ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រេង​ក្លាយ​ជា​គន្លឹះ​នៃ​ជម្លោះ​អធិបតេយ្យ​ភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

  • Ralph Jennings

រូប​ឯកសារ៖ នាវា​យាម​ត្បាត​របស់​ចិន​នៅ​ក្បែរ​តំបន់​រុករក​ប្រេង​ Haiyang Shi You 981 នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ២១០ គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​វៀតណាម កាលពី​ថ្ងៃ​ទី១៤ ខែ​ឧសភា ឆ្នាំ២០១៤។

ក្រុម​អ្នក​វិភាគ​ដែល​តាម​ដាន​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​បាន​លើក​ឡើង​ថា​បញ្ហា​អធិបតេយ្យភាព​ជាតិ​គឺ​ជា​ហេតុផល​ចម្បង​ដែល​ប្រទេស​នានា​រុករក​ប្រេង​និង​ឧស្ម័ន។

ការ​រុករក​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​កត្តា​មួយ​ដែល​ជំរុញ​ឲ្យ​មាន​ជម្លោះ​អះអាង​ដណ្តើម​យក​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​នឹង​បណ្តា​ប្រទេស​ជាច្រើន​នៅ​ក្នុង​តំបន់​ពឹង​ផ្អែក​ច្រើន​ទៅ​លើ​ការ​នាំចូល​ប្រេង​ឥន្ធនៈ​នាពេល​បច្ចុប្បន្ន។ ប៉ុន្ដែ​គ្មាន​ប្រទេស​ណាមួយ​បាន​ទាញ​យក​ប្រេង​រឬ​ឧស្ម័ន​នៅ​ក្នុង​តំបន់​សមុទ្រ​ដែល​មាន​ទំហំ​៣.៥លាន​គីឡូម៉ែត្រ​ក្រឡា​ដែល​លាត​សន្ធឹង​ពី​តៃវ៉ាន់​ទៅ​ប្រទេស​សិង្ហបុរី ​បើ​ទោះ​បី​ជា មាន​ការ​រំពឹង​ទុក​តាំង​ពី​ឆ្នាំ​១៩៧០​នោះ​ក៏ដោយ ។

ក្រុម​អ្នក​វិភាគ​ដែល​តាម​ដាន​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​បាន​លើក​ឡើង​ថា​បញ្ហា​អធិបតេយ្យភាព​ជាតិ​គឺ​ជា​ហេតុផល​ចម្បង​ដែល​ប្រទេស​នានា​រុករក​ប្រេង​និង​ឧស្ម័ន។ ប្រទេស​ព្រុយណេ​ ចិន​ ម៉ាឡេស៊ី ​និង​ ប្រទេស​វៀតណាម​ ធ្វើ​ការ​រុករក​រ៉ែ​ដោយ​ខ្លួន​ឯង។ រដ្ឋាភិបាល​ហ្វីលីពីន​ បាន​ទទួល​យក​ការ​ដេញ​ថ្លៃ​រុករក​ប្រេង​នៅ​ក្នុង​ឆ្នាំ​ ២០១៤​ពី​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន។

លោក ​Fabrizio Bozzato​ អ្នក​ស្រាវជ្រាវ​ឯកទេស​ខាង​កិច្ចការ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Tamkang នៅ​កោះ​តៃវ៉ាន់​បាន​ថ្លែងថា៖

«សមុទ្រ​ចិន​ខាងត្បូង​មិនមែន​ជា​អារ៉ាប៊ីសាអូឌីត​ វា​មិនមែន​ជា​ប្រទេស​អ៊ីរ៉ាក់​ ហើយ​វា​មិនមែន​តំបន់​មជ្ឈិម​បូព៌ា​នោះ​ទេ។ គោល​បំណង​សំខាន់​នៃ​ការ​ទាមទារ​ដើម្បី​ឱ្យ​ក្លាយ​ជា​ម្ចាស់​តំបន់​នោះ​ គឺ​មិនមែន​ដោយសារ​តែ​ពួក​គេ​ចង់​ចូល​យក​ប្រេង​និង​ឧស្ម័ន​នៅ​ក្នុង​តំបន់​នេះ​នោះ​ទេ។ ការ​អភិវឌ្ឍ​ធនធាន​អ៊ីដ្រូកាបូន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នឹង​ក្លាយ​ជា​វិធី​មួយ​ដើម្បី​កំណត់​ដែន​បូរណភាព​ទឹកដី​»។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ហ្វីលីពីន​បាន​ឲ្យ​ដឹង​ថា ការ​រុករក​ប្រេង​ឥន្ធនៈ​ផូស៊ីល​ធ្វើ​ឡើង​កាលពី​ខែ​តុលា​នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ម៉ានីល​និង​រដ្ឋាភិបាល​ក្រុងប៉េកាំង​ចាប់​ផ្តើម​ពិភាក្សា​ទៅ​លើ​ការ​រុករក​ប្រេង​រួមគ្នា។ កិច្ច​ពិភាក្សា​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​កសាង​ឡើងវិញ​នូវ​ទំនាក់ទំនង​ដែល​ត្រូវ​បាន​អាប់អួ​ចាប់តាំង​ពី​ឆ្នាំ​ ២០១២​ នៅ​ពេល​ដែល​នាវា​នៃភាគី​ទាំង​ពីរ​បាន​ជាប់គាំង​នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តំបន់​ Scarborough Shoal ​នៅ​ភាគខាង​លិច​នៃ​កោះ​Luzon។

សម្រាប់​ភាគី​តៃវ៉ាន់​វិញ​ដែល​បាន​ទាមទារ​ផ្នែក​ភាគ​ច្រើន​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ថា​ជា​របស់​ខ្លួន​ដែរ​នោះ​ អតីត​ប្រធានាធិបតី​បាន​ស្នើ​ការ​រុករក​ធនធាន​រួម​គ្នា​ជាមួយ​នឹង​គូ​ប្រជែង​ទាមទារ​នានា​ផងដែរ។

ប៉ុន្តែ​សកម្មភាព​នៃ​ការ​រុករក​ប្រេង​និង​ឧស្ម័ន​នេះ​បាន​បង្ហាញ​សញ្ញា​នៃ​ការ​ត្រួតត្រា​លើ​មួយ​ផ្នែក​នៃ​សមុទ្រ​មួយ​ដែល​ត្រូវ​បាន​ខួង​រក​រ៉ែ នេះ​បើ​យោង​តាម​ក្រុម​អ្នក​វិភាគ​ដែល​បាន​ថ្លែង​ដោយ​ផ្អែក​លើ​ជម្លោះ​ជា​បន្ត​បន្ទាប់។

នៅ​ពេល​ដែល​ប្រទេស​ហ្វីលីពីន​រក​ឃើញ​ឧស្ម័ន​នៅ​កោះ Palawan ​ កាលពី​ឆ្នាំ ​១៩៧៦ ប្រទេស​ចិន​បាន​ប្តឹង​និង​បាន​ធ្វើឲ្យ​គម្រោង​នេះ​ជាប់​គាំង។ ការ​ដាក់​ទីតាំង​ស្ថានីយ៍​ខួង​ប្រេង​នៅ​ឈូង​សមុទ្រ​មួយ​របស់​ចិន​នៅ​ក្នុង​ឆ្នាំ​២០១៤​បាន​នាំឱ្យ​មាន​ឧបទ្ទវហេតុ​ទូក​បុក​ជាមួយ​ទូក​មក​ពី​ប្រទេស​វៀតណាម និង​បាន​បណ្តាល​ឲ្យ​ផ្ទុះ​ឡើង​នូវ​កុបកម្ម​ប្រឆាំង​នឹង​ចិន​ដែល​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់​បាត់​បង់​ជីវិត។ វៀតណាម​បាន​តវ៉ា​ជា​ផ្លូវការ​ទៅ​លើ​ការដ្ឋាន​ខួង​ឧស្ម័ន​របស់​ចិន​មួយ​ទៀត​កាលពី​ខែ​មេសា​ឆ្នាំ​២០១៦នេះ។

លោក​ Carl Baker​ នាយក​កម្ម​វិធីវេទិកា​ប៉ាស៊ីហ្វិក​នៃ​មជ្ឈមណ្ឌល CSIS ​នៅ​ទីក្រុង​ Honolulu​បាន​ថ្លែង​ថា ការ​រុករក​រ៉ែ​រួម​គ្នា​នឹង​បញ្ជាក់​អំពី​សម្បទាន​អធិបតេយ្យភាព​មួយ។

«ប្រហែល​ជា​មាន​ការ​លើកទឹកចិត្ត​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ប្រទេស​ទាំងនេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​អាចធ្វើ​ការរួមគ្នា​និង​ព្យាយាម​រុករក​រ៉ែ ពីព្រោះ​វា​លំបាក​ខ្លាំងណាស់​ដើម្បី​ឲ្យ​ប្រទេស​ទាំង​នោះ​ព្រម​ព្រៀង​គ្នា​បាន ដោយសារ​តែ​វា​តម្រូវ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​សិទ្ធិ​ក្នុង​ការ​ទាញ​យក​ធនធាន​ទាំងនោះ​ ដែល​មាន​ន័យ​ថា​ពួក​គេ​ត្រូវ​បោះបង់​ចោល​អធិបតេយ្យ​ភាព​មួយ​ចំនួន។ សម្រាប់​ប្រទេស​ចិន​នេះ ការ​ធ្វើ​បែប​នេះ​គឺ​ជា​ការ​លំបាក​ខ្លាំង​ណាស់​ ហើយ​សម្រាប់​ប្រទេស​ហ្វីលីពីន​ និង​ប្រទេស​វៀតណាម​វិញ ពួក​គេ​បាន​មើល​ឃើញ​ថា​ ការ​ធ្វើ​បែប​នេះ​នឹង​បង្កើត​ឱ្យ​មាន​បញ្ហា​នៅ​ក្នុង​ស្រុក​ផង​ដែរ»។

ប្រទេស​ហ្វីលីពីន​បាន​ចាប់​ផ្តើមរុករក​ប្រេង​នៅ​ភាគ​ខាង​លិច​នៃ​កោះ Palawan នៅ​តំបន់ Reed​ Bank​ កាល​ពី​ជាង​ ៤០ ​ឆ្នាំ​មុន។ នៅ​ឆ្នាំ​១៩៨៤​ក្រុមហ៊ុន​ហ្វីលីពីន​ មួយ​បាន​រក​ឃើញ​កន្លែង​ដែល​មាន​ប្រេង​នៅ​តំបន់​ដូចគ្នា​ហើយ​វា​ផ្តល់​ប្រេង​ចំនួន​១៥% ​នៃ​ការ​ប្រើប្រាស់​ប្រេង​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

ទី​ភ្នាក់ងារ​ព័ត៌មាន​ថាមពល​របស់​សហរដ្ឋអាមេរិក​ ឬ US Energy Information Agency បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា ​មាន​ប្រេង​ប្រមាណ​១១ពាន់​លាន​បារ៉ែល​និង​ឧស្ម័ន​ធម្មជាតិ​ប្រមាណ​៥.៣លាន​លាន​ម៉ែត្រ​គូប​នៅ​បាត​សមុទ្រ។ ភាគ​ច្រើន​នៃ​រ៉ែ​ទាំង​នោះ​ស្ថិត​នៅ​តំបន់​ជាប់​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ទាមទារ​កម្ម​សិទ្ធិ​នៅ​ក្នុង​ដែន​សមុទ្រ​ ដែល​មិនមាន​ជម្លោះ។ លោក​ Baker​ បាន​ឱ្យ​ដឹង​ថា​ភាគ​ច្រើន​នៃ​ថាមពល​ដែល​មាន​សក្តានុពល​នោះ​មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​នៅ​ឡើយ​នោះ​ទេ។

ទី​ភ្នាក់ងារ​ព័ត៌មាន​ថាមពល​របស់​សហរដ្ឋអាមេរិក​U.S. Engergy Information បាន​ប៉ាន់​ស្មាន​ថា ​ប្រទេស​អារ៉ាប៊ីសាអូឌីត ​មាន​ប្រេង​ប្រមាណ ​២៦៨​ពាន់​លាន​បារ៉ែល ហើយ​ប្រទេស​អ៊ីរ៉ាក់ ​មាន​ប្រមាណ១៤៤ ​ពាន់​លាន​បារ៉ែល។ ប្រទេស​រុស្ស៊ី​ នាំ​មុខ​គេ​នៅ​ក្នុង​ពិភពលោក​ផ្នែក​ឧស្ម័ន​ធម្មជាតិ​គឺ​មាន​ប្រមាណ​ជាង១៤០លាន​លាន​ម៉ែត្រ​គូប​។

ក្រុម​អ្នក​វិភាគ​បាន​បន្ថែម​ថា​ ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​ និង​ការ​ចំណាយ​ក្នុង​ការ​ទាញ​យក​រ៉ែ​ប្រេង​ឥន្ធនៈ​ពី​ក្រោម​បាត​សមុទ្រ​ គឺ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​តម្លៃ​នៃ​ការ​នាំចេញ​ពី​ការ​រក​ឃើញ​នៅ​បាត​សមុទ្រ​មាន​កំណត់។ លោក ​Oh Ei Sun ​គ្រូ​បង្រៀន​ជំនាញ​សិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ Singapore Nanyang Universityបាន​ថ្លែង​ថា​ ប្រទេស​ម៉ាឡេស៊ី​ដែល​ជា​ប្រទេស​ទាមទារ​ភាព​ជា​ដែន​សមុទ្រ​ទាំង​នោះ​ គឺ​ជា​ប្រទេស​ដែល​មាន​ឥន្ធនៈ​ផូស៊ីល​ច្រើន​បំផុត​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ ​តំបន់​មួយ​ចំនួនក្នុង​ប្រទេស​នេះ​កំពុង​ត្រូវ​បាន​គេ​រុករក​រ៉ែ។​ ប្រទេស​ម៉ាឡេស៊ី​មាន​ប្រេង​ប្រមាណ​ ៥ពាន់​លាន​បារ៉ែលនិង មាន​ឧស្ម័ន​ធម្ម​ជាតិ​ប្រមាណជាង​២ពាន់លានលាន​ម៉ែត្រ​គូប។

លោក​ Oh បាន​ថ្លែង​ថា៖​

«បើ​ទោះ​បី​ជា​អ្នក​រក​ឃើញ​ប្រភព​ថ្មី​នៃ​ប្រេង​និង​ឧស្ម័ន​ អ្នក​នឹង​នៅ​តែ​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ទៅ​លើ​ឧបករណ៍​និង​ធនធាន​ផ្សេង​ទៀត​ដើម្បី​រុករក​រ៉ែ​ទាំង​នោះ​ ដូច្នេះ​បញ្ហា​បន្ទាន់​នា​ពេល​នេះ គឺ​ការ​ទាមទារ​ឲ្យ​រក​ប្រភព​ថ្មី​នៃ​ប្រេង​និង​ឧស្ម័ន​ទៅវិញ​ទេ ហើយ​ខ្ញុំគិត​ថា​ប្រភព​ថ្មី​នោះ​មាន​មិន​ច្រើន​នោះ​ទេ»។

ប្រែ​សម្រួល​ដោយ​ ផន​ បុប្ផា

XS
SM
MD
LG