ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Trump ហៅ​ការ​វាយប្រហារ​នៅ​ស៊ីរី​ថា​ជា «ការ​ប្រមាថ​ដល់​មនុស្ស​ជាតិ»


ប្រុសៗ​ជិះ​ម៉ូតូ​កាត់​ស្លាក​សញ្ញា​គ្រោះថ្នាក់​នៅ​កន្លែង​ដែល​រង​ការ​វាយប្រហារ​តាម​អាកាស​នៅ​ក្នុង​ក្រុង Khan Sheikhoun ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump និយាយ​ថា ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី ជា​ការ​ប្រមាថ​មើលងាយ​ដល់​មនុស្ស​ជាតិ​នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​អង្គុយ​ចរចា​នៅ​ឯ​សេតវិមាន​ជាមួយ​ព្រះ​មហាក្សត្រ​ Abdullah នៃ​ប្រទេស​ហ្ស៊កដានី។

​នៅ​ពេល​ដែល​ត្រូវ​បាន​សួរ​ដោយ​ពួក​អ្នក​យក​ព័ត៌មាន​ថា​តើ​សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ​ដែរ​ឬទេ លោក​ប្រធានាធិបតី​ Trump ​បាន​មាន​ប្រសាសន៍​ថា «លោក​អ្នក​នឹង​ឃើញ‍» ដោយ​លោក​ប្រធានាធិបតី​មិន​បាន​បញ្ជាក់​អ្វី​ទាំងអស់។ កាល​ពី​មួយ​ថ្ងៃ​មុន​លោក​ប្រធានាធិបតី​ Trump បាន​ចេញ​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​នេះ​ថា ​ជា​ការ​គួរ​ឲ្យ​ស្តី​បន្ទោស ហើយ​បាន​និយាយ​ទៀត​ថា ​ការណ៍​នេះ​មិន​អាច​មិន​អើ​ពើ​ដោយ​ពិភពលោក​បាន​ទេ។

​ការ​វាយ​ប្រហារ​ដ៏​រន្ធត់​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​នៅ​ជាប់​ប្រទេស​ហ្ស៊កដានី ​និង​លទ្ធភាព​នៃ​ការ​បន្ត​ការ​ចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន ​បាន​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​ខ្ពស់​ជាង​គេ​នៃ​ការ​ចរចា​រវាង​លោក​ប្រធានាធិបតី​ Trump ​និង​ព្រះមហាក្សត្រ Abdullah។

​ព្រះ​មហាក្សត្រ​នៃ​ប្រទេស​ហ្ស៊កដានី​ដែល​បាន​ដើរ​តួ​ជា​បេសកជន​មកពី​ពិភព​អារ៉ាប់ ​បាន​នាំ​សារ​នៃ​ការ​បន្ត​ការ​ចាប់​អារម្មណ៍​ដល់​កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ីស្រាអែល ដែល​នឹង​រួម​បញ្ចូល​ការ​ទទួល​ស្គាល់​របស់​ប្រទេស​អារ៉ាប់​ និង​ប្រទេស​ដែល​កាន់​សាសនា​ឥស្លាម​ទៅ​លើ​រដ្ឋ​ជ្វីវ នៅ​ក្នុង​ការ​ដោះ​ដូរ​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​ក្នុង​តំបន់ West Bank តំបន់ Gaza និង​ប៉ែក​ខាង​កើត​នៃ​ទីក្រុង Jerusalem៕

XS
SM
MD
LG