ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទូត​ខ្មែរ៖ ពលករ​ខ្មែរ​ជាង​៣.០០០​នាក់​កំពុង​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​នៅ​កូរ៉េ


ពលករ​ខ្មែរ​បាន​មក​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង។ (ប៉ូច រាសី/VOA)
ពលករ​ខ្មែរ​បាន​មក​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង។ (ប៉ូច រាសី/VOA)

ប្រមុខ​បេសកកម្ម​ការ​ទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េ​ខាង​ត្បូង​និយាយ​ថា​ ពលករ​ខ្មែរ​ខុស​ច្បាប់​ទាំង​នោះ​ប្រឈម​នឹង​ហានិភ័យ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ផ្ទាល់​ខ្លួន​ និង​ការ​កេងប្រវ័ញ្ច។

មាន​ពលករ​ខ្មែរ​សរុប​ប្រមាណ​ ៥៣.០០០ ​នាក់​ កំពុង​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​វិស័យ​បី​សំខាន់ៗ​ គឺ​វិស័យ​កសិកម្ម​ ឧស្សាហកម្ម​ និង​សំណង់។ ក្នុង​ចំណោម​ពលករ​ទាំង​នោះ​ មាន​ពលករ​ប្រមាណ​ពី​៣.០០០​ ទៅ​៤.០០០​នាក់ ​កំពុង​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ទីនោះ ក្នុង​ពេល​កិច្ច​សន្យា​ការងារ​របស់​ពួកគេ​ផុត​សុពលភាព។

ប្រមុខ​បេសកកម្ម​ការ​ទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េ​ខាង​ត្បូង​និយាយ​ថា​ ពលករ​ខ្មែរ​ខុស​ច្បាប់​ទាំង​នោះ​ប្រឈម​នឹង​ហានិភ័យ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ផ្ទាល់​ខ្លួន​ និង​ការ​កេងប្រវ័ញ្ច។

លោក​ ឡុង ឌីម៉ង់​ ឯក​អគ្គរាជទូត​នៃ​ប្រទេស​កម្ពុជា​ ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ ព្រហស្បតិ៍​នេះ​ថា​ មាន​ពលករ​ខ្មែរ​ ក្នុង​ចន្លោះ​ពី ៣.០០០​ ទៅ​ ៤.០០០​នាក់​កំពុង​សម្ងំ​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង។

ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​ទាំង​នេះ​ គឺ​ស្ថិត​ក្នុង​ចំណោម​ពលករ​សរុប​ប្រមាណ​៥៣.០០០នាក់​ ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​លើ​វិស័យ​ផ្សេងៗ​ដូច​ជា​សំណង់ កសិកម្ម​ និង​ឧស្សាហកម្ម។

រូបឯកសារ៖ លោក ឡុង ឌីម៉ង់ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA នៅរាជធានីភ្នំពេញ។ (ផន បុប្ផា/VOA​)
រូបឯកសារ៖ លោក ឡុង ឌីម៉ង់ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA នៅរាជធានីភ្នំពេញ។ (ផន បុប្ផា/VOA​)

ថ្លែងប្រាប់​ VOA តាម​ទូរស័ព្ទ​ពី​ប្រទេស​កូរ៉េ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​ ឡុង​ ឌីម៉ង់​ មាន​ប្រសាសន៍​ថា​ ពលករ​ដែល​កំពុង​ធ្វើ​ការ​ដោយ​ខុសច្បាប់​នេះ​ មិនព្រម​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​ បើ​ទោះ​បី​ជា​ទិដ្ឋាការ​ធ្វើ​ការ​របស់​ពួកគេ​នៅ​ទីនោះ​ ផុត​សុពលភាព​ហើយ​ក៏​ដោយ។

«យើង​តែង​តែ​ចង់​ជម្រាបជូន​ពួកគាត់ ផ្សព្វផ្សាយ​ជូន​ពួក​គាត់ តើ​ធ្វើ​ម៉េច​ឲ្យ​បង​ប្អូន​ពលករ​ទាំង​អស់​ ដែល​ធ្វើការ​ហើយ​ចប់​កិច្ចសន្យា​ហើយ​ សូម​ឲ្យ​គាត់​ត្រឡប់​ទៅ​វិញ​ ដើម្បី​គាត់​អាច​ដាក់​ពាក្យ​ប្រឡង​ត្រឡប់​ទៅ​វិញ ប៉ុន្តែ​ប្រសិន​ជា​គាត់​មិន​ព្រម​ត្រឡប់​ទៅ​វិញ​ទេ​ គាត់​ក្លាយ​ទៅ​ជា​ពលករ​ខុស​ច្បាប់។ គាត់​នឹង​អាច​ជួប​នឹង​ហានិភ័យ​ ប្រឈម​មុខ​ទៅ​នឹង​ នៅ​ពេល​ដែល​គាត់​ធ្វើ​ការ​គេ​អាច​ មាន​ថៅកែ​ខ្លះ​ ដែល​មិន​ល្អ​ គាត់​កេង​ចំណេញ​ផល​ប្រយោជន៍​ទៅលើ​កម្លាំង​ញើស​ឈាម​របស់​បង​ប្អូន​ដែរ។ នេះ​បញ្ហា​មួយ​ដែរ»។

ប្រមុខ​បេសកកម្ម​ការ​ទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េ​ខាង​ត្បូង​រូប​នេះ​បន្ត​ថា៖

​«ហើយ​បញ្ហា​មួយ​ទៀត​ គឺ​បង​ប្អូន​ប្រឈម​ទៅ​នឹង​ មិន​មាន​ប្រាក់​ធានា​រ៉ាប់​រង​ សម្រាប់​គ្រោះថា្នក់​ការងារ​អីផ្សេងៗ​ហ្នឹង។ ដូច្នេះ​គឺ បងប្អូន​នឹង​មាន​បញ្ហា​ អត់​មាន​ទទួល​បាន​នូវ​អត្ថប្រយោជន៍​អី​ពី​ការ​ធានា​រ៉ាប់​រង​ណ៎ា​ ហ្នឹង​ក៏​ជា​បញ្ហា​សំខាន់​មួយ​ដែរ​បាទ»។

លោក​ឯកអគ្គរាជទូត​ ឡុង​ ឌីម៉ង់​ បាន​ពន្យល់​ថា​ ពលករ​ខ្មែរ​មាន​អាណត្តិ​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ​ដោយ​ស្របច្បាប់​ក្នុង​រយៈពេល​ ២​ឆ្នាំ​ ៥​ខែ​ក្នុង​មួយ​អាណត្តិ​ធ្វើ​ការ​របស់​ពួកគេ ហើយ​ពួកគេ​អាច​ពន្យារ​ពេល​ដើម្បី​ធ្វើ​ការ​នៅ​ទីនោះ​បាន​មួយ​អាណត្តិ​ទៀត​ដែល​សរុប​ស្មើ​នឹង​ ៤ឆ្នាំ​ ១០​ខែ។ ប្រសិន​បើ​ពលករ​រូប​ណា​បន្ត​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​បន្ថែម​ទៀត​ ដោយ​ហួស​អាណត្តិ​ធ្វើ​ការ​នោះ នោះ​ពួកគេ​នឹង​ក្លាយ​ជា​ពលករ​ខុស​ច្បាប់។

ក្រុម​អ្នក​ធ្វើការ​ខាង​ផ្នែក​សិទ្ធិ​ការងារ​ បាន​ឲ្យដឹង​ថា​ ការណ៍​ដែល​ពលករ​ខ្មែរ​អាច​បន្ត​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​បាន​គឺ​អាស្រ័យ​លើ​ពលករ​ខ្លួនឯង​ផង​ និង​ការ​ខកខាន​មិន​បាន​ពិនិត្យ​ឲ្យ​បាន​ជាប់​លាប់​របស់​មន្ត្រី​ទូត​ ទៅ​លើ​រយៈ​ពេល​កិច្ច​សន្យា​ការងារ​របស់​កម្មករ​ផង។

ពួក​គេ​ថា​ ការ​សមគំនិត​ជាមួយ​ថៅកែ​ ក៏​ជា​ហេតុផល​ចម្បង​មួយ​ដើម្បី​បើក​ផ្លូវ​ឲ្យ​ពលករ​ ដែល​កិច្ច​សន្យា​ការងារ​របស់​ខ្លួន​ផុត​កំណត់​ អាច​បន្ត​ការងារ​បាន​បន្ថែម​ទៀត។

លោក​ ឌី ថេហូយ៉ា​ មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស (សង់ត្រាល់) ​ប្រាប់​ VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ មន្ត្រី​រដ្ឋាភិបាល​នៅ​មិន​ទាន់​អាច​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​ហ្មត់ចត់​ ក្នុង​ការ​តាម​ដាន​កិច្ចសន្យា​ការងារ​របស់​ពលករ។ លោក​មាន​ប្រសាសន៍​ថា ការ​ធ្វេសប្រហែស​នេះ​ បាន​បើក​ឱកាស​ឲ្យ​ពលករ​ខ្មែរ​សម្ងំ​ធ្វើការ​ដោយ​ខុសច្បាប់។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បញ្ជាក់​ថា៖

«តាម​បទពិសោធន៍​ការងារ​ដែល​យើង​ធ្វើ​ផ្ទាល់​ជាមួយ​ពលករចំណាកស្រុក​កន្លង​មក​ យើង​អត់​ទាន់​ឃើញ​មានការ​យក​ចិត្ត​ទុកដាក់​ឲ្យបាន​ហ្មត់​ចត់​ទាក់​ទង​នៅ​ក្នុង​ការ​តាមដាន​ ក៏​ដូច​ជា​ជួយ​ សង្គ្រោះ​របស់​ពលរដ្ឋ​យើង​ដែល​ធ្វើការ​ នៅ​ប្រទេស​ទទួល​ហ្នង​នៅ​ឡើយ​ទេ​ អញ្ចឹង​ណ៎ា»។

លោក​ ឌី ថេហូយ៉ា បាន​បញ្ជាក់​ទៀត​ថា​ រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ការ​អប់រំ​ អំពី​ហានិភ័យ​នានា​ដែល​កើត​ក្រោយ​ពេល​ដែល​កិច្ចសន្យា​ការងារ​ពលករ​បាន​បញ្ចប់​ទៅ​ នៅ​មុន​ពេល​ពួកគេ​ចេញ​ទៅ​បម្រើ​ការងារ​ក្រៅ​ស្រុក។ លោក​អះអាង​ថា​ ការណ៍​ធ្វើ​បែប​នេះ​ នឹង​អាច​ជួយ​ពលករ​ឲ្យ​គេច​ពី​ការ​ប្រឈម​នឹង​ការ​កេងប្រវ័ញ្ច​ពី​ថៅកែ ​ចំណាត់​ការ​ខាង​ផ្លូវច្បាប់​ ឬ​ក៏​ពិន័យ​ជា​ប្រាក់​ជាដើម។

លោក​ ឌី ថេហូយ៉ា ពន្យល់​ប្រាប់​ VOA ដោយ​លើក​ឧទាហរណ៍​នៅ​ប្រទេស​ផ្សេង​ថា៖

«គាត់​ត្រូវ​តែ​យល់​ថា​ បើ​សិន​គាត់​បន្ត​ គាត់​ត្រូវ​ប្រឈម​នឹង​ច្បាប់​ប្រទេស​ទទួល​ហ្នឹង​ ដូច​ជា​នៅ​ប្រទេស​ថៃ​ វា​អាច​ជាប់​ទាំង​ពន្ធនាគារ​ វា​អាច​ទាំង​ពិន័យ​ជា​ប្រាក់​ពី​ ២​ពាន់​បាត​ ដល់​២​សែន​បាត​អញ្ចឹង​ទៅ។​ តែ​បើ​សិន​ប្រទេស​កូរ៉េ​ ខ្ញុំ​អត់​ដឹង​ច្បាប់​ថា​ កូរ៉េ​តើ​មាន​ទោស​ធ្ងន់កម្រិត​ណា។ អញ្ចឹង​កន្លែង​ហ្នឹង​ រដ្ឋាភិបាល​ជា​អ្នក​បញ្ជូន​ទៅ​ហ្នឹង​គួរតែ​ធ្វើ​អា​ per-departure training [ការ​បណ្តុះបណ្តាល​មុន​ពេល​ចេញ​ដំណើរ] ​ដល់​គាត់​ឲ្យ​ដឹង​អំពី​ផល​អវិជ្ជមាន​កន្លែង​ហ្នឹង ដើម្បី​ឲ្យ​គាត់​ដឹង​ថា​ នៅ​ពេល​ដែល​បញ្ចប់​កុងត្រា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ គាត់​ត្រូវ​តែ​ដឹង​ខ្លួន​ថា​ គាត់​ត្រូវ​តែ​ត្រឡប់​មកវិញ»។

VOA មិន​ទាន់​អាច​សុំ​សេចក្តី​អធិប្បាយ​ពី​លោក​ ជុំ​ សុន្ទរី​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ទេ​ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក​ឯក​អគ្គរាជទូត​ ឡុង​ ឌីម៉ង់​ ថ្លែង​បន្ថែម​ថា​ ស្ថានទូត​បាន​ផ្តល់​ថវិកា​មួយ​ចំនួន​សម្រាប់​បញ្ជូន​ពលករ​ដែល​ខុស​ច្បាប់​នោះ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។ លោក​បញ្ជាក់​ទៀត​ថា​ ពលករ​ខ្លះ​អាច​ត្រូវ​បាន​គេ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​ ហើយ​ត្រូវ​ធ្វើការ​នៅ​ទីនោះ​ ដើម្បី​ទទួល​បាន​ប្រាក់​ខែ​សម្រាប់​ទិញ​សំបុត្រ​យន្តហោះ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។

​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​សែន​នាក់​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​ដើម្បី​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​ដូច​ជា​ប្រទេស​ថៃ​ ម៉ាឡេស៊ី​ ប្រទេស​អារ៉ាប់​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដោយសារ​តម្លៃ​ពលកម្ម​នៅ​ប្រទេស​កម្ពុជា​មាន​តម្លៃ​ថោក។​ ហើយ​កន្លង​មក​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ជាពិសេស​អ្នក​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​និង​ប្រទេស​ម៉ាឡេស៊ី​ ត្រូវ​បាន​ថៅកែ​របស់​ខ្លួន​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ដោយ​ការ​ដកហូត​ឯកសារ​ធ្វើ​ដំណើរ ការ​បង្ខំ​ឲ្យ​ធ្វើការ​ច្រើន​ហួស​កំណត់​និង​ការ​ផ្តល់​អាហារ​មិន​គ្រប់គ្រាន់៕

XS
SM
MD
LG