ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេធាវី​មាជ​ សុវណ្ណារ៉ា​សុំ​បញ្ចូល​លោក​ញ៉យ ចំរើន​និង​ចេញ​សាលក្រម​កំបាំងមុខ

  • ម៉ែន គឹមសេង
  • សុខ ខេមរា

លោក​មាជ សុវណ្ណារ៉ា (ឆ្វេង) ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​ញ៉យ ចំរើន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រុម​មេធាវី​អាមេរិកាំង​របស់​លោក​មាជ សុវណ្ណារ៉ា​ គ្រោង​នឹង​ស្នើ​សុំ​ឱ្យ​ចៅក្រម​ចេញ​សាលក្រម​កំបាំង​មុខ​សម្រេច​ឈ្នះ​រាជរដ្ឋាភិបាល​កម្ពុជា ​ដោយ​សារ​តែ​ភាគី​ចុងចោទ​អវត្តមាន​ និង​មិន​បាន​ចូល​មក​ការពារ​ខ្លួន។

នៅក្នុង​សវនាការ​ដែល​គ្រោង​នឹង​ធ្វើ​នៅថ្ងៃ​ទី​៦ ខែ​កុម្ភៈ​ខាងមុខ​នេះ​ នៅ​ក្នុង​រដ្ឋ​កាលីហ្វញ៉ា​ ក្រុមមេធាវី​ក៏​នឹង​ស្នើ​បញ្ចូល​ឈ្មោះ​លោក​ញ៉យ​ ចំរើន​ ដែល​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​ទៀត​ទៅ​ក្នុង​បណ្តឹង ​រួមគ្នា​ជាមួយ​នឹង​លោក​មាជ សុវណ្ណារ៉ា​ និង​ភរិយា​ប្រឆាំង​នឹង​លោក​ឧត្តមសេនីយ៍​ហ៊ុន ម៉ាណែត ​និង​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។

លោកអ៊ុច បូ ​សមាជិក​ក្រុម​មេធាវី​ដើម​បណ្តឹង​នេះ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ចំណុច​យើង​ដាក់​ពាក្យ​ស្នើ​សុំ​ ទីមួយ​ គឺ​យើង​ដាក់​ឯកឧត្តម​ ញ៉យ ចំរើន ​ចូល​ជា​អ្នក​ដើម​បណ្តឹង​ដែរ។ ហើយ​ទីពីរ​ ពួក​យើង​ស្នើសុំ​ឱ្យ​ពួក​យើង​ឈ្នះ​ជា​ស្វ័យប្រវត្តិ​ដោយសារ​ពីមុន​មក​ដោយសារ​ចុងចោទ​ទីពីរ​ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​អវត្តមាន‍»។

ក្រុមគ្រួសារ​លោកមាជ សុវណ្ណារ៉ា ​ដែល​មាន​រូប​លោក​ផ្ទាល់​ ប្រពន្ធ​ឈ្មោះ​ជេមី មាជ ​និង​កូនស្រី​ចំនួន​បីនាក់​ បាន​ដាក់​ពាក្យ​បណ្តឹង​កាលពីថ្ងៃ​ទី៨ ខែមេសា​ ឆ្នាំ២០១៦ ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​និង​លោក​ឧត្តម​សេនីយ៍​ហ៊ុន ម៉ាណែត​ ពី​បទ​ល្មើស​ចំនួន​៧ ​ក្នុង​នោះ​រួមមាន​ការ​ធ្វើ​ទារុណកម្ម ​អំពើ​ភេរវកម្ម​អន្តរជាតិ ​ការ​វាយ​ធ្វើបាប​ និង​ការ​ឃុំឃាំង​ដោយ​ខុស​ច្បាប់​ជាដើម។

រូបឯកសារ៖ អ្នកស្រី Jamie Meach ភរិយា​របស់​លោក មាជ សុវណ្ណារ៉ា កំពុង​ផ្តល់​បទ​សម្ភាសន៍​ឲ្យ VOA នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៥។ (ម៉ែន គឹមសេង/VOA)
រូបឯកសារ៖ អ្នកស្រី Jamie Meach ភរិយា​របស់​លោក មាជ សុវណ្ណារ៉ា កំពុង​ផ្តល់​បទ​សម្ភាសន៍​ឲ្យ VOA នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៥។ (ម៉ែន គឹមសេង/VOA)

រដ្ឋាភិបាល​កម្ពុជា​ដែល​តំណាង​ដោយ​លោក​ប្រាក់ ​សុខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​បាន​ទទួល​លិខិត​របស់​ដើមបណ្តឹង​កាលពីថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៦ ប៉ុន្តែ​មិន​បាន​ចាត់​តំណាង​មក​ការពារ​ខ្លួន​ក្នុង​រយៈពេល​៣០ថ្ងៃ​ដែល​ច្បាប់​បាន​កំណត់​ទេ។

នៅពេល​ដែល​វីអូអេ​បាន​ព្យាយាម​ទាក់​ទង​សុំ​អត្ថាធិប្បាយ​ពី​ស្ថានទូត​កម្ពុជា​លោក​ជុំ ប៊ុនរ៉ុង ​ឯកអគ្គរដ្ឋ​ទូត​កម្ពុជា​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​បង្វែរ​សំណួរ​ទៅ​ស្ថានកុងស៊ុល​កិត្តិយស​នៅ​ទីក្រុង​ឡុងប៊ិច។ នៅពេល​ដែល​វីអូអេ​ ទាក់​ទង​ទៅ​លោក​ហួត គឹមឆា ​អគ្គកុងស៊ុល​កិត្តិយស​ប្រចាំទី​ក្រុង​ឡុងប៊ិច​ លោក​បាន​បង្វែរ​សំណួរ​នេះ​ទៅ​មេធាវី​របស់​លោក​ឧត្តមសេនីយ៍​ហ៊ុន​ ម៉ាណែត។

នៅពេល​ដែល​វីអូអេ​ព្យាយាម​ទាក់ទង​មេធាវី​លោក​ហ៊ុន ម៉ាណែត ​តាម​ទូរស័ព្ទ ​និង​អ៊ីម៉េល​ពី​សំណុំរឿង​លោក​ហ៊ុន ម៉ាណែត​ និង​រដ្ឋាភិបាល​កម្ពុជា​នេះ​លោក​ចន ភឺសែល​ដែល​ជាមេធាវី​មិន​បាន​ឆ្លើយតប​វិញ​ទេ។

លោក​អ៊ុច បូ ​យល់​ថា ​ការ​រក្សា​ភាព​ស្ងៀមស្ងាត់​របស់​រដ្ឋាភិបាល​កម្ពុជា​ដោយ​សារ​តែ​សវនាការ​នេះ​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ឆ្លើយ​នឹង​សំណួរ​ដ៏ពិបាក​ៗ​ជាច្រើន​នៅពេល​សវនាការ។​

«ខ្ញុំ​ជឿជាក់​ថា​ឯកឧត្តម​ប្រាក់ ​សុខុន ​ហើយ​នឹង​ជាពិសេស​អគ្គតេជោហ៊ុន សែន ​ដែល​ពួកគាត់​កាន់​អំណាច​យូរ​ហើយ​ ហើយ​ពួកគាត់​មាន​បញ្ញា​ខ្ញុំ​ជឿថា​ គាត់​បាន​សួរ​ហើយ​បាន​ពិគ្រោះ​ជា​ល្អិតល្អន់​ផង​ជាមួយ​មេធាវី​ល្បីៗ​ក្នុង​ពិភពលោក ​ហើយ​គេ​ប្រហែល​ជា​ជូន​ឱវាទ​ទៅគាត់​ថា​ ត្រូវ​ធ្វើ​ម៉េច​ធ្វើ​យ៉ាងម៉េច​ ហើយ​មិនមែន​ពួកគាត់​ព្រងើយ​កន្តើយ​ទេ។ ខ្ញុំ​ជឿ​អីចឹង បាន​ជា​គេ​អវត្តមាន​ដោយ​គេ​មាន​មូលហេតុ​របស់​គេ‍»។

លោក​ញ៉យ ចំរើន​ ដែល​ជា​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អ្នក​តំណាងរាស្ត្រ​គង់ សភា ​បាន​រង​ការវាយ​ដំ​ច្រំ​ធាក់​យ៉ាង​ឃោរឃៅ​ដោយ​ក្រុម​បាតុករ​ដែល​ចូលរួម​ដោយ​អង្គរក្ស​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​កាលពី​ខែតុលា ​ឆ្នាំ​២០១៥​នៅ​ក្បែរ​មន្ទីរ​រដ្ឋ​សភា​ជាតិ​កម្ពុជា។

លោក​ ម័រតុន សក្លា ​និង​លោក​ណាហ្សារ៉េត ​ហេយស្បឺក ​មេធាវីដើម​បណ្តឹង​បាន​ផ្តល់​ហេតុផល​ថា ​ការ​បញ្ចូល​លោក​ញ៉យ ចំរើន ​នៅក្នុង​សំណុំរឿង​នេះ​នឹង​ជួយ​ពង្រឹង​ការ​គាំទ្រ​ដល់​ការចោទ​ប្រកាន់​ និង​ផ្តល់​មូលដ្ឋាន​ច្បាប់ និង​ភស្តុតាង​បន្ថែម​ទៀត​ប្រឆាំង​នឹង​ចុង​ចម្លើយ​ពាក់​ព័ន្ធ​នឹង​«អំពើ​ភេរវកម្ម​អន្តរជាតិ‍»។ នេះ​បើ​តាម​ញត្តិ​ដាក់​ជូន​តុលាការ​ដែល​វីអូអេ​ ទទួល​បាន​ពី​គេហទំព័រ​របស់​តុលាការ។

អ្នកស្រី​ជេមី មាជ ​ដើម​បណ្តឹង​រដ្ឋប្បវេណី​សម្តែង​ការ​រីករាយ ដែល​បាន​លោកញ៉យ ចំរើន ​ចូលរួម​ជាដើម​បណ្តឹង។​

«រឿង​ដាក់​ពាក្យ​បណ្តឹង​ដែល​ថា​ ឱ្យ​លោកញ៉យ ចំរើន ​ចូល​ជា​ដើម​បណ្តឹង​ជាមួយ​គឺ​ខ្ញុំ​រីករាយ​ហើយ​នឹង​សប្បាយ​ចិត្ត​ នៅពេល​ដែល​គាត់​ស្ម័គ្រ​ចិត្ត​ចូលរួម​ជាមួយ​នឹង​ពួក​យើង‍»។

អ្នកស្រី​ជេមី បញ្ជាក់​ថា​ អ្នកស្រី​ចង់​ឱ្យ​សំណុំរឿង​នេះ​ចប់​លឿន​ដែរ​ ហើយ​សង្ឃឹម​ថា​ ដំណើរការ​សំណុំ​រឿង​ហ្នឹង​អត់​លើស​ពី​២ឆ្នាំ​ទេ ហើយ​ក្រៅ​ពី​សំណង​នានា​ដែល​មាន​នៅក្នុង​បណ្តឹង​រដ្ឋប្បវេណី​នេះ​ អ្នកស្រី​ក៏ចង់​ឱ្យ​ដោះលែង​ស្វាមី​មក​វិញ។

«យើង​សង្ឃឹម​ថា​ នឹង​ដំណើរការ​សំណុំរឿង​នេះ​ឱ្យ​ចប់​បាន​លឿន ​ហើយ​អ្វី​ដែល​យើង​ចង់​បាន​គឺ​ចង់​បាន​ឱ្យ​អ្នក​ដែល​នៅ​ជាប់​ពន្ធនាគារ និង​គ្រួសារ​របស់​ខ្ញុំ ​ហើយនឹង​ស្រុក​ខ្មែរ​មាន​សេរីភាព​ មាន​សិទ្ធិ​ច្បាប់​ត្រឹមត្រូវ​ កុំ​ឱ្យ​ថា​ដោះ​ហើយ​ចាប់វិញ​ ដោះ​ហើយ​ចាប់វិញ។ យើង​អត់​ចង់បាន​អីចឹង​ទេ‍»។

រូបឯកសារ៖ លោក ញ៉យ ចំរើន​ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិមណ្ឌល​កំពង់ចាម​ទទួល​ញត្តិ​ប្រជាពលរដ្ឋអ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​នៅទីស្នាក់ការ​កណ្ដាល​បក្ស​នៅ​ទី​ក្រុង​ភ្នំពេញនៅ​ថ្ងៃ​ច័ន្ទ​ ទី​៣០ ខែ​ឧសភា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក ញ៉យ ចំរើន​ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិមណ្ឌល​កំពង់ចាម​ទទួល​ញត្តិ​ប្រជាពលរដ្ឋអ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​នៅទីស្នាក់ការ​កណ្ដាល​បក្ស​នៅ​ទី​ក្រុង​ភ្នំពេញនៅ​ថ្ងៃ​ច័ន្ទ​ ទី​៣០ ខែ​ឧសភា ឆ្នាំ២០១៦។

លោក​ញ៉យ ចំរើន បាន​មកដល់​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ចុងសប្តាហ៍​មុន​ ដើម្បី​ជួប​ជាមួយ​នឹង​មេធាវី​របស់​លោក ​ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​ការ​ចូលរួម​សវនាការ​នៅថ្ងៃ​ទី៦ ខែ​កុម្ភៈ​ខាងមុខ។

លោក​បញ្ជាក់​ថា ​ក្តី​សង្ឃឹម​ថា​នឹង​ទទួល​បាន​យុត្តិធម៌​តាមរយៈ​តុលាការ​ក្នុង​ទីក្រុង​ភ្នំពេញ​គឺ​ហាក់​នៅឆ្ងាយ។

«យើង​ឃើញ​ហើយ​លទ្ធផល​តុលាការ​ខ្មែរ​ហ្នឹង​មាន​ស្តង់ដា​ពីរ ​ហើយ​គ្រាន់តែ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្ស​ប្រឆាំង​យើង​ហ្នឹង​គ្រាន់តែ​សម្តែង​មតិ​ដូច​មាជ សុវណ្ណារ៉ា ​សម្តែង​មតិ​ប៉ុន្មាន​នាទី​ហ្នឹង​កាត់​ទោស​គាត់​ឱ្យ​ជាប់​គុក​២០ឆ្នាំ​ ប៉ុន្តែ​ចំណែក​អ្នក​វាយ​ដល់​តំណាងរាស្ត្រ​ទៀត​ ហើយ​វាយ​កណ្តាល​ថ្ងៃត្រង់​ជា​អង្គរក្ស​នាយក​រដ្ឋមន្ត្រី​ទៀត​គេ​កាត់ទោស​បួនឆ្នាំ ​ប៉ុន្តែ​ជាប់​ទោស​តែ​មួយ​ឆ្នាំ​ទេ​ ហើយ​ក្រោយពី​ចេញ​ពី​ពន្ធនាគារ​ ស្រាប់​តែ​ឡើង​ឋានៈ​តែ​ម្តង។ ចឹង​គឺថា​អយុត្តិធម៌ ​ហើយ​ម្យ៉ាងទៀត​អយុត្តិធម៌​ច្រើន​ណាស់ ​ស្រុក​ខ្មែរ​ដូច​រំលោភ​ដីធ្លី​យក​ដីធ្លី​គ្នា​ ហើយ​ចាប់​ដាក់​គុក​គឺថា​អយុត្តិធម៌។ ចឹង​មក​ប្តឹង​សហរដ្ឋ​អាមេរិក​នេះ​ គឺ​ថា​ចង់​ឃើញ​ពន្លឺយុត្តិធម៌‍»។

​ក្រុម​មេធាវី​ដើម​បណ្តឹង​រៀបរាប់​ថា ការ​ដែល​លោក​ញ៉យ ចំរើន សម្រេច​ដាក់​បណ្តឹង​រួមគ្នា​នេះ​មាន​ផលប្រយោជន៍​ច្រើន​ដោយ​សារ ​ទី១​លោក​អាច​ពិបាក​ប្រគល់​ដីការ​កោះ​ទៅ​ជនចុង​ចម្លើយ​ ដែល​ពេល​នេះ​ដឹង​ខ្លួន ​ហើយ​នឹង​ប្រហែល​ជាមិន​នៅចាំ​ទទួល​ដីកា​កោះថ្មី​ទេ​ ទី២ ​សន្សំ​ថវិកា ​ទី៣ កុំ​ឱ្យ​មតិ​មហាជន​មើល​ឃើញ​ថា ​ជនរងគ្រោះ​បែកបាក់​គ្នា។

លោក​អ៊ុច បូ​ សមាជិក​ក្រុម​មេធាវី​យល់​ថា​ នៅក្នុង​សវនាការ​ខាង​មុខ​នេះ​ ចៅក្រម​នឹង​យល់​ព្រម​តាម​សំណើ​របស់​ដើម​បណ្តឹង​ក្នុង​ការ​បញ្ចូល​លោក​ញ៉យ ចំរើន​ ព្រោះ​វា​ជា​សិទ្ធិ​តាម​នីតិវិធី​របស់​តុលាការ​ ដែល​អាចធ្វើ​បាន​តែម្តង​ក្នុង​បណ្តឹង​មួយ។

លោកញ៉យ ចំរើន ​បញ្ជាក់​ថា​ លោក​នឹង​រក្សា​បណ្តឹង​នេះ​រហូត​ដល់​ទី​បញ្ចប់​ហើយ​នឹង​មិន​ដកថយ​ដោយសារ​សម្ពាធ​នយោបាយ​អ្វី​ទេ។

«ខ្ញុំ​អត់​មាន​គម្រោង​ក្នុង​ការ​ដក​ពាក្យ​បណ្តឹង​ទេ ​ហើយ​ការ​ប្តឹង​នេះ​ គឺ​ប្តឹង​ក្នុង​នាម​ឯកជន​របស់​ខ្ញុំ​ផ្ទាល់ ​ក្នុង​នាម​ខ្ញុំ​ជាខ្មែរ​អាមេរិកាំង​ដែល​ខ្ញុំ​ប្តឹង។ អីចឹង​អត់​មាន​ពាក់​ព័ន្ធ​នឹង​គណបក្ស​ អត់​មាន​ប្តឹង​ក្នុង​នាម​គណបក្ស​ទេ‍»។​

នៅក្នុង​ហេតុ​ការណ៍​ដោយ​ឡែក​មួយ​ទៀត​ចៅក្រម​ Jaqueline Chooljian ​ក៏​បាន​កំណត់​យក​ថ្ងៃទី​៣១​ ខែ​មករា ​ដើម្បី​បើក​សវនាការ​លើ​ការ​ទាមទារ​របស់​ភាគី​លោក​មាជ សុវណ្ណារ៉ា​ និង​ភរិយា​ ឱ្យ​អង្គភាព​ប៉ូលិស​ប្រចាំ​ទីក្រុង​ឡុងប៊ិច​ ប្រគល់​វីដេអូ​ពី​ហេតុការណ៍​ហិង្សា​នៅ​ភោជនីយដ្ឋាន​ឡាលូន ក្នុង​ពេល​លោក​ហ៊ុន ម៉ាណែត ចូលរួម​ពិធី​ជប់លៀង​នៅ​ទី​នោះ។

វីដេអូ​នេះ​នឹង​បន្ថែម​ភស្តុតាងដាក់​បន្ទុក​ដល់​បណ្តឹង​ប្រឆាំង​នឹង​លោក​ឧត្តមសេនីយ៍​ហ៊ុន ម៉ាណែត​ និង​រាជ​រដ្ឋាភិបាល​កម្ពុជា។ នេះ​បើ​តាម​ញត្តិ​របស់​ក្រុម​មេធាវី​ដែល​វីអូអេ​ទទួល​បាន៕

រាយការណ៍​បន្ថែម​ដោយ​លោក​សុខ ខេមរា

XS
SM
MD
LG