\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​សេដ្ឋកិច្ច​​អាមេរិក​ល្បី​ម្នាក់​ព្រមាន​ពី​បញ្ហា​សេដ្ឋកិច្ច​នា​ពេល​អនាគត​ក្នុង​ប្រទេស​ចិន


លោកPaul Krugman ដែល​ជា​អ្នក​សេដ្ឋកិច្ច​ដ៏​ល្បី​របស់​អាមេរិក និង​ជា​ម្ចាស់​ពាន​រង្វាន់​ណូបែល​ឆ្លើយ​សំណួរ​របស់​អ្នក​កាសែត​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​នឹង​លោក​នាយករដ្ឋ​មន្រ្តី​ជប៉ុន Shinzo Abe ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។

លោកPaul Krugman ដែល​ជា​អ្នក​សេដ្ឋកិច្ច​ដ៏​ល្បី​របស់​អាមេរិក និង​ជា​ម្ចាស់​ពាន​រង្វាន់​ណូបែល​ឆ្លើយ​សំណួរ​របស់​អ្នក​កាសែត​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​នឹង​លោក​នាយករដ្ឋ​មន្រ្តី​ជប៉ុន Shinzo Abe ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។

លោក ​Paul Krugman​ ​អ្នក​សេដ្ឋកិច្ច​អាមេរិកាំង​ដ៏​ល្បី​ឈ្មោះ​ម្នាក់​និយាយ​ថា​ «នៅ​ក្នុង​ឆ្នាំ ​២០១៦ ​នេះ ប្រទេស​ចិន​​មើល​ទៅ​ទំនង​ដូច​ប្រទេស​ជប៉ុន​កាលពី​ឆ្នាំ​​១៩៨៩» ​គឺ​មុន​ពេល​ដែល​ទីក្រុង​​តូក្យូ​បាន​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដែល​មាន​រយៈ​ពេល​ជា​យូរ ដែល​វិបត្តិ​នោះ​​ត្រូវ​បាន​គេ​ស្គាល់​ថា​ «ទសវត្សរ៍​ដែល​ខាត​បង់»។

លោក ​Krugman​ និយាយ​ថា ​អ្វី​ដែល​លោក​បារម្ភ​នោះ​ គឺ​មិន​មែនកំណើន​សេដ្ឋកិច្ច​របស់​ចិន ​និង​ភាព​លុប​លើ​សេដ្ឋកិច្ចក្នុង​ពិភពលោកនោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​លោក​បារម្ភ​គឺ​លទ្ធភាពដែល​អាច​ឲ្យ​សេដ្ឋកិច្ច​របស់​ចិន​ធ្លាក់​ចុះ​ និង​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​នៃ​ការ​ធ្លាក់​ចុះ​នេះ​ទៅ​លើ​សេដ្ឋកិច្ច​ពិភពលោក។

​អ្នក​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ លោក ​Krugman​ បាន​ទទួល​ពានរង្វាន់​ណូបែល​សម្រាប់​សេដ្ឋកិច្ច​កាលពី​ ៨​ ឆ្នាំ​មុន។ លោក​បាន​ថ្លែង​នៅ​វិទ្យាស្ថាន ​Peterson​ សម្រាប់​សេដ្ឋកិច្ច​អន្តរជាតិ ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​និង​នៅ​ក្នុង​បទសម្ភាសន៍​ខ្លី​មួយ​ជា​មួយ VOA។

លោក​បាន​និយាយ​ថា ​បញ្ហា​ធំ​បំផុត​នោះ​គឺ​ថា តើចិន​នឹង​ធ្វើ​អ្វី​នៅ​ពេល​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ ហើយ​ថា​តើ​នឹង​មាន​បញ្ហា​អ្វី​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ពិភព​លោក​ទាំង​មូល។

សេដ្ឋកិច្ច​ចិន​មិន​មែន​ធំ​មហិមា​រហូត​ដល់​ថ្នាក់​មិនអាច​ដូល​រលំ​បាន​នោះ​ទេ

​នៅ​ពេល​សួរ​ថា​ តើ​សហគមន៍​អន្តរជាតិ​នឹង​មក​ជួយ​សង្រ្គោះ​ចិន​ស្រដៀង​ទៅ​នឹង​ការ​ជួយ​តាម​រយៈ​កម្មវិធី​បង់​ប្រាក់​ជួយ​សង្គ្រោះ​ដល់​ធនាគារ​ដែល​រដ្ឋាភិបាល​អាមេរិក​បាន​ធ្វើ​ឡើងបន្ទាប់​ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០០៧​ និង​២០០៨ ឬ​យ៉ាង​ណា​នោះ​ លោក ​Krugman​ បាន​គ្រវី​ក្បាល​ហើយ​និយាយ​ថា៖ «អត់​ទេ ទោះ​បី​ជា​ប្រទេស​ខ្លាំង​បំផុត​នៅ​ក្នុង​ពិភពលោកក៏​ដោយ ក៏​ពិបាក​នឹង​ជួយ​សង្រ្គោះ​សេដ្ឋកិច្ច​ចិន​ណាស់ ​សេដ្ឋកិច្ច​ចិន​គឺធំ​ហួស​ប្រមាណ​ តែ​មិន​មែន​មាន​ន័យថា​ធំ​រហូត​ដល់​ថ្នាក់​អាច​ជៀស​ផុត​ពី​គ្រោះ​ថ្នាក់​នោះ​ទេ គឺ​វា​ធំ​ពេក​ដែល​ពិបាក​នឹង​ជួយ​សង្រ្គោះ​បាន»។

លោក​បាន​បន្ថែម​ថា៖ «តើ​អ្នក​ណា​អាច​នឹង​ធ្វើ​រឿង​នេះ​ទៅ? តើ​រដ្ឋបាល​របស់​លោក ត្រាំ នៅ​សហរដ្ឋ​អាមេរិក​ឬ? តើ​សហភាព​អឺរ៉ុប​ដែល​កំពុង​តែ​រវល់​ជាមួយ​នឹង​ការ​បែក​បាក់​គ្នាឬ? ​ចម្លើយ​គឺ​ទេ​ នឹង​មិន​មាន​ការ​ជួយ​សង្រ្គោះ​ពី​សាកល​លោក​នោះ​ទេ»។​

ផល​វិបាក​ផ្នែក​នយោបាយ​ដែល​ជា​លទ្ធផល​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នេះ​ ក៏​ជា​ក្តី​បារម្ភ​ធំ​មួយផងដែរ។ លោក Krugman ​បាន​និយាយ​ថា៖ «ចិន​មាន​សេដ្ឋកិច្ច​ខ្លាំង​ល្មម​ដែល​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ផ្ទាល់​ទៅ​លើ​ពិភពលោក​ ប៉ុន្តែ ​ភាគ​ច្រើន​ប៉ះ​ពាល់​ខ្លាំង​បំផុត​ដល់​តំបន់​អាស៊ី។ ប៉ុន្តែ​ខ្ញុំ​បាន​ចាប់​ផ្តើម​មាន​ការ​បារម្ភ​អំពី​សេដ្ឋកិច្ច​នយោបាយ​រួច​ទៅ​ហើយ។ តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ស្ថិរភាព​ផ្ទៃ​ក្នុង​របស់​ចិន? វា​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ»។

អ្នក​វិភាគ​ជាច្រើន​បាន​អះអាង​រៀងៗ​ខ្លួន ​ហើយ​ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​សង្ឃឹម​ថា ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ចិន​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នយោបាយ​ និង​សង្គម​ដែល​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​របប​ដឹកនាំ​ បើ​ទោះ​បីជា​ការ​ប្តូរ​របប​នោះ​ត្រូវ​បានដឹកនាំ​ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ឬ​ដោយ​សមាជិក​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ក៏​ដោយ។ លោក Krugman និយាយ​ថា លោក​គិត​ថា លទ្ធផល​ជា​ច្រើន​អាច​នឹង​កើត​មាន​ឡើង​ រួម​ទាំង​ការ​បែរ​ទៅ​រក​វិធី​សាស្រ្តហិង្សា​ម្តង​ទៀត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក្នុង​ការ​បង្ក្រាប​លើ​បាតុកម្ម និង​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល។

ប្រទេសចិនគឺដូច​ទៅ​នឹង​ប្រទេសជប៉ុន​ដែល​គ្មាន​សំណាញ់​សុវត្ថិភាព

លោក​ Krugman ​បាន​ប្រាប់​ VOA ថា៖ «យើង​បាន​ឃើញ​មាន​ការ​ធ្លាក់​ចុះ​សេរីភាព​នយោបាយ​ជាច្រើន​នៅ​ក្នុង​ប្រទេស​ចិន។ អ្នក​អាច​នឹង​ឃើញមាន​ការ​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត។ តើ​អ្នក​ណា​អាច​ដឹង​បាន​ទៅ?»។

លោក​បាន​បញ្ចេញ​នូវ​គំនិត​យ៉ាង​ទូលំ​ទូលាយ​ទាក់​ទង​នឹងអ្វី​ដែល​អាច ​ឬ​មិន​អាច​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ចិន ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។

លោក ​Krugman​ ជា​ញឹក​ញាប់​តែង​ប្រៀប​ធៀប​ស្ថាន​ភាព​ប្រទេស​ចិន​ទៅ​នឹង​ស្ថានភាព​ដែល​ប្រទេស​ជប៉ុន​ធ្លាប់​បាន​ឆ្លង​កាត់។ លោក​បាន​និយាយ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅថា​ ខណៈ​ដែល​ប្រទេស​នៅ​អាស៊ី​ខាង​កើត​ទាំងពីរនេះ​នៅ​តែ​មាន​ឥទ្ធិពល​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​កិច្ចការ​អន្តរជាតិ ​និង​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​ផ្នែក​សេដ្ឋកិច្ច​នោះ​ ប្រទេស​ចិន​អាច​នឹង​រងគ្រោះ​ដោយ​វិបត្តិ​ហិរញ្ញវត្ថុ​ខ្លាំង​ជាង។

លោក ​Krugman​ និយាយ​ថា ​ស្ថានភាពប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ដូច​ទៅ​នឹង​ប្រទេស​ជប៉ុន «ពាក់​ព័ន្ធ​នឹង​ការ​សន្សំ​ហួស​កម្រិត​ ​ការ​មិន​មាន​ឱកាស​វិនិយោគ​គ្រប់​គ្រាន់​ និង​ភាព​លេច​ធ្លោរ​លើ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលន​ទ្រព្យ​មួយ។ បញ្ហា​ទាំង​នេះមើល​ទៅ​ដូច​ទៅ​នឹង​ប្រទេស​ជប៉ុន​ខ្លាំង​ណាស់​ ប៉ុន្តែសំណាញ់​សុវត្ថិភាព​វិញ​មាន​លក្ខណៈ​ទន់​ខ្សោយ»។

លោក​និយាយ​ថា ប្រទេស​ជប៉ុន​មាន​ស្ថិរភាព​នយោបាយ ​និង​«ពូកែ​ខាង​បង្កើត​ការងារ។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​ក្រុង​តូក្យូ​ «បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើនសន្ធឹក​សន្ធាប់​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ចំនួន​មួយ​ដែល​គេ​មាន​ចម្ងល់​ ប៉ុន្តែប្រទេស​នេះ​នៅ​តែ​រក្សា​បាន​នូវ​ស្ថិរភាព​សង្គម»។

សង្គម​រួប​រួម​គ្នា​ក៏​ចូល​រួម​ចំណែក​ផង​ដែរ

លោក ​Krugman ​បាន​និយាយ​ថា​ «លើស​ពី​នេះ​ទៅ​ទៀត ជប៉ុន​ជា​សង្គម​ដែល​មាន​ការ​រួបរួម​គ្នា» ​គឺ​ប្រៀប​ដូច​ជា​«គ្រួសារ​មួយ​ដ៏​ធំ​អញ្ចឹង​ដែរ» បើ​ទោះ​បី​ជា​ «ប្រទេស​នេះ​មិន​ត្រូវ​បាន​ដឹក​នាំ​យ៉ាង​ល្អ​ជាប់​ជា​លំដាប់​ក៏​ដោយ»។

ការ​រួម​គ្នា​នេះ​ជា​គន្លឹះ​ក្នុង​ការ​ជួយសង្គម​ទោះ​បី​ជា​មាន​ព្យុះ​ភ្លៀង​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​លោក​Krugman ​អះអាង​ថា​ ការ​រួម​គ្នា​បែប​នេះ​មិន​មានទេ​នៅ​ក្នុង​ប្រទេស​ចិន​ ជា​ពិសេស​នា​ពេល​បច្ចុប្បន្ន​នេះ។

នៅ​ពេលសួរ​អំពី​ទ្រឹស្តី​សេដ្ឋកិច្ច​ល្បីៗ​ដែល​ពាក់ព័ន្ធ​នឹង​កម្រិត​កើន​ឡើង​នៃ​ចំណូល​ជាមួយ​នឹង​ការ​ផ្ទាស់​ប្តូរ​ជា​ប្រព័ន្ធ​ដើម្បី​លើក​កម្ពស់​អភិបាលកិច្ច លោក ​Krugman​ បាន​ប្រាប់​ VOA ​ថា ​លោក​មិន​ដែល​បាន​គិត​ពី​គំនិត​ទាំង​នោះ​ទេ។ លោក​បាន​និយាយ​ថា ​តាម​ពិត​ទៅ​ ការ​អភិវឌ្ឍ​ជា​សាកល​ «មិន​មាន​អ្វី​ជាប់​ពាក់​ព័ន្ធ​នឹង» ការ​ដឹកនាំ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ជា​សាកល​នោះ​ទេ។ លោក​បាន​បន្ថែម​ថា ទ្រឹស្តី​មួយ​ចំនួន​អាច​ជា​ «ការ​កើត​ឡើង​ដោយ​ឥត​គ្រោង​ទុក​ជា​ប្រវត្តិសាស្រ្ត» ដែល​មិន​មាន​ «ការ​ធានា» នោះ​ទេ។

បន្ថែម​លើ​ការ​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​សម្រេចការ​សិក្សារបស់​លោក​ លោក Krugman ក៏​ជា​អ្នក​និពន្ធ​សៀវភៅ​ជាច្រើន​ ​ជា​អ្នក​សរសេរ​ប្លក់ ​ជា​អ្នក​សរសេរ​អត្ថបទ​ទស្សនៈ​សម្រាប់​កាសែត The New York Times លើ​ប្រធានបទ​សេដ្ឋកិច្ច ​និង​នយោបាយ​ផង​ដែរ។ លោក​បញ្ចេញ​មតិ​តាម​គំនិត​របស់​លោក​អំពី​ការ​ពឹង​ផ្អែកកាន់​តែ​ខ្លាំង​របស់​សង្គម​ជា​សាកល​ទៅ​លើ​ម៉ាស៊ីន​ស្វ័យប្រវត្តិ ​ដោយ​លោក​ប្រើ​ឃ្លា​បែប​កំប្លែង​មួយ​ថា៖ ១៥​ ឆ្នាំ​ពី​ឥឡូវ​ទៅ «មនុស្ស​យន្ត​នឹង​សម្លាប់​យើង​ទាំង​អស់​គ្នា​ជា​មិន​ខាន»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG