ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សវនាការ​ករណី​ឃាតកម្ម​សម្លាប់​លោក​កែម ឡី​មាន​បង្ហាញ​វីដេអូ​គួរ​ឲ្យ​សង្ស័យ


សវនាការកាត់ក្តី​ជនជាប់ចោទ ជួប សំលាប់ ដែល​បាន​សារភាព​ថា​បាន​សម្លាប់លោកបណ្ឌិត កែម ឡី បាន​ចាប់​ផ្តើម​នៅ​ថ្ងៃពុធ ទី១ ខែមីនា​នេះ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​កាត់​ក្តី​ជន​ជាប់​ចោទ​ឈ្មោះ​ជួប សំលាប់ ​ដែល​បាន​អះអាង​ថា កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​ ​ខ្លួន​ជា​អ្នក​សម្លាប់​លោក​កែម ឡី​ ដែល​ជា​អ្នក​វិភាគ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​ ហើយ​ដែល​តែងតែ​រិះគន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។​

លោក​កែម ឡី​ អ្នក​សិក្សា​ស្រាវជ្រាវ ​និង​ជា​អ្នក​វិភាគសង្គម​ដែល​រិះគន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​មិន​សំចៃ​មាត់ ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាលពី​ថ្ងៃទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៦ ​នៅស្តារម៉ាត​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ បូកគោ ​ក្នុង​រាជធានី​ភ្នំពេញ។ ​ការ​បាញ់​សម្លាប់​នេះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​ធ្វើ​អត្ថាធិប្បាយ​លើ​របាយ​ការណ៍​ថ្មី​ចុង​ក្រោយ​មួយ​របស់​អង្គការ​ Global Witness ​ដែល​បាន​លាត​ត្រដាង​អំពី​អាជីវកម្ម​របស់​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​មាន​ទឹក​ប្រាក់​យ៉ាង​ហោច​ណាស់​២០០​លាន​ដុល្លារ។

ប្រជា​ពលរដ្ឋ​កម្ពុជា​ មក​ពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្តក្តីចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)

ប្រជា​ពលរដ្ឋ​កម្ពុជា​ មក​ពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្តក្តីចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)

ក្រោយ​ការ​បាញ់​សម្លាប់​ភ្លាមៗ សមត្ថកិច្ច​ចាប់​បាន​បុរស​ម្នាក់​ដែល​អះអាង​ថា​ ខ្លួន​មាន​ឈ្មោះ​ជួប សំលាប់។​ ប្រជា​ពលរដ្ឋ ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​មាន​ការ​មន្ទិល​សង្ស័យ​អំពី​ឈ្មោះ​របស់​ជួប សំលាប់ ​ដែល​បាន​អះអាង​ថា​ ខ្លួន​ជា​អ្នក​បាញ់​លោក​កែម ឡី។​

ក្នុង​សវនាការ​រយៈពេល​ជាង​៤​ម៉ោង ​ក្រុម​ប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​ដែល​មាន​លោក​លាង សំណាត់​ ជា​ចៅ​ក្រម​ បាន​សួរ​ដេញ​ដោល​ជនជាប់​ចោទ​ឈ្មោះ​ជួប សំលាប់ ​និង​សាក្សី​ចំនួន​២​នាក់​ដែល​មាន​វត្តមានក្នុង​សវនាការ​ ព្រមទាំង​អាន​របាយ​ការណ៍​របស់​សាក្សី​មួយ​ចំនួន​ទៀតដែល​បាន​ប្រាប់​ចៅ​ក្រម​ក្នុង​ពេល​សាក​សួរ​កន្លង​មក។ ​ទាំង​ការ​ឆ្លើយ​របស់​សាក្សី​ទាំង​២នាក់​ដែល​មាន​វត្តមាន ​និង​ចម្លើយ​របស់​សាក្សី​ដែល​អាន​ដោយ​ក្រឡា​បញ្ជី ​សុទ្ធ​តែ​អះអាង​ថា ​ពួកគេ​មិន​បាន​ឃើញ​មុខ​របស់​អ្នក​ដែល​បាញ់​សម្លាប់លោក​កែម ឡី​នោះ​ទេ។​

អ្នកស្រី​ប៉ែន ពិសី​ សាក្សី​ម្នាក់​ដែល​ជា​អ្នក​ឆុង​កាហ្វេ​នៅ​ស្តារម៉ាត​ បាន​ឆ្លើយ​ប្រាប់​អង្គ​ជំនុំ​ជម្រះ​ថា ​ក្នុង​ថ្ងៃ​កើត​ហេតុ​នោះ​ លោក​កែម ឡី​ បាន​ចូលទៅ​ស្តារម៉ាត​ដើម្បី​ពិសារ​កាហ្វេ។​ ក្រោយ​ពេល​លោក​កែម ឡី​ អង្គុយ​បាន​បន្តិច ​ដោយ​មិនទាន់​បាន​ហៅ​កាហ្វេ​ផង​នោះ ​លោក​ក៏​ត្រូវ​បាន​គេ​បាញ់​សម្លាប់ ​ខណៈ​ពេលអ្នកស្រី​កំពុង​រវល់​ឆុង​កាហ្វេ។​

អ្នកស្រី​បន្ថែម​ថា ​អ្នកស្រី​មិនបាន​ឃើញ​មុខ​ជន​ដែល​ជាអ្នក​បាញ់​នោះ​ទេ ​ប៉ុន្តែ​អ្នកស្រី​បាន​ឃើញ​ជន​នោះ​ពី​ក្រោយ​ខ្នង​ នៅ​ពេល​ដែល​ជន​នោះ​ដើរ​ចេញ​ ​បន្ទាប់​ពី​បាន​បាញ់​លោក​កែម ឡី​ ចំនួន​ពីរ​គ្រាប់។​

លោក យុង ផានិត មេធាវី​ការពារ​ក្តី ជួប សំលាប់ ប្រាប់អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការជំនុំ​ជម្រះ​សំណុំ​រឿង​ឃាតកម្ម​លើលោក កែម ឡី នាថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៧។

លោក យុង ផានិត មេធាវី​ការពារ​ក្តី ជួប សំលាប់ ប្រាប់អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការជំនុំ​ជម្រះ​សំណុំ​រឿង​ឃាតកម្ម​លើលោក កែម ឡី នាថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៧។

ក្នុង​សវនាការ​ជា​សាធារណៈ​នោះ​ តុលាការ​បាន​ចាក់​បញ្ចាំង​វីដេអូ​ឃ្លីប​ចំនួន២​ក្នុង​ចំណោម​វីដេអូ​ឃ្លីប​សរុប​ចំនួន​១៦​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​លើ​អេក្រង់​ LCD។​

វីដេអូ​ឃ្លីប​ទី​១​មិនបាន​បង្ហាញ​ពី​រូបភាព​ទាំង​ស្រុង​នៅ​ក្នុង​ស្តារ​ម៉ាត​នោះ​ទេ។​ វីដេអូ​នេះ​បង្ហាញ​រូប​បុរស​ម្នាក់​ពាក់អាវ​ពណ៌​ទឹក​ប៊ិចចាស់​ និង​ពាក់​មួក​ពណ៌​ក្រហម​ ដើរ​ចន្លោះ​ធ្នើរ​ដាក់​ទំនិញ​នៃ​ផ្នែក​មួយ​ក្នុង​ស្តារម៉ាត ​និង​បាន​ទាញ​កាំភ្លើង​បាញ់​សំដៅ​លើ​ទីតាំង​ដែល​មាន​មនុស្ស​កំពុង​អង្គុយ​ផឹក​កាហ្វេ។​ ទោះ​ជាយ៉ាងណា ​គេ​មិន​អាច​កំណត់​ថា ​នៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស​ដែល​អង្គុយ​ផឹក​កាហ្វេ​នោះ​មាន​លោក​កែម ឡី ​ឬ​យ៉ាងណា​នោះ​ទេ។​

វីដេអូ​ឃ្លីបទី​២​បាន​បង្ហាញ​រូបភាព​ពី​ចម្ងាយ​ដោយ​មាន​បុរស​ម្នាក់​កំពុង​រត់​ពី​ស្តារម៉ាត​តាម​បណ្តោយ​ផ្លូវ​ម៉ៅ សេទុង​ឆ្ពោះ​ទៅ​កាន់​ស្តុប​ចំការមន។ ​រូបភាព​នោះ​ឆ្ងាយ​ពេក​ ដែល​គេ​មិន​អាច​បញ្ជាក់​ថា ​អ្នក​រត់​នោះ​គឺ​ជា​អ្នក​ណា​ឲ្យ​ប្រាកដ។​

ក្នុង​សវនាការ ជួប សំលាប់ ​បានសារ​ភាព​ជាច្រើន​ដង​ថា​ ខ្លួន​ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត​កែម ឡី​ ដោយសារ​ខឹង​លោក​កែម ឡី​ ជំពាក់​ប្រាក់​ចំនួន​៣.០០០​ដុល្លារ​មិន​សង។ ​ជួប សំលាប់​ បាន​បញ្ជាក់​ថា ​ខ្លួន​បាន​ខ្ចី​លុយ​ពី​ថៅកែ​ដែល​ខ្លួន​ធ្វើការ​ឲ្យ​នៅ​ប្រទេស​ថៃ ​ដើម្បី​ទិញ​កាំភ្លើង​មួយ​ដើម​តម្លៃ​៤៥.០០០​បាត​ ឬ​ប្រហែល​ជា​ជាង​១,០០០​ដុល្លារ​ពី​បុរស​ម្នាក់​ឈ្មោះ​ចក់​ជា​ជន​ជាតិ​ថៃ។

ជួប សំលាប់​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​ខ្លួន​ជា​បុរស​នៅ​ក្នុង​ឃ្លីប​វីដេអូ​ទាំងពីរ​ ដែល​បាន​បង្ហាញ​ដោយ​តុលាការ។​

តុលាការ​ និង​សារ​ព័ត៌មាន​មួយ​ចំនួន ​រួមទាំង ​VOA​ ផង ​បាន​រក​ឃើញ​ថា ​ជួប សំលាប់​មាន​ឈ្មោះ​ពិត​ថា ​អឿត អាង ​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម ​ជា​មនុស្ស​ក្រីក្រ​ខ្លាំង ​និង​គ្មាន​មុខ​របរ​ពិត​ប្រាកដ។ ម្តាយ​ និង​ភរិយា​របស់​ជួប សំលាប់ ​ដែល​កំពុង​រស់​នៅ​ខេត្ត​សៀមរាប ​បាន​និយាយ​ថា ​ជួប សំលាប់ ​ធ្លាប់​បួស​ជា​សង្ឃ​ បន្ទាប់​មក​បាន​ធ្វើ​ជា​មន្រ្តី​បរិស្ថាន​នៅ​ខេត្ត​សៀមរាប។ ​បើ​ទោះជាមានការ​រក​ឃើញ ​និង​ការ​បញ្ជាក់​ពី​តុលាការ​យ៉ាង​ដូច្នេះ​ក្តី ជួប សំលាប់​ មិន​បាន​ទទួល​ស្គាល់ ​ហើយ​បាន​ច្រាន​ចោល​ការ​រក​ឃើញ​របស់​តុលាការ​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​រូប​របស់​ខ្លួន​ទាំង​អស់​នោះ។​

តុលាការ​បាន​ចោទ​ប្រកាន់​លោក​ជួប សំលាប់ ​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន ​និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ ​ដែល​អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។​

ក្រោយពី​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​របស់​ព្រះ​រាជអាជ្ញា​ និង​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់​ចោទ​ ដោយ​គ្មាន​វត្តមាន​សាច់​ញាតិ​របស់​ជនជាប់ចោទ ​និង​សាច់ញាតិ​របស់​លោក​កែម ឡី តុលាការ​បាន​សម្រេច​កំណត់​យក​ថ្ងៃទី​២៣ ​ខែ​មីនា ​ឆ្នាំ​២០១៧​ជាថ្ងៃ​ប្រកាស​សាលក្រម។​

ថ្លែង​ក្នុង​សវនាការ​ លោក​យុង ផានិត ​មេធាវី​ការពារក្តី​ឲ្យ​ជួប សំលាប់ ​បាន​ស្នើ​ឲ្យ​តុលាការដាក់​ទោស​កូនក្តី​របស់​លោក​ក្នុង​ស្ថាន​សម្រាល ​ដោយ​យោង​ទៅ​លើ​ភាព​ក្រីក្រ​ និង​គ្មាន​ចំណេះ​ដឹង។​

លោក​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការ​ថា៖​

«ជន​ត្រូវ​ចោទ​ទទួល​ស្គាល់ ​ហើយ​មាន​ភស្តុតាង​ស៊ី​សង្វាក់​ហ្នឹង​ គឺ​ខ្ញុំ​គ្រាន់តែ​សុំ​ស្ថាន​សម្រាល​ដល់​តុលាការ​ទេ។ ​រឿង​ដាក់​ទោស​ប៉ុន្មាន​ អាហ្នឹង​អាស្រ័យ​លើ​ខាង​តុលាការ ​គាត់​ជា​អ្នក​ដាក់​ទោស»។​

លោក អំ សំអាត ​ ប្រធានការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ ប្រាប់អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការជំនុំ​ជម្រះ​សំណុំ​រឿង​ឃាតកម្ម​លើលោក កែម ឡី នាថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៧។

លោក អំ សំអាត ​ ប្រធានការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ ប្រាប់អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការជំនុំ​ជម្រះ​សំណុំ​រឿង​ឃាតកម្ម​លើលោក កែម ឡី នាថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៧។

មជ្ឈដ្នាន​ជាតិ ​និង​អន្តរជាតិ​ជាច្រើន​យល់​ថា ​ការ​បាញ់​សម្លាប់​នេះ​ជា​ករណី​នយោបាយ។​

លោក​អំ សំអាត ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ដែល​បាន​ឃ្លាំ​មើល​សវនាការ​ពេញ​មួយព្រឹក បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​ការ​ជំនុំ​ជម្រះ​នោះ​ថា ​ភស្តុតាង ​និង​ការ​ឆ្លើយ​បំភ្លឺ​របស់​សាក្សី​នៅ​មិន​ទាន់​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ។​

លោក​អំ សំអាត​ បន្ថែម​ថា ​ចំណុចសំខាន់​បំផុត​ដែល​មិនទាន់​មាន​ភាព​ច្បាស់​លាស់​គឺ​ពាក់ព័ន្ធ​នឹង​វីដេអូ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ដែល​មិន​បាន​បង្ហាញ​ឲ្យ​បាន​គ្រប់​ទីតាំង​នៃ​ស្តារម៉ាត ​និង​មិន​បាន​បង្ហាញ​ពី​រូប​ភាព​របស់​លោក​កែម ឡី ​ខណៈ​លោក​រង​ការ​បាញ់​ប្រហារ​ពី​ជន​ដៃដល់។​

លោក​បញ្ជាក់​ថា៖ «យើង​ចង់​ដឹង​ថា​ តើ​ជួប សំលាប់​ ហ្នឹង​គាត់​បាញ់​របៀប​យ៉ាង​ម៉េច?​ ព្រោះ​បើ​សិន​ជា​អត់​ឃើញ​អា​ហ្នឹង​ តើ​វាអាច​មាន​ជនទី​២ ​ឬក៏​អី​ទេ ​ប្រសិន​បើ​អត់​ឃើញ? ​អញ្ចឹង​យើង​គិត​ថា ​វាអត់​ទាន់​គ្រប់គ្រាន់ ​គួរ​តែ​មាន​ការ​បង្ហាញ​អាហ្នឹង​មួយទៀត»។

ក្រោយ​ការ​បាញ់​សម្លាប់ ​និង​ការ​រៀបចំ​ពិធី​បុណ្យ​សព​របស់​លោក​កែម ឡី ​បាន​ប៉ុន្មាន​ថ្ងៃ​ ភរិយា​របស់​លោក​កែម ឡី ​និង​កូនៗ​ទាំង​៥​នាក់ ​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ទី២​ជា​បណ្តោះ​អាសន្ន ដើម្បី​រង់​ចាំការ​ផ្តល់​សិទ្ធិ​ជ្រក​កោន​ពី​ប្រទេសទី៣៕

XS
SM
MD
LG