កាលពីថ្ងៃទី២២ខែកុម្ភៈ សហចៅក្រមស៊ើបអង្កេតបានចេញដីកាដំណោះស្រាយ រួមគ្នាដោយបានលើកលែងការចោទប្រកាន់លើអ្នកស្រី អ៊ឹម ចែម ក្រោមហេតុផលថា លោកស្រីមិនស្ថិតនៅក្រោមយុត្តាធិការបុគ្គលរបស់តុលាការ។ នេះមានន័យថា អ៊ឹម ចែម មិនមែនជាមេដឹកនាំជាន់ខ្ពស់ឬក៏ជាជនម្នាក់ក្នុងចំណោមមន្ត្រីដែលទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងរបបខ្មែរក្រហមទេ។
កាលពីឆ្នាំ១៩៩៧ រដ្ឋាភិបាលកម្ពុជាបានស្នើអង្គការសហប្រជាជាតិជួយរៀបចំឲ្យមានតុលាការមួយ ដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់ក្នុងសម័យខ្មែរក្រហម។ ក្រោយពីមានការដោះស្រាយឧបសគ្គជាច្រើន រហូតដល់ឆ្នាំ២០០៦ តុលាការកូនកាត់មួយដែលមានភាគីអង្គការសហប្រជាជាតិចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្កើតឡើង។
ជាង១០ឆ្នាំមកហើយដែលសាលាក្តីខ្មែរក្រហមបានដំណើរការរហូតមកដល់ពេលនេះ។ តុលាការបានកាត់ទោសមេដឹកនាំជាន់ខ្ពស់មួយចំនួនឲ្យជាប់ពន្ធនាគារមួយជីវិត។ គេមិនទាន់ដឹងថាតុលាការនឹងបញ្ចប់ដំណើរការស្វែងរកយុត្តិធម៌នេះនៅពេលណានោះទេ ខណៈសំណុំរឿងទាក់ទងនឹងមនុស្សដែលទទួលខុសត្រូវខ្ពស់ក្នុងសម័យនោះកំពុងបន្ត។
ការសម្រេចលើកលែងការចោទប្រកាន់ប្រឆាំងអ្នកស្រី អ៊ឹម ចែម អតីតមេដឹកនាំខ្មែរក្រហមមួយរូប បានក្លាយជាចម្ងល់ថា តើមានគំនាបពីរដ្ឋាភិបាលឬយ៉ាងណា? ហើយថា តើការទម្លាក់ចោលការចោទនេះនឹងប៉ះពាល់ដល់ដំណើរការស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជាដែលរងគ្រោះដែរឬទេ?
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់សាលាក្តីខ្មែរក្រហមចំពោះការពង្រីកវិសាលភាពក្នុងការកាត់ទោស ថាអាចធ្វើឲ្យអតីតខ្មែរក្រហមមានការភ័យខ្លាចហើយងើបឡើងតស៊ូបង្កឲ្យមានការកើតសង្គ្រាមស៊ីវិលម្ដងទៀត។ លោកក៏បានលើកឡើងដែរថា ការពង្រីកការចោទប្រកាន់នេះធ្វើឲ្យមានការចំណាយថវិកាកាន់តែច្រើនលើដំណើរការស្វែងរកយុត្តិធម៌។
លោកសាស្រ្តាចារ្យ Peter Maguire ជាអ្នកនិពន្ធសៀវភៅឈ្មោះថា «ប្រឈមនឹងការស្លាប់នៅកម្ពុជា» (Facing Death in Cambodia) បានប្រាប់ VOA តាមរយៈសារអេឡិចត្រូនិកថា វាច្បាស់ណាស់ដែលលោក ហ៊ុន សែន មិនចង់ឲ្យមានការចោទប្រកាន់មេដឹកនាំខ្មែរក្រហមផ្សេងទៀត នៅក្នុងសំណុំរឿង០០៣និង០០៤។ ទោះជាយ៉ាងណា លោកបានកោតសរសើរតុលាការកូនកាត់មួយនេះ។
លោកមានប្រសាសន៍បន្តថា៖
«តុលាការសមនឹងទទួលនូវកិត្តិយសសម្រាប់ការព្យាយាមអត់ធ្មត់របស់ពួកគេ ទោះជាមានការប្រឈមផ្នែកនយោបាយក៏ដោយ។ តុលាការពិតជាធ្វើលើសពីការរំពឹងទុករបស់ខ្ញុំ។ ពេលនេះដល់ពេលសម្រាប់ពួកគេទៅផ្ទះវិញហើយ»។
កាលពីខែមីនា ឆ្នាំ២០១៥ អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា រដ្ឋាភិបាលកម្ពុជាគួរតែបញ្ឈប់ការរារាំងសម្រាប់ដំណើរការស្វែងរកយុត្តិធម៌នៅតុលាការខ្មែរក្រហម តាមរយៈការមិនចង់ឲ្យមានការកាត់ក្តីលើជនសង្ស័យបន្ថែមទៀត។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបដិសេធមិនអត្ថាធិប្បាយលើបញ្ហានេះ ដោយរុញសំណួរទៅឲ្យលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែល VOA មិនអាចទាក់ទងបាន។
លោក ឡុង បញ្ញាវុធ មន្ត្រីឃ្លាំមើលសាលាក្តីខ្មែរក្រហមមានប្រសាសន៍ថា សំណុំរឿងទាក់ទងអ្នកស្រី អ៊ឹម ចែម បាននាំឲ្យសាលាក្តីខ្មែរក្រហមរងការរិះគន់ពីបញ្ហាសុចរិតភាពនៃដំណើរការស៊ើបអង្កេត ដោយមិនមានការចូលរួមពីភាគីជាតិ កង្វះព័ត៌មានទាក់ទងនឹងសំណុំរឿងនេះ និងការជ្រៀតជ្រែកពីរដ្ឋាភិបាល។ លោកបន្ថែមថា លោករង់ចាំមើលដីកាដំណោះស្រាយរបស់តុលាការនិងការបកស្រាយរបស់ចៅក្រមស៊ើបអង្កេតលើនិយមន័យនៃ «អ្នកទទួលខុសត្រូវខ្ពស់» ថា តើវាមានន័យចង្អៀតឬយ៉ាងណា។
លោក ឡុង បញ្ញាវុធ ស្នើឲ្យតុលាការធ្វើយ៉ាងម៉េចឲ្យសាធារណជនយល់ដឹងពីដំណើរការស៊ើបអង្កេត។ លោកមានប្រសាសន៍ថា៖
«បានន័យថាយុត្តិធម៌មិនមែនគ្រាន់តែជាការចេញសាលក្រមមួយ ឬមួយដីកាដំណោះស្រាយមួយត្រឹមត្រូវនោះទេ គឺត្រូវឲ្យសាធារណជន លោកមើលឃើញថា ដំណើរការទាំងមូលនៃរឿងក្តីហ្នឹងមើលទៅឃើញមានភាពយុត្តិធម៌ហើយប្រជាជនសាមញ្ញទូទៅ ក៏អាចយល់អត្ថន័យនៃសេចក្តីសម្រេចហ្នឹងខ្លះដែរ។ បើមិនអញ្ចឹងទេ សាលាក្តីមួយនេះវាបង្កើតឡើង វានៅឆ្ងាយពីប្រជាពលរដ្ឋ»។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា ការទម្លាក់ចោលការចោទប្រកាន់នេះពុំមានគំនាបពីភាគីខាងណានោះទេ។
លោកប្រាប់ VOA ថា៖
«អ្វីដែលសំខាន់ គឺតុលាការយើងបានបំពេញការងារទៅតាមច្បាប់។ ហើយចៅក្រមគាត់ធ្វើការងារទៅតាមច្បាប់ ទៅតាមវិជ្ជាជីវៈ ទៅតាមនីតិវិធីច្បាប់ ហើយនិងស្ថិតនៅលើភស្តុតាងដែលយើងបានប្រមូលមក មិនមានគំនាបពីនរណាម្នាក់ទេ»។
អ្នកស្រី អ៊ឹម ចែម អាយុ៧៤ឆ្នាំ កំពុងរស់នៅក្នុងតំបន់អន្លង់វែងដែលជាកន្លែងសំបូរដោយខ្មែរក្រហមរស់នៅ។ លោកស្រីជាអតីតចៅហ្វាយស្រុកព្រះនេត្រព្រះ នៅក្នុងខេត្តនៅភាគពាយ័ព្យនិងធ្លាប់ជាប្រធានគុកភ្នំទ្រយោងដែលមានមនុស្សយ៉ាងតិច ៤០.០០០នាក់ស្លាប់។
កាលពីខែមីនា ឆ្នាំ ២០១៥ លោកស្រីត្រូវបានតុលាការដាក់ឲ្យនៅក្រោមការត្រួតពិនិត្យដោយកំបាំងមុខ ដោយសារអំពើមនុស្សឃាតដែលជាការរំលោភបំពានក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលក្នុងនោះមានការធ្វើមនុស្សឃាត ការសម្លាប់រង្គាល ការធ្វើឲ្យទៅជាទាសករ ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយ និងអំពើអមនុស្សធម៌ផ្សេងទៀតនៅមន្ទីរសន្តិសុខភ្នំទ្រយោង។
កូនស្រីរបស់អ្នកស្រី អ៊ឹម ចែម គឺលោកស្រី កាំង ណារិន ប្រាប់ VOA តាមរយៈទូរស័ព្ទថា លោកស្រីសប្បាយចិត្តដែលតុលាការលើកលែងការចោទប្រកាន់ប្រឆាំងម្តាយរបស់លោកស្រី ដោយថា ម្តាយលោកស្រីមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។
អ្នកស្រីមានប្រសាសន៍ថា៖
«សប្បាយចិត្ត បានគាត់លែងគេដេញដោល លែងគេមកសួរគាត់»។
ក្រៅពីលោកស្រី អ៊ឹម ចែម អតីតខ្មែរក្រហមមួយចំនួនទៀតត្រូវបានចោទប្រកាន់ ក្នុងនោះមានលោក មាស មុត តា អាន និងតា ទិត។
ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) លោក ឆាំង យុ មានប្រសាសន៍ថា នេះជាការសម្រេចចិត្តមួយដែលពិបាកទទួលយក ដោយសារអ្នករងគ្រោះតែងចង់ឲ្យអ្នកទទួលខុសត្រូវចេញមុខប្រឈមនឹងបទឧក្រិដ្ឋដែលពួកគេបានប្រព្រឹត្ត។ ទោះជាយ៉ាងណា លោកគោរពការសម្រេចចិត្តរបស់តុលាការ។
លោក ឆាំង យុ មានប្រសាសន៍ថា៖
«អញ្ចឹងយើងបានដឹងទុកជាមុនថា ការសម្រេចចិត្តខ្លះ ច្បាស់ជាមិនពេញចិត្តប្រជាជន ហើយការសម្រេចចិត្តខ្លះអាចធ្វើឲ្យយើងសប្បាយរីករាយ ឬក៏យើងយល់ថាយុត្តិធម៌ត្រូវបានផ្តល់ឲ្យ។ នេះគឺជាការសម្រេចចិត្តមួយដែលពិបាកនឹងទទួលយក»។
លោក ឡាត់ គី មន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក ដែលឃ្លាំមើលដំណើរការនៃការកាត់ទោសខ្មែរក្រហម មានប្រសាសន៍ថា នេះជាសញ្ញាមួយបង្ហាញថា ដំណើរការសាលាក្តីខ្មែរក្រហមជិតបញ្ចប់ ហើយកិច្ចការខ្លះគឺត្រូវបានបង្រួញវិសាលភាព។ ទោះជាយ៉ាង លោកបញ្ជាក់ថា ការសម្រេចលើកលែងការចោទប្រកាន់នេះ គឺជាការសោកស្តាយមួយ។
លោកមានប្រសាសន៍ថា៖
«ជាទូទៅ ខ្ញុំទទួលស្គាល់ការងាររបស់សហចៅក្រមស៊ើបអង្កេត ក៏ប៉ុន្តែគ្រាន់តែថា យើងមានការសោកស្តាយអំពីព្យសនកម្មដែលបានកើតឡើងនៅក្នុងតួនាទីដែលលោកស្រីទទួលខុសត្រូវ វាជារឿងមួយដែលអយុត្តិធម៌សម្រាប់ជនរងគ្រោះ»។
ចំណែកលោក ឡុង ខែត្រ នាយកប្រតិបត្តិនៃអង្គការយុវសន្តិភាព ដែលបានធ្វើការងារផ្សព្វផ្សាយចំណេះដឹងអំពីរបបខ្មែរក្រហមទៅកាន់យុវជន មានប្រសាសន៍ថា ការសម្រេចរបស់តុលាការអាចធ្វើឲ្យបាត់បង់ចំណេះដឹងមួយផ្នែកនៃប្រវត្តិសាស្រ្តនិងនាំឲ្យមានវប្បធម៌នៃការមិនទទួលខុសត្រូវនៅកម្ពុជា។ លោកបន្ថែមថា បើតាមប្រវត្តិសាស្រ្ត អ្នកស្រី អ៊ឹម ចែម ជាអ្នកទទួលខុសត្រូវនៅក្នុងការអនុវត្តគោលនយោបាយរបស់មេដឹកនាំខាងលើ ដូច្នេះលោកស្រីអាចប្រាប់ប្រវត្តិទាំងនេះទៅដល់ក្មេងជំនាន់ក្រោយ។
លោកមានប្រសាសន៍ប្រាប់ VOA ថា៖
«អញ្ចឹងអ្វីដែលជារូបភាពប៉ះពាល់ គឺការស្វែងករការពិត មិនអាចគ្រប់ជ្រុងជ្រោយ វាអាចនឹងនាំឲ្យមានវប្បធម៌មិនទទួលខុសត្រូវនៅក្នុងថ្នាក់ខាងក្រោម»។
លោកបន្ថែមថាអ្នកស្រី អ៊ឹម ចែម មានទំនួលខុសត្រូវខ្ពស់ដែរ ដូច្នេះគួរតែមានការទទួលខុសត្រូវផ្នែកសីលធម៌ក្នុងការនិយាយការពិតទៅកាន់ក្មេងជំនាន់ក្រោយ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចតម្កល់ការផ្តន្ទាទោសលោក នួន ជា និង ខៀវ សំផន នៅក្នុងសំណុំរឿង ០០២/០១ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
នៅក្នុងសំណុំរឿង ០០១ តុលាការបានកាត់ទោសអតីតមេគុកទួលស្លែងស-២១ លោក កាំង ហ្គេក អ៊ាវ ហៅ ឌុច ដែលជាអ្នកគ្រប់គ្រងគុកទួលស្លែងឲ្យមានការសម្លាប់មនុស្សរហូតដល់១៤.០០០នាក់ ឲ្យជាប់គុកមួយជីវិត។
មេដឹកនាំមួយចំនួនបានស្លាប់ពេលតុលាការកំពុងដំណើរក្តី ដែលក្នុងនោះមានលោក អៀង សារី អតីតរដ្ឋមន្រ្តីការបរទេស បានស្លាប់ក្នុងឆ្នាំ២០១៣ ។ ភរិយារបស់លោក គឺលោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានស្លាប់ក្នុងឆ្នាំ២០១៥។
កាលពីថ្ងៃច័ន្ទ អង្គជំនុំជម្រះសាលាដំបូងបានកាត់បន្ថយវិសាលភាពនៃសំណុំរឿង ០០២ ប្រឆាំង ខៀវ សំផន និង នួន ជា ដោយបានដកចេញនូវដំណើរការសាកសួរបន្ថែមក្នុងសំណុំរឿង០០២ ទាក់ទងនឹងការដ្ឋាននិងមន្ទីរសន្តិសុខមួយចំនួន។
លោក នេត្រ ភក្រ្តា មានប្រសាសន៍ថា ការកាត់បន្ថយវិសាលភាពនេះ អាចធ្វើឲ្យដំណើរការស្វែងរកយុត្តិធម៌កាន់តែឆាប់និងអាចកាត់បន្ថយការចំណាយថវិកា។
លោកមានប្រសាសន៍ថា៖
«បើសិនជាមិនមានការកាត់បន្ថយវិសាលភាព គឺគេត្រូវការចំណាយពេលច្រើនបន្ថែមទៀត ចំណាយថវិកាច្រើនបន្ថែមទៀត ហើយវាធ្វើឲ្យការទន្ទឹងរង់ចាំយុត្តិធម៌របស់បងប្អូនប្រជាពលរដ្ឋកាន់តែយូរថែមទៀត»។
បើយោងតាមលោក នេត្រ ភក្រ្តាតុលាការគ្រោងបញ្ចប់សំណុំរឿង០០២វគ្គពីរ នៅឆ្នាំ២០១៩ខាងមុខ ប្រសិនបើមានការប្តឹងទាស់ពីជនជាប់ចោទក្រោយតុលាការសម្រេចកាត់ទោស។
ចាប់ពីឆ្នាំ២០០៦ដល់២០១៦ តុលាការខ្មែរក្រហមបានចំណាយថវិកា២៩១លានដុល្លារអាមេរិក ដោយរដ្ឋាភិបាលកម្ពុជាបានចូលរួមចំណែកជិត៤០លានដុល្លារអាមេរិក។
បើទោះជាដំណើរការស្វែងរកយុត្តិធម៌នេះត្រូវបានចំណាយពេលយូរយ៉ាងណាក៏ដោយលោក ឆាំង យុ មានប្រសាសន៍ថា៖
«ការរង់ចាំយើងអាចមានអារម្មណ៍ថាយូរ ប៉ុន្តែបើសិនជាយើងត្រឡប់ងាកបន្តិចចាប់ពីថ្ងៃដែលតុលាការកកើត ឬក៏យើងងាកទៅឆ្ងាយបន្តិច ចាប់តាំងពីថ្ងៃដែលរបបខ្មែរក្រហមដួលទៅនេះ គឺគ្មានថ្ងៃណាមួយដែលប្រជាជនយើងភ្លេច ឬមិនបានទាមទារឲ្យមានយុត្តិធម៌ទេ»។
ចំណែក លោក ឡាត់ គី យល់ថាតុលាការមានគុណសម្បត្តិច្រើន បើទោះជាមានចំណុចរិះគន់មួយចំនួនក៏ដោយ។ លោកមានប្រសាសន៍ថា៖
«ខ្ញុំយល់ឃើញថាតុលាការនេះពិតជាមានគុណសម្បត្តិច្រើន មានផលប្រយោជន៍ច្រើន សម្រាប់ទីមួយគឺបញ្ចប់និទណ្ឌភាព ទីពីរគឺស្វែងរកការពិតនិងទីបីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះបាត់បង់ជីវិត»។
លោកលើកឡើងថា សាក្សីដែលមានសក្តានុពលមួយចំនួនមិនត្រូវបានកោះហៅមកសាកសួរនោះទេ។
កាលពីឆ្នាំ២០០៩ ចៅក្រមស៊ើបអង្កេតបានកោះហៅថ្នាក់ដឹកនាំរដ្ឋាភិបាលធំៗចំនួន៦រូប រួមមានលោក ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា លោក ហោ ណាំហុង អតីតរដ្ឋមន្រ្តីការបរទេស និងលោក គាត ឈន់ អតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាដើម។ តែការកោះហៅនោះមិនបានសម្រេច។
តុលាការនេះក៏បានរងការរិះគន់ថាចំណាយថវិកាច្រើននិងពេលវេលាយូរ៕