ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​គ្រោង​បង្កើន​ថវិកា​ឆ្នាំ​២០១៧​​ដល់​៥​ពាន់​លាន​ដុល្លារ​ដើម្បី​តំឡើង​ប្រាក់ខែ​រាជការ


អគារ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​​នៃ​ប្រទេសកម្ពុជា
អគារ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​​នៃ​ប្រទេសកម្ពុជា

យោង​តាម​សេចក្តី​សម្រេច​របស់​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ រដ្ឋាភិបាល​គ្រោង​នឹង​ចំណាយ​ទៅ​លើ​វិស័យ​សំខាន់ៗ​​រួមមាន​ វិស័យ​ការពារ​ជាតិ​ សន្តិសុខ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ដែល​គ្រោង​នឹង​ចំណាយ​ចំនួន​ជាង​ ៨២២​លាន​ដុល្លារ​។

កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ផ្តល់​ការ​យល់​ព្រម​លើ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៧។​ សេចក្តី​ព្រាង​ច្បាប់​នោះ​បាន​ឲ្យ​ដឹង​ថា​ ​រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ​ជាង​៥.០០០លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៧​ ​សម្រាប់​ប្រតិបតិ្តការ​របស់​រដ្ឋាភិបាល។​

​គម្រោង​នៃការ​ចំណាយ​ថវិកា​ជាតិ​ឆ្នាំ​២០១៧​នេះ ​ស្មើ​នឹង​ ២២​.៧៦​ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (ផសស)​ គឺ​បាន​កើនលើស​១៥.៦​ភាគរយ​ពី​ថវិកា​ជាតិ​ឆ្នាំ​ ២០១៦ ដែល​បានអនុម័ត​ដោយ​សភា​ជាតិ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៥​ ក្នុង​ចំនួន​៤.៣០០​លាន​ដុល្លារ​អាមេរិក។​ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​សម្រេច​របស់​ទី​សី្តការ​គណៈរដ្ឋមន្ត្រី ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ។

យោង​តាម​សេចក្តី​សម្រេច​របស់​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ រដ្ឋាភិបាល​គ្រោង​នឹង​ចំណាយ​ទៅ​លើ​វិស័យ​សំខាន់ៗរួមមាន​ វិស័យ​ការពារ​ជាតិ​ សន្តិសុខ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ដែល​គ្រោង​នឹង​ចំណាយ​ចំនួន​ជាង​ ៨២២​លាន​ដុល្លារ​ គឺ​កើន​ឡើង​២០.៤​ភាគរយ​ ធៀប​នឹង​ថវិកា​ឆ្នាំ​២០១៦​ វិស័យ​សេដ្ឋកិច្ច​ ​ដែល​គ្រោង​នឹង​ចំណាយ​ចំនួន​ជាង​ ៣២២​លានដុល្លារ​ គឺ​កើន​ឡើង ១៣.១​ភាគរយ​ ធៀប​នឹង​ថវិកា​ឆ្នាំ​ ២០១៦​ វិស័យ​សង្គម​កិច្ច ដែល​គ្រោង​នឹង​ចំណាយ​ជាង​ ១.១៩២​លាន​ដុល្លារ​ គឺ​កើន​ឡើង ១២.៧​ភាគរយ​ ធៀប​នឹង​ថវិកា​ឆ្នាំ​២០១៦។​

​ឯកសារ​សង្ខេប​នៃ​សេចក្តី​សម្រេច​របស់​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​បាន​ពន្យល់​ថា៖​

«ថវិកា​ឆ្នាំ​២០១៧​ ត្រូវ​បាន​គិត​គូរ និង​រៀបចំ​ឡើង​ដើម្បី​ធានា​ចលនា​នៃ​ការ​កែទម្រង់​ ព្រម​ទាំង​តម្រង់​ និង​តម្រឹម​គោលដៅ​នៃ​ការ​កែ​ទម្រង់​ស្រប​ទៅ​តាម​បំណង​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​ ព្រម​ទាំង​បាន​គិត​គូរ​ផង​ដែរ​ ទៅដល់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ និង​ការ​ត្រៀម​ទប់​ទល់​នឹង​វិបត្តិ​ដែល​អាច​កើត​មាន​ឡើង​ជាយ​ថា​ហេតុ។​

លោក ​សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា គម្រោង​ចំណាយ​របស់​រាជរដ្ឋាភិបាល​ គឺ​ត្រូវ​បានសម្រេច​ ​ក្រោយ​ការ​គិតគូរ​យ៉ាង​លម្អិត​ទៅ​លើ​ធនធាន​ថវិកា​ ដែល​រដ្ឋាភិបាល​អាច​លៃលក​បាន។​ ​

«ខ្ញុំ​យល់​ថា​ យើង​ដាក់​នេះ​ ដាក់​តាម​លទ្ធភាព​ ថវិកា​យើង​ដែល​យើង​ផ្តល់​អាទិភាព​ទៅ​ជូន​ក្រសួង​មួយ​ចំនួន​ ដើម្បី​នឹង​ប៉ះប៉ូវ ពាក់ព័ន្ធ​នឹង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ ដូច​ជា​ក្រសួង​អប់រំ​ ក្រសួង​សុខាភិបាល​ ក្រសួង​អភិវឌ្ឍន៍​ជន​បទ​អី​ជាដើម​បាទ»។​

លោក​បញ្ជាក់​ថា​ ការសម្រេច​ដំឡើង​ការ​ចំណាយ​បន្ថែម​ដល់​ទៅ​ជាង​៧០០​លាន​ដុល្លារ​ ធៀប​នឹង​ឆ្នាំ​ ២០១៦​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​សម្រួល​ការ​ដំឡើង​ប្រាក់​បៀវត្ស​ដល់​មន្ត្រី​រាជការ។

ក្នុង​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ដែល​មាន​ចំនួន​៤.៣០០​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០១៦​ រដ្ឋាភិបាល​ក៏​បាន​ដំឡើង​ការ​ខ្ចី​ប្រាក់​ពី​កម្រិត​ ៦០០លាន​ SDR ​(ឬ​ប្រមាណ​ជា​ ៨៤០​លាន​ដុល្លារ​អាមេរិក)​ នៅ​ឆ្នាំ​ ២០១៥​ ទៅ​ដល់​ ៧០០​លាន​ SDR​ (ឬ​ប្រមាណ​ជា ៩៨០លាន​ដុល្លារ​អាមេរិក)​ ​នៅ​ឆ្នាំ​២០១៦។​ នេះ​បើ​យោង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​គម្រោង​ថវិកា​ឆ្នាំ​២០១៦។

លោក ​សុខ​ ឥសាន​ អ្នក​តំណាងរាស្ត្រ​គណបក្ស​គ្រប់​គ្រង​ប្រទេស​មិន​អាច​បញ្ជាក់​បាន​ថា​ តើ​រដ្ឋាភិបាល​មាន​គម្រោង​ខ្ចី​ប្រាក់​ពី​បរទេស​ដើម្បី​ទ្រទ្រង់​គម្រោង​នៃ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​២០១៧​នោះ​ទេ។​ ឯកសារ​សង្ខេប​ស្តី​ពី​ផែនការចំណាយ​ចេញ​ដោយ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ ក៏​មិន​បាន​លើ​ក​ឡើង​ពី​គម្រោង​នៃ​ការ​ខ្ចី​ប្រាក់​របស់​រដ្ឋាភិបាល​នោះ​ដែរ។​ ​

​លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គមកម្ពុជា​ ហៅ​កាត់​ថា​ ANSA ថ្លែង​ថា​ រដ្ឋាភិបាល​នៅ​ពុំ​ទាន់​ធ្វើ​ឲ្យ​មាន​តម្លាភាព​និង​គណនេយ្យភាព​ ​នៅ​ក្នុង​ការ​គ្រប់​គ្រង​ចំណាយ​ចំណូល​ ​ទៅ​លើ​វិស័យ​សំខាន់ៗ​របស់​រដ្ឋាភិបាល​ ក្នុង​នោះ​មាន​វិស័យ​អប់រំ​ និង​សុខាភិបាល​ ក៏​ដូច​ជាគម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធនានា​ ដែល​មិន​បាន​ធ្វើ​ឡើង​ក្នុង​គុណភាព​សមស្រប​ និង​អាច​ស្ថិតស្ថេរ​បាន​យូរអង្វែង។​

លោក​ សន​ ជ័យ ថ្លែង​ប្រាប់ VOA ថា៖

«យើង​ចង់​ឃើញ​ផ្លូវ​ថ្នល់​កម្ពុជា​មាន​ មាន​ការ​ថែទាំ​ មាន​ការ​កសាង​ឡើង​ ដោយ​មាន​តម្លាភាព​ បើក​ចំហ​ព័ត៌មាន​ ធ្វើ​ម៉េច​កុំ​ឲ្យ​ គុណភាព​សេវា​ទាំង​អស់​នេះវា​ វា​នៅ​មាន​បញ្ហា​ដូច​សព្វថ្ងៃ»។

​លោក​បន្ត​ថា​ អំពើ​ពុក​រលួយ​ជា​ផ្នែក​មួយ​នៃ​ការ​បន្ត​ទាញ​ឲ្យ​គុណភាព​សេវា​សាធារណៈ​របស់​រដ្ឋ​ធ្លាក់​ចុះ​ ហើយយន្តការ​វិមជ្ឈការ​ថវិកា​សម្រាប់​ថ្នាក់​ខេត្ត​ក្រុង​ ឃុំ​សង្កាត់​ដែល​នៅ​មិន​ទាន់​អាច​អនុវត្ត​បាន​ពេញលេញ​នោះ​ ក៏​បាន​រួម​ចំណែក​ដល់​ការ​មិន​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​សេវា​សាធារណៈ​សំខាន់ៗ​ ដូច​ជា​វិស័យ​ អប់រំ​ សុខាភិបាល​ និង​កសិកម្មជាដើម។​

លោក​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​សវនកម្ម​ជាតិ​ មាន​ភាព​រហ័សរហួន​ជាង​មុន​ ក្នុង​ការ​ឃ្លាំមើល​តាមដាន​ចំណូល​ចំណាយ​របស់​រដ្ឋាភិបាល​ ហើយ​ធ្វើ​របាយការណ៍​បង្ហាញ​ដល់​សាធារណៈ​ជន​ទូទៅ។​ ក្នុង​គ្រា​ដែល​អ្នក​នយោបាយ​នៃ​គណបក្ស​ធំៗ​ទាំង​ពីរ​ដែល​ជាប់​ឆ្នោត​ក្នុង​សភា​ មិនទាន់​មាន​ការ​ចុះសម្រុង​គ្នា​នោះ​ លោក ​សន ជ័យ​ យល់​ថា ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថវិកា​សម្រាប់​ឆ្នាំ​២០១៧​នេះ​ នឹង​ធ្វើ​ឡើង​ ដោយ​ខ្វះ​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ និង​មិន​ធានា​ថា​ ផែន​ការ​ចាយ​វាយ​របស់​រដ្ឋាភិបាល​នោះ​ នឹង​ប្រព្រឹត្ត​ទៅប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ទេ។​

​ថវិកា​ជាតិ​សម្រាប់ឆ្នាំ​២០១៦​ គឺ​ត្រូវ​បាន​អនុម័ត​ ដោយ​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ តែ​ប៉ុណ្ណោះ​ ដោយសារ​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ពហិការ​មិន​ចូល​សភា។​

សេចក្តី​ព្រាង​ថវិកា​សង្ខេបឆ្នាំ​២០១៧​ ដែល​ចេញ​ផ្សាយ​ដោយ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា រដ្ឋាភិបាល​មាន​ផែន​ការសម្រួល​ជីវភាព​របស់​មន្ត្រី​រាជការ​ លោកគ្រូ​ អ្នក​គ្រូ​ គ្រូពេទ្យ​ កង​កម្លាំង​ ប្រដាប់​អាវុធ​ និង​បងប្អូន​កម្មករបុគ្គលិក​ និយោជិក តាម​រយៈ​ការ​សម្រេច​កែសម្រួល​មាតា​៤៧​ថ្មី​នៃ​ច្បាប់​សារពើ​ពន្ធ​ ដើម្បី​ដំឡើង​កម្រិត​អប្បបរមា​នៃ​ប្រាក់​បៀវត្សរ៍​ជាប់​ពន្ធ​ឲ្យ​ឡើង​ដល់​១​លាន​រៀល​ (ឬ​ប្រមាណ​ជា​ ២៥០​ដុល្លារ​អាមេរិក)​ និង​ដំឡើង​កម្រិត​កាត់​បន្ថយ​មូលដ្ឋាន​គិត​ពន្ធ​លើ​បៀវត្សរ៍​ ចំពោះ​កូន​ក្នុង​បន្ទុក​ និង​សហព័ទ្ធ​ជា​មេផ្ទះ​របស់​មន្ត្រី​រាជការ​ក្នុង​ម្នាក់ៗ​ពី​៧៥.០០០​រៀល​ (ឬ​ប្រមាណ​ជា១៩​ដុល្លារ​អាមេរិក)​ ដល់​ ១៥០.០០០​រៀល​ (ឬ​ប្រមាណ​ជា​៣៧​ដុល្លារ)​ ក្នុង​មួយ​ខែ។​

ការ​ប្រកាស​ពី​ផែនការ​ចាយ​វាយ​របស់​រដ្ឋាភិបាល​សម្រាប់​ឆ្នាំ​២០១៧​ កើត​មាន​ឡើង តែ​មួយ​សប្តាហ៍​ ក្រោយ​ការ​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រធានាធិបតី​ចិន​ Xi Jinping ​នៅ​ប្រទេស​កម្ពុជា។​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ​Xi ​រដ្ឋាភិបាល​ចិន​ និង​កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​ និង​ពិធីសារ​ចំនួន​៣១​ ដែល​គ្រប​ដណ្តប់​វិស័យ​ជាច្រើន​ រួម​មាន​វប្បធម៌​ សង្គម​ សេដ្ឋកិច្ច​ និង​ការពារ​ជាតិ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា។​

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​ដដែល​នោះ ភាគី​ចិន​បាន​យល់​ព្រម​លុប​បំណុល​ដែល​កម្ពុជា​ជំពាក់​ចិន​កាល​ពី​ឆ្នាំ​២០១៥​ ចំនួន​៦០០​លាន​យ៉ន់ (ឬ​ប្រមាណ​ជា​៨៩​លាន​ដុល្លារ) និង​ផ្ដល់​ជា​ជំនួយ​ឥត​សំណង​ដល់​វិស័យ​យោធា​កម្ពុជា​ចំនួន​១០០​លាន​យ៉ន់​ (ឬ​ប្រមាណ​ជា​ជិត​១៥​លាន​ដុល្លារ) ផង​ដែរ៕

XS
SM
MD
LG