ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ហ៊ុន សែន​ជឿ​ថា​សង្គ្រាម​កូរ៉េ​នឹង​មិន​ផ្ទុះ​ឡើយ​ហើយ​អំពាវនាវ​ពលករ​ខ្មែរ​កុំ​បារម្ភ


រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វាយ​តម្លៃ​ថា សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​នឹង​មិន​អាច​ផ្ទុះ​ឡើង​នោះ​ទេ ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង និង​ក្រុម​គ្រួសារ​ទាំងអស់ ​កុំ​ឲ្យ​ព្រួយបារម្ភ។

ខណៈ​ពេល​ដែល​ការ​គំរាម​ធ្វើ​សង្គ្រាម​រវាង​អាមេរិក​និង​កូរ៉េ​ខាងជើង​បន្ត​កើត​មាន​ ព្រម​ជាមួយ​ការ​បញ្ជូននាវា​ចម្បាំង​ទៅ​កាន់​ឧបទ្វីប​កូរ៉េ​ពី​សំណាក់​អាមេរិក​នោះ នាយក​រដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន បាន​ព្យាករណ៍​ថា ប្រទេស​ទាំង​ពីរ​នឹង​មិន​ផ្ទុះ​សង្គ្រាម​នោះ​ទេ។ លោក​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​កុំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ ហើយ​កុំ​រត់​ចោល​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វាយ​តម្លៃ​ថា សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​នឹង​មិន​អាច​ផ្ទុះ​ឡើង​នោះ​ទេ ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង និង​ក្រុម​គ្រួសារ​ទាំងអស់ ​កុំ​ឲ្យ​ព្រួយបារម្ភ។ លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ដូច​នេះ​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក ហ៊ុន សែន បាន​ថ្លែង​ថា តាម​ការ​វាយតម្លៃរបស់​លោក លទ្ធភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​គឺ​មាន​តិចតួច​ ដោយ​លោក​ជឿជាក់​ថា​ ៩៩,៩៩​ភាគរយ​ដែល​សង្គ្រាម​នេះ​នឹង​មិន​ផ្ទុះ​ឡើង។ លោក​បន្ថែម​ថា ការ​ឆ្លើយឆ្លង​គ្នា​រវាង​កូរ៉េ​ខាងជើង​និង​សហរដ្ឋអាមេរិក​នា​ពេល​នេះ​គឺ​គ្រាន់​តែ​ជា​ការ​ «កំញើញគ្នា» តែ​ប៉ុណ្ណោះ។

លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​មិន​មាន​ផែនការ​ជម្លៀស​ពលករ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កូរ៉េ​នោះ​ទេ។

លោក ហ៊ុន សែន បាន​ពន្យល់​ពី​ការ​លំបាក​នៃ​ការ​ជម្លៀស​បែប​នោះ​ថា៖

«វា​គ្មាន​ហេតុផល​ណាមួយ​ដែល​យើង​ត្រូវ​ធ្វើ​ការ​ជម្លៀស​[ពលករ​ខ្មែរ]​ទេ។ ទី​១ សង្គ្រាម​វា​អត់​កើត​ឯណា បែរ​ជា​នាំ​គ្នា​ជម្លៀស? ហើយ​មធ្យោបាយ​ជម្លៀស​មិន​មែន​ជា​រឿង​តូចតាច​ទេ។ តើ​ជម្លៀស​តាម​ផ្លូវ​ទឹក ឬ​ជម្លៀស​តាម​ផ្លូវ​អាកាស? ព្រោះ​អត់​មាន​ការ​តភ្ជាប់​ផ្លូវ​គោក​បាន​ទេ។ សង្គ្រាម​វា​មិន​ទាន់​កើត​ផង ឱ្យ​ជម្លៀស​យ៉ាង​ម៉េច? ទី​២ ក្នុង​ដំណើរការ​ជម្លៀស ប្រៀបធៀប​នឹង​ការ​ស្នាក់នៅ ការ​ស្នាក់​នៅ​ទីនោះ គឺ​សុវត្ថិភាព​ជាង។ ប្រជាជន​កូរ៉េ​គេ​រស់​របៀប​ម៉េច នៅ​ជាមួយ​គេហ្នឹង​ទៅ»។

រូបឯកសារ៖ ក្បួនដង្ហែ​គ្រាប់​មីស៊ីល​នៅ​ទីលាន Kim Il Sung អំឡុងពេល​អបអរសាទរ​ខួប​កំណើត​លើក​ទី​ ១០៥ របស់​លោក Kim Il Sung កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៧។
រូបឯកសារ៖ ក្បួនដង្ហែ​គ្រាប់​មីស៊ីល​នៅ​ទីលាន Kim Il Sung អំឡុងពេល​អបអរសាទរ​ខួប​កំណើត​លើក​ទី​ ១០៥ របស់​លោក Kim Il Sung កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៧។

លោក​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត​ថា ការ​ជម្លៀស​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ពី​ប្រទេស​កូរ៉េ នៅ​ខណៈ​ពេល​ដែល​សង្គ្រាម​មិន​ទាន់​ផ្ទុះ​ឡើង​នេះ​ នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​ពលករ​ខ្មែរ​ជាង​៤​ម៉ឺន​នាក់​ដែល​កំពុង​ធ្វើ​ការ​នៅ​ទៅ​នោះ​ ដោយសារ​រដ្ឋាភិបាល​កូរ៉េ​នឹង​មិន​ទទួល​យក​ពួកគេ​ធ្វើ​ការ​វិញ​នោះ​ទេ។​

«៤​ម៉ឺន​កន្លែង​ការងារ​ត្រូវ​បាត់​ទាំងអស់​ ហើយ​ក៏​មិន​ចាំបាច់​និយាយ​ថា សុំ​យក​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​កូរ៉េ។ គេ​គ្រាន់​តែ​ឃើញ​ថា យើង​ចាប់​ផ្ដើម​ជម្លៀស​រត់​ចោល​គ្នា​បាត់​ទៅ​ហើយ ចឹង​ទុកចិត្ត​យ៉ាងម៉េច?»។

លោក ហ៊ុន សែន អះអាង​ទៀត​ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​មិន​ទាន់​មាន​ផែនការ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ប្រទេស​កូរ៉េ​ក៏ដោយ ក៏​រដ្ឋាភិបាល​តាមដាន​ស្ថានការណ៍​ជាប់​ជានិច្ច​ តាមរយៈ​ឯកអគ្គរាជទូត និង​អ្នក​តំណាង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ទាំង​ពីរ។

លោក ហ៊ុន សែន បាន​រំឭក​ថា កាល​ពី​ឆ្នាំ​២០១៤ ស្ថានការណ៍​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ​មាន​ភាព​តានតឹង​ជាង​ពេល​នេះ​ទៅ​ទៀត ដោយ​ពេល​នោះ​ប្រទេស​កូរ៉េ​ខាងជើង​បាន​ទាមទារ​ឱ្យ​ទូត​របស់​កម្ពុជា​ចាកចេញ​ពី​ប្រទេស​នេះ​ថែមទៀត។

នា​មួយ​រយៈ​ចុង​ក្រោយ​នេះ ​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាងជើង​ បាន​គំរាម​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មាន​ការ​បង្អួត​គ្រឿង​សព្វាវុធ​គ្នា ជាពិសេស​អាវុធ​នុយក្លេអ៊ែរ​ដែល​ជា​អាវុធ​មាន​អនុភាព​ខ្លាំង និង​អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​ពិភពលោក។ ស្ថានការណ៍​នេះ​បាន​ក្លាយ​ទៅ​ជា​ប្រធានបទ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍មួយ​នៅ​លើ​ពិភពលោក។

កាល​ពី​ថ្ងៃ​ពុធ អាមេរិក​បាន​ប្រកាស​ថា កង​នាវា​ចម្បាំង USS Carl Vinson របស់​ខ្លួន​កំពុង​ឆ្ពោះ​ទៅ​កាន់​តំបន់​ប៉ាស៊ីហ្វិក​ខាង​ជើង ដើម្បី​បង្អាក់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

លោក ឡុង ឌីម៉ង់ ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រាប់ ​VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​កំពុង​តាមដាន​រាល់​ការ​វិវត្ត​សភាពការណ៍​នៃ​ការ​ប្រឈម​មុខ​គ្នា​រវាង​កូរ៉េ​ខាង​ជើង និង​សហរដ្ឋ​អាមេរិក ដើម្បី​រាយការណ៍​មក​រដ្ឋាភិបាល​កម្ពុជា។ លោក​បន្ត​ថា ស្ថានការណ៍​នា​ពេល​បច្ចុប្បន្ន​មិន​មាន​អ្វី​គួរ​ឱ្យ​បារម្ភ​ឬ ​ត្រូវ​ចាត់​វិធានការ​ជម្លៀស​ប្រជាពលរដ្ឋ​នោះ​ទេ។

«សូម្បី​តែ​ប្រជាពលរដ្ឋ​កូរ៉េ​ក៏​គាត់​អត់មាន​អី​កើត​ឡើង ប្រកប​របរ​ឬ​ក៏​ធ្វើ​ការ​ អ្នក​ទេសចរណ៍​គាត់​មក​ដើរលេង​ជា​ប្រក្រតី ហើយ​រឿង​អី​ដែល​[យើង​]​ត្រូវ​ធ្វើ​អី​ដែល​ខុស​ពី​នោះ​ទេ​បាទ។ ហើយ​ពលករ​ខ្លួន​ឯង​ ជួន​កាល​ក៏​ខ្ញុំ​ឃើញ​ថា បងៗ​ពលករ​ខ្មែរ​យើង​សឹង​តែគ្មាន​អ្នកណា​ម្នាក់​មាន​ការព្រួយបារម្ភ​ គាត់​ប្រកប​របរ​ការងារ​គាត់​ប្រចាំថ្ងៃ​ដោយ​សប្បាយ​ចិត្ត ដោយ​អត់​មាន​ភាព​ភ័យ​ខ្លាច​អី​ទេ»។

ពលករ​ខ្មែរ​នៅ​កូរ៉េ​មួយ​ចំនួន​ដែល​បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​ VOA នា​ពេល​ថ្មីៗ​នេះ អះអាង​ថា ពួកគេ​មិនសូវ​មាន​ការ​ព្រួយ​បារម្ភ​នោះ​ទេ ដោយ​ពួកគេ​យល់​ថា ​កូរ៉េ​ខាង​ជើង​តែង​គំរាម​ពី​ការ​បាញ់​បង្ហោះ​គ្រាប់​នុយក្លេអ៊ែរ​ជា​ញឹកញាប់​មក​លើ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

លោក​ មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​យល់​ស្រប​ចំពោះ​ការ​លើកឡើង​ថា លទ្ធភាព​កើតមាន​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​គឺ​មាន​តិចតួច ដោយសារ​ប្រទេស​មហា​អំណាច​ដូច​ជា​អាមេរិក ត្រូវ​គិតគូរ​ពី​ផល​ប៉ះពាល់​ដែល​អាច​បង្កើត​ឡើង​ពី​សង្គ្រាម​ ឱ្យ​បាន​ម៉ត់ចត់។ ទោះ​យ៉ាង​ណា លោក​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ជួយ​ពលរដ្ឋ​ខ្លួន ក្នុង​ករណី​មាន​សង្គ្រាម​ផ្ទុះ​ឡើង​ពិតមែន បើ​ទោះ​បី​ជាពេល​បច្ចុប្បន្ន​មិន​ទាន់​មាន​សញ្ញាណ​គ្រោះថ្នាក់​ណាមួយ​ក៏ដោយ។

លោក មាស នី បញ្ជាក់​ប្រាប់ VOA ថា៖​

«យើង​ត្រូវ​តែ​មាន​ផែនការ​សម្រាប់​ភាព​អាសន្ន នៅ​ក្នុង​ការ​ដឹកជញ្ជូន​ពលករ​យើង​ត្រឡប់​មកវិញ នៅ​ពេល​ណាមួយ​ដែល​ចាំបាច់។ អីចឹង​រដ្ឋាភិបាល​ត្រូវ​តែ​មាន​ថវិកា​បម្រុង​សម្រាប់​គិតគូរ​ក្នុង​កិច្ចការ​ហ្នឹង។ ហើយ​សម្រាប់​ពលរដ្ឋ​ដែល​គ្នា​ទៅ​ធ្វើការ​ជា​ពលករ​នេះ គឺ​គេបាន​បង់ពន្ធ​ជូន​រដ្ឋាភិបាល អីចឹង​រដ្ឋាភិបាល​ត្រូវតែបំពេញ​តួនាទី​ណាមួយ​ ហៅ​ថា​សេវាកម្ម​សម្រាប់​ក្នុង​ករណី​ភាព​អាសន្ន។ អីចឹង​អាហ្នឹង​ត្រូវ​តែ​ត្រៀម មិន​អាច​ប្រហែស ហើយ​ស្រាប់​តែ​ដល់​ពេល​មានការ​អាសន្ន​មក តាំង​យើង​រកលុយ សូម្បី​រកលុយ​ដឹក​គ្នា​វិញ​ក៏​យើង​អត់មាន។ អាហ្នឹង​ជារឿង​អាក្រក់​បំផុត»។

​យោង​តាម​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​លោក ឡុង ឌីម៉ង់ បច្ចុប្បន្ន​ប្រជា​ពលរដ្ឋកម្ពុជា​ដែល​កំពុង​រស់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មាន​ចំនួន​ជាង​៦០.០០០​នាក់។ ក្នុង​នោះ​ ពលករ​មាន​ចំនួន​ជាង​៥០.០០០​នាក់ ស្ត្រី​រៀបការ​ទៅ​កូរ៉េ​មាន​ជាង​១០.០០០​នាក់ និង ​សិស្ស​និស្សិត​មាន​ជាង​៤០០​នាក់៕

XS
SM
MD
LG