\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ភាគី​នានា​ទាមទារ​ទោស​ធ្ងន់ធ្ងរ​ចំពោះ​​នួន ជា​ និង​ខៀវ សំផន ​មុន​សាល​ដីកា​ស្ថាពរ​

  • សុខ ខេមរា

នួន​ ជា ​មាន​វត្តមាន​ក្នុង​សវនាការ​មួយ​កាល​ពី​ឆ្នាំ​២០១៣។ (រូបថត​ផ្តល់​ឲ្យ​ដោយ Mark Peters/ECCC)។

នួន​ ជា ​មាន​វត្តមាន​ក្នុង​សវនាការ​មួយ​កាល​ពី​ឆ្នាំ​២០១៣។ (រូបថត​ផ្តល់​ឲ្យ​ដោយ Mark Peters/ECCC)។

ភាគី​នានា​ទាមទារ​ទោស​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​ជន​ជាប់​ចោទ ​នួន ជា​ និង​ ខៀវ សំផន អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​ មុន​ពេល​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម សម្រេច​ប្រកាស​សាលដីកា​ស្ថាពរ ​ក្នុង​សំណុំរឿង​០០២ វគ្គ ១ ​នៅ​សប្តាហ៍​ខាង​មុខ។

​សាលាក្តី​កាត់​ទោស​ខ្មែរក្រហម​ចូលរួម​ដោយ​អង្គការ​សហប្រជាជាតិ ​(អ.ស.ប.)​ នឹង​ប្រកាស​សាលដីកា​ស្ថាពរ​លើ​បណ្តឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង​ ០០២/០១​ ប្រឆាំង​នឹង​អតីត​មេដឹកនាំ​ខ្មែរក្រហម​ពីរ​រូប​គឺ នួន ជា​ និង ​ខៀវ សំផន​ នៅ​ពាក់​កណ្តាល​សប្តាហ៍​ទី​៣ ​នៃ​ខែ​វិច្ឆិកា​នេះ ក្រោយ​ពេល​ជន​ទាំង​ពីរ​ដែល​មាន​វ័យ​ជាង​៨០​ឆ្នាំ​នេះ​ មិន​បាន​សុខ​ចិត្ត​ទទួល​យក​ការ​កាត់​ទោស​មួយ​ជីវិត​ពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​នានា​ ដែល​កើត​ឡើង​ក្នុង​ទសវត្សរ៍​១៩៧០​ នោះ។

កាល​ពី​ដើម​ខែ​សីហា​ឆ្នាំ​២០១៤​ សាលា​ក្តី​កាត់​ទោស​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប. ​បាន​កាត់​ទោស​មេដឹកនាំ​ខ្មែរក្រហម​ទាំងពីរ​ដែល​នៅ​រស់​រាន​មាន​ជីវិត​នេះ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។​ មេដឹកនាំ​ទាំង​ពីរ​គឺ ​នួន ជា ​បងធំ​ទី២ ​ជា​មេ​មនោគមន៍វិជ្ជា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ​ឬ​របប​ខ្មែរក្រហម ហើយនឹង ខៀវ សំផន ប្រមុខរដ្ឋ​នៃរបបកម្ពុជាប្រជាធិបតេយ្យ។​ សាលក្រម​នេះ​គឺ​ផ្តោត​ទៅលើ​ផ្នែក​ខ្លះ​នៃ​បទ​ឧក្រិដ្ឋកម្ម​ជា​ច្រើន​ គឺ​ការ​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​ទីក្រុង​និង​ការ​សម្លាប់​ពលរដ្ឋ​ អ្នក​សាធារណរដ្ឋ​ខ្មែរ​ នៅ​ទួល​ពោធិ៍​ជ្រៃ ​ខេត្ត​ពោធិ៍សាត់។

ក្រុម​អ្នក​ការពារ​ក្តី​ ជន​រង​គ្រោះ​បាន​បង្ហាញ​អំពី​ការ​ចង់បាន​សាលដីកា​ស្ថាពរ​ដ៏​ធ្ងន់ធ្ងរ​ពី​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៦ ​ទៅ​តាម​អំណះ​អំណាង​រៀងៗ​ខ្លួន​ដែល​ទាក់​ទង​នឹង​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​ពីរ។

លោក ​ហុង គឹមសួន​ មេធាវី​ការពារ​ជនរងគ្រោះ​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​បាន​ថ្លែងថា៖ «ជា​បំណង​របស់​ជន​រងគ្រោះ​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៃ​របប​ខ្មែរក្រហម​នៃ​សាលា​ក្តី កាត់​ទោស​មេដឹកនាំ​ខ្មែរក្រហម​គឺ​គាត់​ចង់​ឃើញ​ថា ការ​ផ្តន្ទា​ទោស​ហ្នឹង​ឲ្យ​បាន​ធ្ងន់​ឲ្យ​សម​ជាមួយ​នឹង​ទង្វើ​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ឬក៏​ថ្នាក់ដឹកនាំ​ប្រទេស​នៃ​សម័យ​ខ្មែរក្រហម​និង​បក្ស​ពួក​របស់​គាត់​ទាំង​អស់​ហ្នឹង​ទទួល​ទោស​ហ្នឹង​ឲ្យ​ធ្ងន់ធ្ងរ​បំផុត ​ឲ្យ​សម​ជាមួយ​នឹង​ភាព​ឈឺ​ចាប់​វិនាស​អន្តរាយ​ជីវិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​នេះ‍»។

លោក​បាន​បន្ថែម​ថា ជន​រងគ្រោះ​ជា​ច្រើន​ពាន់​នាក់​ដែល​ដាក់​ពាក្យ​ប្តឹង​ជាដើម​បណ្តឹង​រដ្ឋប្បវេណី ​ហើយ​នឹង​ជនរងគ្រោះ​ដទៃ​ទៀត​ចង់​ឮ​ពាក្យពិត​ចុងក្រោយ​របស់​មេដឹកនាំ​ទាំង​ពីរ​ គឺ​មិនមែន​ការ​ទទួល​ស្គាល់​ត្រឹមតែ​ជា​ការ​សោកស្តាយ​លើ​ផ្នែក​សីលធម៌​និង​មិន​ទទួល​ស្គាល់​ពី​ការ​កាប់​សម្លាប់​នោះ​ទេ។ ​លោក​ថា​ នេះ​ជា​រឿង​មិន​អាច​ទទួល​យក​បាន​ឡើយ‍។

«ជា​ពិសេស​គាត់​ចង់​ឮ​សម្តី​របស់​ជន​ជាប់​ចោទ​ ខៀវ សំផន ​និង នួន ជា ហ្នឹង។​ គាត់ និយាយ​បណ្តាំ​ចុងក្រោយ​មក ​ទោះ​បី​ថា​វ័យ​គាត់​ចំណាស់​ហ្នឹង​ទៅ​ហើយ​ ប្រវត្តិ​រឿងរ៉ាវ​ ទាក់ទង​នឹង​ការ​បដិសេធ​ហ្នឹង​គាត់ ​យ៉ាងម៉េច​ចង់​ឲ្យ​គាត់​និយាយ ​ហេតុ​ផល​អី​ដែល​គាត់​និយាយ​បដិសេធ​ថា​គាត់​មិន​បាន​ប្រព្រឹត្ត​នូវ​អំពើ​សម្លាប់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​នរក​អវិចី​យ៉ាងហ្នឹង​នោះ​ណា‍»។

លោក​ថា ​បើ​មាន​ការ​សម្រាល​ទោស​វិញ​ នោះ​ជា​ការ​ខកចិត្ត​ និង​សោក​ស្តាយ​ព្រោះ​ការ​ស្លាប់​ ព្រាត់ប្រាស​និង​ខូចខាត​នោះ​គឺ​ធំធេង​ណាស់។

លោក ឡាត់ គី ​មន្ត្រី​សម្របសម្រួល​សាលាក្តី​ខ្មែរក្រហម​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ ដែល​ធ្វើការ​ជាមួយ​ជនរងគ្រោះ​ជាច្រើន​ជាពិសេស​ដើម​បណ្តឹង​រដ្ឋប្បវេណី​បាន​ថ្លែង​ថា៖ «សម្រាប់​ជន​រង​គ្រោះ​ គឺ​ចង់​ឲ្យ​តែ​មាន​ការ​ផ្តន្ទា​ទោស​ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​អ្នក​ទាំង​ពីរ​ទទួល​ខុសត្រូវ​ក្នុង​នាម​ជា​មេដឹក​នាំ​ជាន់ខ្ពស់​នៅ​ក្នុង​របប​ហ្នឹង។​ មាន​ន័យ​ថា ត្រូវ​ទូទាត់​ជាមួយ​នឹង​ព្យសនកម្ម​ដែល​គាត់​រងគ្រោះ។ ​នេះ​គឺ​ជា​ការ​ទាមទារ​ខាង​ជន​រងគ្រោះ ​ដែល​យើង​ខ្ញុំ​បាន​ធ្វើការ​ជាមួយ‍»។

ក្នុង​ចំណោម​ដើម​បណ្តឹង​រដ្ឋប្បវេណី​ជាង​៣.០០០​នាក់ ​តាំង​ពី​ដំបូង​ ហើយ​នឹង​ជន​រង​គ្រោះ​ផ្សេង​ទៀត​មិន​ពេញ​ចិត្ត​ ខកចិត្ត​នឹង​ចម្លើយ​ដោះសា​របស់​មេដឹកនាំ​ខ្មែរក្រហម​ដែល​មិន​ព្រម​និយាយ​ការពិត​ អំពី​ការ​ទទួល​ខុសត្រូវ​ក្នុងនាម​ជា​អ្នក​ដឹកនាំ ​អំពី​ផែនការ​កាប់​សម្លាប់​មនុស្ស​តាម​វិធី​ផ្សេងៗ​នៅ​សម័យ​៣​ឆ្នាំ​៨​ខែ​ហើយ​នឹង​២០​ថ្ងៃ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ។​

លោក​ ឡាត់ គី ​បាន​បន្ថែម​ថា​ គាត់​ជា​មេដឹកនាំ​ជាន់​ខ្ពស់​ក្នុង​របប​មួយ​គ្មាន​វិធានការ​ ទប់​ស្គាត់ ​ដឹង​ឮ​ហើយ ​មិន​បាន​ទប់ស្កាត់​គឺ​ជា​ចំណែក​មួយ​នៃ​ការ​ទទួល​ខុសត្រូវ។

«អញ្ចឹង​ហើយ​បាន​ជា​ការ​ច្រាន​ចោល​ ការ​ដោះ​បន្ទុក​នេះ​ជា​ចំណុច​មួយ​ដែល​ពួក​ជនរងគ្រោះ​ភាគច្រើន​គាត់​យល់​ថា អត់​សម​ហេតុ​សម​ផល​ នៅ​ក្នុង​ការ​ដែល​អះអាង​របស់​ជន​ជាប់ចោទ‍»។

ទោះជា​យ៉ាងណា​ក៏ដោយ ​លោក ​គង់ សំអុន ​មេធាវី ​ការពារ​ក្តី ​លោក​ ខៀវ សំផន ​ដែល​ជា​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ បាន​ថ្លែង​ថា ការ​បកស្រាយ​របស់​តុលាការ​កំពូល​មាន​ភាព​ស្របគ្នា​មួយ​ចំនួន​ទៅ​នឹង​តុលាការ​សាលាដំបូង ​ថ្វីត្បិត​តែ​មាន​ភាព​ខុសគ្នា​ខ្លះ​ក្តី។​ លោក​ថា​ ការ​ចោទ​នឹង​ទំនង​ជា​មិន​មាន​ការប្រែប្រួល​ទេ​ទោះ​ជា​អង្គ​ហេតុ និង​អង្គ​ច្បាប់​ខ្លះ​អាច​មានការ​ប្រែប្រួល​ក៏ដោយ។​ ទំនោរ​គាំទ្រ​សាលក្រម​សាលា​ដំបូង​ច្រើន​ជាង ​តែ​លោក​ថា ​ការ​ដាក់​ទោស​ទណ្ឌ​កូន​ក្តី​របស់​លោក​ក្នុង​សំណុំ​រឿង​០០២​វគ្គ​១​នេះ​ធ្ងន់ធ្ងរ ​គឺ​ជា​រឿង​គ្មាន​ន័យ​សម្រាប់​សំណុំ​រឿង​០០២​ វគ្គ ២ ​ដែលគេ​ដឹង​ថា​មាន​ការ​ចោទ​ប្រកាន់​លើ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ជា​ច្រើន​ទៀត​នោះ។

«បើ​សិន​ជា​តុលាការ​រក​ឃើញ​ថា លោក ​ខៀវ សំផន ​មានទោស​ អញ្ចឹង​វា​មាន​ន័យ​ថា ការ​ជំនុំ​ជម្រះ​ទៅ​លើ​សំណុំរឿង​០០២ ​វគ្គ២ ​ក្រោយ​នេះ ​វា​មិន​សូវ​ជា​មាន​អត្ថន័យ​ទៀត​ទេ​ ពីព្រោះ​ថា​ លោក​ ខៀវ សំផន​ ត្រូវ​បាន​សាលា​ដំបូង​រក​ឃើញ​ថា មាន​ទោស​ហើយ កាត់ទោស​ អស់​មួយ​ជីវិត​រួច​ទៅ​ហើយ។​អញ្ចឹង​វា​មិន​មាន​អ្វី​ដូច​ថា​ដែល​ជា​ផល​ប្រយោជន៍​ សម្រាប់​លោក ​ខៀវ សំផន ​ចំពោះ​ដំណើរការ​រឿង​ក្តី​០០២ ​វគ្គទី២ ​ទៀត​ទេ‍»។

លោក ​គង់ សំអុន​ ថា​ សំណុំរឿង​កូនក្តី​របស់​លោក​ប្រឈម​មុខនឹង​បញ្ហា​ជាច្រើន​ ដូចជា​ការ​បិទ​សិទ្ធិ​ ជន​ជាប់​ចោទ​ សាក្សី​និង​ភស្តុតាង​មិនមែន​ភាគ​ចុង​ចោទ​ជា​អ្នក​រើស​ តែ​តុលាការ​បាន​កំណត់​រួច​ជា​ស្រេច។​ ហើយ​សាក្សី​សំខាន់ៗ​ជាពិសេស​មន្ត្រី​រដ្ឋាភិបាល​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​កោះហៅ​ ហើយ​ការ​សួរ​ដេញដោល​រឿង​ភស្តុតាង​និង​សាក្សី​មិនសូវ​មាន​តម្លាភាព។

«ហើយ​ឧទាហរណ៍​មួយទៀត​គឺ​ទាក់​ទង​នឹង​សាក្សី​សំខាន់ៗ​ ដែល​ភាគី​ស្នើសុំ​បែរ​ជា​មិន​បាន​កោះ​ហៅ​ទេ​ ជា​ពិសេស​បុគ្គល​ជា​ឥស្សរជន​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋាភិបាល‍»។

លោក​បន្ត​ថា​សាលាក្តី​ខ្មែរក្រហម​នេះ​ហាក់​ដូចជា​លើក​យក​តែ​ផ្នែក​មួយ​តូច​បំផុត​ដែល​បាន​កើតឡើង​ក្នុង​សម័យ​ខ្មែរក្រហម​ក្នុង​ទសវត្សរ៍​១៩៧០​នោះ​ ដោយសារ​បរទេស​ដែល​ពាក់​ព័ន្ធ ​នឹង​បុគ្គល​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​ជាច្រើន​មិន​ត្រូវ​គេ​នាំ​យក​មក​កាត់ទោស​និង​ស៊ើប​អង្កេត។

«មែនទែន​ទៅ​ បើ​យើង​និយាយ​អំពី​តុលាការ​វា​ត្រូវ​តែ​ដើម្បី​ស្វែងរក​យុត្តិធម៌។ ​នេះ​ទិសដៅ​របស់​តុលាការ ​ហើយ​បើ​សិន​ជា​យើង​និយាយ​ពី​ក្រប​ខណ្ឌ​នយោបាយ​វា​អាច​ទៅ​ស្វែង​រក​សន្តិភាព​ដើម្បី​ផ្សះផ្សា​ជាតិ​អញ្ចឹង​ទៅ។​ ប៉ុន្តែ​បើ​យើង​ប្រើប្រាស់​តុលាការ​ក្នុង​ទិសដៅ​ផ្សះផ្សា​ជាតិ​ផង ​ដើម្បី​រក្សា​សន្តិភាព​ផង។​ អញ្ចឹង​ទៅ​វា​ធ្វើ​ឲ្យ​មាន​ភាព​ច្របូកច្របល់​នៅ​ក្នុង​ការ​អនុវត្តន៍​ច្បាប់​ហ្នឹង​ហើយ‍»។

លោក ​សំអុន​ បាន​ផ្តល់​ការ​ពន្យល់​បន្ថែម​ថា៖ ​«ឧទារហរណ៍​ថា​ ទាក់ទង​ទៅ​នឹង​ការ​ ស៊ើបសួរ ​បើ​សិន​ជា​មាន​ការ​ស៊ើប​សួរ​ហ្នឹង​វា​ធ្ងន់ធ្ងរ​ វា​ច្រើន​តទៅ​ទៀត ​វា​ធ្វើ​ឲ្យ​មាន​បញ្ហា​អសន្តិសុខ​អញ្ចឹង​ទៅ​ មិន​អាច​ធ្វើការ​ស៊ើបសួរ​បាន។​ អញ្ចឹង​វា​មាន​យុត្តិធម៌​មក​ពីណា​ ពីព្រោះ​ថា បើ​យើង​ស្វែង​រក​យុត្តិធម៌ ​វា​ត្រូវ​តែ​ជម្នះ​រាល់​បញ្ហា​ទាំងអស់​ មិនមែន​ និយាយ​ថា ​ខ្វះ​ថវិកា​ ខ្វះ​ធនធាន​មិន​អាច​ធ្វើការ​ស៊ើបអង្កេត​កើត​ទេ ​វា​ត្រូវ​ធ្វើការ​ស៊ើប​អង្កេត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ។​ ហើយ​បើ​យើង​និយាយ​ពី​ការ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​របស់​បុគ្គល​ គឺ​ថា​បុគ្គល​ណា​ក៏ដោយ​ដែល​ធ្វើ​ខុស​ ត្រូវ​តែ​ទទួលការ​ស៊ើប​អង្កេត ​វិនិច្ឆ័យ​ក្តី​អញ្ចឹង​ទៅ។ ​ក៏ប៉ុន្តែ​ដោយឡែក​យើង​ឃើញ​ថា ក្នុង​ករណី​របស់​ខ្មែរ​ក្រហម​នេះ ​យើង​មាន​តែ​មេដឹកនាំ​ធំៗ​ប៉ុន្មាន​នាក់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មានតែ​ពីរ​នាក់​ទេ​ដែល​នៅ​សល់‍»។

បើ​តាម​ការ​អះអាង​របស់​លោក ​នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ បាន​ថ្លែង​ថា ​ការ​ប្រកាស​សាលក្រម​គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​របស់​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ក្នុង​ការ​ស្វែង​រក​ការ​ពិត​និង​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ហើយ​ការ​ប្រកាស​សាលដីកា​ស្ថាពរ​នេះ​គឺ​បញ្ជាក់​ថា ​នឹង​បញ្ចប់​ទាំង​ស្រុង​លើ​ដំណើរការ​និង​ការ​ជំនុំជម្រះ​ក្តី​ក្នុង​សំណុំ​រឿង​០០២ ​វគ្គ១​ដែល ​ផ្តោតទៅ​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ពាក់ព័ន្ធ​ជាមួយ​នឹង​អង្គហេតុ ​ជម្លៀស ប្រជាជន​ដោយ​បង្ខំ​ដំណាក់​កាលទី១​ និង ​ទី២ ​ហើយ​នឹង​ការ​សម្លាប់​អតីត​មន្ត្រី​រាជការ សម័យ​សាធារណរដ្ឋ​នៅ​ទួល​ពោធិ៍ជ្រៃ‍។

«ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​យើង​សង្ឃឹម​ថា គ្រប់​ភាគី​ទាំងអស់​នឹង​អាច​ទទួលយក​បាន​នូវ​ការ​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ពីព្រោះ​ដំណើរការ​នីតិវិធី​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី​និង​ការ​ពិនិត្យ​ទៅ​លើ​សំណុំរឿង​ ក៏​ដូច​ជា​ពិនិត្យ​ទៅ​លើ បណ្តឹង​សាទុក្ខ​នេះ​ គឺ​បាន​គោរព​ទៅ​តាម​នីតិវិធី​ច្បាប់ ​ហើយ​គ្រប់​ភាគី​ទាំងអស់​គឺ​មាន​សិទ្ធិ​ស្មើ​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់​ តតាំង​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់។​ អញ្ចឹង​យើង​រំពឹង​ថា ​ជន​រង​គ្រោះ​និង​ជន​ជាប់​ចោទ​ លោក​នឹង​ទទួល​បាន​ទាំងអស់​គ្នា​នូវ​ការ​សម្រេច​របស់​អង្គជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល‍»។

លោក​បាន​បន្ថែម​សេចក្តី​ថា ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរក្រហម​នឹង​ពិចារណា​ចំពោះ​ការ​ប្តឹង​ឧទ្ធរណ៍​នេះ ហើយ​ការ​សម្រេច​យ៉ាងណា​ជា​សិទ្ធិ​របស់​ចៅក្រម​ដែល​មាន​ភាគី ​ខ្មែរ​និង​អន្តរជាតិ​ចូល​រួម។

លោក​ ឡុង បញ្ញាវុធ ​មន្ត្រី​កម្មវិធី​នៃ​គម្រោង​ផ្តួចផ្តើម​យុត្តិធម៌​នៅ​កម្ពុជា ​បាន​ថ្លែង​ថា ​ការ​ប្តឹង​សាទុក្ខ ​និង ​ការ​កាត់ក្តី​របស់​តុលាការ​កំពូល​យូរ​ណាស់​មក​ហើយៗ​ការ​កាត់​ក្តី​លើ​សំណុំ​រឿង​នេះ​ក៏​យូរ​ណាស់​មក​ហើយ​ដែរ ​តែ​ការ​ប្រកាស​សាលក្រម​នេះ​គឺ​ជា​រឿង​ស្វាគមន៍។

«ប៉ុន្តែ​ព័ត៌មាន​ដែល​ថា ​ថ្ងៃ​ទី​២៣​ ខែ​១១​ ដែល​ថា ​តុលាការ​កំពូល​នឹង​ប្រកាស​សាលក្រម​របស់​ខ្លួន​នោះ​ ជា​ព័ត៌មាន​ដែល​យើង​សូម​សាទរ ​ហើយ​យើង​រង់ចាំ​ទាំងអស់​គ្នា​ថា ​តើ​តុលាការ​កំពូល​របស់​សាលាក្តី​ខ្មែរក្រហម​ពិនិត្យ​ទៅ​លើ​អង្គហេតុ​និង​អង្គ​ច្បាប់​ ទៅ​នឹង​ការ​ប្តឹង​របស់​ជន​ជាប់​ចោទ​លោក ​ខៀវ សំផន ​ហើយ​នឹង​ នួន ជា ​នោះ​ មាន​ការ​ប្រែប្រួល​យ៉ាង​ណា‍»។

សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប.​បាន​ចំណាយ​ទឹកប្រាក់​អស់​២៦០​លាន​ដុល្លារ ​ចាប់​តាំងពី​ឆ្នាំ​២០០៦​មក ​ដោយ​បាន​កាត់​ទោស​ប្រធាន​គុកទួល​ស្លែង​គឺ​ កាំង ហ្កេចអ៊ាវ ​ហៅ ​ឌុច​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ជីវិត​មនុស្ស​ប្រមាណ​ជាង​១២.០០០​នាក់ ​និង​មេដឹកនាំ​ខ្មែរក្រហម​កំពូល​២​នាក់​តែ​ប៉ុណ្ណោះក្រោយ​ឧក្រិដ្ឋកម្ម​បាន​កើត​ឡើង​៤​ទសវត្សរ៍​មក​នោះ។​ សាលាក្តី​នេះ​នៅ​មាន​សំណុំរឿង​០០២​ វគ្គទី២ ​ជា​វគ្គ​បញ្ចប់​និង​សំណុំ​រឿង០០៣​ ហើយ​នឹង​០០៤ ​ដែល​មាន​ជនជាប់​ចោទ​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​៤នាក់​ទៀត​ ដែល​ត្រូវ​បន្ត​នីតិវិធី​តុលាការ​នោះ៕

XS
SM
MD
LG