ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​កង​យោធា​ថៃ​បង្កើន​ការ​ការពារ​សន្តិ​សុខ​ នៅ​តាមបណ្ដាខេត្ត​ជាប់ព្រំដែន​ ដែល​មានក្រុម​ជម្លោះ​មូស្លីម

  • Ron Corben

(រូប​ឯកសារ​) ក្រុម​បុគ្គលិក​ស្ម័គ្រចិត្ត​លើក​យក​សាកសព​ក្រុមយុវជន​កាន់​សាសនា​ឥស្លាម​ដែលបាន​បាត់បង់​ជីវិត​ក្នុងការ​វាយប្រហារ​ជាមួយ​ក្រុម​សន្តិសុខ​ថៃ​ នៅ​វិហារ​ឥស្លាម​ Krue Se ក្នុង​ខេត្ត​ Pattani ភាគខាង​ត្បូង​ប្រទេសថៃ​ ថ្ងៃ​ទី២៨​ ខែមេសា​ ឆ្នាំ២០០៤​។

កង​យោធា​របស់​ប្រទេស​ថៃ​ នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ភាគ​ខាង​ត្បូង​ កំពុង​ត្រៀម​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​អំពើ​ហិង្សា​ដែល​អាចនឹង​កើត​មាន​នៅ​ក្នុង​ពិធី​ខួប​ទី​១៣ នៃ​ការ​វាយ​ប្រហារ​ដោយ​ក្រុម​ឧទ្ទាម​ ដែល​បាន​សម្លាប់មនុស្ស ​រួមទាំង​ក្រុម​ឧទ្ទាម​ចំនួន​៣២​នាក់​ នៅ​ក្នុង​វិហារ​ឥស្លាម កាល​ពី​១៣​ឆ្នាំ​មុន។

ការ​បង្កើន​កម្លាំង​សន្តិ​សុខ​នេះ កើត​ឡើង​នៅ​ពេល​រដ្ឋាភិបាល​ប្រទេស​ថៃ កំពុងតែ​សង្កត់​ធ្ងន់លើ​កិច្ច​ពិភាក្សា​សន្តិភាព​ក្រៅ​ផ្លូវការ ជាមួយ​ក្រុម​យោធា​មួយ​ចំនួន បើទោះបី​ជា​មាន​ការ​ផ្ទុះ​អំពើហិង្សា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ក៏​ដោយ។

ជម្លោះ​បង្ហូរ​ឈាមកាល​ពីឆ្នាំ​២០០៤​ កើត​ឡើងក្នុង​រយៈពេល​ត្រឹមតែបី​ខែ​ បន្ទាប់​ពី​អំពើ​ហិង្សា​មួយ​ បាន​កើត​ឡើង​ជាថ្មី​ នៅ​ក្នុង​ខេត្តជាប់​ព្រំដែន​ភាគ​ខាង​ត្បូងប្រទេស​ ដូចជា​ខេត្ត​ Pattani, Narathiwat, Songkhla និង Yala ​ដែលជាខេត្ត​មាន​អ្នក​កាន់​សាសនា​ឥស្លាម​រស់​នៅ​ច្រើន។

ចាប់​តាំង​ពីពេលនោះ​មក ​មនុស្ស​ចំនួន​៦.៥០០នាក់​ បាន​បាត់​បង់​ជីវិត​ក្នុង​អំឡុង​ពេល​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចប់​ការបះ​បោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ​បា​នចុះ​ថមថយ​ ដែល​នៅពេល​នោះ​សហគមន៍​ប្រជាជន​ក្នុង​តំបន់បាន​ទទួល​រង​ការ​វាយ​ប្រហារ​យ៉ាង​ធ្ងន់​ធ្ងរ​។

ការ​វាយ​ប្រហារ​ពី​ក្រុម​ឧទ្ទាម​រាប់​សិប​នាក់ នៅ​ពេល​ព្រឹក​ព្រហាម​ កាលពី​ខែ​មេសា​ ឆ្នាំ​២០០៤ ​ជាមួយ​នឹង​កង​កម្លាំង​យោធា បាន​បណ្តាល​ឲ្យ​ពួក​ឧទ្ទាម​ស្លាប់​ចំនួន​១០៧​នាក់។

ក្រុម​ឧទ្ទាម​ចំនួន​៣២​នាក់ បាន​រត់​គេចខ្លួន​ចូលក្នុងវិហារ​ឥស្លាម​ឈ្មោះ Krue Sa ដែល​សាង​សង់​ឡើងតាំង​ពី​សតវត្សរ៍​ទី​១៦ ស្ថិត​នៅ​ក្នុង​ខេត្ត Pattani មុន​ពេល​ត្រូវ​ឡោម​ព័ទ្ធ​ដោយ​កង​យោធា​ថៃ និង​បន្ទាប់​មក​ត្រូវ​ពួក​ទាហាន​សម្រុក​ចូល​ទៅ​សម្លាប់​ក្រុម​ឧទ្ទាម​ទាំងនោះ​នៅ​ក្នុង​វិហារ​។

ក្រោយ​ហេតុការណ៍​នោះ ​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​បង្ហាញ​រូបភាព​ដែល​មាន​ឈាម​ដាប​ពាស​ជញ្ជាំង​ផ្ទៃ​ក្នុងវិហារ។

លោកPanitan Wattanayagorn ជា​អ្នក​វិភាគ និង​ជា​ទីប្រឹក្សា​របស់​ឧប​នាយក​រដ្ឋ​មន្ត្រី Prawit Wongsuwan បាន​ប្រាប់VOA​ថា​ សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​បន្ថែម​ នៅ​ស្រប​ពេល​ខួប​នៃ​ការវាយ​ប្រហារ​នៅ​ឆ្នាំ​២០០៤​។

លោកPanitan បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ថា «នៅ​ពេល​ជិតដល់​ខួប​ព្រឹត្តិការណ៍​សំខាន់ៗ​ កង​កម្លាំង​សន្តិសុខ​ ត្រូវ​បាន​ណែនាំ​ឲ្យ​រឹត​បន្តឹង​វិធានការ​បន្ថែមនៅ​ក្នុង​ពិធី​បុណ្យ​សំខាន់ៗ និង​ព្រឹត្តិការណ៍​សង្គម​ផ្សេងៗ​មួយ​ចំនួន​ទៀត ដើម្បី​ឲ្យ​ធ្វើ​ប្រាកដ​ថា​កន្លែង​ប្រារព្ធពិធី មាន​សន្តិភាព និង​ស្ថិរភាព»។

ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​មេសា សារព័ត៌មាន​ថៃ​ រាយការណ៍​ថា​ ទាហាន​យាម​ល្បាត​ប្រាំ​នាក់ ត្រូវ​បាន​គេ​វាយ​ឆ្មក់ និង​សម្លាប់​ ក្នុង​ពេល​ល្បាត​ក្នុងស្រុក Chanee ខេត្ត Narathiwat។ ហេតុការណ៍​នេះ​បាន​បង្កើន​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ថាជម្លោះ​ហិង្សា​នឹង​កើត​មាន​កាន់តែ​ខ្លាំង​ឡើង។

ជម្លោះ​ដែលអូស​បន្លាយអស់​ជាច្រើន​ឆ្នាំមកនេះ​ បាន​ពូនផ្តុំឲ្យ​មាន​ភាពតក់​ស្លុតកាន់​តែខ្លាំង​ឡើង។ ការ​វាយ​ប្រហារ​របស់​ក្រុមឧទ្ទាម និង​ការ​វាយ​តបរបស់ក្រុម​យោធា បាន​បណ្ដាលឲ្យ​មាន​ការកាប់​សម្លាប់​បង្ហូរ​ឈាមគ្នា​ឥតឈប់​ឈរ។

ក្រុមសកម្មប្រយុទ្ធវាយប្រហារ ដោយផ្តោតទៅលើ​និម្មិតសញ្ញា​រដ្ឋ​អំណាច​ថៃ មន្រ្តី​រាជការ​ និង​គ្រូបង្រៀន​។ គ្រូបង្រៀន​ជាង​១៥០​នាក់​ បាន​ស្លាប់​នៅក្នុង​អំពើ​ហិង្សា​នេះ។ ប៉ុន្តែ​ ​ចំនួន​នៃជនរង​គ្រោះ​បាត់បង់ជីវិត​ រួមាន​ អ្នក​កាន់​សាសនា​ឥស្លាម​ ​ពុទ្ធ​សាសនិក​ដែល​ត្រូវគេ​កាត់​ក្បាល​ និង​ការឆ្មក់លួច​ដុតសាលារៀនជាដើម​។

ប្រទេស​ថៃ មាន​អ្នកកាន់​ពុទ្ធ​សាសនា​យ៉ាង​ច្រើន ប៉ុន្តែ ​មាន​អ្នក​កាន់​សាសនា​ឥស្លាម​ភាគ​ច្រើន​នៅ​តាម​ខេត្ត​ភាគ​ខាង​ត្បូង​ប្រទេស​ ។ ​ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា​ ពុទ្ធ​សាសនិក​រាប់​ម៉ឺន​នាក់​នៅ​តំបន់​នោះ​ ត្រូវ​បង្ខំ​ផ្លាស់​ទីលំនៅទៅ​បណ្ដា​ខេត្តនៅ​ភាគ​ខាង​ជើង​វិញ​ ដើម្បីគេច​ចេញ​ពី​ជម្លោះ​នោះ។

រដ្ឋាភិបាល​យោធា​ថៃ​ បាន​បើក​កិច្ច​ពិភាក្សា​សន្តិភាព​ នៅក្នុង​ឆ្នាំ​២០១៥​ ជាមួយ​ភាគី ​MARA Pattani ដែល​ជា​ភាគី​តំណាង​ឲ្យក្រុម​ឧទ្ទាម​មួយ​ចំនួន ដោយមានការគាំទ្រពី​រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ីដល់​ដំណើរការ​សន្តិភាពនេះ​។ ដំណាក់​កាលចុងក្រោយ​បំផុត​នៃកិច្ចពិភាក្សានេះ គឺការ​ព្រមព្រៀង​លើ "តំបន់​សុវត្ថិភាព​” នៅតាម​តំបន់​ទីប្រជុំជន​ធំ​ៗនានា។

លោក Panitan បាន​និយាយ​ថា ការ​ពិភាក្សា​ក្រៅ​ផ្លូវការ​នេះ​ កំពុង​ដំណើរការទៅ​មុខ ដោយ​រដ្ឋាភិបាល​បើក​ឲ្យ​មាន​ការ​ជួប​ប្រជុំ​ជាមួយ​ក្រុម​ឧទ្ទាម​ទាំង​អស់។

លោកPanitan បាន​ឲ្យ​វីអូអេ​ដឹង​ថា​ «ការ​ចរចា​សន្តិភាព​នៅ​ភាគ​ខាង​ត្បូង​ ដំណើរ​ការ​តាម​ដែល​បាន​គ្រោងទុក​។ ឥឡូវ​ វា​ឈាន​ចូល​ដំណាក់​កាល​កាន់តែ​ពិបាក​ បន្ទាប់​ពី​ទទួល​បាន​វិធាន​ផ្នែក​បច្ចេក​ទេស​ និង​ការ​សាង​ទំនុក​ចិត្ត​ ពេល​នេះ ពួក​គេ​អាចអង្គុយ​ក្នុងតុ​ចរចា​ និង​ធ្វើការ​កំណត់​ផែនទី​ថ្មី​ សម្រាប់​តំបន់​សុវត្ថិភាព​បន្ថែមទៀត​»។​

ប៉ុន្តែ ក្រុម​អ្នក​វិភាគ​ផ្សេង​ទៀត​ និយាយ​ថា​ កិច្ច​ចរចា​ជាមួយ​តំណាង​ក្រុម​ឧទ្ទាម​ទាំង​នោះ​ មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​លទ្ធផល​ជាក់​លាក់​នៅឡើយ​ទេ។

នៅ​ក្រៅ​ពីការចរចា​នេះ មាន​ក្រុម​បះបោរ​ស្ថិត​ក្រោម​រណសិរ្សបដិវត្តន៍ជាតិ​ (BRN)និង​ក្រុម​ញុះ​ញង់​ បាន​បង្ក​ឲ្យ​មានការ​កើនឡើង​ការវាយ​ប្រហារ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។

​ក្រុម​រណសិរ្សបដិវត្តន៍ជាតិ​ (BRN) បាន​ច្រាន​ចោល​កិច្ចចរចាថ្មីៗ​នេះ ដោយ​និយាយ​ថា​ ខ្លួន​នៅ​តែ​ទាមទារ​ឲ្យ​មាន​ការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋាភិបាល​នៅ​ទីក្រុង​បាងកក។​ ក្រុម​រណសិរ្ស​នេះ​ ក៏​បាន​ទាមទារឲ្យ​មាន​អ្នក​សម្របសម្រួល​អព្យាក្រឹត​ និង​អ្នក​សង្កេតការណ៍​អន្តរជាតិ មក​ចូលរួម​ក្នុងកិច្ច​ចរចា​នេះ​ផង​ដែរ។

លោក​នាយក​រដ្ឋ​មន្រ្តី​ថៃ​ Prayut Chan-o-cha បាន​បដិសេធ​ការ​ទាម​ទារ​របស់​ក្រុម​រណសិរ្ស​បដិវត្តន៍​ជាតិ BRN ដែល​ស្នើ​ឲ្យ​មាន​ការ​ពិភាក្សា​ផ្ទាល់​ ជាមួយ​រដ្ឋា​ភិបាល។

លោក​ Matthew Wheeler ជា​អ្នក​វិភាគ​នៅ​អង្គការ​វិបត្តិ​អន្តរ​ជាតិ​ International Crisis Group (ICG) បានប្រាប់វីអូអេ​ ​តាមរយៈ​សារ​អេឡិចត្រូនិចថា ការ​វាយ​ប្រហារ​ដែល​កើត​ឡើងពាស​ពេញ​តំបន់​នោះ នា​ពេល​ថ្មីៗ​នេះ បង្ហាញថា​ «ជា​ការថ្លែង​ជំទាស់ប្រឆាំង»​ ទៅ​នឹង​កិច្ចព្រម​ព្រៀង​ដែល​បាន​ស្នើ​ឡើង​ស្តី​អំពី​តំបន់​សុវត្ថិភាព។

លោក Wheeler បាន​លើក​ឡើងថា «ពួក​ឧទ្ទាម​នៅ​តែ​បន្ត​បះ​បោរ​ ដើម្បី​បង្ហាញ​ថា​ពួកគេ​មាន​សមត្ថភាព​អាចធ្វើ​ការ​វាយ​ប្រហារ​នៅ​ទូទាំង​តំបន់ ទោះ​បីជា​រដ្ឋ​អំណាច​ថៃ​ មាន​វិធានការ​សន្តិសុខ​ក៏ដោយ»។

លោកPanitan បាន​និយាយថា​ ការ​ប្រជុំជាមួយ​តំណាងអង្គការ​សន្និសីទ​ឥស្លាម Organization of Islamic Conference (OIC)​ត្រូវ​បាន​គ្រោង​រៀបចំនៅថ្ងៃ​ខាង​មុខ។

កាលពីដើមខែ​មេសា នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ ក្នុង​ប្រទេសតួកគី អង្គការ​សន្និសីទ​ឥស្លាម(OIC)បាន​ផ្ដល់​ការ​គាំទ្រ​របស់​ខ្លួ​ន​ចំពោះកិច្ច​ប្រឹងប្រែង​របស់​ថៃ ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា ជាមួយក្រុម​ MARAPattani។

ប៉ុន្តែ នៅ​ក្នុង​សេចក្តី​ថ្លែង​ផ្លូវ​ការ​មួយ​ អង្គ​ការ​សន្និសីទ​ឥស្លាម(OIC) ក៏បាន​អំពាវនាវ​ឲ្យ​សហគមន៍​មូស្លីម​នៅ​ភាគ​ខាង​ត្បូង​ ដាក់​បញ្ចូល​ «ភាគីពាក់ព័ន្ធ​ទាំង​អស់ ធ្វើ​ការ​សហការ​គ្នា​ដើម្បី​ធានាឲ្យ​មាន​ដំណើរការចរចាសន្តិភាព ​ប្រកបដោយប្រសិទ្ធិភាព​ពិត​ប្រាកដមួយ​នៅ​ភាគ​ខាង​ត្បូងប្រទេស»។​

ប្រធាន​មជ្ឈមណ្ឌលឥស្លាមប្រទេសថៃ​( Islamic Center of Thailand) លោក Pakorn Preeyakorn ក៏បានអំពាវនាវ​ឲ្យ​មានការ​ចូលរួមពី​ប្រជា​ពលរដ្ឋ​ថៃ​ និង​អ្នក​សិក្សា​រៀនសូត្រ នៅ​ក្នុង​ដំណើរការ​ចរចានោះ​ផងដែរ។

លោក​ Pakorn បាន​ប្រាប់វីអូអេ​ដឹង​ថា «ទាក់​ទង​នឹង​ជម្លោះ​បែប​នេះ​ យើង​ត្រូវ​ជ្រើសរើស​បុគ្គល​ណា​ដែល​មាន​ឆន្ទៈ​ខ្លាំង​ក្នុង​ដោះស្រាយ​ជម្លោះ។ ឧទាហរណ៍​ ប្រសិនបើយើង​ជ្រើសរើស​ចេញ​ពីទាហាន​ នោះ​ពួកគេ​មិនសូវ​មានឆន្ទៈ​ខ្លាំង​ក្នុងការ​ចរចា​សន្តិភាព​នោះ​ទេ»។

លោក​និយាយ​ថា​ «ដូច្នេះ​ នៅក្នុង​រឿង​នេះ​ យើង​ត្រូវ​តែឲ្យ​មានបុគ្គល​ណា​ដែល​យល់​ពី​ស្ថានភាព​ពិតប្រាកដ ឲ្យ​ចូលរួម​កាន់​តែច្រើន​ថែម​ទៀត​ »។

លោក Wheeler នៃ​អង្គការ​វិបត្តិ​អន្តរ​ជាតិ​ ICG បាន​ឲ្យ​ដឹង​ថា​ ដំណោះស្រាយ​រយៈ​ពេល​វែងចំពោះ​ជម្លោះ​នេះ​ ទាមទារ​ឲ្យ​មាន​ការ​ពិភាក្សា​ និង​ចរចា។

ទោះជាយ៉ាង​ណាក៏ដោយ​ ក្រុម​អ្នក​វិភាគ​និយាយ​ថា​ យោធា​ថៃ​ នឹង​ជំទាស់រាល់​ការ​ស្នើ​សុំ​ពី​ក្រុម​ឧទ្ទាម​ឲ្យ​មាន​តំបន់​ស្វយ័ត​ ដែល​ការណ៍​នេះគឺ​ជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​បញ្ចប់​ជម្លោះ​នេះ៕

ប្រែ​សម្រួល​ដោយ សើ​ សាយ្យា​ណា

XS
SM
MD
LG