ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​មេធាវី​ដែល​ត្រូវ​គេ​ធ្វើ​ឃាត​នៅ​មីយ៉ាន់ម៉ា បាន​ធ្វើ​ការ​លើ​គម្រោង​មួយ​ដើម្បី​ធ្វើ​ឲ្យ​អំណាច​ពួក​យោធា​ចុះ​ខ្សោយ

  • Ron Corben

រូបឯកសារ៖ ​លោក Ko Ni មេធាវី​មីយ៉ាន់ម៉ា​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត។

«ការធ្វើ​ឃាត​លោក Ko Ni គឺ​ក្នុង​គោល​បំណង​ផ្ញើ​សារ​ព្រមាន​មួយ​ទៅ​កាន់​​អ្នក​ផ្សេងទៀត ដែល​ចង់​ស្រមៃ ឬ​គិត​ពី​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ។ ហេតុនេះ​ហើយ បានជា​ការ​សម្លាប់​នេះ​ធ្វើឡើង​នៅ​កណ្ដាល​ថ្ងៃ​​ចែស នៅ​ខាងក្រៅ​ប្រលាន​យន្តហោះ»។

មិត្តភ័ក្ដិ​ជិតស្និទ្ធ​មួយ​រូប​របស់​លោក Ko Ni មេធាវី​មីយ៉ាន់ម៉ា​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត បាន​និយាយ​ថា អ្នក​ជំនាញ​ផ្នែក​ច្បាប់​រដ្ឋធម្មនុញ្ញ​រូប​នេះ កំពុង​ធ្វើ​ការ​លើ​ផែនការ​មួយ ដើម្បី​ធ្វើ​ឲ្យ​អំណាច​នយោបាយ​របស់​យោធា​មីយ៉ាន់ម៉ា​ចុះ​ខ្សោយ នៅ​ពេល​ដែល​លោក​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ឯ​ប្រលាន​យន្តហោះ​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា បន្ទាប់ពី​លោកបាន​វិល​ត្រឡប់​មកពី​ការ​ចូលរួម​សន្និសីទ​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃទី ២៩ ខែមករា កន្លង​ទៅ​នេះ។

ការ​លាត​ត្រដាង​ឲ្យ​ឃើញ​ពី​ផែនការ​របស់​លោក Ko Ni នេះ ហាក់​ដូចជា​បំពេញ​ហេតុផល​ដល់ការសង្ស័យ ដែល​ថា ពួក​យោធា​មាន​ការ​ពាក់ព័ន្ធ​ក្នុង​ការ​ធ្វើ​ឃាត​នេះ។ ការ​សង្ស័យ​ដូច​នេះ កន្លង​មក​ត្រូវ​បាន​គេ​បដិសេធ។

យោធា​នៅតែ​កាន់​អំណាច

ទោះបីជា​បាន​ផ្ទេរ​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល ដែល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​សកម្មជន​លោកស្រី Aung San Suu Kyi ក៏​ដោយ ក៏​កងកម្លាំង​យោធា​មីយ៉ាន់ម៉ា​នៅ​តែ​រក្សា​អំណាច​យ៉ាង​ទូលំទូលាយ នៅ​ក្រោម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ខ្លួន​បាន​ប្រកាស​ឲ្យ​ប្រើ​នៅឆ្នាំ ២០០៨ ដដែល។

រដ្ឋធម្មនុញ្ញ​នោះ​ធានា​ឲ្យ​ពួក​យោធា​កាន់កាប់​អាសនៈ​ចំនួន ២៥ ភាគរយ នៅ​ក្នុង​សភា និង​មាន​សិទ្ធិ​វេតូ​លើ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ណា​មួយ​បាន។ ពួក​យោធា​ក៏មាន​សិទ្ធិ​គ្រប់គ្រង​ក្រសួង​មហា​ផ្ទៃ​ផង​ដែរ ដែល​ករណី​នេះ​បាន​ផ្ដល់​អំណាច​មួយ​ភាគ​ធំ​ដល់​ពួក​យោធាពាក់ព័ន្ធ​នឹង​ការិយាធិបតេយ្យ​អចិន្ត្រៃយ៍នៅ​ក្នុង​ប្រទេស។

​លោក​មេធាវី Ko Ni ប្រហែល​ជា​រក​ឃើញ​ចន្លោះ​ប្រហោង​ក្នុង​រដ្ឋធម្មនុញ្ញ​ពាក់ព័ន្ធ​នឹង​ពួក​យោធា

លោក Bertil Lintner ដែល​ជា​អ្នក​ផ្ដល់​យោបល់​លើ​បញ្ហា​នានា គឺ​ជា​មនុស្ស​ជំនិត​របស់​លោក Ko Ni។ លោក និង​លោក Ko Ni ធ្លាប់​បាន​ធ្វើ​ការ​ជាមួយ​គ្នា​លើ​ការ​បណ្ដុះបណ្ដាល​ផ្នែក​សារព័ត៌មាន។ លោក Bertil Lintner បាន​ប្រាប់ VOA ក្នុង​បទ​សម្ភាសន៍​មួយ​ថា លោក Ko Ni ដែល​ជា​ទីប្រឹក្សា​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប បាន​រក​ឃើញ «ចន្លោះប្រហោង» មួយ ដែល​អាច​ប្រើ​ដើម្បី​បង្អាក់​ដល់​សិទ្ធិ​វេតូ​របស់​ពួក​យោធា​បាន។

លោក Lintner បាន​ថ្លែង​ថា៖ « [លោក Ko Ni] បាន​និយាយ​ថា គ្មាន​ចំណុច​ណា​មួយនៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០០៨ ដែល​ចែង​ថា រដ្ឋធម្មនុញ្ញ​មិន​អាច​លុប​ចោល​ដោយ​ការ​បោះ​ឆ្នោត​គាំទ្រ​ទាំង​ស្រុង​ឲ្យ​លុប​ចោល នៅ​ក្នុង​សភា​នោះ​ទេ»។

លោក​បាន​និយាយ​ថា ការ​បោះឆ្នោត​គាំទ្រ​ដោយ​មតិ​ភាគ​ច្រើន​ដ៏សាមញ្ញ​មួយ គឺ​ជា​ការ​គ្រប់គ្រាន់​ហើយ ដែល​យើង​ត្រូវការ «ដើម្បី​លុប​ចោល​នូវ​រដ្ឋធម្មនុញ្ញ និង​អនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ។ លោក Ko Ni មុន​ពេល​ត្រូវ​គេ​សម្លាប់ កំពុង​ធ្វើការ​លើ​រឿង​នេះ»។

លោក Lintner បាន​បញ្ជាក់​ថា លោកស្រី Aung San Suu Kyi បាន​ចាត់ទុក​គំនិត​នេះ​ថា «មាន​លក្ខណៈ​បំផុសបំផុល​ខ្លាំង» ហើយ​លោក​ស្រី​ពេញចិត្ត​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​បន្តិច​ម្ដងៗ។ លោក បាន​បន្ថែម​ថា លោក Ko Ni នៅតែ​ទទូច​ក្នុង​រឿង​បោះ​ឆ្នោត​គាំទ្រ​លុប​ចោល​រដ្ឋធម្មនុញ្ញ​ដោយ​មតិ​ភាគ​ច្រើន​នៅ​ក្នុង​សភា។

ប៉ូលិស​ដែល​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ករណី​ឃាតកម្ម​លើ​រូប​លោក Ko Niនេះ បាន​និយាយ​ថា ផែនការ​សម្ងាត់​ដើម្បី​សម្លាប់​លោក Ko Ni ត្រូវ​បាន​រៀបចំ​ឡើងដោយ​មនុស្ស​មួយ​ក្រុម ដែល​ចង​គំនុំ​គុំគួន​នឹង​មេធាវី​រូប​នេះ នៅ​ក្នុង​ហាង​លក់​តែ​មួយ​កន្លែង កាល​ពី​ឆ្នាំ​មុន។ អាស្រ័យ​ហេតុ​នេះ គេ​ឃើញ​មាន​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​មួយ​ចំនួនបាន​ធ្វើ​ឡើង ពាក់ព័ន្ធ​នឹង​ករណី​នេះ។

លោក Lintner គិត​ថា ការ​ធ្វើ​ឃាតលោក Ko Ni គឺ​ជា​ការ​ព្រមាន​មួយ

ប៉ុន្តែ​លោក Lintner បាន​និយាយ​ថា លោក​ជឿជាក់​ថា ការ​ធ្វើ​ឃាត​លោក Ko Ni គឺមាន​គោលបំណង​ជា​ការ​ព្រមាន​មួយ។

រូបឯកសារ៖ មឈូសដាក់សពលោកមេធាវី Ko Ni។
រូបឯកសារ៖ មឈូសដាក់សពលោកមេធាវី Ko Ni។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ការធ្វើ​ឃាត​លោក Ko Ni គឺ​ក្នុង​គោល​បំណង​ផ្ញើ​សារ​ព្រមាន​មួយ​ទៅ​កាន់អ្នក​ផ្សេងទៀត ដែល​ចង់​ស្រមៃ ឬ​គិត​ពី​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ។ ហេតុនេះ​ហើយ បានជា​ការ​សម្លាប់​នេះ​ធ្វើឡើង​នៅ​កណ្ដាល​ថ្ងៃចែស នៅ​ខាងក្រៅ​ប្រលាន​យន្តហោះ»។

លោក​បាន​បន្ថែម​ថា ការ​សម្លាប់​នេះ​បាន​បង្កើត​ជា «បរិយាកាស​ភ័យខ្លាច» នៅ​ក្នុង​ជួរគណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ។

ប៉ុន្តែ គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​បញ្ជាក់​ថា អំពើ​ឃាតកម្ម​នេះ​មិន​បាន​បង្ក​ឲ្យ​មាន​ភាព​ភ័យខ្លាចនៅ​ក្នុង​ជួរ​គណបក្ស​របស់​ខ្លួន​នោះ​ទេ។

លោក Win Thein អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ មិន​គាំទ្រ​ចំពោះ​ការ​អះអាង​ដែល​ថា ការ​ធ្វើ​ឃាត​នេះ​បង្ក​ភាព​ភ័យ​ខ្លាច​ក្នុង​ចំណោម​សមាជិក​គណបក្ស​របស់​លោក​នោះ។ ប៉ុន្តែ លោក​ក៏​បាន​ទទួល​ស្គាល់​ថា ការ​បាត់បង់​លោក Ko Ni គឺ​ជា​ការ​បាត់បង់​យ៉ាង​ធំធេង​មួយ​សម្រាប់​គណបក្ស​របស់​លោក។

លោក Win Thein បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «វា​ពិតជា​មិនមែន​ភាព​ភ័យ​ខ្លាច​នោះ​ទេ។ (ការស្លាប់​របស់​លោក Ko Ni) គឺជា​ការ​បាត់បង់​ដ៏​ធំ​មួយ»។

លោក​បាន​បញ្ជាក់​ថា ទំនាក់ទំនង​របស់​គណបក្ស​លោក​ជាមួយ​ពួក​យោធា​គឺ «នៅ​តែ​ដដែល» ហើយគណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​គឺ «ពិតជា» មិន​ភ័យខ្លាច​ចំពោះ​បរិយាកាស​នយោបាយ​ឡើយ។ លោក​បាន​បន្ថែម​ថា គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នឹង «មិន​បោះបង់​ចោល​នូវ​ក្ដី​សង្ឃឹម​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ» នោះ​ទេ។

រូបឯកសារ៖ ប៉ូលិស​មីយ៉ាន់ម៉ា​ឈរ​យាម​មន្ទីរពេទ្យ​ ទី​ដែល​សព​លោក​មេធាវី​ Ko Ni ត្រូវ​បាន​រក្សា​ទុក នៅ​ក្រុង​យ៉ាងហ្គន​ ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៧។
រូបឯកសារ៖ ប៉ូលិស​មីយ៉ាន់ម៉ា​ឈរ​យាម​មន្ទីរពេទ្យ​ ទី​ដែល​សព​លោក​មេធាវី​ Ko Ni ត្រូវ​បាន​រក្សា​ទុក នៅ​ក្រុង​យ៉ាងហ្គន​ ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៧។

លោក Ko Ni ត្រូវ​គេ​ហៅ​ថា «អ្នកជំនាញ» ផ្នែក​ច្បាប់​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០០៨

លោក Phil Robertson នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក បាន​និយាយ​ថា លោក Ko Ni គឺ​ជា​មនុស្ស​ម្នាក់ក្នុង​ចំណោម​មនុស្ស​តែ​ពីរ​បី​នាក់​តែ​ប៉ុណ្ណោះ នៅ​ក្នុង​ជួរ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ដែល​បាន​យល់​យ៉ាង​ច្បាស់​អំពី​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០០៨ ដែល​ជា​រដ្ឋធម្មនុញ្ញ​គាំទ្រ​ដោយ​ពួក​យោធា។

នៅ​ឯ​ក្លឹប​អ្នក​កាសែត​បរទេស​នៃ​ប្រទេស​ថៃ (FCCT) នៅ​ក្នុង​ទីក្រុង​បាងកក លោក Robertson បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «សូម​យល់ឱ្យ​បាន​ច្បាស់​ថា លោក U Ko Ni គឺ​ជា​អ្នក​បច្ចេកទេស [ក្នុង​រឿង​ច្បាប់​រដ្ឋធម្មនុញ្ញ​នេះ]»។ គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ជួរ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ដែល​អាច​ជំនួស​លោក​បាន ពាក់ព័ន្ធ​នឹង​រឿង​រដ្ឋធម្មនុញ្ញ​នេះ នោះ​ទេ។ ហើយ​ប្រសិន​បើ​អ្នក​សម្លឹង​មើល​ទៅ​លើ​ការ​កំណត់​រចនា​សម្ព័ន្ធ​បច្ចុប្បន្ន​នៃ​នយោបាយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០០៨ គឺ​ជា​ចំណុច​ស្នូល​នៃ​រឿងរ៉ាវ​ទាំង​អស់»។

លោក Tony Davis អ្នក​វិភាគ​អំពី​តំបន់​អាស៊ី ប្រចាំ​ក្រុមហ៊ុន IHS Jane's Information Group ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បាន​យល់ស្រប​ថា លោក Ko Ni ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា​ជា​គ្រោះថ្នាក់​ចំពោះឥទ្ធិពល​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោក Davis បាន​បញ្ជាក់​នៅ​ឯ​ក្លឹប​អ្នក​កាសែត​បរទេស​នៃ​ប្រទេស​ថៃ នា​ពេល​ថ្មីៗ​នេះ​ថា៖ «លោក Ko Ni គឺ​ជា​ការ​គំរាមកំហែង​មួយ មិន​មែន​គ្រាន់តែ​ចំពោះ​គណនី​ធនាគារ [របស់​ពួក​យោធា] និងអនាគត​របស់​ពួក​នោះ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ចំពោះ​អនាគត​របស់​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ

ដោយសារ​តែ​ពួក​យោធា សមមិត្ត​របស់​ពួកគេ និង​ជីដូន​ជីតា​របស់​ពួកគេ​បាន​ឃើញ​ពី​អនាគត​របស់​ប្រទេស​មីយ៉ាន់ម៉ា តាំងពី​ប្រទេស​នេះ​ទទួល​បាន​ឯករាជ្យ​កាល​ពី [ឆ្នាំ ១៩៤៨] មកម្ល៉េះ»។

លោក​បាន​បន្ថែម​ថា ការ​ធ្វើ​ឃាត​លើ​រូប​លោក Ko Ni បាន​បង្ហាញ​ឲ្យ​ឃើញ​ពី «ទស្សនវិស័យ​អាប់អួរ» សម្រាប់​ទិដ្ឋភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ការ​បោះឆ្នោត​ថ្នាក់​ជាតិ​អាណត្តិ​បន្ទាប់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា នឹង​ធ្វើ​ឡើង​នៅក្នុង​ឆ្នាំ ២០២០ ខាង​មុខ​នេះ៕

ប្រែ​សម្រួល​ដោយ ឆាយ​ គីមហ៊ង

XS
SM
MD
LG