ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ពន្យារ​ថ្ងៃ​បោះឆ្នោត​ជា​ថ្មី​ខណៈ​ដែល​បាតុករ​រំខាន​កិច្ច​ប្រជុំ​រដ្ឋាភិបាល


មន្ត្រី​ប៉ូលិស​ថៃ​ស៊ើប​អង្កេត​នៅ​ទីតាំង​ដែល​មាន​ការ​បាញ់ប្រហារ​នៅ​វិមាន​ប្រជាធិបតេយ្យ​នៅ​ក្រុង​បាងកក​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤។
មន្ត្រី​ប៉ូលិស​ថៃ​ស៊ើប​អង្កេត​នៅ​ទីតាំង​ដែល​មាន​ការ​បាញ់ប្រហារ​នៅ​វិមាន​ប្រជាធិបតេយ្យ​នៅ​ក្រុង​បាងកក​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤។
ក្រុម​អាជ្ញាធរ​ថៃ​ជាថ្មី​ម្តង​ទៀត​បាន​ពន្យា​ពេល​ការ​សម្រេច​ចុង​ក្រោយ​ចំពោះ​កាល​បរិច្ឆេទ​ការ​បោះឆ្នោត​ជាតិ​ដែល​បាន​គ្រោង​ទុក​ នៅ​ពេល​ក្រុម​បាតុករ​ប្រឆាំង រដ្ឋាភិបាល​បាន​រំខាន​កិច្ច​ប្រជុំ​សំខាន់​មួយ។​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ការ​វាយប្រហារ​គ្រាប់បែក​ដៃ​និង​ការ​បាញ់​ប្រហារ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៣នាក់​នៅ​ទីតាំង​មួយ​របស់​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល។​ រឿង​នេះ​បាន​ធ្វើ​ឲ្យ​អគ្គមេបញ្ជាការ​យោធា​របស់​ប្រទេស​ព្រមាន​ថា​យោធា​អាច​មាន​វិធានការ​ ប្រសិន​បើ​អំពើ​ហិង្សា​នៅ​បន្ត។​

ក្រុម​យោធា​ប្រទេស​ថៃ​ជារួម​មិន​លូក​ដៃ​ចូល​ក្នុង​ការ​ជាប់​គាំង​នយោបាយ​របស់​ប្រទេស។ ​ក៏ប៉ុន្តែ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​អគ្គមេបញ្ជាការ​កងទ័ព​បាន​ថ្កោល​ទោស​អំពើ​ហិង្សា​ចុង​ក្រោយ​បំផុត​មួយ​ ហើយ​ព្រមាន​ថា​ កង​យោធា​អាច​នឹង​ចាត់​វិធានការ​ដើម្បី​រក្សា​ច្បាប់​និង​សណ្តាប់​ធ្នាប់​សារធារណៈ​ ប្រសិន​បើ​អំពើ​ហិង្សា​នៅ​បន្ត​កើត​មាន។​

តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​បញ្ហា​ទាល់ច្រក​ផ្នែក​នយោបាយ​តាម ​រយៈ​ការ​បោះឆ្នោត​ថ្មី​មួយ​នេះ​ បាន​ដើរ​ថយ​ក្រោយ​វិញ​នៅ​ពេល​ក្រុម​បាតុករ​ ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ​ហ៊ុំព័ទ្ធ​មូលដ្ឋាន​កងទ័ព​អាកាស​ថៃ​មួយ ​ជាទី​កន្លែង​ដែល​រដ្ឋាភិបាល​និង​គណៈកម្មការ​បោះឆ្នោត​ថៃ​ជួប​ប្រជុំគ្នា។​

នាយក​រដ្ឋមន្ត្រី​ស្តីទី​ នីវ៉ាត់ថាមរុង្គ ​ប៊ុនសុងផៃសាន ​(Niwatthamrong Bunsongphaisan) ​និង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ដទៃ​ទៀត​បាន​បង្ខំ​ចិត្ត​គេច​ចេញ​ពី ទី​កន្លែង​នោះ​ខណៈ​ពេល​ដែល​ក្រុម​បាតុករ​បាន​ចូល​មក​ជិត​ ហើយ​បាន​ធ្វើ​ឲ្យ​កិច្ចប្រជុំស្តី​អំពី​ថា ​តើ​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ខាង​មុខ​នៅ​ថ្ងៃ​ទី២០​ខែ​កក្កដា​ឬ​យ៉ាងណា​នោះ​ត្រូវ​បញ្ឈប់​ដោយ​ការ​រំខាន។

ក្រោយ​មក​លោក​ត្រូវ​ជំនួស​ដោយ​លោក​ ស៊ីថេប​ ថោងស៊ូបាន​ (Suthep Thangsuban)​ មេដឹកនាំ​គណៈ​កម្មាធិការពលរដ្ឋ​សម្រាប់​កំណែ​ទម្រង់​ប្រជាធិបតេយ្យ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ (PDRC) ​និង​ជា​អតីត​សមាជិក​សភា​ ដែល​បាន​ពិភាក្សា​ជាមួយ​មន្ត្រី​គណៈកម្មការ​បោះ​ឆ្នោត។

អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ​ ជូឡាឡុងកន​ (Chulalongkorn) គឺ​លោក ​ធីទីណាន ​ពុងស៊ូធិរ៉ាក់​ (Thitinan Pongsudhirak)​ ថ្លែង​ថា​ ការ​ចរចា​នានា​ទំនង​ជា​មិន​អាច​ដោះ​ស្រាយ​ជម្លោះ​នយោបាយ​ដែល​កំពុង​កើត​ឡើង​បន្ត​នោះ​ទេ​ ដោយ​សារ​ភាគី​ទាំង​ពីរ​នៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​ដ៏​ស្រួច​ស្រាវ​ជាច្រើន​នោះ។

«លោក ​ស៊ូធិប ​និង​ PDRC ​ចង់​បាន​អ្វី​ដែល​គេ​ហៅ​ថា ​រដ្ឋាភិបាល​ដែល​ជ្រើស​តាំង​ឯករាជ្យ​មួយ​ ហើយ​រដ្ឋាភិបាល​និង​ក្រុម​អ្នក​គាំទ្រ​រដ្ឋាភិបាល​មិន​ចង់​បាន​ដូច្នោះ​ទេ។​ លោក ​ស៊ូធិប​បាន​ពិភាក្សា​ជាមួយ​គណៈ​កម្មការ​បោះឆ្នោត​ក្រសួង​រដ្ឋ​ផ្សេងៗ​ទៀត។​ តែ​ការ​ពិភាក្សា​ទាំង​នេះ​វា​ពឹង​ផ្អែក​ទៅ​លើ​ការ​ជ្រើស​តាំង​រដ្ឋាភិបាល​ដែល​មាន​ភាគី​ម្ខាង​ទៀត​ជំទាស់។​ ដូច្នេះ​យើង​បាន​ឈាន​ដល់​ចំណុច​មួយ​ជា​ស្ថានការណ៍​មិន​អាច​ដោះស្រាយ​បាន​ក្នុង​ប្រទេស​ថៃ ​ដែល​ភាគី​នានា​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ពេក»។

គណៈគ្រប់គ្រង​គណបក្ស​ ភឿថៃ​ (Pheu Thai Party)​ ថ្លែង​ថា ​ខ្លួន​នឹង​បន្ត​ដាក់​ សម្ពាធ​ទៅ​មុខ​ទៀត​ដើម្បី​ឲ្យ​មាន​ការ​បោះឆ្នោត​ជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​កាល​ ពី​ខែ​កុម្ភៈ​ត្រូវ​រារាំង​ដោយ​ក្រុម​ PDRC​ ហើយ​បាន​ធ្វើ​ពហិការ​ដោយ​គណបក្ស ប្រជាធិប​តេយ្យ​ដែលជា​ក្រុម​ជំទាស់​នោះ។​ ក្រុម​បាតុករ​បាន​សច្ចា​ជាថ្មី​ទៀត ថានឹង​រារាំង​ការ​បោះឆ្នោត​ខាងមុខ។

មន្ត្រី ​ជាន់​ខ្ពស់​គណបក្ស​ ភឿថៃ ​គឺ​លោក​ស្មាន ​ឡឺតវង្សរ៉ាត់​(Smarn Lertwongrath) ថ្លែង​ថា​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​មាន​អំណាច​ក្នុង​ការ​ស្នើ​ឲ្យ​មាន​ការ​ បោះឆ្នោត​ ហើយ​នឹង​នៅ​បន្ត​អត់​ធ្មត់​រហូត​ទល់​តែ​មាន​គណៈកម្មការ​បោះឆ្នោត​យល់​ព្រម​ ដាក់​កាល​បរិច្ឆេទ​ការ​បោះឆ្នោត​ថ្មី​មួយ។

«យើង​មាន​សិទ្ធិ​អំណាច​ ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ដោយ​ខ្លួន​យើង។ ​តែ​ប្រសិន​បើ គណៈកម្មការ​បោះឆ្នោត ​និយាយ​ថា​ពួក​គេ​មិន​អាច​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ បានទេ​ ពេល​នោះ​កិច្ចព្រម​ព្រៀង​រវាង​រដ្ឋាភិបាល​និង​គណៈ​កម្មការ​បោះឆ្នោត ត្រូវ​តែ​ធ្វើឡើង​ដោយ​ឯកច្ឆន្ទ។​ ប្រសិន​មិនអាច​ព្រមព្រៀង​ជាឯកច្ឆន្ទ​ទេ​ គណៈ កម្មការ​បោះឆ្នោត​នឹងមាន​លេស​ និយាយ​ថា​យើង​មិនអាច​ធ្វើ​សេចក្តី​ព្រាង​ច្បាប់ នោះ​បានទេ។​ ដូច្នេះ​យើង​ត្រូវតែ​អត់ធ្មត់​ ហើយធ្វើ​ឲ្យអស់​លទ្ធភាព​ដើម្បី​ឲ្យក្លាយ ជា​សេចក្តី​ព្រាង​ច្បាប់​មានការ​យល់ព្រម​ជា​ឯកច្ឆន្ទ»។

លោក​ស្មាន​ ថ្លែងទៀត​ថា​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ទំនង​ជាមិន​មាន​សិទ្ធិ​ស្រប​ច្បាប់ ដើម្បី​ស្នើ​ឲ្យមាន​ការតែង​តាំង​នាយក​រដ្ឋមន្ត្រី​ដោយគ្មាន​ការ​បោះឆ្នោត​ទេ ​ បើ យោង​តាម​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​ ហើយ​រាល់​ទង្វើ​ណាមួយ​របស់​ពួកគេ​ អាច​ត្រូវ ជំទាស់​ដោយ​ក្រុម​គាំទ្រ​រដ្ឋាភិបាល ​គឺក្រុម​អាវ​ក្រហម។

គណៈ​កម្មការ​កំណែ​ទម្រង់​ច្បាប់​ប្រទេស​ថៃ​កាលពី​ថ្ងៃពុធ​បានផ្តល់​សំណើ​ជា​បន្ត​បន្ទាប់​ជាច្រើន​ក្នុងគោល​បំណង​បញ្ចប់​ជម្លោះ។

តែ​អ្នកវិភាគ​ឯករាជ្យ​ផ្នែកច្បាប់​ ប៊េនយ៉ាមីន ​ហ្សាវ៉ាក់គី​ (Benjamin ​Zawacki) បាន​ថ្លែងថាស្ថាប័ន​តុលាការ​តែមួយ​មិនត្រូវ​ក្រុមអ្នក​គាំទ្រ​រដ្ឋាភិបាល​ មើល​ឃើញ​ថា មាន​លក្ខណៈ​អព្យាក្រឹត​(ឥតលម្អៀង)​ទេ។​ កាលពី​សប្តាហ៍​មុន​តុលាការ​ធម្មនុញ្ញ បាន​បណ្តេញ​លោកស្រី​នាយក​រដ្ឋមន្ត្រី ​យីងឡាក់​ ស៊ីណាវ៉ាត់(Yingluck Shinawatra)​ចេញពី​មុខ​តំណែង​និងមន្ត្រី​៩នាក់​ផ្សេងទៀត​ពីបទ​ចោទ​ប្រកាន់​រឿង​គ្រួសារ​និយម​ដែល​ពាក់ព័ន្ធ​នឹង​ការរុះរើ​មន្ត្រី​រាជការ​ជាន់ខ្ពស់​មួយរូប​នោះ។​

«នៅពេល​លោក​អ្នកមាន​អាជ្ញា​កណ្តាល​សំខាន់​មួយ​ គឺតុលាការ​ក្លាយ​ជា​ផ្នែក មួយនៃ​ជម្លោះ​។​ តុលាការ​មិនឈរ​ឲ្យផុតពី​ជម្លោះ​ ជាភាគី​ទីបី​ដែលមិន​ទទួល​ផល ប្រយោជន៍ ​តែពិតជា​ប្រកាន់ថា​ជាភាគី​មួយ​ក្នុង​ជម្លោះ​ទៅវិញ ​ពេលនោះ​ហើយ តើលោក​អ្នក​នឹង​ធ្វើ​យ៉ាង​ម៉េច​ទៀត? ​ឥឡូវនេះ​ក្នុង​សង្គម​ថៃ ​ភាគីទាំង​សង​ខាង ឃើញថា​តុលាការ​ជាស្ថាប័ន​មិន​អព្យាក្រិត។​ ក្រុម​អាវក្រហម​ពិតជា​មើល​ឃើញ យ៉ាង​ច្បាស់​ថា​តុលាការ​គឺជា​ផ្នែកមួយ​ក្នុង​កញ្ចប់​ជម្លោះ»។

យ៉ាងហោច​ណាស់​មាន​មនុស្ស​២៨នាក់​បានស្លាប់ ​ហើយ​មាន​មនុស្ស​រាប់រយ​នាក់​ ត្រូវរង​របួស​ចាប់តាំង​ពីមាន​ជម្លោះ​នយោបាយ​ផ្ទុះ​ឡើង​កាលពី​ចុងឆ្នាំ​ទៅ៕

ប្រែ​សម្រួល​ដោយ សុខ ខេមរា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG