\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​ប្រឆាំង​អះអាង​ថា​នឹង​ចូលរួម​ប្រជុំ​សភា ដើម្បី​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៧


រូបឯកសារ៖ គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សន្និសីទ​សារព័ត៌មាន​បកស្រាយ​ពី​មូលហេតុ​ដែល​គណបក្ស​នេះ​សម្រេច​មិន​ចូល​ប្រជុំ​សភា​ នៅឯ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​ នៅ​រាជធានីភ្នំពេញ​ កាលពី​ថ្ងៃទី០៧​ ខែតុលា​ ឆ្នាំ២០១៦។​ (ហ៊ាន​ សុជាតា/VOA)

រូបឯកសារ៖ គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សន្និសីទ​សារព័ត៌មាន​បកស្រាយ​ពី​មូលហេតុ​ដែល​គណបក្ស​នេះ​សម្រេច​មិន​ចូល​ប្រជុំ​សភា​ នៅឯ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​ នៅ​រាជធានីភ្នំពេញ​ កាលពី​ថ្ងៃទី០៧​ ខែតុលា​ ឆ្នាំ២០១៦។​ (ហ៊ាន​ សុជាតា/VOA)

កាល​ពី​ចុង​ខែ​តុលា​ កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ ដឹក​នាំ​ដោយ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ផ្ដល់​ការ​យល់​ព្រម​លើ​សេចក្ដី​ព្រាង​កញ្ចប់​ថវិកា​នេះ។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ជាតិ​ខ្មែរ​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ផ្ដល់​សេចក្ដី​យល់​ព្រម​លើ​ការ​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៧​ ដែល​គ្រោង​នឹង​ចំណាយ​ជាង​៥០០០​លាន​ដុល្លារ​អាមេរិក​ទៅ​លើ​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន។

កាល​ពី​ចុង​ខែ​តុលា​ កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ ដឹក​នាំ​ដោយ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ផ្ដល់​ការ​យល់​ព្រម​លើ​សេចក្ដី​ព្រាង​កញ្ចប់​ថវិកា​នេះ។

គម្រោង​នៃ​ការ​ចំណាយ​ថវិកា​ជាតិ​ឆ្នាំ​២០១៧​ ដែល​មាន​ចំនួន​៥០០០​លាន​ដុល្លារ​អាមេរិក​នេះ​គឺ​ជា​ចំនួន​ស្មើ​នឹង​២២​.៧៦​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (ផសស)​ និង​បាន​កើន​លើស​១៥.៦​ភាគរយ​ពី​ថវិកា​ជាតិ​ឆ្នាំ​២០១៦ ​ដែល​មាន​ចំនួន​ត្រឹម​តែ​៤.៣០០​លាន​ដុល្លារ​អាមេរិក។

​លោក ឡេង​ ប៉េង​ឡុង​ អ្នក​នាំ​ពាក្យ​សភាជាតិ​ ថ្លែង​ប្រាប់​ VOA​ ថា​ ក្រុម​អ្នក​តំណាង​រាស្ត្រ​នៃ​គណ​បក្ស​ប្រឆាំង​បាន​ចូល​រួម​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ដោយ​បាន​យល់​ព្រម​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

​លោក​បន្ត​ថា គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​សភា​មិន​បាន​ធ្វើ​ការ​កែតម្រូវ​លើ​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​នោះ​ទេ។

«អត់​មាន​ទេ​ អត់​មាន​កែតម្រូវ​អី​ទេ​ គឺ​ឥឡូវ​នេះ​ មាន​អី​ គេ​មាន​សម្រេច​អី សម្រេច​គ្រាន់​សម្រេច​បញ្ជូន​ទៅ​ដាក់​ក្នុង​របៀប​វារៈ​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៧ នីតិកាល​ទី​៥ ប៉ុណ្ណឹង​តើ»។

យោង​តាម​សេចក្ដី​សម្រេច​របស់​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ខែ​តុលា​កន្លង​ទៅ​នេះ រដ្ឋាភិបាល​គ្រោង​នឹង​ចំណាយ​ទៅ​លើ​វិស័យ​សំខាន់ៗ​ រួមមាន​វិស័យ​ការពារ​ជាតិ​ សន្តិសុខ​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ ដែល​គ្រោង​នឹង​ចំណាយ​ចំនួន​ជាង​៨២២​លាន​ដុល្លារ​ គឺ​កើន​ឡើង​២០.៤​ភាគរយ​ ធៀប​នឹង​ថវិកា​ឆ្នាំ​២០១៦។

វិស័យ​សេដ្ឋកិច្ច​ដែល​គ្រោង​នឹង​ចំណាយ​ចំនួន​ជាង​៣២២​លាន​ដុល្លារ​ គឺ​កើន​ឡើង ១៣.១​ភាគរយ​ ធៀប​នឹង​ថវិកា​ឆ្នាំ​២០១៦។ ចំណែក វិស័យ​សង្គម​កិច្ច ដែល​គ្រោង​នឹង​ចំណាយ​ជាង​១.១៩២​លាន​ដុល្លារ​ គឺ​កើន​ឡើង​១២.៧​ភាគរយ​ ធៀប​នឹង​ថវិកា​ឆ្នាំ​២០១៦។

​លោក​ ព្រាប​ កុល​ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ប្រាប់​ VOA ថា​ វត្តមាន​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​ដែល​ផ្ដោត​លើ​ការ​អនុម័ត​សេចក្ដី​ព្រាង​ថវិកា​នេះ​ គឺ​មាន​សារៈសំខាន់​ក្នុង​ការ​ធានា​ថា​ ថវិកា​ដែល​នឹង​ត្រូវ​បាន​អនុម័ត​នោះ​គឺ​នឹង​បែង​ចែក​ឲ្យ​ចំ​វិស័យ​អាទិភាព​សំខាន់ៗ​ ក៏​ដូចជា​ធានា​ថា​ ថវិកា​នឹង​ត្រូវ​បាន​អនុម័ត​ប្រកប​ដោយ​តម្លាភាព​ និង​ការ​ជជែក​ពិភាក្សា។

«ការ​អនុម័ត​ថវិកា​ជាតិ​គឺ​សំខាន់​នៅ​ក្នុង​ការ​ផ្ដល់​នូវ​ការ​គិត​គូ​ ការ​វិនិយោគ​ ក៏​ដូច​ជា​គម្រោង​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ទាំង​មូល។ ដូច្នេះ​ ខ្ញុំ​ថា​ ជា​ការ​ល្អ​ បើ​សិន​ជា​គណបក្ស​ជំទាស់​ចូលរួម​ក្នុង​ការ​ជជែក​ដេញដោល​ ហើយ​ដើម្បី​ឲ្យ​វា​មាន​អត្ថន័យ​គណបក្ស​កាន់​អំណាច​ក៏​បើក​ចិត្ត​ដើម្បី​ស្ដាប់​នូវ​មតិ​យោបល់ និង​ការ​ស្នើ​សុំ​របស់​គណបក្ស​ជំទាស់ហើយ​បើ​សិន​ជា​ចាំបាច់​ធ្វើ​ការ​កែ​សម្រួល​ ឬ​ក៏​ពន្យល់​ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ច្បាប់​ ឬ​ក៏​គម្រោង​ពង្រាង​ច្បាប់​ថវិកា​២០១៧ហ្នឹង​ វា​ឆ្លុះ​បញ្ចាំង​នូវ​អាទិភាព​ ឆ្លុះ​បញ្ចាំង​នូវ​សេចក្ដី​ត្រូវការ​ឆ្លុះ​បញ្ចាំង​នូវ​អ្វី​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ចង់​បាន​ ចង់​ឃើញ​ ចង់​មានការ​អភិវឌ្ឍ​បែប​ហ្នឹង​បាទ»។

​ក្នុង​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ដែល​មាន​ចំនួន​៤.៣០០​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០១៦​ រដ្ឋាភិបាល​បាន​ដំឡើង​ការ​ខ្ចី​ប្រាក់​ពី​កម្រិត​៦០០លាន​ SDR ​(ឬ​ប្រមាណ​ជា​ ៨៤០​លាន​ដុល្លារ​អាមេរិក)​ នៅ​ឆ្នាំ​២០១៥​ ទៅ​ដល់​៧០០​លាន​ SDR​ (ឬ​ប្រមាណ​ជា ៩៨០លាន​ដុល្លារ​អាមេរិក) នៅ​ឆ្នាំ​២០១៦។​ នេះ​បើ​យោង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​គម្រោង​ថវិកា​ឆ្នាំ​២០១៦។

​មន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​គ្រប់គ្រង​ប្រទេស​ កាលពី​ពេល​កន្លងមក​មិន​អាច​បញ្ជាក់​អំពី​លទ្ធភាព​នៃ​ការ​ខ្ចី​ប្រាក់​បន្ថែម​ពី​បរទេស​ ដើម្បី​ទ្រទ្រង់​លើ​ផែនការ​ចាយ​វាយ​សម្រាប់​ឆ្នាំ​២០១៧​នោះ​ឡើយ។​

​លោក​ យ៉ែម​ បុញ្ញឫទ្ធិ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ប្រាប់​ ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​រដ្ឋ​សភា​ នា​ថ្ងៃ​សុក្រ​នេះ​ថា​ ក្រុម​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​នឹង​ចូលរួម​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​សភា​នៅ​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា​ខាងមុខនេះ។

លោក​បន្ថែម​ថា ក្រុម​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​ចាត់​ទុក​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ឆ្នាំ​២០១៧​ ថា​ ឯកសារ​សំខាន់​ដែល​ត្រូវ​ទទួល​បាន​ការ​ពិភាក្សា​ពី​តំណាង​រាស្ត្រ​ទាំង​ពីរ​គណបក្ស​នៅ​សភា។

«ច្បាប់​ថវិកា​ជាតិ​របស់​ប្រទេស​មួយៗ​ គឺ​ជា​ច្បាប់​សំខាន់​ជា​ទី​បំផុត ព្រោះ​ពាក់​ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ។ ដូច្នេះ ​គណបក្ស​សង្គ្រោះ​ជាតិ​ យល់​ឃើញ​ថា​ ជា​ច្បាប់​មួយ​ដ៏​សំខាន់​ ហើយ​ខាង​សំឡេង​ភាគតិច​ នឹង​ចូលរួម​ដើម្បី​ពិភាក្សា​ផ្ដល់​មតិយោបល់​អី​យ៉ាង​ណា​ខ្លះ​ ពេល​នោះ​បាទ»។

​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៥​ តំណាង​រាស្ត្រ​៦៦​រូប​នៃ​គណបក្ស​កាន់​អំណាច​បាន​បោះ​ឆ្នោត​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញ​វត្ថុ​សម្រាប់​គម្រោង​ថវិកា​ឆ្នាំ​២០១៦​ជា​ឯកច្ឆន្ទ​ ដោយ​គ្មាន​ការ​ជជែក​ដេញ​ដោល​ នៅ​គ្រា​ដែល​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ៕

XS
SM
MD
LG