រុម​ប្រឆាំង​នយោបាយ​ធំ​បំផុត​ដែល​មាន​ឈ្មោះ​ថា​ Syrian National Coalition បាន​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា​ជា​«ការ​សម្លាប់​រង្គាល​ដ៏​រន្ធត់»។​

រុស្ស៊ី​បាន​«បដិសេធ​យ៉ាង​ដាច់​អហង្ការ»​ថា​ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​នេះ​នោះ​ទេ។ រដ្ឋាភិបាល​ស៊ីរី​ក៏​បាន​បដិសេធ​ថា​មិន​បាន​ប្រើប្រាស់​អាវុធ​គីមី​ទៅ​លើ​ជន​ស៊ីវិល​នោះ​ដែរ។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​នឹង​បើក​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​ពិភាក្សា​ទៅ​លើ​ហេតុការណ៍​ដែល​បាន​កើតឡើង​នេះ៕

XS
SM
MD
LG