ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​ការ​ធ្វើ​ឃាត​លោក Ko Ni ឆ្លុះ​បញ្ចាំង​ពី​តួនាទី​របស់​សាសនា​ឥស្លាម​នៅ​ក្នុង​ជីវិត​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា


ក្រុម​អ្នកគាំទ្រ​លើក​ម្ឈូសលោក​ Ko Ni​ ដែល​ជាសមាជិក​ដ៏ឆ្នើមមួយ​រូបនៃ​ក្រុមជនជាតិ​ភាគតិច​ម៉ូស្លិម​ និង​ជាទីប្រឹក្សា​ច្បាប់​នៃគណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដែលកំពុង​ដឹកនាំ​ប្រទេស​ បន្ទាប់​ពីរូបលោក​ត្រូវបាន​គេបាញ់​សម្លាប់​ ក្នុងទីក្រុង​ រ៉ង់ហ្គូន​ ប្រទេស​មីយ៉ាន់ម៉ា (រូបថត​ថ្ងៃទី៣០​ ខែមករា​ ឆ្នាំ​២០១៧)។

នៅ​ក្នុង​រយៈ​ពេល​កន្លង​មក​នេះ ការ​​គោរព​​ដឹង​គុណ​​របស់​សាធារណ​ជន​ចំពោះ​លោក Ko Ni ទីប្រឹក្សា​ផ្នែក​ច្បាប់​ដ៏​ល្បី​ឈ្មោះ​មួយ​រូប ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ក្នុង​ទី​ក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា​កន្លង​មក​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សមិទ្ធិផល​នានា​របស់​លោក។

លោក​មេធាវី​វ័យ ៦៣ ឆ្នាំ​រូប​នេះ គឺ​ជា​អ្នកពូកែ​ផ្នែក​ច្បាប់ ជា​អ្នក​ធ្វើ​ការ​មិន​ចេះ​នឿយ​ហត់ ជា​អ្នក​ជំនាញ​ផ្នែក​ច្បាប់​រដ្ឋ​ធម្មនុញ្ញ និង​ជា​អ្នក​គាំទ្រ​ប្ដូរផ្ដាច់​ចំពោះ​ការ​ផ្លាស់ប្ដូរ​ប្រទេស​មីយ៉ាន់ម៉ា​ឲ្យ​ទៅ​ជា​ប្រទេស​ប្រជាធិបតេយ្យ បន្ទាប់​ពី​ការ​ដឹកនាំ​ដោយពួក​យោធា​អស់​រយៈ​ពេល​ជិត ៥ ទសវត្សរ៍​កន្លង​មក​នេះ។

ប៉ុន្តែ ការ​កោត​សរសើរ​នេះ មិន​បាន​បង្ហាញ​ពីចំណុច​សំខាន់​របស់​លោក​ក្នុង​ឋានៈ​ជា​សមាជិក​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​នៅ​ក្នុង​សហគមន៍​អ្នក​កាន់​សាសនា​ឥស្លាម​របស់​ប្រទេស​មីយ៉ាន់ម៉ា និង​ជាអ្នក​តស៊ូ​មតិ​មួយ​រូប​ក្នុង​ចំណោម​អ្នក​តស៊ូ​មតិ​មួយ​ចំនួន​តូច​ដែល​នៅ​សេសសល់ ដែល​អាច​មាន​ឥទ្ធិពល​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​បាន នោះ​ទេ។

ខណៈ​ដែល​អ្នក​វិភាគ​នានា​មើល​ឃើញ​ថា ស្នាដៃ​របស់​លោក​ក្នុង​ការ​កាត់​បន្ថយ​ឥទ្ធិពល​របស់​ពួក​យោធា​តាម​រយៈ​ការ​កែប្រែរដ្ឋ​ធម្មនុញ្ញ ទំនងអាច​ជាហេតុ​ផង​ចម្បង​ដែល​ជំរុញ​ឲ្យ​មាន​ការ​សម្លាប់​រូប លោក​នោះ មរណភាព​របស់​លោក​ក៏​បាន​ធ្វើ​ឲ្យ​មាន​គម្លាត​កាន់​តែ​ធំ​រវាង​អ្នក​កាន់សាសនា​ឥស្លាម និង​ជីវិត​នយោបាយនៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ។ គម្លាត​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ថយ​ចុះ​នៃការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ភាគ​តិច ដែល​ជា​អ្នក​កាន់សាសនា​ឥស្លាម​ភាគតិច នៅ​ក្នុង​ប្រទេស​ដែល​ប្រជាជន​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​នោះ។

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន លោក Kyaw Htut ដែល​មាន​វ័យ ២៩ ឆ្នាំ បាន​ជួយ​រៀប​ចំ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​របស់​លោក Ko Ni និង​អ្នក​បើក​រថយន្ត​តាក់ស៊ី​លោក Nay Win ដែល​ត្រូវ​បាន​សម្លាប់​ដោយសារ​ព្យាយាម​បញ្ឈប់​ជន​សង្ស័យ​ជា​ឃាតក​កុំ​ឲ្យរត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ។

លោក Kyaw Htutបាន​និយាយ​ថា៖ «ខ្ញុំ​សូម​និយាយ​ថា នៅ​ក្នុង​ប្រវត្តិសាស្រ្ត​មីយ៉ាន់ម៉ាតាំង​ពី​ដើម​មក ដូចជា​មុន​ពេល​ទទួល​បាន​ឯករាជ្យ ក្រោយ​ពេល​ទទួល​បាន​ឯករាជ្យ និង​ក្រោយមក​ទៀត​ក្នុង​ដំណាក់​កាល​ផ្លាស់ប្ដូរ​របប​យោធា និង​បដិវត្តន៍ គឺ​គ្រប់​ផ្នែក​គ្រប់​វិស័យ​ទាំងអស់ សុទ្ធ​តែ​មាន​ការ​ចូល​រួម​របស់​អ្នក​កាន់​សាសនា​ឥស្លាម។ ប៉ុន្តែ​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ ខ្ញុំ​យល់​ថា​ការ​ធ្វើ​ឃាត​លោក U Ko Ni គឺ​ជា​ការ​ក្រើន​រំឭក​មួយ​ព្រមាន​ដល់​អ្នក​កាន់​សាសនា​ឥស្លាម​ទាំងអស់​ឲ្យ​ដឹង​ថា យក​ល្អ​អ្នក​ឯង​គួរ​តែ​កុំ​មក​បង្កើត​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​មីយ៉ាន់ម៉ា។ ខ្ញុំ​យល់​ឃើញ​អញ្ចឹង។ ហើយ​ចំណុច​នេះ វា​មិន​ល្អ​ទាល់តែ​សោះ»។

​ទោះបីជា​ប្រជាពលរដ្ឋ​កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​មាន​ចំនួន​តែ ៤ ភាគ​រយ នៃ​ចំនួន​ប្រជាជន​សរុប​ក៏​ដោយ ក៏​អ្នក​កាន់​សាសនា​ឥស្លាម​ទាំង​នោះ​ដើរ​តួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ឆាក​នយោបាយ​តាំង​ពី​យូរយារ​ណាស់​មក​ហើយ។ លោក Abdul Razak ដែល​ជា​អ្នក​នយោបាយកាន់​សាសនា​ឥស្លាម​មួយ​រូប ត្រូវ​បានគេ​ធ្វើ​ឃាត​ជាមួយ​នឹង​លោក Aung San ដែល​ជា​ឪពុក​របស់​លោក​ស្រី Aung San Suu Kyi នៅ​ឆ្នាំ ១៩៤៧ ហើយ​នៅ​ពេល​នោះ អ្នក​កាន់​សាសនា​ឥស្លាម​នានា​បាន​ចូល​រួម​គាំទ្រ​យ៉ាង​សកម្ម​នៅ​ក្នុង​ចលនា​បះបោរ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ឆ្នាំ ១៩៨៨។

ប៉ុន្តែ នៅពេល​ដែល​ប្រទេស​មីយ៉ាន់ម៉ា​បាន​បើក​ទ្វារ​ទៅ​កាន់​ពិភពលោក​នៅ​ឆ្នាំ ២០១១ ទស្សនៈ​ជាតិ​និយម​នៃ​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ​មាន​ការ​កើន​ឡើង​កាន់​តែ​ច្រើន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​ភាគ​តិច ដែល​កាន់​សាសនា​ផ្សេងៗ​ទៀត។

ជនជាតិ​ភាគ​តិច Rohingya កាន់​សាសនា​ឥស្លាម​ជាង ១ សែន ២ ម៉ឺន​នាក់ ត្រូវ​ដាក់​នៅ​ក្នុង​ជំរំ​នានា​នៅ​ភាគ​ខាង​លិច​រដ្ឋ Rakhine បន្ទាប់​ពី​អំពើ​ហិង្សា​អន្តរ​សាសនា​នៅ​ឆ្នាំ ២០១២ បាន​ធ្វើឲ្យ​មនុស្ស​រាប់​រយ​នាក់​ស្លាប់​បាត់បង់​ជីវិត។ ដោយសារតែការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ឆ្នាំ ២០១៥ បាន​ធ្វើ​ឡើង​ដោយ​មាន​លក្ខណៈ​គំរាម​កំហែង មន្រ្តី​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បដិសេធ​បេក្ខភាព​ចូលរួម​របស់​សមាជិក​សភា​ជនជាតិ Rohingya ដែល​បាន​ជាប់​ឆ្នោត​កាល​ពី​លើក​មុន ដោយ​ទាញ​ហេតុ​ផល​ថា សមាជិក​សភា​រូប​នោះ​មានសញ្ជាតិ​មិន​ច្បាស់​លាស់។

គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ (NLD) របស់​លោក​ស្រី Aung San Suu Kyi បាន​ចុះ​ញ៉ម​ជាមួយ​នឹងសម្ពាធ​ពី​ក្រុម​អ្នក​ជាតិ​និយម​នានា ដោយ​មិន​បាន​បញ្ចូល​បេក្ខជន​ណា​ដែល​កាន់​សាសនា​ឥស្លាម​ទៅ​ក្នុង​ការ​ប្រកួត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ឡើយ។ បេក្ខជន​កាន់​សាសនា​ឥស្លាម​ឈរ​ឈ្មោះ​ក្នុង​គណបក្ស​ផ្សេង​ទៀត ក៏​មិន​បាន​ទទួល​ជ័យជំនះ​ដែរ ដោយសារ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​មាន​សន្ទុះ​អ្នក​គាំទ្រ​ច្រើន។

នា​ពេល​បច្ចុប្បន្ន​នេះ ជនជាតិ Rohingya កាន់​សាសនា​ឥស្លាម​រាប់​ម៉ឺន​នាក់ បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​បង់ក្លាដែស ដោយសារ​ទាហាន​មីយ៉ាន់ម៉ា​បាន​តាម​ប្រមាញ់​ជន​ណា​ដែល​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​មិន​សូវ​មាន​គេ​ស្គាល់​មួយ​ក្រុម ដែល​បាន​វាយ​ប្រហារ​លើ​ប៉ុស្តិ៍​ព្រំដែន​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៦ និង​បាន​សម្លាប់​មនុស្ស ៩ នាក់។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ការរំលោភ​បំពាន​តាម​រយៈ​ការ​បង្ក្រាប​ទាំង​នេះ អាច​ចាត់ទុកជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ប៉ុន្តែ​ប្រទេស​មីយ៉ាន់ម៉ា ដែល​បាន​បដិសេធ​ការចោទ​ប្រកាន់​ទាំង​នេះ បាន​ជម្នះ​ប្រឆាំង​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ។

នៅ​ក្នុង​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​រូប​លោក Ko Ni ដែល​មនុស្ស​ភាគ​ច្រើន​ជឿ​ថា​មក​ពី​រឿង​នយោបាយ​ជា​ជាង​បញ្ហា​សាសនា​នោះ ក្រុម​អាជ្ញាធរ​បាន​ចាប់​ខ្លួន​មនុស្ស ៣ នាក់ និង​កំពុង​ស្វែង​រក​ជន​សង្ស័យ​ទី ៤។

លោក Htin Lin Oo អ្នក​និពន្ធ​ដែល​ជាប់​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ​ដោយសារ​ការ​ថ្លែង ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ប្រមាថ​មើល​ងាយ​ដល់​សាសនា​កាល​ពី​ឆ្នាំ ២០១៤ នោះ បាន​បញ្ចេញ​យោបល់​ទៅលើ​ការ​លុប​បំបាត់​អ្នក​កាន់​សាសនា​ឥស្លាម​បន្តិច​ម្ដងៗ​ចេញ​ពី​ជីវិត​សាធារណៈ។ លោក​បាន​ថ្លែងក្នុង​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​កាល​ពី​ថ្ងៃ​ទី ៥ ខែ​មិនា ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ឯ​ភោជនីយដ្ឋាន Royal Rose ក្នុង​ទី​ក្រុង​រ៉ង់ហ្គូន យ៉ាង​ដូច្នេះ​ថា៖

«តាម​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា យើង​ត្រូវ​បួង​សួង​ឧទ្ទិស​ដល់​មនុស្ស​គ្រប់​គ្នា សត្វ​គ្រប់​ប្រភេទ និង​សូម្បីតែ​ទឹក​ក៏​ដោយ។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ វា​គួរ​ឲ្យ​សោក​ស្តាយ​ណាស់ ដែល​អ្នក​ជាតិ​និយម​នានា​ចង់​លុប​បំបាត់​លោក U Ko Ni និង​លោក U Mya Aye ចេញ​ពី​បញ្ជី​សត្វ​លោក​ដែល​ពួក​គេ​ត្រូវ​បួង​សួង​ឧទ្ទិស​ដល់​នោះ»។

លោក Mya Aye គឺ​ជា​សមាជិក​អ្នក​កាន់​សាសនា​ឥស្លាម​មួយ​រូប​របស់​ចលនា «ជំនាន់ ៨៨» (88 Generation) ដែល​ជា​ចលនា​របស់​សកម្ម​ជន​និស្សិត ដែល​បាន​ចូល​រួម​នៅ​ក្នុង​ការ​តវ៉ា​ឆ្នាំ ១៩៨៨។

បន្ទាប់​ពី​ពិធី​រំឭក​វិញ្ញាណ​ក្ខន្ធ​ដែល​មាន​ការ​ថ្លែង​សុន្ទរកថា​មួយ​ចំនួន​បាន​បញ្ចប់​មក សកម្មជន Rohingya នាង Wai Wai Nu បាន​និយាយ​ថា ឃាតកម្ម​លើ​រូប​លោក Ko Ni ដែល​នាង​បញ្ជាក់​ថា​មិន​ជាប់​ទាក់​ទង​ដោយ​ផ្ទាល់​ទៅ​នឹង​សាសនា​នោះ គឺ​ជា «ការ​ក្រើន​រំឮក» ដោយ​ប្រយោល​ដល់​សហគមន៍​អ្នក​កាន់​សាសនា​ឥស្លាម​ឲ្យ​គិត​ថា ប្រសិន​បើ​អ្នក​ជា​មនុស្ស​ពូកែ​និយាយ​រិះគន់​ច្រើន​ពេក «អ្នក​ងាយ​នឹង​ក្លាយ​ជា​មុខ​សញ្ញា​របស់​គេ»។

នាង Wai Wai Nu ខ្លួន​ឯង​ក៏​ត្រូវតែ​មាន​ការ «ប្រយ័ត្ន​ប្រយែង» ចំពោះ​អ្វី​ដែល​នាង​និយាយ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ផង​ដែរ។

នាង Wai Wai Nu បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ជួន​កាល ខ្ញុំ​ចង់​សរសេរ​បង្ហាញ​អ្វី​មួយ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត តែ​ខ្ញុំ​មិន​អាច​ធ្វើ​បាន។ វា​អាច​នាំ​ឲ្យ​មាន​គេ​ចាប់​អារម្មណ៍​ច្រើន​លើ​រូប​ខ្ញុំ»។

នាង​បាន​បន្ថែម​ថា វា​អាច​កើត​ឡើង​ដូច​គ្នា​ចំពោះ​ក្រុម​ជន​ជាតិ​ភាគ​តិច​ជា​ច្រើន​ផ្សេង​ទៀត គឺ​មិន​មែន​កើត​ឡើង​តែ​លើ​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​នោះ​ទេ។

ប៉ុន្តែ លោក Aye Lwin អ្នក​គាំទ្រ​អន្តរ​ជំនឿ និង​ជា​សមាជិក​មួយ​រូប​នៃ​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​នៃគណៈ​កម្មការ​ប្រឹក្សា​លើ​បញ្ហា​រដ្ឋ Rakhine ដែល​ដឹក​នាំ​ដោយ​អតីត​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក Kofi Annan បាន​និយាយ​ថា អ្នក​ដឹកនាំ​កាន់​សាសនា​ឥស្លាម​ដែល​នឹង​លេច​មុខ​នា​ពេល​ខាង​មុខ អាច​សម្លឹង​មើល​ពីមរណភាព​របស់​លោក Ko Ni តាម​ផ្លូវ​មួយ​ផ្សេង​ទៀត គឺ​ថា​អាច​ចាត់ទុកជា «ការលើក​ទឹក​ចិត្ត» ក៏​បាន។

លោក​បាន​បន្ថែម​ថា៖ «បើ​យើង​គិត​អញ្ចឹង វា​នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​រឹងមាំ។ សេចក្តី​ស្លាប់​មិន​អាច​បញ្ឈប់​យើង​បាន​នោះ​ទេ»៕

ប្រែ​សម្រួល​ដោយ សើ​ សាយ្យាណា

XS
SM
MD
LG