ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ដក​ទណ្ឌកម្ម​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ទំនង​ជា​ជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន


រូបភាពឯកសារ៖ បុរស​ម្នាក់កំពុង​ធ្វើការ​នៅ ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស Thilawa Special Economic Zone (SEZ) ក្នុង​ទីក្រុង Thilawa​ ប្រទេស​មីយ៉ាន់ម៉ាកាល​ពី ថ្ងៃទី​០៨ ឧសភា ២០១៥។
រូបភាពឯកសារ៖ បុរស​ម្នាក់កំពុង​ធ្វើការ​នៅ ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស Thilawa Special Economic Zone (SEZ) ក្នុង​ទីក្រុង Thilawa​ ប្រទេស​មីយ៉ាន់ម៉ាកាល​ពី ថ្ងៃទី​០៨ ឧសភា ២០១៥។

ការ​សម្រេចចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដក​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា ត្រូវ​បាន​ស្វាគមន៍​ដោយ​សេដ្ឋកិច្ច​វិទូ និង​អ្នក​ជំនួញ​ក្នុង​ស្រុក​ដោយ​អ្នក​ទាំង​នោះ​បាន​និយាយ​ថា ការ​ដក​ទណ្ឌកម្ម​នេះ​នឹង​ដក​ចេញ​នូវ​ការ​ដាក់​កម្រិត​ដ៏​ខ្លាំង​មួយ​លើ​ពាណិជ្ជកម្ម​អន្តរជាតិ​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ជា​ប្រទេស​ក្រីក្រ​មួយ និង​ជួយ​បង្កើន​ការ​រីកចម្រើន​សម្រាប់​សេដ្ឋកិច្ច​មីយ៉ាន់ម៉ា។

អ្នក​វិភាគ​នយោបាយ និង​សកម្មជន​នយោបាយ បាន​លើក​ឡើង​ថា ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​នេះ ក៏​បាន​ដាក់​ទំនួល​ខុស​ត្រូវ​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​ធ្វើ​យ៉ាង​ណា អ្នក​ជំនួញ «បក្ខពួក​និយម‍» កែប្រែ​ការ​ធ្វើ​ជំនួញ​របស់​ពួកគេ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ ដោយសារ​តែ​ការ​ធ្វើ​ជំនួញ​កន្លង​មក ជា​រឿយៗ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​មាន​អំពើ​ពុករលួយ ការ​ដណ្ដើម​ដីធ្លី​ប្រជាពល​រដ្ឋ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ និង​ការ​ធ្វើ​អាជីវកម្ម​គ្រឿង​ញៀន​ជាដើម។

បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​លោកស្រី​ អង់សាន ស៊ូជី​ ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កាល​ពី​សប្តាហ៍​មុន លោក Barack Obama បាន​ប្រកាស​ថា ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ លោក​នឹង​ដក​ទណ្ឌកម្ម​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា ដែល​ក្នុង​នោះ​មាន​ដូច​ជា ការ​លុប​ឈ្មោះ​អ្នក​ជំនួញ​ច្រើន​ជាង ១​ រយ​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​អតីត​របប​យោធា​ភូមា ចេញ​ពី​បញ្ជី​ខ្មៅ​របស់​រតនាគារ​ជាតិ​សហរដ្ឋ​អាមេរិក និង​ដក​ការ​ដាក់​កម្រិត​ចំពោះ​ឧស្សាហកម្ម​ថ្លើម​ថ្ម និង​ត្បូង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

សហរដ្ឋ​អាមេរិក​ក៏​ផ្ដល់​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​នូវ​លទ្ធភាព​នាំ​ចេញ​មក​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​ផង​ដែរ។

លោក Maung Maung សេដ្ឋកិច្ចវិទូ​មកពី​ក្រសួង​ពាណិជ្ជកម្ម​មីយ៉ាន់ម៉ា បាន​និយាយ​ថា ការ​ដក​ទណ្ឌកម្ម​នេះ នឹង​ជួយ​អ្នក​នាំ​ចេញ​គ្រប់​ប្រភេទ​មាន​លទ្ធភាព​ចូល​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក និង​បញ្ចប់​នូវ​បញ្ហា​ផ្សេងៗ​សម្រាប់​ជំនួញ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​ព្យាយាម​ចង់​ប្រើប្រាស់​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ។ ក្នុង​នោះ​ដែរ វិស័យ​កាត់​ដេរ​នឹង​ក្លាយ​ជា​វិស័យ​មួយ​ដែល​ចំណេញ​ច្រើន​ពី​ការ​ដក​ទណ្ឌកម្ម​នេះ៕

XS
SM
MD
LG