ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលាក្ដី​​ខ្មែរ​ក្រហម​សម្រេច​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង អ៊ឹម ចែម


អ្នកស្រី​ អ៊ឹម ចែម​ អាយុ៦៥ឆ្នាំ​ជាអតីត​ចៅហ្វាយ​ស្រុក​ព្រនេតព្រះ​នៅក្នុង​ខេត្តនៅ​ភាគ​ពាយ័ព្យ​ និងធ្លាប់​ជា​ប្រធានគុក​ភ្នំត្រយូង​ដែលមាន​មនុស្ស​យ៉ាងតិច​៤០.០០០​នាក់​​ស្លាប់​នៅក្នុង​ទសវត្សរ៍​១៩៧០។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាក្ដី​ខ្មែរ​ក្រហម​​ បាន​បញ្ជាក់​ថា​​ កង្វះ​ថវិកា​ បាន​តម្រូវ​ឲ្យ​​សហ​ចៅ​ក្រម​ស៊ើប​​អង្កេត​ ប្រើ​ពេលវេលា​ច្រើន​បន្ថែម​ទៀត​ ដើម្បី​ចេញ​ដីកា​ដំណោះស្រាយ​ពេញ​លេញ​​ពេល​ក្រោយ។

សហ​ចៅ​ក្រម​ស៊ើប​អង្កេត​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​ហៅ​កាត់​ថា​ សាលាក្ដីខ្មែរ​ក្រហម សម្រេច​ទម្លាក់​ការ​ចោទប្រកាន់​ប្រឆាំង​ អ្នកស្រី​ អ៊ឹម ចែម​ អតីត​កម្មាភិបាលខ្មែរ​ក្រហម​ថ្នាក់​ស្រុក​ម្នាក់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។​ ​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មានរបស់​សាលា​ក្ដី​ខ្មែរ​ក្រហម​ដែល​បាន​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

ការ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ប្រឆាំង​អ្នកស្រី​ អ៊ឹម​ ចែម​ ហៅ​យាយ​ចែម​នេះ​ កើត​មាន​ឡើង​មួយ​ឆ្នាំ ក្រោយពី​សាលាក្ដី ​បាន​បំបែកសំណុំរឿង​អ្នកស្រីចេញ​ពី​សំណុំរឿង​០០៤ ​ដែល​មាន​កម្មាភិបាល​ខ្មែរ​ក្រហម អោ​ អាន ហៅ​ តា អាន​ និង យឹម​ ទិត​ ហៅ ​តា​ទិត។សំណុំ​រឿង​របស់​អ្នក​ស្រី​ អ៊ឹម ចែម​ ត្រូវ​បាន​បំបែក​ជា​សំណុំរឿង​០០៤/០១។​

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ២២​ ខែ​កុម្ភៈ​នេះ​ សហ​ចៅ​ក្រម​ស៊ើប​អង្កេត​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ដែល​រួម​មាន​ លោក​ យូ ប៊ុនឡេង​ និង​លោក​ Michael Bohlander បាន​លើក​លែង​ការ​ចោទ​ប្រកាន់អ្នក​ស្រី​ អ៊ឹម​ ​ចែម​ បន្ទាប់​ពី​ការ​វាយ​តម្លៃ​របស់​សហ​ចៅក្រម​ស៊ើប​លើ​ភស្តុតាង​ដែល​ប្រមូល​បាន​នៅ​ក្នុងអំឡុង​ពេល​ស៊ើប​សួរ​ អ្នកស្រី​ អ៊ឹម​ ចែម​ មិន​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​បុគ្គល​របស់​សាលាក្ដី​ខ្មែរក្រហម​ឡើយ។​

ទិដ្ឋភាព​ខាង​ក្នុង​សាល​សវនាការ​ អំឡុង​ពេល​ប្រកាស​សាល​ក្រម​នៃ​សំណុំ​រឿង​០០២/០១ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦។ (រូបថត​ផ្តល់​ឲ្យ​ដោយ ECCC)
ទិដ្ឋភាព​ខាង​ក្នុង​សាល​សវនាការ​ អំឡុង​ពេល​ប្រកាស​សាល​ក្រម​នៃ​សំណុំ​រឿង​០០២/០១ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦។ (រូបថត​ផ្តល់​ឲ្យ​ដោយ ECCC)

អ្នកស្រី​ អ៊ឹម​ ចែម​ ត្រូវ​បាន​ចាត់​ទុក​ថា​ មិនមែន​ជា​មេដឹកនាំ​ជាន់​ខ្ពស់​ ឬក៏​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ទេ។​

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាក្ដី​ខ្មែរ​ក្រហម បាន​បញ្ជាក់​ថា កង្វះ​ថវិកា​ បាន​តម្រូវ​ឲ្យសហ​ចៅ​ក្រម​ស៊ើបអង្កេត​ ប្រើ​ពេលវេលា​ច្រើន​បន្ថែម​ទៀត​ ដើម្បី​ចេញ​ដីកា​ដំណោះស្រាយ​ពេញ​លេញពេល​ក្រោយ។​

​សហចៅក្រម​ស៊ើប​អង្កេតនៃ​សាលាក្ដី​ខ្មែរក្រហម ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ការ​លើក​លែង​ការ​ចោទ​ប្រកាន់​នេះ​ ​មាន​ន័យ​ថា​ ពាក្យ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាំង​អស់​ ត្រូវ​បាន​បដិសេធ។​

លោក ​នេត្រ​ ភក្ត្រា​ មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​ បាន​ប្រាប់​ VOA ​ថា​ សហ​ចៅក្រម​ស៊ើប​អង្កេត​ បាន​ចេញ​សេចក្ដី​សម្រេច​ការ​លើកលែង​ការ​ចោទប្រកាន់​នេះ​ ដោយ​យោង​ទៅតាម​ភស្តុតាង​នានា​ដែល​ប្រមូល​បាន។​

លោក នេត្រ ភក្ត្រា បាន​អះអាង​ថា​ ពុំ​មាន​សម្ពាធ​ណាមួយ​ពី​រដ្ឋាភិបាល​កម្ពុជា​ មក​លើ​ការសម្រេច​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​នេះ​ទេ។​ ​

«ចៅ​ក្រម​ទាំង​ជាតិ​ និង​អន្តរជាតិ​ គាត់​បាន​អនុវត្ត​ទៅ​តាម​វិជ្ជាជីវៈ​របស់​គាត់​ ហើយ​ការ​វាយ​តម្លៃ​ទៅ​លើ​ភស្តុតាង​ផ្សេងៗ​ គឺ​បាន​មក​ពី​ការ​ស៊ើប​សួរ​ទៅ​លើ​សាក្សី​ ក៏​ដូច​ជា​ឯកសារ​ផ្សេងៗ»។

លោក នេត ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម នៅ​ថ្ងៃ ទី ២៤ ខែមិថុនា ឆ្នាំ ២០១៦ បា្រប់​អ្នក​សារព័ត៌មាន​នៅ​ឯ​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ អំពី​ដំណើរ​វិវត្តន៍​របស់​សំណុំ​រឿង​០០២/០២ និង​សំណង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ។ (ហ៊ុល រស្មី/VOA)
លោក នេត ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម នៅ​ថ្ងៃ ទី ២៤ ខែមិថុនា ឆ្នាំ ២០១៦ បា្រប់​អ្នក​សារព័ត៌មាន​នៅ​ឯ​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ អំពី​ដំណើរ​វិវត្តន៍​របស់​សំណុំ​រឿង​០០២/០២ និង​សំណង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ។ (ហ៊ុល រស្មី/VOA)

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ ធ្លាប់​បញ្ជាក់​ជា​សាធារណៈ​ និង​ជា​ច្រើន​លើក​កាលពី​ឆ្នាំ​ថ្មីៗ​ថា​ លោក​មិន​យល់ព្រម​ឲ្យ​កាត់​ទោស​សំណុំរឿង​ណា​ផ្សេង​ក្រៅ​ពី​មេដឹកនាំ​ខ្មែរក្រហម​ក្នុង​សំណុំរឿង​០០១ ​និង​០០២ ​ដែល​មាន​មេដឹកនាំ​ខ្មែរ​ក្រហម​តែ​៣​នាក់​ គឺ​ ​បងធំ​ទី២ នួន​ ជា​ ប្រមុខរដ្ឋ ខៀវ សំផន ​និ​ង មេ​គុក​ទួល​ស្លែង​ស-២១ ​កាំង ​ហ្គេក​ អ៊ាវ​ ហៅ​ ឌុច​ ​នោះ​ទេ។​

លោក​នាយក​រដ្ឋមន្ត្រី ​ក៏បាន​បញ្ជាក់​ថា​ លោក​សុខ​ចិត្ត​ឲ្យ​តុលាការ​រលាយ ប៉ុន្តែ​មិន​ចង់​បាត់បង់​សន្តិភាព​ដែល​កម្ពុជា​រក​បាន​ដោយ​លំបាក​នោះ​ទេ។

លោក​ ឡាត់​ គី​ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក ​ដែល​ឃ្លាំ​មើល​ដំណើរ​ការ​នៃ​កាត់ទោស​ខ្មែរ​ក្រហម​បង្ហាញ ការ​សោកស្ដាយ​របស់​លោក​ ​ចំពោះ​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ អ្នកស្រី​ អ៊ឹម​ ចែម។​

​«យើង​មាន​ការ​សោកស្តាយ​ ចំពោះ​ការ​លើក​លែង​ការ​ចោទប្រកាន់​ហ្នឹង​ណាស់​បាទ ពីព្រោះ​ថា​ជន​រងគ្រោះ​ភាគច្រើន​ គឺ​ស្វែង​រក​យុត្តិ​ធម៌​ ជាពិសេស​គឺ​អ្នក​ដែល​រងគ្រោះ​ នៅ​ក្នុង​តំបន់​វិសាល​ភាព​នៃ​ការ​ទទួល​ខុស​ត្រូវ​ របស់​លោក​ស្រី​ផ្ទាល់​បាទ»។

លោ​ក​ ឡាត់​ គី​ បន្ថែម​ថា​ ដើម​បណ្ដឹង​រដ្ឋប្បវេណី​ នឹង​ពិចារណា​ថា​តើ​ ត្រូវ​តវ៉ា​ចំពោះ​ការ​លើក​លែង​ការចោទ​ប្រកាន់​នេះ​ឬ​យ៉ាង​ណា​បន្ថែម​ទៀត​ ​ទោះ​បី​សហ​ចៅ​ក្រម​ស៊ើប​អង្កេតបញ្ជាក់​ថា​ ពាក្យ​សុំ​តាំងខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាំង​អស់ ​ត្រូវ​បាន​បដិសេធ​ក៏ដោយ។​

លោក​ស្នើ​ឲ្យ​សាលាក្ដី​ខ្មែរ​ក្រហម​ ផ្សព្វ​ផ្សាយ សេចក្ដី​សម្រេច​ការលើកលែង​នៃ​ការ​ចោទ​ប្រកាន់​នេះ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ឲ្យ​ដើម​បណ្ដឹងរដ្ឋប្បវេណី​ ទទួល​បាន​ព័ត៌មាន​លម្អិត គ្រប់​ជ្រុង​ជ្រោយ។

សហ​ព្រះរាជអាជ្ញា​ជាតិ​ និង​អន្តរជាតិ​ កាលពី​ពេល​កន្លង​មក​មាន​ការ​ខ្វែង​គំនិត​គ្នា​ នៅ​ក្នុង​ការ​ដាក់​ឲ្យ​ អ្នកស្រី​ អ៊ឹម​ ចែម​ ស្ថិត​នៅ​ក្រោម​យុត្តាធិការ​បុគ្គល​របស់​សាលាក្ដី​ខ្មែរ​ក្រហម។​

សហ​ព្រះរាជអាជ្ញា​ជាតិ​ បាន​សន្និដ្ឋាន​ថា​ អ្នកស្រី​ អ៊ឹម​ ចែម​ មិន​មែន​ជា​មេដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា​ប្រជាធិបតេយ្យ​ ​នោះ​ទេ។ ប៉ុន្តែ​ អ្នកស្រី​ អ៊ឹម ចែម ​ត្រូវ​សហ​ព្រះរាជ​អាជ្ញា​បរទេស​សន្និដ្ឋាន​ថា ​ដើរ​តួ​សំខាន់​ក្នុង​ការ​ចូលរួម​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ស្លាប់​មនុស្ស ​អស់​ជា​ច្រើន​ពាន់​នាក់​ ដែល​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ រួមមាន​ការ​ធ្វើ​មនុស្ស​ឃាត​ ការ​សម្លាប់​រង្គាល​ ការ​ធ្វើ​ឲ្យ​ទៅ​ជា​ទាសករ ការ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង ​ការ​ធ្វើ​ទារុណកម្ម ​នឹង​អំពើ​អមនុស្សធម៌​ផ្សេងៗ​ទៀត។

អំពើ​អមនុស្ស​ធម៌​ទាំង​នោះ​ មាន​ដូចជា​ការ​បង្ខំ​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​ ​ការ​រំលោភ​សេពសន្ថវៈ ​និង​ការ​ឃុំឃាំង​អ្នក​ដែល​គ្មាន​ទោស​ជាដើម។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្នុង​បទ​សម្ភាសន៍​ជាមួយ​ VOA​ ​ផ្ដាច់​មុខដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ពេល​កន្លង​មក អ្នកស្រី​ អ៊ឹម ចែម ​បាន​បដិសេធ​ ការចោទប្រកាន់​នានា។​

លោកស្រី​និយាយ​ថា​ បទ​ចោទ​ប្រកាន់​របស់​តុលាការ​គឺជា​រឿង​មិន​ពិត​នោះ​ទេ ​ហើយ​ថា​ គ្មាន​ហេតុផល​អ្វី​ដែល​តម្រូវឲ្យ​អ្នកស្រី​ទៅ​តតាំង​ជាមួយ​តុលាការ​ផង​ដែរ៕

XS
SM
MD
LG