ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ​ ជ្រើស​យក​លោក​ James Mattis​ ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​


លោក​ប្រធានាធិបតី​ជាប់​ឆ្នោត ដូណាល់ ត្រាំ​ ឈរ​ជាមួយ​លោក​ James Mattis កាល​ពីខែ​វិច្ឆិកា។
លោក​ប្រធានាធិបតី​ជាប់​ឆ្នោត ដូណាល់ ត្រាំ​ ឈរ​ជាមួយ​លោក​ James Mattis កាល​ពីខែ​វិច្ឆិកា។

លោក​ប្រធានាធិបតី​ជាប់​ឆ្នោត ដូណាល់​ ត្រាំ​ បាន​ជ្រើស​យក​លោក James Mattis ​អគ្គស្នងការ​ជើង​ទឹក​ដែល​បាន​ចូល​និវត្តន៍ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស ប៉ុន្តែ​លោក Mattis ត្រូវ​ការ​មាន​ការ​កែប្រែ​ច្បាប់​សហព័ន្ធ​ដើម្បី​ឲ្យ​លោក​អាច​ទទួល​តំណែង​នេះ​បាន។

លោក ត្រាំ​ បាន​មាន​វត្ត​មាន​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​សាធារណៈ​ដើម្បី​អបអរ​ជ័យជម្នះ​របស់​លោក​ក្រោយ​ការបោះឆ្នោត​នៅ​ក្នុង​ទីក្រុង Cincinnati រដ្ឋ​ Ohio ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។ លោក​បាន​ថ្លែង​ពី​ជម្រើស​រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​លោក​នៅ​ទីនោះ​ជា​ផ្លូវការ។

លោក ​Mattis ​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា «Mad Dog« ឬ​ជា​ភាសាខ្មែរ​ហៅ​ថា «ឆ្កែ​កម្រោល» ដោយ​សារ​តែ​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​ថា លោក​ចូលចិត្ត​ការប្រយុទ្ធ​គ្នា។ លោក Mattis គឺ​ជា​អតីត​មេបញ្ជាការ​កងទ័ព​ជើងទឹក​នៅ​ក្នុង​សង្គ្រាម​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​និង​ប្រទេស​អ៊ីរ៉ាក់។

អតីត​មន្ត្រី​កំពូល​ម្នាក់​នៃ​ក្រសួង​ការពារ​ប្រទេស​អាមេរិក​បាន​ថ្លែង​ប្រាប់ The Washington Post ថា លោក Mattis គឺ​ជា​មនុស្ស​ម្នាក់​ដ៏​គួរ​ឲ្យ​គោរព​ខ្លាំង​ណាស់។
ប៉ុន្តែ​ប្រសិន​បើ​លោក Mattis ត្រូវ​ព្រឹទ្ធសភា​អនុម័ត​មែន​នោះ នោះ​សភា​ត្រូវ​ដក​កំហិត​លើ​ច្បាប់​ដែល​តម្រូវ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ចូល​និវត្តន៍​យ៉ាង​ហោច​ណាស់​ចំនួន​៧​ឆ្នាំ​សិន​ចោល។ លោក Mattis ទើប​តែ​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ​២០១៣​ប៉ុណ្ណោះ។

លោក ត្រាំ​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ ​Ohio កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​សាទរ​ជាមួយ​នឹង​ម្ចាស់​ឆ្នោត​របស់​លោក ដែល​ធ្វើ​ឲ្យ​លោក​ទទួល​បាន​តំណែង​នៅ​សេតវិមាន៕

XS
SM
MD
LG