ការរើសអើងខាងផ្នែកនយោបាយចំពោះស្ត្រីខ្មែរ នៅបន្តកើតមានក្នុងប្រទេសកម្ពុជា នៅគ្រាដែលគណបក្សនយោបាយ ដាក់បេក្ខជនស្ត្រីក្នុងចំនួនតិចតួចឲ្យឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំសង្កាត់ដែលកាន់តែខិតជិតមកដល់។ នេះបើតាមការបញ្ជាក់ពីសកម្មជនគណបក្សនយោបាយដែលជាស្ត្រី និងអ្នកឃ្លាំមើលការវិវឌ្ឍន៍ក្នុងសង្គមកម្ពុជា។
យោងតាមលទ្ធផលនៃការសង្កេតបេក្ខជនស្ត្រីឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលស្រាវជ្រាវដោយអង្គការសង្គមស៊ីវិលចំនួនបី រួមមានអង្គការសីលកា អង្គការខុមហ្វ្រែល និងគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៧នេះ មានបេក្ខជនស្ត្រីចំនួនសរុប ២៥.៧៨៨នាក់ ស្មើនឹង ២៧,២៦ភាគរយ នៃបេក្ខជនប្រុសស្រីសរុប ៩៤.៥៩៥ នាក់ គឺកើន ចំនួន ១,៦២ភាគរយ ធៀបនឹងឆ្នាំ ២០១២ ដែលមានចំនួនតែ ២៥,៦៤ភាគរយប៉ុណ្ណោះ។
អ្នកស្រី យ៉ែម វណ្ណណែត សកម្មជននយោបាយមកគណបក្សសង្គ្រោះជាតិ បាននិយាយនៅក្នុងសន្និសីទព័ត៌មាន ស្ដីពីស្ត្រីក្នុងវិស័យនយោបាយ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញកាលពីសប្ដាហ៍កន្លងទៅថាបុរសនៅតែបន្តចាត់ទុកថា ស្ត្រីពុំមានលទ្ធភាពកាន់ការងារនយោបាយ ក្នុងកម្រិតកំពូលនោះទេ ហើយការងារនយោបាយកម្រិតកំពូលភាគច្រើននៅស្ថិតក្រោមការគ្រប់គ្រងរបស់បុរសដដែល។
«កន្លែងដែលគាត់អង្គុយ គាត់មិនចង់ឲ្យស្ត្រីធ្វើទេ គាត់នៅគិតថា ស្ត្រីនៅទន់ខ្សោយជាងគាត់»។
អ្នកស្រី យ៉ែម វណ្ណណែត ដែលឈរឈ្មោះលេខរៀងទីបី សម្រាប់តំណែងជាក្រុមប្រឹក្សាឃុំសង្កាត់ សួង នៅក្នុងខេត្តត្បូងឃ្មុំ និយាយបន្ថែមថា៖
«ក៏ប៉ុន្តែពួកខ្ញុំ សួរទៅគាត់វិញថា ហេតុអីបានជាគិតថា ពួកខ្ញុំជាស្ត្រីធ្វើអត់បាន ចំណុចត្រង់ណាដែលគិតថា ស្ត្រីហ្នឹងធ្វើអត់បាន។ ហើយគាត់ថា ពេលដែលរៀបចំបេក្ខជនហ្នឹងគាត់ថា ពេលដែលហ្អែងធ្វើនយោបាយ ស្ត្រីមិនអាចមានចូលរួមជាមួយនយោបាយច្រើនទេ។ ហ្អែងជាប់ការងារផ្ទះ ឬក៏ហ្អែងអាចជាប់ការងារផ្សេងអីអញ្ចឹង»។
សកម្មជននយោបាយស្ត្រីមួយរូបទៀត អ្នកស្រី ចូ ណារី ដែលឈរឈ្មោះលេខរៀងទី៦ សម្រាប់ការបោះឆ្នោតធ្វើជាក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និយាយពីការរើសអើងខាងនយោបាយយ៉ាងដូច្នេះថា៖
«ខាងខ្ញុំនេះ គាត់មិនឲ្យសិទ្ធិសេរីភាពទៅដល់ស្ត្រី គាត់មានការរើសអើង គាត់ថាស្ត្រី ទើបចូលគ្មានការយល់ដឹង តែសមត្ថភាពរបស់យើងខ្ញុំ គឺមានការយល់ដឹង អ្វីដែលខ្ញុំមាន គឺខ្ញុំប្រឹងប្រែង តែគាត់មិនយល់។ អញ្ចឹងបានខ្ញុំថា សមភាពយេនឌ័រ គឺបុរសមិនឲ្យតម្លៃស្ត្រីទេ ក្នុងការធ្វើ ឈរឈ្មោះជាក្រុមប្រឹក្សាឃុំទេ»។
គណបក្សដែលមានប្រជាប្រិយភាពធំៗពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបង្កើនចំនួនបេក្ខជនស្ត្រីក្នុងបញ្ជីឈ្មោះបេក្ខជនរបស់ខ្លួន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ខាងមុខ។ គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជនស្ត្រី នៅលេខរៀងទី១ចំនួន ១៣១នាក់ ស្មើនឹង ៧,៩៦ភាគរយ គឺកើនចំនួន ៣៨នាក់ ធៀបនឹងឆ្នាំ ២០១២ ដែលមានចំនួនត្រឹមតែ៩៣នាក់ ប៉ុណ្ណោះ។
រីឯគណបក្សសង្គ្រោះជាតិ បានដាក់បេក្ខជនស្ត្រីនៅលេខរៀងទី១ ចំនួន ១០៣នាក់ ស្មើនឹង ៦,២៥ ភាគរយ គឺកើនចំនួន១៥នាក់ បើធៀបជាមធ្យមមកពីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅអាណត្តិទី ៣ ឆ្នាំ២០១២។ នេះបើតាមលទ្ធផលនៃការសង្កេតបេក្ខជនស្ត្រីឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលចេញផ្សាយជាសាធារណៈដោយក្រុមអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើការពង្រឹងសិទ្ធិស្ត្រីក្នុងវិស័យនយោបាយ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍន៍សង្គម ប្រាប់ VOA ថា មេដឹកនាំខាងនយោបាយមួយចំនួន នៅមានក្ដីបារម្ភអំពីសមត្ថភាពរបស់ស្ត្រី ដើម្បីទាក់ទាញអ្នកបោះឆ្នោត។ លោកមានប្រសាសន៍ថា មេដឹកនាំខាងនយោបាយ យល់ថា ស្ត្រីមិនក្លាហាននិងមិនហ៊ានប្រើយុទ្ធសាស្ត្រគំរាមគូរប្រជែង ដើម្បីទទួលបានជោគជ័យក្នុងការប្រកួតប្រជែង។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍន៍សង្គម មានប្រសាសន៍ថា៖
«អ្នកនយោបាយនៅខាងលើ ការរៀបចំហ្នឹងគឺ ពេលខ្លះហាក់ដូចជាមិនទាន់ផ្ដល់ទំនុកចិត្ត ឲ្យស្ត្រីថា ស្ត្រីហ្នឹងមិនអាចកាន់រឿងអីបានទេ បើប្រុសៗបានវាខ្លាំង ព្រោះឥឡូវហ្នឹងគេច្រើនតែយកអ្នកណាដែលខ្លាំងដែលក្លាហាន។ បើនៅកន្លែងខ្លះ រហូតដល់បើអ្នកហ្នឹងឯងពូកែ រឿងដើរទៅនិយាយគំរាមគេអីផង អាហ្នឹងគេយកអ្នកហ្នឹងឯងមកធ្វើឲ្យក្នុងជួរទីមួយ»។
លោកបន្ថែមថា ស្ត្រីច្រើនមានភាពស្មោះត្រង់ ដែលមិនសក្ដិសមនឹងធ្វើជាអ្នកនយោបាយឆ្លាតវៃបាន ក្នុងការបោកបញ្ឆោតម្ចាស់សន្លឹកឆ្នោត។
«ស្ត្រីភាគច្រើន ខ្ញុំមើលស្ត្រីជាមនុស្សដែលទៀងត្រង់ អញ្ចឹងអាការដែលយកមកនិយាយត្រង់ អាចអ្នកនយោបាយគិតថា ស្ត្រីហ្នឹងមិនមែនជាអ្នកនយោបាយដ៏ឆ្លាតវៃ។ អ្នកនយោបាយឆ្លាតវៃ ទាល់តែចេះកុហកខ្លះ ចេះគំរាមខ្លះ អាហ្នឹងបានឆ្លាតវៃ។ អានេះ ខ្ញុំមើលទម្រង់គឺវាចេញច្រកហ្នឹងហើយណា៎»។
ទោះជាយ៉ាងនេះក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ VOA កាលពីសប្ដាហ៍កន្លងទៅថា គណបក្សកាន់អំណាច មានគោលការណ៍បង្កើនចំនួនបេក្ខជនស្ត្រីឲ្យឈ្មោះក្នុងការបោះឆ្នោត។
លោកមានប្រសាសន៍ថា ការទទួលបានលេខរៀងខ្ពស់ ឬទាបរបស់បេក្ខជនស្ត្រី មិនអាស្រ័យលើការសម្រេចចិត្តពីបុរសដែលជាមេដឹកនាំខាងនយោបាយនោះទេ តែជាការសម្រេចតាមសន្និបាតរបស់គណបក្សនៅថ្នាក់មូលដ្ឋាន។
លោក សុខ ឥសាន បញ្ជាក់ថា ការជ្រើសរើសបេក្ខជនស្ត្រី បានធ្វើឡើង ដោយយោងតាមសមត្ថភាព និងលទ្ធភាពរបស់បេក្ខជនជាស្ត្រីដែលមានបំណងឈរឈ្មោះបោះឆ្នោត។
«យើងលើកកម្ពស់ស្ត្រី ក៏ប៉ុន្តែ យើងមិនចេះតែលើកទាំងងងឹតងងល់ទេ។ យើងត្រូវជ្រើសរើសស្ត្រីណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអាចធានារ៉ាប់រង តួនាទី ភារកិច្ចជាមេឃុំ ជាក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹង ឲ្យប្រកបដោយលទ្ធភាព ប្រកបដោយសមត្ថភាព ដើម្បីបម្រើជាតិ និងប្រជាជន ឲ្យវាគ្រប់ជ្រុងជ្រោយ ហើយបើយកអ្នកអវិជ្ជា យកអ្នកដែលមិនគ្រប់លក្ខណៈសម្បត្តិមក ចេះតែយកឲ្យតែបានចំនួនច្រើន ខ្ញុំយល់ថា វាមិនគួរគប្បីទេ ហើយគណបក្សគិតគូរបញ្ហាហ្នឹង»។
សម្រាប់មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិវិញ បរិយាកាសនយោបាយដែលស្ថិតក្នុងស្ថានភាពគំរាមកំហែង បានធ្វើឲ្យស្ត្រីងាកចេញពីឆាកនយោបាយ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់ VOA នៅថ្ងៃចន្ទនេះថា៖
«នៅប្រទេសគេ ដូចនៅប្រទេសដែលគេមានសន្តិភាព ប្រកបដោយយុត្តិធម៌ បរិយាកាសនយោបាយអំណោយផល។ គេគ្មានការគំរាមកំហែង បំភិតបំភ័យហ្នឹង គឺមានការចូលរួមច្រើនណាស់ ដូចនៅប្រទេសស៊ុយអែត នៅហ្វាំងឡង់ នៅន័រវែសហ្នឹង។ ប៉ុន្តែដោយឡែក នៅប្រទេសកម្ពុជា រឿងគំរាមកំហែង រឿងបរិយាកាសនយោបាយគាបសង្កត់ហ្នឹង គឺជាហេតុផលមួយដ៏ធំ ដែលធ្វើឲ្យស្ត្រី មិនអាចចូលរួមតាមការរំពឹងទុកបាន»។
អ្នកនាំពាក្យរូបនេះ បានបន្តថាស្ត្រីកម្ពុជា ក៏មានបន្ទុកធ្ងន់ក្នុងគ្រួសារ ដែលតម្រូវឲ្យពួកគេរំលងកិច្ចការនយោបាយហើយខិតខំរកប្រាក់ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។
លោក យឹម សុវណ្ណ មានប្រសាសន៍បន្ថែមថា គណបក្សសង្គ្រោះជាតិ ក៏បានបើកឱកាសឲ្យស្ត្រីចូលរួមឲ្យបានច្រើនក្នុងកិច្ចការនយោបាយ ទោះជាសមត្ថភាពរបស់ពួកគាត់មួយចំនួន នៅទាបជាងបុរសក្ដី។
លោកជឿថា ប្រសិនបើបរិយាកាសនយោបាយកម្ពុជា មានសុវត្ថិភាពច្រើនជាងមុន និងសេរីជាងមុន ស្ត្រីកាន់តែច្រើនឡើងនឹងឈានចូលប្រឡូកក្នុងវិស័យនយោបាយនេះ ហើយគណបក្សប្រឆាំងនឹងទទួលយករាល់ស្ត្រីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ដឹកនាំកិច្ចការនយោបាយទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួនជាង១.៦០០ ដែលជាការបោះឆ្នោតថ្នាក់ក្រោមជាតិគឺ ដើម្បីជ្រើសរើសមន្ត្រីដឹកនាំថ្នាក់មូលដ្ឋានដ៏សំខាន់ នឹងរៀបចំឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ។
គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងចំនួន១២ កំពុងរៀបចំគោលនយោបាយនិងយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីឃោសនារកសំឡេងឆ្នោតក្នុងរយៈពេល១៤ថ្ងៃមុនថ្ងៃបោះឆ្នោតដើម្បីយកជ័យជម្នះលើគូប្រជែងនយោបាយ។
ចៅសង្កាត់សាលាកំរើកក្នុងខេត្តសៀមរាប គឺលោក សាម ឡន វ័យ៦០ឆ្នាំ ដែលបានបម្រើការងារជាចៅសង្កាត់ប្រមាណ១៥ឆ្នាំមកហើយ ប្រាប់ VOA នៅថ្ងៃចន្ទនេះថា ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ នឹងអាចបើកឱកាសកាន់តែច្រើនដល់ស្ត្រី ក្នុងការដោះស្រាយបញ្ហាដែលពួកគាត់ជួបប្រទះ។
ជាបេក្ខជនមកពីគណបក្សប្រជាជនកម្ពុជាមួយរូបដែលនឹងចូលរួមប្រកួតយកតំណែងចៅសង្កាត់ បន្តទៀតនាពេលខាងមុខ លោក សាម ឡន បានស្វាគមន៍ចំពោះការឈរឈ្មោះរបស់ស្ត្រី ដើម្បីប្រកួតយកតំណែងជាមួយនឹងលោក។
លោក សាម ឡន ថ្លែងថា៖
«ព្រោះស្ត្រីគេមានឆន្ទៈមួយក្នុងការដោះស្រាយបញ្ហានៅក្នុងសង្គមបានដូចបុរសដែរ ជាពិសេសនៅក្នុងការងារស្ត្រីគ្នាគេ។ ម្យ៉ាងទៀតស្ត្រីដែលមានឆន្ទៈ ក្នុងការងារនយោបាយ ដោយឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សានេះ គឺស្ត្រីដែលមានភាពអង់អាចក្លាហាន ហើយហ៊ានលះបង់ការងារនៅក្នុងគ្រួសារ ហើយចូលរួមនៅក្នុងកិច្ចការងារនយោបាយ ដើម្បីបម្រើឲ្យការងារនៅក្នុងសង្គមកាន់តែប្រសើរឡើង»។
ទោះយ៉ាងណា លោកចៅសង្កាត់ថា លោកនឹងបន្តឈ្នះការបោះឆ្នោតនៅក្នុងអាណត្តិទីបួននេះ។ សម្រាប់អាណត្តិក្រោយ ប្រសិនបើលោកចាញ់ លោកអះអាងថា លោកនឹងទទួលយកបរាជ័យនោះ។
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើការពង្រឹងសិទ្ធិស្ត្រីក្នុងវិស័យនយោបាយនិយាយថា គណបក្សធំៗទាំងពីរនេះ ទំនងជាបារម្ភថា ខ្លួននឹងចាញ់ការបោះឆ្នោតបើដាក់ស្ត្រីច្រើនឲ្យឈរឈ្មោះ។ ក៏ប៉ុន្តែ ពួកគេសង្កត់ធ្ងន់ថា ការបារម្ភបែបនេះ អាចជាការយល់ខុសដោយសារតាមការស្ទាបស្ទង់មតិ យុវជនភាគច្រើនដែលជាម្ចាស់ឆ្នោត ពេញចិត្តបេក្ខជនស្ត្រីជាងបុរស។
ពួកគេក៏សម្រែងក្ដីបារម្ភផងដែរថា កម្ពុជាក៏នឹងបរាជ័យក្នុងការសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព (Sustainable Development Goals) របស់អង្គការសហប្រជាជាតិ ដែលបានកំណត់ឱ្យស្ត្រីត្រូវចូលរួមឲ្យបាន៥០ភាគរយ ក្នុងការដឹកនាំក្នុងកិច្ចការនយោបាយ នៅត្រឹមឆ្នាំ២០៣០ខាងមុខ៕