ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ទាហាន​ខ្មែរក្រហម​ក្នុង​តំបន់​ផ្តាច់ខ្លួន​ស្ងប់ចិត្ត​នឹង​ការ​បញ្ចប់​សង្គ្រាម


លោក​សុខ ភាព ​អតីត​មេទ័ព​ខ្មែរ​ក្រហម​ ​ដែល​​ដឹកនាំ​ការ​ផ្តាច់​ខ្លួន​ម្នាក់​ ​ហើយ​បច្ចុប្បន្ន​ជា​អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​ការពារ​ជាតិ រៀប​រាប់​ពីមូលហេតុ​នៃ​ការ​ផ្តាច់​ខ្លួន​របស់​លោក​ចូល​រស់​នៅ​ក្នុង​សង្គម​ខ្មែរ។​ ​រូបភាព​​កាល​ពី​ថ្ងៃទី​ ​០៤​ខែ​សីហា​ឆ្នាំ២០១៦​ នាគេហដ្ឋាន​របស់​លោក​ ​ក្នុង​​ឃុំកូនដំរី​ ក្រុង​ប៉ោយប៉ែត។ (នៅ វណ្ណារិន/VOA)
លោក​សុខ ភាព ​អតីត​មេទ័ព​ខ្មែរ​ក្រហម​ ​ដែល​​ដឹកនាំ​ការ​ផ្តាច់​ខ្លួន​ម្នាក់​ ​ហើយ​បច្ចុប្បន្ន​ជា​អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​ការពារ​ជាតិ រៀប​រាប់​ពីមូលហេតុ​នៃ​ការ​ផ្តាច់​ខ្លួន​របស់​លោក​ចូល​រស់​នៅ​ក្នុង​សង្គម​ខ្មែរ។​ ​រូបភាព​​កាល​ពី​ថ្ងៃទី​ ​០៤​ខែ​សីហា​ឆ្នាំ២០១៦​ នាគេហដ្ឋាន​របស់​លោក​ ​ក្នុង​​ឃុំកូនដំរី​ ក្រុង​ប៉ោយប៉ែត។ (នៅ វណ្ណារិន/VOA)

ក្រុម​ពលរដ្ឋ​ជា​អតីត​ទាហាន​ខ្មែរក្រហម​ក្នុង​តំបន់​ផ្តាច់ខ្លួន​ជាច្រើន​បាន​ថ្លែង​ថា​ ពួកគេ​ស្ងប់ចិត្ត​នឹង​ការ​បញ្ចប់​សង្គ្រាម​ និង​​ការ​អភិវឌ្ឍ​នៅតាម​ទល់​ដែន។​ ពួកគេ​មិនចង់​ឃើញ​សង្គ្រាម​កើត​ឡើង​ដូច​អតីត​កាល​ទេ។​ សមាហរណ​កម្ម​ដែល​ចាប់ផ្តើម​២០​មុន​ឆ្នាំ​នេះ​បាន​ចាប់​ផ្តើម​បង្ក​ឲ្យ​មាន​សន្តិភាព​ និង​ការ​ផ្លាស់​ប្តូរ​ច្រើន​នៅ​តាម​តំបន់​ផ្តាច់​ខ្លួន​ទាំង​នោះ។​

វត្ត​កោងកាង​ក្នុង​ក្រុង​ប៉ៃលិន​ជា​ទីកន្លែង​ដំបូង​ដែល​រដ្ឋាភិបាល​ចាប់​ផ្តើម​ប្រកាសទទួល​យក​កងទ័ព​ខ្មែរក្រហម​ដំបូង​គេ​ កាលពី​២០​ឆ្នាំ​មុន ​ក្រោយ​ពេល​ពួកគេ​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​ការ​គ្រប់គ្រង​របស់​ក្រុម​មេ​ដឹកនាំ​ខ្មែរក្រហមប៉ុល ពត។ ​ការ​ធ្វើ​សមាហរណ​កម្ម​ដើម្បី​បង្រួប​បង្រួម​ជាតិ​បាន​បញ្ចប់​សង្គ្រាម​នេះ ​និង​បាន​បើក​ឱកាស​ឲ្យអតីត​តំបន់​ទីតាំង​រឹងមាំ​ចុងក្រោយ​នៃ​ក្រុម​ខ្មែរក្រហមទទួល​បាន​ការ​អភិវឌ្ឍ​ដូច​ផ្នែក​ដទៃ​ទៀត​របស់​ប្រទេស​ដែរ។​

ទិដ្ឋភាព​ខាង​ក្រៅ​នៃ​វត្ត​កោងកាង​ នា​ថ្ងៃទី០៤​ខែសីហា​ឆ្នាំ២០១៦​ កន្លង​ទៅ។​ វត្ត​កោង​កាង​ក្នុងក្រុង​ប៉ៃលិន​ជា​ទីកន្លែង​ដែល​រដ្ឋាភិបាល​ចាប់​ផ្តើម​ប្រកាស​ទទួល​យក​កងទ័ព​ខ្មែរ​ក្រហម​ដំបូង​គេ​ ​កាល​ពី​២០​ឆ្នាំ​មុន ​នៅ​ខែ​សីហា។ (នៅ វណ្ណារិន/VOA)
ទិដ្ឋភាព​ខាង​ក្រៅ​នៃ​វត្ត​កោងកាង​ នា​ថ្ងៃទី០៤​ខែសីហា​ឆ្នាំ២០១៦​ កន្លង​ទៅ។​ វត្ត​កោង​កាង​ក្នុងក្រុង​ប៉ៃលិន​ជា​ទីកន្លែង​ដែល​រដ្ឋាភិបាល​ចាប់​ផ្តើម​ប្រកាស​ទទួល​យក​កងទ័ព​ខ្មែរ​ក្រហម​ដំបូង​គេ​ ​កាល​ពី​២០​ឆ្នាំ​មុន ​នៅ​ខែ​សីហា។ (នៅ វណ្ណារិន/VOA)

ក្រុម​កងទ័ព​ខ្មែរក្រហម​ដែល​ធ្លាប់​ទទួល​ជំនួយ​ពី​ចិន​បាន​វាយ​ប្រយុទ្ធ​គ្នា​ជា​មួយ​កងទ័ព​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​វៀតណាម​ជា​ច្រើន​ទសវត្សរ៍ ​បន្ទាប់​ពី​របប​ខ្មែរក្រហម​ក្រោម​ការ​គ្រប់គ្រង​ដោយ​ប៉ុល ពតត្រូវ​ផ្តួល​រំលំ​ដោយ​ការ​ឈ្លាន​ពាន​របស់​កងទ័ព​វៀតណាម​នៅ​ដើម​ឆ្នាំ​១៩៧៩។ ​តែ​ក្រោយ​មក​ កងទ័ព​ខ្មែរក្រហម​និង​ក្រុម​គ្រួសារ​ជាច្រើន​ម៉ឺននាក់ ​ដឹក​នាំ​ដោយ​លោក​អៀង សារី​ អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស ​និង​មេ​បញ្ជាការ​ពីរ​នាក់​គឺ​លោក​អ៊ី ឈាន​ នៅ​ប៉ៃលិន​ និង​លោក​សុខ ភាព​នៅ​ម៉ាឡៃ ​បាន​ចុះចូល​ជា​មួយ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ តាម​គោល​នយោបាយ​ផ្សះ​ផ្សា និង​បង្រួប​បង្រួម​ជាតិ។​

លោក​សូ វុន​ អាយុ​៥៤​ឆ្នាំ​ នៅ​ភូមិ​បតាំងស៊ូ ​សង្កាត់​បយ៉ាខា ​ក្រុង​ប៉ៃលិន​ បាន​ថ្លែង​ថា​ ​ក្រោយ​សមាហរណ​កម្ម ​ទោះជា​មាន​ការ​លំបាក​បន្តិច​មែន តែ​សន្តិភាព​នេះ​បាន​ធ្វើ​ឲ្យ​លោកដែល​ធ្លាប់​ធ្វើ​ជា​ទាហាន​ជាង​៣០​ឆ្នាំ​ អាច​ចាប់​ផ្តើម​ជីវភាព​រស់​នៅ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ​ប្រឈម​មុខ​នឹង​សង្គ្រាម។​

«តាំងពី​យើង​ធ្វើ​សមាហរណ​កម្ម​មក​ យើង​អត់​មាន​លំបាក​ទៀត​ផង។ ​អញ្ចឹង​មាន​តែ​យើង​នាំគ្នា​ប្រឹងប្រែង​ ខំនាំ​គ្នា​រក​ស៊ី​ទៅ ​ ចាប់​ផ្តើម​ប្រកប​មុខ​របរ។​ ពី​មុន ​យើង​អត់​មាន​បាន​ប្រកប​មុខ​របរ រហូត​នាំ​ប្រពន្ធ​កូន​គេច​គ្រាប់ ​គេច​អី​ហ្នឹង ​ដល់​មកជំនាន់​នេះ ​យើង​អត់​មាន​ពិបាក​គេច​ទៅ​ណា​ទេ»។​

លោក​សូ វុន​ អាយុ​៥៤​ឆ្នាំ​ ​អតីត​ទាហាន​ខ្មែរ​ក្រហម​ ​ដែល​រស់​នៅ​ក្នុង​ភូមិ​បតាំងស៊ូ ​សង្កាត់​បយ៉ាខា ​ក្រុង​ប៉ៃលិន​ ​កំពុង​ស្រោច​ដំណាំ​របស់​លោក​នា​មុខ​គេហដ្ឋាន​របស់​ខ្លួន​នា​ថ្ងៃទី០៤​ខែសីហា​ឆ្នាំ២០១៦​ កន្លង​ទៅ។ (នៅ វណ្ណារិន/VOA)
លោក​សូ វុន​ អាយុ​៥៤​ឆ្នាំ​ ​អតីត​ទាហាន​ខ្មែរ​ក្រហម​ ​ដែល​រស់​នៅ​ក្នុង​ភូមិ​បតាំងស៊ូ ​សង្កាត់​បយ៉ាខា ​ក្រុង​ប៉ៃលិន​ ​កំពុង​ស្រោច​ដំណាំ​របស់​លោក​នា​មុខ​គេហដ្ឋាន​របស់​ខ្លួន​នា​ថ្ងៃទី០៤​ខែសីហា​ឆ្នាំ២០១៦​ កន្លង​ទៅ។ (នៅ វណ្ណារិន/VOA)

តែអ្វី​ដែល​លោក​ទទូច​ចង់​បាន​ពី​អាជ្ញាធរ​និង​រដ្ឋាភិបាល​ជា​បន្ទាន់​នោះ​គឺ​ទីផ្សារ​កសិផល​សមរម្យ ​ជា​ពិសេស​ទីផ្សារ​ដំឡូង ដែល​អាច​ឲ្យ​លោក​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​ដែល​មាន​កូន​ក្នុង​បន្ទុក​៦​នាក់​ និង​បណ្តុះ​បណ្តាល​កូនៗ​ឲ្យ​មាន​ចំណេះ​ដឹងសមរម្យ​ទៅ​តាម​និន្នាការ​ប្រទេស ​តំបន់​ និង​សាកល។ ​បច្ចុប្បន្ន ​លោក​សូ វុន​ ​និងប្រពន្ធ​របស់​លោក​គឺ​អ្នកស្រី​សំរិទ្ធ ណុន​កំពុងដាំ​ដុះ​ដំណាំ​ផ្សេងៗ​ ដូច​ជា​ដំឡូង​ និងដំណាំ​ដទៃ​ទៀត​ ​ព្រម​ទាំងចិញ្ចឹម​សត្វដូច​កសិករ​ដែល​ជា​អតីត​ខ្មែរក្រហម​ដទៃ​ដែរ​ ក្រោយពី​លោក​បាន​ផ្តាច់​ខ្លួន​ពី​របប​ខ្មែរក្រហម។​

បទ​ពិសោធន៍​ទុក្ខ​លំបាក​ក្នុង​សង្គ្រាម​បាន​ធ្វើ​ឲ្យ​គ្រួសារ​នេះ​មិន​ចង់​ឃើញ​សង្គ្រាម​ត​ទៅ​ទៀត​ទេ​ លើក​លែង​តែ​ស្ថាន​ភាព​បង្ខំ​ដែល​មាន​ការ​ឈ្លានពាន​ពី​ប្រទេស​ជិត​ខាង។

«ប្រទេស​យើង​កំពុង​មាន​សន្តិភាព ​ហើយ​បើ​សិន​ត​ទៅ​មុខ​ទៀត​ វា​កើត​ពី​បញ្ហា​ហ្នឹង​ទៀត ​ជា​ទស្សនៈ​ខ្ញុំ​ទេ ​បើ​សម្រាប់​ខ្មែរ​គឺ​អត់ៗ។ ​ហេតុអ្វី​បាន​ថា​ អត់?​ ព្រោះ​កូន​ខ្មែរ​ទាំងអស់​ស្គាល់​រសជាតិ​ហើយ។​ យូរ​ឆ្នាំ​ណាស់​ហើយ​ គ្មាន​នរណា​ម្នាក់​ចង់​ទៀត​ទេ។ ​ខ្ញុំ​ថា​ ទៅ​មិន​រួច​ អត់​កើត​សង្គ្រាម​បាន​ទេ។ ​ខ្លាចតែ​ជាមួយ​ប្រទេស​ជិតខាង ​អា​ហ្នឹង​អត់​ដឹង​ទេ។ ​រឿង​ព្រំដែន​អា​ហ្នឹង​ បើ​កើត​(ខ្ញុំ​ចូល​រួម)​ទៀត​ហ្នឹង​ឯង»។​

ក្នុង​ការ​កំណត់​បង្គោល​ព្រំដែន​មិនទាន់​បាន​ចប់​នៅ​ឡើយ​រវាង​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ជិតខាង​នោះ​ ​កម្ពុជា​មាន​បញ្ហា​វិវាទ​ព្រំដែន​ជាមួយ​វៀតណាម​គឺ​ឈាន​ដល់​ការ​បញ្ចេញ​កំណត់​ការ​ទូត ​ជាពិសេស​លើ​ការ​ជីកស្រះ ​ធ្វើ​ប៉ុស្តិ៍​យោធា​ជួរមុខ​ និង​ការ​ធ្វើ​ផ្លូវ​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​នៅ​ក្នុង​ខេត្ត​ជាប់​នឹង​ព្រំដែន​វៀតណាម។ ជម្លោះ​ជាមួយ​នឹង​ប្រទេស​ថៃ​បាន​ឈាន​ដល់​ការ​វាយ​ប្រហារ​គ្នា​តាម​ព្រំដែន​ កន្លង​មក ​ក្រោយ​ពេល​កម្ពុជា​បាន​ដាក់​ប្រាសាទ​ព្រះ​វិហារ​ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក​កាលពី​ឆ្នាំ​២០០៨។​

ជា សាយ ​អាយុ​៦៦​ឆ្នាំនៅ​ភូមិ​អូតាវ៉ៅ ​ក្រុង​ប៉ៃលិន​ជា​កសិករដាំ​ដំឡូង​និង​ដំណាំ​ផ្សេង​ទៀត។​

«តាំងពី​រដ្ឋាភិបាល​ច្របាច់​ចូល​គ្នា​មក​ ខ្ញុំ​សប្បាយ​ចិត្ត។​ ទោះបី​ក្រ ​មាន​ យ៉ាង​ម៉េច​ ក៏​ខ្ញុំ​សប្បាយ​ចិត្ត​ ធ្វើ​ម៉េច​កុំ​ឲ្យតែ​កើត​សង្គ្រាម។​ តែ​កើត​សង្គ្រាម​ហើយ​មាន​តែ​ហិនហោច ​អត់មាន​អី​រីក​ចម្រើន​ដល់​ប្រទេស​ ឬ​ដល់​ប្រជាជន​ទេ»។

តែ​លោក​និយាយ​ថា​ ទៅ​ថ្ងៃ​អនាគត ​លោក​គ្មាន​សិទ្ធិ​សម្រេច​អ្វី​បាន​ទេ​ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ ប្រសិន​បើ​ប្រទេស​ជាតិ​ត្រូវ​ការ​លោក។​

«បើ​សិន​ថ្ងៃ​ក្រោយ​កើត​សង្គ្រាម​ទៀត ​និយាយ​រួម ​ខ្ញុំជា​ប្រជាជន​ កសិករ​ក្រីក្រ​ មាន​តែ​គេ​បញ្ជា​ឲ្យ​ធ្វើ​អី ​ធ្វើ​ហ្នឹង ​មិន​អាច​ទៅ​រើ​បម្រះ​អី​បាន​ទេ។​ បើគេ​ឲ្យ​កាន់​អាវុធ​ច្បាំង ​ច្បាំង​ដូចមុន​ទៀត​ហ្នឹង​(សើច)»។​

លោក​ជា សាយ ​អាយុ​៦៦ឆ្នាំនៅ​ភូមិ​អូតាវ៉ៅ ​ក្រុង​ប៉ៃលិន​ជា​កសិករដាំ​ដំឡូង​និង​ដំណាំ​ផ្សេង​ បាន​ផ្តល់​បទសម្ភាសន៍​ដល់​VOA​ ​អំពី​បទពិសោធ​និង​ជីវិត​របស់​លោក​ក្នុង​សង្គ្រាម​ស៊ីវិលកម្ពុជា​ ​កាល​ពី​ថ្ងៃទី​ ០៤​ខែសីហា​ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
លោក​ជា សាយ ​អាយុ​៦៦ឆ្នាំនៅ​ភូមិ​អូតាវ៉ៅ ​ក្រុង​ប៉ៃលិន​ជា​កសិករដាំ​ដំឡូង​និង​ដំណាំ​ផ្សេង​ បាន​ផ្តល់​បទសម្ភាសន៍​ដល់​VOA​ ​អំពី​បទពិសោធ​និង​ជីវិត​របស់​លោក​ក្នុង​សង្គ្រាម​ស៊ីវិលកម្ពុជា​ ​កាល​ពី​ថ្ងៃទី​ ០៤​ខែសីហា​ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

លោក​បាន​ចូល​បម្រើ​ជា​កងទ័ព​ខ្មែរក្រហម​តាំងពី​លោក​សេនា​ប្រមុខ​លន់ នល់ ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច​ឪ​ ​ព្រះ​នរោត្តម​ សីហនុ​ពី​អំណាច​ក្នុង​ទសវត្សរ៍​១៩៧០។​ តែ​លោក​បាន​ឈប់​ធ្វើ​ទាហាន ​ក្រោយ​ពេល​សមាហរណ​កម្ម​ដំបូង​នៅ​ប៉ៃលិន។ ​លោក​ថ្លែង​ថា​ កិច្ចការ​សំខាន់​ពេល​នេះ​គឺ​លោក​ចង់​ឲ្យកសិផល​មាន​តម្លៃ​ខ្ពស់ ​ក្រោយ​ពេល​លោកប្រឈម​នឹង​បញ្ហា​ដែលផល​ដំឡូង​របស់​លោក​មាន​តម្លៃ​ថោក។​

លោកស្រី​ជា លាភ ​អភិបាល​រង​ខេត្ត​ប៉ៃលិន ​និង​ជា​អ្នក​នាំពាក្យ ​បាន​ថ្លែង​ថា​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​បាន​ធ្វើឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​ខេត្ត​ប៉ៃលិន​ រួមមានហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន​ដែល​មិន​ធ្លាប់​មាន​ពីមុន ​គឺ​រាប់​ទាំង​ឱកាស​ រៀបចំ​កសាង​សមត្ថភាព ​មាន​ជា​យុទ្ធ​សាស្ត្រ ​មាន​គោល​នយោបាយ​អប់រំ​ប្រជា​ពលរដ្ឋដោះគ្រាប់​មីន​ ​ គិតអំពី​សុខាភិបាល​ កសាង​សាលា​រៀន ​វត្ត​អារាម​ជា​ជាង​វាយ​ប្រយុទ្ធ​គ្នា។​

«ប្រជាជន​កន្លង​ទៅ​គាត់​អត់​ពិបាក​ទេ។ ​ក្រោយពី​សមាហរណ​កម្ម​ គាត់​សប្បាយ​ចិត្ត​ ដោយសារ​អី​ យើង​អត់​ឮ​គ្រាប់​កាំភ្លើង​ទៀត​ទេ។ ​ហើយ​យើង​អត់​បារម្ភថា​ ខែ​នេះ ​យើង​រត់​ ខែ​នោះ​យើង​រត់​ទេ។​ យើង​គិត​ថា​ ដល់​ខែ​យើង​បង្ក​បង្កើនផល»។​

លោក​ស្រី​ជា លាភ​ ​អភិបាល​រង​ខេត្ត​ប៉ៃលិន​ ​និង​ជា​អ្នក​នាំពាក្យ​ ​បាន​ថ្លែង​ថា​ VOA​ ​ពី​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ​នា​ថ្ងៃ​ទី​០៥​ខែ​សីហា​ឆ្នាំ​២០១៦​ ​កន្លង​ទៅ។ (នៅ វណ្ណារិន/VOA)
លោក​ស្រី​ជា លាភ​ ​អភិបាល​រង​ខេត្ត​ប៉ៃលិន​ ​និង​ជា​អ្នក​នាំពាក្យ​ ​បាន​ថ្លែង​ថា​ VOA​ ​ពី​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ​នា​ថ្ងៃ​ទី​០៥​ខែ​សីហា​ឆ្នាំ​២០១៦​ ​កន្លង​ទៅ។ (នៅ វណ្ណារិន/VOA)

លោកស្រី​បាន​ទទួល​ស្គាល់​ថា​ ​ភាព​រាំង​ស្ងួត​នៅ​ឆ្នាំ​ថ្មីៗ​បាន​ធ្វើ​ឲ្យ​កសិករ​មាន​ការ​លំបាក​ក្នុង​ការ​ប្រមូល​ផល​ ហើយតម្លៃ​កសិផល​ធ្លាក់​ចុះ។ ​តែ​លោក​ស្រី​បាន​អះអាង​ថា​ អាជ្ញាធរ​ខេត្ត​នឹង​ជំរុញ​ផ្នែក​ដំណាំ​យុទ្ធសាស្ត្រ ​ដំណាំ​រួម​ផ្សំ ​បង្កើត​សមាគម​ ជំរុញ​ការ​អភិវឌ្ឍ​ផ្លូវ​ថ្នល់​ដល់​មូលដ្ឋាន​ បង្កភាព​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ សេវា​កម្ម​សុខាភិបាល។​

«តែ​ដល់​ប្រមើល​មើល​មក​ដល់​បច្ចុប្បន្ន​នេះ​គឺ​យើង​មាន​ការ​អភិវឌ្ឍ​តាំងពី​ផ្លូវ​ ភ្លើង ​ទឹក​គឺ​យើង​មាន​ការ​អភិវឌ្ឍ​ ឲ្យ​ប្រជា​ពលរដ្ឋ​យើង​បានប្រើ​ប្រាស់»។

ខេត្ត​ប៉ៃលិន​ ដែល​ជា​តំបន់​ប្រកាស​ផែន​ការ​ចុះចូល​ដំបូង​ ​មិន​ខុស​គ្នា​ពី​តំបន់​អន្លង់វែង​ក្នុង​ខេត្ត​ឧត្តរមានជ័យ ​ដែល​ជា​អតីត​តំបន់​ខ្មែរក្រហម​ផ្តាច់​ខ្លួន​នៅ​តំបន់ទីតាំង​រឹងមាំ​ចុង​ក្រោយ​ទេ។​

លោក​ស្ងួន សេងឡុង​ អាយុ​២៤​នៅ​ក្នុង​ស្រុក​អន្លង់វែង​ ជា​កូន​របស់​អតីត​ទាហាន​ខ្មែរក្រហម ​បាន​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី៨ដើម្បី​ប្រកប​របរ​កសិកម្ម​ និង​រក​ចំណូល​តាម​រយៈ​ការ​ស៊ី​ឈ្នួល​បាញ់ថ្នាំ​ដំឡូង​ឲ្យគេ។​ លោក​សេងឡុងបាន​ថ្លែង​ថា ​ការ​ប្រកប​មុខ​របរមាន​ការ​លំបាក​ក្នុង​ការ​រក​ចំណូល​ចិញ្ចឹមជីវិត​ ក្រោយពី​ឪពុក​ម្តាយ​បាន​ស្លាប់​ចោល​អស់។​

«ពេល​ខ្លះ​ខ្វះ​អង្ករ​ ទិញ​អង្ករ​ នំ ​បន្លែ​បន្លុក ​កូន​ឈឺ​ផង​ ម្ហូប​ផង អត់​សល់​ផង​នៅ​បង់​អង្គការ​ដែល​ខ្ញុំ​ខ្ចី​ទៀត​ ១ខែ​ត្រូវ​បង់​ការ​ប្រាក់​៦​ម៉ឺន។​ រក​បង់​គ្រប់​កន្លែង​ផង​ កូន​ចាយ​ផង ​ខ្លាច​វា​ឈឺ​ស្កាត់​ផង។ ​ប៉ះ​ខ្ញុំ​ឈឺ​ស្កាត់​ទៀត ​ចប់​បណ្តោយ ​អត់​ដឹង​ទៅ​ណា​រួច ​អត់​ដឹង​អ្នក​ណា​រក​ស៊ី​ចញ្ចឹម»។​

លោក​អួន ចន្ថា ​អាយុ​៤៧​ រស់​នៅ​ឃុំ​អន្លង់វែង​ ស្រុក​អន្លង់វែង។ ​លោក​ជា​ទាហាន​ទូរសារ​៨៥​ និង​បាន​ឈប់​ធ្វើ​ទាហាន​ក្រោយ​សមាហរណ​កម្ម។​

លោក​ប្រកប​របរ​កសិកម្ម​ដាំ​ដំឡូង ​និង​ធ្វើ​ជាង​ផ្ទះ​ ក្រោយ​ពេល​សង្គ្រាម​បាន​បញ្ចប់​ និង​ក្រោយ​ពេល​បាន​ធ្វើសមាហរណ​កម្ម។​

«ខ្ញុំ​និយាយ​ទៅ​ បើ​សង្គ្រាម​មួយ​ ខ្ញុំ​អត់​ចង់​ឃើញ​ទេ​ ចង់តែ​សន្តិភាព​ដូច​សព្វ​ថ្ងៃ​ហ្នឹង​ វាចង់​ហើយ​ តែគ្រាន់​តែ​ថា​ នៅខ្វះ​បន្តិច​ត្រង់​តែ​ថា​ យើង​រៀបចំ​អត់​ទាន់​ត្រូវ​សព្វ​ថ្ងៃ​នេះ។​ មើល​ទៅ​តាំង​ពី​ច្បាប់ ​តាំងពី​អីឡើង​ ដូច​អត់ទាន់​ស្រួល​ដូច​ប្រទេស​គេ​ទេ។ ​បើ​ប្រទេស​គេ​ផ្សេងៗ ​មើល​ទៅ​ដូច​រលូន​តែ​ម្តង»។​

លោក​អួន ចន្ថា​ ​អាយុ​៤៧​ អតីត​ទាហានខ្មែក្រហម​ ដែល​សព្វ​ថ្ងៃ​គឺ​ជា​ជាងឈើ​ ​រស់​នៅ​ឃុំ​អន្លង់វែង​ ស្រុក​អន្លង់​វែង។​ ​លោក​បាន​រៀបរាប់​ពី​ការ​លំ​បាក​របស់​លោក​ក្នុង​សម័យ​សង្គ្រាម​ប្រាប់​VOA​ ​កាល​ពីថ្ងៃ​ទី​០២ខែ​សីហា​ឆ្នាំ​២០១៦។ (នៅ វណ្ណារិន/VOA)
លោក​អួន ចន្ថា​ ​អាយុ​៤៧​ អតីត​ទាហានខ្មែក្រហម​ ដែល​សព្វ​ថ្ងៃ​គឺ​ជា​ជាងឈើ​ ​រស់​នៅ​ឃុំ​អន្លង់វែង​ ស្រុក​អន្លង់​វែង។​ ​លោក​បាន​រៀបរាប់​ពី​ការ​លំ​បាក​របស់​លោក​ក្នុង​សម័យ​សង្គ្រាម​ប្រាប់​VOA​ ​កាល​ពីថ្ងៃ​ទី​០២ខែ​សីហា​ឆ្នាំ​២០១៦។ (នៅ វណ្ណារិន/VOA)

លោក​ថ្លែង​ដូច​នេះ​គឺ​ដោយសារ​អយុត្តិ​ធម៌​កើត​មាន​ចំពោះ​ពលរដ្ឋ ​រាប់​ទាំង​ បញ្ហា​ចរាចរណ៍។​ ទោះជា​មាន​ការ​មិន​សប្បាយ​ចិត្ត​ខ្លះ ​តែជា​រួម​លោក​អួន ចន្ថា​ បាន​បង្ហាញពី​ភាព​រីករាយ​ចំពោះ​សមិទ្ធផល​ក្រោយ​សមាហរណ​កម្ម​ក្នុង​តំបន់​របស់​លោក។​

ពេល​នេះ​លោក​ថា​ អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ដើម្បីដោះស្រាយ​ជីវភាព​របស់​ពលរដ្ឋ​គឺ​ការ​ធ្វើឲ្យ​ទីផ្សារ​ដំឡូង​ និង​កសិផល​ផ្សេងៗមាន​តម្លៃ​ខ្ពស់។​

កសិករ​ម្នាក់​ទៀត​ជា​អតីត​ទាហាន​ខ្មែរក្រហម​គឺ​លោក​អ៊ូ សុខុន ​អាយុ​៥១​ឆ្នាំ​ រស់​នៅ​ស្រុក​អន្លង់វែង។ ​លោកបាន​ថ្លែង​ថា​ លោក​ដាំ​កសិផល​បាន​ដោះស្រាយ​ជីវភាព​ ដោយ​ការលក់ដូរ។ ​តែកាល​ពីជំនាន់​សង្គ្រាម​ កសិករ​ដាំ​ដំណាំគ្រាន់តែទុក​សម្រាប់​ទទួល​ទាន​ប៉ុណ្ណោះ។​

«ពីនោះ​មក​នេះ​សប្បាយ​ចិត្ត​នឹង​ការ​បង្ក​បង្កើន​ផល ​ព្រោះ​យើង​ចង់​និយាយ​ថា ​មាន​ទីផ្សារ។ ​យើង​ធ្វើ​បាន​ហើយ​មាន​ទីផ្សារ។ វា​មិនមែន​អត់​មាន​ទីផ្សារ​ទេ ​តែ​គ្រាន់តែ​ថា​ សំណូមពរ​របស់​កសិករ​យើង​ចង់​បាន​ថា​ ទីផ្សារ​ហ្នឹង​ឲ្យ​បាន​មាន​តម្លៃ​ខ្ពស់​បន្តិច​អញ្ចឹង​ទៅ​ណា៎ សម្រាប់​កសិផលកសិករ​ផលិត​បាន។​ សំណូមពរ​មាន​តែ​ប៉ុណ្ណឹង​ឯង»។​

លោក​អ៊ូ សុខុន ​អាយុ​៥១​ឆ្នាំ​ ​កសិករ​ម្នាក់​ទៀត​ ​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​ ​នៅ​ស្រុក​អន្លង់វែង​ ​ថត​ក្នុង​ចម្ការ​ដំឡូមី​របស់​លោក​ ​នា​ថ្ងៃ​ទី០២​ខែ​សីហា​ឆ្នាំ​២០១៦។ (នៅ វណ្ណារិន/VOA)
លោក​អ៊ូ សុខុន ​អាយុ​៥១​ឆ្នាំ​ ​កសិករ​ម្នាក់​ទៀត​ ​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​ ​នៅ​ស្រុក​អន្លង់វែង​ ​ថត​ក្នុង​ចម្ការ​ដំឡូមី​របស់​លោក​ ​នា​ថ្ងៃ​ទី០២​ខែ​សីហា​ឆ្នាំ​២០១៦។ (នៅ វណ្ណារិន/VOA)

លោក​អះអាង​ថា​ លោក​មើល​ពុំ​ឃើញ​ថា​ មាន​សង្គ្រាម​រវាង​ខ្មែរ​និង​ខ្មែរ​នោះ​ទេ​ ព្រោះ​គ្មាន​កងទ័ព​ណា​ដែល​ប្រឆាំង​គ្នា​ដូចមុន​សមាហរណ​កម្ម​នោះ​ទេ។​

«បើសិន​ជា​កើត​សង្គ្រាម ​មានតែ​បរទេស​មក​ឈ្លានពាន​ អាហ្នឹង​បាន​កើត​សង្គ្រាម​ (សើច)​ តែ​បើ​ខ្មែរ​ដូច​មិន​មាន»។​

លោក​អ៊ុន រ៉េត​ អាយុ​៦៥​ ជា​អតីត​ទាហាន​ខ្មែរក្រហម​ ហើយ​បច្ចុប្បន្ន​ជា​ ប្រធាន​ភូមិ​មួយក្នុង​ស្រុក​អន្លង់វែង។​ លោក​បាន​ថ្លែង​ថា​ លោក​មិន​ចង់​ឃើញ​សង្គ្រាម​កើត​ឡើង​ជាថ្មីទេ ​ដោយសារ​មាន​ការ​អភិវឌ្ឍ​រួច​ហើយ។​ ម៉្យាង​ទៀត​ សង្គ្រាម​បាន​ធ្វើ​ឲ្យ​មាន​ការ​លំបាក​និង​ភ័យ​ខ្លាច។​

«វា​លំបាក​ខ្លាំង​នោះ​ពេល​ដែល​កងទ័ព​ទាំង​ពីរ​ប្រយុទ្ធ​គ្នា​ម្តងៗ​ មាន​ការ​លំបាក​ គេច​ខ្លួន ​ហើយ​ក៏​ភ័យ​ព្រួយ​ខ្លាច​ត្រូវ​គ្រាប់​ស្លាប់​ ឬ​ក៏​របួសអី​ទៅ​ ​វា​មាន​ការ​ភ័យ​ព្រួយ​លំបាក​ខ្លាំង។​ ដល់​ចប់​សង្គ្រាម​អញ្ចឹង​ទៅ ​វា​ស្រួល​ត្រង់​ថា​ ធ្វើ​អី​ក៏​បាន​ ទៅ​លេង​បង​ប្អូន​ស្រុក​ឆ្ងាយ​ណា​ក៏​អត់​ភ័យ​ព្រួយ​ទាំង​អស់»។​

លោក​អះអាង​ថា​ លោក​ឆ្លង​កាត់​សង្គ្រាម​បី​ជំនាន់​ ហើយ​លោក​ពិការ​ដៃ​ឆ្វេង​ ក្នុង​សង្រ្គាម​ តាំងពី​ទស​វត្សរ៍​១៩៧០​មក​ទល់​នឹង​សមាហរណ​កម្ម។​ លោក​ថា ​ពេល​បញ្ចប់​សង្គ្រាម ​និង​មានសន្តិភាព​ជា​ច្រើន​ឆ្នាំ​មក​នេះ​ ពលរដ្ឋ​ក្នុង​តំបន់​របស់​លោក​អាចបង្ក​បង្កើន​ផល​បាន។​

លោក​ហោ ជិនវីរៈយុទ្ធ ​អភិបាល​ស្រុក​អន្លង់វែង​ បាន​ថ្លែង​ថា​ តាំងពី​តំបន់​នេះមាន​សន្តិភាព​ពេញ​លេញ​មក ​មាន​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ហើយ​តំបន់​នេះ​បាន​ប្រែ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិ​សាស្ត្រ ​ហើយ​នឹង​ធ្វើឲ្យ​មាន​សុខដុម​រមនីយកម្ម ​ហើយគ្មាន​ការ​រើសអើង​និង​បែងចែក​ទៀត​ទេ។​

«ជា​ការ​កត់​សម្គាល់​ មក​ដល់​ពេល​នេះ ​ហាក់បី​ដូចជា​គ្មាន​បញ្ហា​ការ​រើស​អើង​ឬ​ក៏​បែងចែក​អ្នក​ភ្នំពេញ​ ឬក៏​អ្នក​អតីត​ខ្មែរក្រហម​សោះ។ ​សតិ​អារម្ម​ណ៍​បងប្អូន​គឺ​ធ្វើការ​រួម​គ្នា​ គឺ​នៅ​តុ​កាហ្វេ ​តាម​ហាង​គុយទាវ ​មិន​ដែល​ឮ​ថា ​អា​នោះ​ពួក​ខ្មែរក្រហម​ អា​នោះ​ពួក​ភ្នំពេញ​ គឺ​អត់​ដែល​មាន​ទេ»។​

លោក​ហោ ជិនវីរៈយុទ្ធ​ ​អភិបាល​ស្រុក​អន្លង់វែង​បាន​ថ្លែង​ប្រាប់​VOA​ ​ពី​ការវិវត្តន៍​ថ្មីៗ​ក្នុង​ស្រុក​អន្លង់វែង​ ​ក្នុង​ការិយាល័យ​របស់​លោក​ ​នា​ថ្ងៃ​ទី​០២​ខែ​សីហា​ឆ្នាំ​២០១៦។ (នៅ វណ្ណារិន/VOA)
លោក​ហោ ជិនវីរៈយុទ្ធ​ ​អភិបាល​ស្រុក​អន្លង់វែង​បាន​ថ្លែង​ប្រាប់​VOA​ ​ពី​ការវិវត្តន៍​ថ្មីៗ​ក្នុង​ស្រុក​អន្លង់វែង​ ​ក្នុង​ការិយាល័យ​របស់​លោក​ ​នា​ថ្ងៃ​ទី​០២​ខែ​សីហា​ឆ្នាំ​២០១៦។ (នៅ វណ្ណារិន/VOA)

ទោះជាយ៉ាងណា​ក៏​ដោយ ​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​៧​សែន​នាក់​ ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ​និង​ការ​កាត់​ទោស​រក​យុត្តិធម៌​ ការ​សន្យា​របស់​រដ្ឋាភិបាល​ជាមួយ​ក្រុម​អតីត​ខ្មែរក្រហម​ផ្តាច់ខ្លួន​ទាំង​ឡាយ​ រាប់​ទាំង​រក្សា​តួនាទី​ ​មិន​យក​ទោស​ពៃរ៍ ​ហើយ​ថែម​ទាំង​អនុញ្ញាត​ឲ្យ​គ្រប់គ្រង​មូលដ្ឋាន​ដដែល​នោះ​ ​នៅតែ​ជា​ផ្នែក​សំខាន់​ក្នុង​នយោបាយ​ជាតិ។​

លោក​ឆាំង យុ ​នា​យក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ​បាន​ថ្លែង​ថា​ យន្តការ​បង្កា​នានា​ទាក់ទង​នឹង​ការ​ផ្សះផ្សា​ផ្លូវ​ចិត្ត​ ត្រូវការ​យន្តការ​ច្រើន​ ដោយសារ​ថា​ រឿង​នេះ​មិនទាន់​ធ្វើ​ឲ្យ​បាន​ទូលំ​ទូលាយ​នៅ​ឡើយ។ ​ លោក​ថា​ ពេល​បុណ្យ​សព​លោក​អៀង សារី​មាន​កម្មាភិបាល​ខ្មែរក្រហម​ជាច្រើន​បាន​ចូលរួម​ ដែល​មើល​ទៅ​ក្រុម​ខ្មែរក្រហម​ហាក់​ដូចជា​នៅ​ជា​ប្រព័ន្ធ​នៅ​ឡើយ។

«ហើយ​ដូច​ខ្ញុំ​និយាយ​អញ្ចឹង​គឺ​ថា​ តំបន់​អន្លង់វែង​នេះ​គឺជា​តំបន់​ចុងក្រោយ ​អញ្ចឹង​ វា​មាន​លក្ខណៈ​ពិសេស។ អញ្ចឹង​បើ​សិនជា​យើង​អាច​ធ្វើ​បាន​គឺ​វា​អាច​ពង្រីក​ការ​ផ្សះផ្សាបាន​ច្រើន​ទូទាំង​ប្រទេស ​ហើយ​កិច្ចការ​ទាំងអស់​នេះ​វា​ទៅ​មុខ​ហើយ។​ ប៉ុន្តែ​ដូចខ្ញុំ​ថា​អញ្ចឹង​គឺ​យើង​មិន​ត្រូវ​មើល​រំលង​ទេ ​ដូចថា​ ជា​គោល​នយោបាយ​ជាតិ ​ត្រូវតែ​បន្ត ​ជា​រៀងរាល់​ថ្ងៃ ​ជា​រៀង​រាល់​សប្តាហ៍​ ជា​រៀង​រាល់​ខែ ​ពីព្រោះ​យើង​មិន​ទាន់​ឆ្លង​ផុត​មួយ​ជំនាន់​អ្នក​ដែល​រស់រាន​មាន​ជីវិត​ពី​សម័យ​ខ្មែរក្រហម»។​

លោក​ឆាំង យុ ​នា​យក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ផ្តល់បទសម្ភាសន៍ដល់​VOA​ អំពី​ការ​បង្រួបបង្រួមជាតិ នា​ការិយាល័យ​របស់​លោក​ក្នុង​ទីក្រុង​ភ្នំពេញ​ នាថ្ងៃទី០៨​ខែ​សីហា​ឆ្នាំ​២០១៦។ (នៅ វណ្ណារិន/VOA)
លោក​ឆាំង យុ ​នា​យក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ផ្តល់បទសម្ភាសន៍ដល់​VOA​ អំពី​ការ​បង្រួបបង្រួមជាតិ នា​ការិយាល័យ​របស់​លោក​ក្នុង​ទីក្រុង​ភ្នំពេញ​ នាថ្ងៃទី០៨​ខែ​សីហា​ឆ្នាំ​២០១៦។ (នៅ វណ្ណារិន/VOA)

លោក​ថា​ ប្រទេស​កម្ពុជា​ពេលនេះ​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​អប់រំ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ ​អំពី​ប្រវត្តិ​សាស្ត្រ ​វត្ត​អារាម ​មជ្ឈមណ្ឌល​សន្តិភាព​ជាដើម​ ដើម្បី​ផ្សះផ្សា​ផ្លូវ​ចិត្ត​ និង​ការ​យោគយល់​គ្នា​រវាង​ជន​រងគ្រោះ​ និង​ក្រុម​អតីត​ខ្មែរក្រហម​ ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ថែ​រក្សា​សន្តិភាព។​

លោក​សុខ ភាព ​អ្នក​ដឹកនាំ​ការ​ផ្តាច់​ខ្លួន​ម្នាក់​ ហើយ​បច្ចុប្បន្ន​ជា​អនុ​រដ្ឋលេខា ធិការ​ក្រសួង​ការពារជាតិ​ បាន​ថ្លែង​ថា ​បច្ចុប្បន្ន​នេះ​ការ​ការពារ​សន្តិភាព​ជា​បញ្ហាសំខាន់​ទន្ទឹម​គ្នា​នឹងការ​អភិវឌ្ឍ​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល។​

«អត់មាន​បញ្ហា​អី​ទេ​បាទ​ នៅតែ​ពង្រឹង​សន្តិភាព ​ហើយ​សន្តិភាព​យើង​ឃើញ​ថា​មិន​ងាយ​រក​បាន​ទេ។ ​បើយើង​និយាយ​ពី​ប្រវត្តិ​សាស្ត្រ​ស្រុក​ខ្មែរ​យើង​តាំងពី​យូរយា​មក​ហើយ​មិន​ដែល​មាន​សន្តិភាព​ដូច​សព្វ​ថ្ងៃ​ហ្នឹង​ទេ ​គឺ​មាន​នយោបាយ​ឈ្នះ ​ឈ្នះ​ដែល​ក្រោម​ការ​ដឹកនាំ​ដោយ​សម្តេច​តេជោ​ហ៊ុន សែន​នេះ​ហើយ​ដែល​ នាំ​ឲ្យ​ប្រទេស​កម្ពុជា​យើង​មាន​សន្តិភាព​មក​ទល់​សព្វថ្ងៃ ​មាន​ការ​អភិវឌ្ឍ ​ជឿន​លឿន។​ ដូច្នេះ​កងទ័ព​ម្នាក់ៗ​គឺ​ថា​ ម្នាក់ៗ​គ្មាន​អី​ដែល​ដើរ​ពី​ផ្លូវ​នេះ​ទេ​ ទោះបី​សភាព​ការ​ម៉េច​ក៏​ដោយ ​នៅតែ​ពង្រឹង​សន្តិភាព​ នៅតែ​ការពារ​សន្តិភាព​ជា​ដរាប​ អញ្ចឹង។ ដូច្នេះ​នរណា​ដែល​មក​បំផ្លាញ​សន្តិភាព​គឺ​កងទ័ព​ត្រូវតែ​ឈរ​ដាច់ខាត​ការពារ​សន្តិភាព»។​

លោក​ថ្លែង​ថា​ នៅ​តំបន់​ម៉ាឡៃ​ ដែល​លោក​ធ្លាប់​កាន់កាប់​ នៅ​ពេល​នេះជីវភាព​ប្រជាជន​មាន​ការ​រីក​ចម្រើន។​

«សន្តិភាព​ក្រោយពី​ការ​អនុវត្ត​នយោបាយ​ឈ្នះឈ្នះ​មក​ទល់​ថ្ងៃ​នេះ​បាន​ន័យ​ថា​ វា​ជិត​២០​ឆ្នាំ​ដែរ​ហើយ។​ ដូច្នេះ​យើង​ឃើញ​ថា​ បញ្ហា​សំខាន់​គឺ​ជីវភាព​របស់​កងទ័ព​ ក៏​ដូចជា​ក្រុម​គ្រួសារ​កងទ័ព​នៅក្នុង​តំបន់​ម៉ាឡៃ​យើង​ខ្ញុំ​ ​ ខ្ញុំ​សង្កេត​ឃើញ​ថា​ វា​រីក​ចម្រើន​ជាង​មុន​ច្រើន​ មាន​ផ្លូវ​ មាន​ភ្លើង ​មាន​ទឹក​ មាន​ផ្សារ​ មាន​ផល​ដំណាំ ​មានការ​លក់ដូរ ​ឃើញ​ថា​ ជីវភាព ​ការ​រស់​នៅ​ ផ្ទះ​សម្បែងអី​ វា​ផុស​ដូច​ផ្សិត​ដែរ។​ វា​ច្រើន ​វា​មិន​ដូច​មុន»។​

អ្នកស្រី​ពុង ឈីវ​កេក ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ ​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​ VOA នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ច័ន្ទ ទី​០១ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)​
អ្នកស្រី​ពុង ឈីវ​កេក ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ ​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​ VOA នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ច័ន្ទ ទី​០១ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)​

ទោះជា​យ៉ាងណា​ក៏​ដោយ ​លោក​ស្រី​ពុង ឈីវកេក​ ស្ថាបនិកអង្គការ​លីកាដូ​ បាន​ថ្លែង​ថា​ សន្តិភាព​ពិត​ប្រាកដ​សម្រាប់​ប្រទេស​កម្ពុជា​ត្រូវ​មាន​កត្តា​រួម​ផ្សំ​ជាច្រើន។​

«បាន​ន័យ​ថា​ ប្រទេស​ហ្នឹង​ត្រូវ​អត់​មាន​សង្គ្រាម​ ហើយ​ត្រូវ​ឲ្យ​មាន​ស្ថិរភាព​ខាង​នយោបាយ ​ស្ថិរភាព​ខាង​សង្គម។ ​ដូច្នេះ​យើង​យក​មក​គិត​មើល​ទៅ។​ ដូច្នេះ​បើ​ចង់​ឲ្យ​បាន​ស្ថិរភាព​សង្គម​ត្រូវតែ​ប្រជា​ពលរដ្ឋ​ហ្នឹង​ទុក​ចិត្ត​ទៅលើ​ស្ថាប័ន​ជាតិ​ទាំង​ប៉ុន្មាន​ហ្នឹង​ ជា​ពិសេស​តុលាការ ​ស្ថាប័ន​បោះឆ្នោត​ ព្រោះអី​នៅ​ក្នុង​ប្រទេស​កាន់លទ្ធិ​ប្រជា​ធិបតេយ្យ​ លោក​មាន​សិទ្ធិ​នឹង​បញ្ចេញ​មតិ​ហើយ​រើស​អ្នក​ដឹក​នាំណា​មួយ​ដែល​លោក​ពេញ​ចិត្ត»។​

ប្រទេស​កម្ពុជា​កំពុង​មាន​បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​ដូច​នៅ​ប្រទេស​ថៃ​ ជា​ប្រទេស​ជិត​ខាង​ផង​ ហើយ​នឹង​មាន​ភាព​ល្អក់​កករ​ខ្លះ​ក្នុង​រឿង​សមុទ្រ​ចិន​ខាងត្បូង​ផង​ ហើយ​ក៏​ហាក់​ដូចជា​រង​ការ​រិះគន់​ច្រើន​រឿង​លំហ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស៕

XS
SM
MD
LG