ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិទ្យាសាស្ត្រ​​រក​ឃើញ​ទំនាក់​ទំនង​រវាង​មាតា​ដែល​ជក់​បារី​និង​បញ្ហា​ក្នុង​ការ​ប្រុង​ស្មារតី


រូបឯកសារ៖ ស្រ្តី​ម្នាក់​កំពុង​ជក់​បារី​ក្នុ​ងឡាន។ របាយការណ៍​ថ្មី​មួយ​បាន​រក​ឃើញ​ថា ​មាតា​ដែល​ជក់​បារីនឹង​ធ្វើ​ឲ្យ​កូនៗ​របស់​ពួក​គេ​មាន​​បញ្ហា​ក្នុង​ការ​ប្រុង​ស្មារតី។
រូបឯកសារ៖ ស្រ្តី​ម្នាក់​កំពុង​ជក់​បារី​ក្នុ​ងឡាន។ របាយការណ៍​ថ្មី​មួយ​បាន​រក​ឃើញ​ថា ​មាតា​ដែល​ជក់​បារីនឹង​ធ្វើ​ឲ្យ​កូនៗ​របស់​ពួក​គេ​មាន​​បញ្ហា​ក្នុង​ការ​ប្រុង​ស្មារតី។

តើ​លោក​អ្នក​ត្រូវ​ការ​ហេតុ​ផល​សមរម្យ​ដើម្បី​ឈប់​ជក់​បារី​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​មែន​ទេ? តើ​ជំងឺ​មហារីក​ ជំងឺ​សួត​និង​បេះ​ដូង បញ្ហា​ទារក​ស្លាប់​ក្នុង​ផ្ទៃ​ និង​ទារក​កើត​មិន​គ្រប់​គីឡួ​ ដែល​អាច​នឹង​កើត​មាន​ មិន​ទាន់​ជា​មូលហេតុ​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ឲ្យ​អ្នក​បញ្ឈប់​ការ​ជក់​បារី​​ទេ​ឬ?

ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ Yale បាន​រក​ឃើញ​ថា​ ការ​នៅ​ជាប់​ជាមួយ​ជាតិ​នីកូទីន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ អាច​ជំរុញ​ឲ្យ​មាន​ការ​ប្រែប្រួល​ហ្ស៊ែន​ក្នុង​រយៈ​ពេល​វែង​ទៅ​លើ​ទារក​មិន​ទាន់​កើត។ នេះ​អាច​មាន​ផល់​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ព្យាបាល។

បម្រែបម្រួល​ហ្ស៊ែន​ដែល​ទើបរក​ឃើញ​ថ្មីៗ​នេះ​ ហើយ​ដែល​ជា​លទ្ធផល​នៃ​ការ​នៅ​ជាប់​ជាមួយ​នឹង​ជាតិ​នីកូទីន​ អាច​ជួយ​ពន្យល់​អ្នក​ឲ្យ​យល់​ ថា​តើ​ហេតុ​អ្វី​បាន​ជា​ការ​ជក់​បារី​នៅ​ពេល​មាន​ផ្ទៃ​ពោះ​ មាន​ទំនាក់​ទំនង​ជាមួយ​បញ្ហា​អាកប្បកិរិយា​ជា​ច្រើន​ ដូច​ជា​កង្វះ​ការ​ប្រុង​ស្មារតី​ជា​ដើម។

ជាតិ​នីកូទីន​ធ្វើ​ឲ្យ​ប្រែ​ប្រួល​ហ្ស៊ែន​ក្នុង​រយៈ​ពេល​វែងក្រោយ​ពេល​ទារក​ចាប់​កំណើត

ការ​សិក្សា​ប្រជាសាស្ត្រ​ជា​ច្រើន​កាល​ពី​ពេល​កន្លង​ទៅ​បាន​បង្ហាញ​ថា​ ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​ជក់​បារី​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ ពួក​គេ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ខ្ពស់​ជាង​មុន​ចំពោះ​ការ​កើត​បញ្ហា​ពិបាក​ប្រុង​ស្មារតី ឬ​ហៅ​កាត់​ថា​ ADHD។

ការ​ស្រាវជ្រាវ​ថ្មី​នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​ បណ្តុំ​សកម្មភាព​ផ្នែក​ជីវសាស្ត្រ​គឺ​ជា​អ្នក​បង្ក​ឲ្យ​ហានិភ័យ​កាន់តែ​កើនឡើង។

ការ​សិក្សា​នេះ​ត្រូវ​បាន​ដឹក​នាំ​ដោយ​អ្នក​អង្កេត​នៃ​សាកល​វិទ្យាល័យ​ Yale ហើយ​ត្រូវ​បាន​បោះ​ពុម្ពផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តីវិទ្យាសាស្ត្រ​មួយ​ឈ្មោះ​ Nature Neuroscience។

លោក​ស្រី​ Marina Picciotto​ សាស្ត្រាចារ្យ​ផ្នែក​ចិត្តសាស្ត្រ​នៅ​សាកល​វិទ្យាល័យ​ Yale ក្នុង​ទីក្រុង​ New Haven​ រដ្ឋ ​Connecticut គឺ​ជា​អ្នក​និពន្ធ​ជាន់​ខ្ពស់​នៃ​របាយការណ៍​ស្រាវ​ជ្រាវ​នេះ។ លោក​ស្រី​និយាយ​ថា​ មាន​ចំណុច​សំខាន់​មួយ​ក្នុង​ការ​លូតលាស់​នៃ​ខួរក្បាល​របស់​ទារក​ក្នុង​ផ្ទៃ (គភ៌) ដែលទំនង​ជា​ត្រូវ​បាន​រង​ការ​ប៉ះពាល់​ដោយ​ការ​រស់​នៅ​ជាមួយ​ជាតិ​នីកូទីន។

ពួក​គេ​បាន​រក​ឃើញ​ដូច្នេះ​ដោយ​ការ​ធ្វើ​តេស្ត​លើ​សត្វ​កណ្តុរ​ដើម្បី​ឲ្យ​ដឹង​ថា តើ​ជាតិ​នីកូទីន​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ដល់​របៀប​ដែល​ខួរក្បាល​លូត​លាស់​ឬ​ទេ។

លោក​ស្រី​និយាយ​ថា៖ «បើ​សិន​ជា​យើង​ដាក់​សត្វ​កណ្តុរ​ឲ្យ​រស់​នៅ​ជាមួយ​ជាតិ​នីកូទីន​ក្នុង​អំឡុង​ពេល​ដែល​ខួរក្បាល​លូត​លាស់ នោះ​វា​នឹង​ប៉ះពាល់​ផ្នែក​មួយ​ ដែល​ផ្នែក​នោះ​គឺ​ជា​ស្បូន​បើ​សិន​ប្រៀបធៀប​មក​មនុស្ស​យើង។ តើ​យើង​អាច​មើល​ឃើញ​ការ​ប្រែប្រួល​ក្នុង​ខួរក្បាល​បាន​ទេ? ចម្លើយ​គឺ​ថា យើង​អាច​មើល​ឃើញ​ការ​ប្រែ​ប្រួល​ដែល​កើត​មានរយៈ​ពេល​ដ៏​យូរ​ទៅ​លើ​កោសិកា​ប្រសាទ​របស់​ស្រោម​ខួរ​ក្បាល»។

លោក​ស្រី​ប្រាប់​ VOA ​បន្ថែម​ថា៖ «ការ​ប្រែប្រួល​ដែល​កើត​មាននៅ​ក្នុង​កោសិកា​ប្រសាទ​មាន​ភាព​ផ្សេង​ពី​មុន​ទៅ​តាម​រយៈ​ពេល​ដែល​យើង​អាច​មើល​ឃើញ»។

ខួរក្បាល​ផ្សេង​គ្នា​ អាកប្បកិរិយា​ផ្សេង​គ្នា

តើ​ការ​ប្រែប្រួល​ខួរក្បាល​របស់​សត្វ​កណ្តុរ​ប៉ះពាល់​ដល់​អាកប្បកិរិយា​របស់​ពួកវា​យ៉ាង​ដូចម្តេច​ខ្លះ? យោង​តាម​លោក​ស្រី​ Picciotto​ បន្ទាប់​ពី​ត្រូវ​បាន​ដាក់​ឲ្យ​រស់​នៅ​ជាមួយ​ជាតិ​នីកូទីន​រួច​មក​ ពពួក​សត្វ​កណ្តុរ​ចាប់​ផ្តើម​មាន​សកម្មភាព​ហាក់​ដូច​ជា​ពួក​វា​មាន​ជំងឺ​ពិបាក​ប្រុង​ស្មារតី ​ឬ ADHD។

លោក​ស្រី​និយាយ​ថា​ ជា​ធម្មតា​សត្វ​កណ្តុរ​តែង​តែ​មិន​ភ្ញាក់​ផ្អើល​ទៅ​នឹង​ការ​តន្រ្តំ​ជើង​ខ្លាំងៗ​ទេ។ ប៉ុន្តែ​ជាតិ​នីកូទីន​បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សត្វ​កណ្តុរ​ទាំង​នោះ។

«តាមពិត​ទៅ​ ពួក​វា​ក៏​ផ្តោត​ការ​ប្រុង​ប្រយ័ត្ន​ដែរ។ ពួក​វា​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រឿង​ជំរុញ​ផ្សេងៗ​ដែល​ជា​ធម្មតា​ត្រូវ​បាន​គេ​បង្ហាញ​ចេញ​មក​ក្រៅ»។

ក្រុម​អ្នក​ស៊ើប​អង្កេត​ក៏​ស្រាវជ្រាវ​រក​មើលថា​ តើ​បណ្តុំ​សកម្មភាព​ផ្នែក​ជីវសាស្ត្រ​មាន​ជាប់​ទាក់​ទង​ទៅ​នឹង​អាការៈ​នៃ​ជំងឺ​ភាន់​ច្រឡំ​វិញ្ញាណ ឬ Asperger និង​ជំងឺ​រវើរវាយ​ខុស​ពី​មនុស្ស​ធម្មតា​ដែរ​ឬ​ទេ ដែល​ជំងឺ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​រំខាន​យ៉ាង​ខ្លាំងដល់​ការ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ និង​មុខងារ​នៃ​ដំណើរ​ការ​របស់​ខួរក្បាល។ លោក​ស្រី​ Picciotto និយាយ​ថា​ រហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​ភស្តុតាង​ណា​មួយដែល​អាច​បញ្ជាក់​ពី​រោគ​សញ្ញា​ទាំង​នេះ​ដែលបង្ក​ដោយ​ជាតិ​នីកូទីន​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG