ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អូស្ត្រាលី​ចាប់​ខ្លួន​មនុស្ស​៥​នាក់​ដែល​គ្រោង​ដាក់​គ្រាប់​បែក​ថ្ងៃ​បុណ្យ​ណូអែល​ដោយសារ​តែ​​ជឿ​លើ​មនោគមវិជ្ជា​របស់​ក្រុម​រដ្ឋ​ឥស្លាម


ស្រ្តី​ពីរ​នាក់​ឈរ​នៅ​ក្បែរ​ប៉ូលិស​ដែល​បិទ​ផ្លូវ​ដើម្បី​ធ្វើ​ការ​ឆែកឆេរ​ផ្ទះ​មួយ​នៅ​ក្នុង​ជាយក្រុង Melbourne ប្រទេស​អូស្រា្តលី កាលពី​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។

មនុស្ស​ជា​ច្រើន​ដែល​រង​ការ​ចោទ​ប្រកាន់​ទាក់​ទង​នឹង​គម្រោង​ការ​ដាក់​គ្រាប់​បែក​ជា​ច្រើនកន្លែង​នៅ​ក្នុង​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​បុណ្យ​ណូអែល​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ហេតុការណ៍​នោះ​ត្រូវ​បាន​រារាំង នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​ប៉ូលិស នៅ​ថ្ងៃ​សុក្រ​នេះ។

ស្នងការ​ប៉ូលិស​សហព័ន្ធ​របស់​អូស្ត្រាលី​លោក Andrew Colvin បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង Sydney ថា៖ «នេះ​គឺ​ជា​ការ​រំខាន​ធ្ងន់ធ្ងរ​មួយ ដែល​នេះ​គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ព្រឹត្តិការណ៍​នៃ​អំពើ​ភេរវកម្ម​ដែល​បិះ​នឹង​កើត​មាន​ឡើង។ ខ្ញុំ​ជឿ​ថា យើង​បាន​កម្ចាត់​ការ​គំរាម​កំហែង​នេះ​ទាំង​ស្រុង​ហើយ»។
ដំបូង​ឡើង មនុស្ស​ចំនួន​៧នាក់​ ដែល​ស្ថិត​ក្នុង​វ័យ​ជាង​២០ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន នេះ​បើ​តាម​ការ​ថ្លែង​របស់​ប៉ូលិស។ ប៉ុន្តែ​មនុស្ស​ពីរ​នាក់​មាន​បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់​ត្រូវ​បាន​ដោះលែង​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ។ ហើយ​បុរស​៥នាក់​ទៀត​នៅ​កំពុង​ជាប់​ឃុំ​នៅ​ឡើយ។

ជន​សង្ស័យ​ទាំង​នោះ​គឺ​ជា​អ្នក​ដែល​ជឿ​ទៅ​លើ​ពាក្យ​ឃោសនា​របស់​ក្រុម​រដ្ឋ​ឥស្លាម នេះ​បើ​យោង​តាម​លោក Graham Ashton ស្នង​ការ​ប៉ូលិស​រដ្ឋ Victoria។ លោក​បាន​បន្ថែម​ថា ពួក​គេ​គ្រោង​នឹង​ធ្វើ​ការ​វាយ​ប្រហារ​នៅ​តាម​ទីតាំង​សំខាន់ៗ​នៅ​ក្នុង​ទីក្រុង​ធំ​បំផុត​ទី២​របស់​ប្រទេស​អូស្ត្រាលី រួម​មាន​ទាំង​ស្ថានីយ​រថភ្លើង Flinder Street ទីលាន Federation Square និង​វិហារ​ St. Paul's Cathedral។

លោក Ashton បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖ «នៅ​ពីរ​សប្តាហ៍​ចុង​ក្រោយ​នេះ ពួក​យើង​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​បទ​ឧក្រិដ្ឋកម្ម​មួយ​ទាក់​ទង​នឹង​អ្វី​ដែល​យើង​ជឿ​ថា​ជា​ផែន​ការ​ប្រព្រឹត្តិ​អំពើ​ភេរវកម្ម។ យើង​ជឿ​ថា​ មាន​គេ​ប៉ុនប៉ង​ប្រព្រឹត្តិ​អំពើ​ភេរវកម្ម ដោយ​ធ្វើ​ការ​វាយ​ប្រហារ​ជា​ច្រើន​កន្លែង ហើយ​អាច​ចំ​ថ្ងៃ​បុណ្យ​ណូអែល»។
ក្រុម​មន្ត្រី​ជឿ​ថា ការ​បង្ក្រាប​នេះ​មាន​ការ​ចូលរួម​ដោយ​មន្ត្រី​ប៉ូលិស​៤០០នាក់ ដើម្បី​ការ​ពារ​ការ​គំរាមកំហែង​នេះ។ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ និង​ព្រឹក​ថ្ងៃ​សុក្រ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​លោក Ashton។

ប្រមុខ​រដ្ឋ Victoria លោក Daniel Andrews បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា នឹង​មាន​ការ​ពង្រាយ​កង​កម្លាំង​ប៉ូលិស​បន្ថែម​នៅ​ក្នុង​ទីក្រុង Melbourne នៅ​ថ្ងៃ​អាទិត្យ​ គឹ​ថ្ងៃ​បុណ្យ​ណូអែល​ដើម្បី​ជា​វិធានការ​ការពារ​សុវត្ថិភាព​សាធារណៈ៕

XS
SM
MD
LG