ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Moon Jae-in បាន​ប្រកាស​ពី​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​កូរ៉េ​ខាង​ត្បូង


បេក្ខជន​ប្រធានាធិបតី លោក Moon Jae-in លើក​ដៃ​របស់​គាត់ នៅ​ពេល​លោក​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។

លោក Moon Jae-in ដែល​ជា​អ្នក​សេរី​និយម បាន​ប្រកាស​អំពី​ជ័យ​ជម្នះ​របស់​ខ្លួន​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជែង​យក​តំណែង​ជា​ប្រធានាធិបតី​របស់​កូរ៉េ​ខាង​ត្បូង ដោយ​លោក​ប្តេជ្ញា​ថា​នឹង​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​ប្រទេស។

បេក្ខជន​សេរី​និយម​ខាង​គណបក្ស​ប្រជាធិបតេយ្យ​កូរ៉េ​រូប​នេះ​បាន​ថ្លែង​ទៅ​កាន់​ហ្វូង​អ្នក​គាំទ្រ​ដែល​សាទរ​លោក​ក្នុង​ទីក្រុង​សេអ៊ូល​ «ខ្ញុំ​នឹង​ជា​ប្រធានាធិបតី​របស់​ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ទាំង​អស់‍»។ លោក​បាន​ថ្លែង​ដូច្នេះ បន្ទាប់​ពី​គូ​ប្រជែង​ប្រកៀក​ប្រកិត​របស់​លោក​២​នាក់​បាន​ទទួល​ស្គាល់​បរាជ័យ។

ការ​ស្ទង់​មតិ​ក្រោយ​ពេល​បោះឆ្នោត​បាន​បង្ហាញ​ថា លោក Moon ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ជាង​៤១​ភាគរយ ដែល​ច្រើន​លើសលប់​គូ​ប្រជែង​ប្រកៀក​ប្រកិត​របស់​លោក គឺ​លោក​ Hong Joon-pyo បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សេរី​និយម​កូរ៉េ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​២៣​ភាគរយ និង​លោក Ahn Cheol-soo បេក្ខជន​ប្រធានាធិបតី​ប្រកាន់​កណ្តាល​និយម​ខាង​គណបក្ស​ពលរដ្ឋ ដែល​ទទួល​បាន​សំឡេង​គាំទ្រ​២១​ភាគរយ។

តួលេខ​អ្នក​បាន​ចូលរួម​បោះឆ្នោត​មាន​ចំនួន​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​មាន​វិបត្តិ​នយោបាយ ដែល​ឈាន​ដល់​ការ​ទម្លាក់​លោកស្រី​ប្រធានាធិបតី Park Geun-hye ចេញ​ពី​តំណែង ដោយ​ចោទប្រកាន់​ថា លោកស្រី​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​ទឹកប្រាក់​រាប់​លាន​ដុល្លារ ដែល​ឈាន​ឲ្យ​មាន​ការ​តវ៉ា​សាធារណៈ​ធំៗ​មួយ​ចំនួន​អស់​រាប់​សប្តាហ៍។ ការ​តវ៉ា​នេះ​បាន​ដាក់​សំពាធ​ដល់​សភាជាតិ​ឲ្យ​បង្ខំចិត្ត​ដក​តំណែង​លោកស្រី​និង​ស្នើ​ឲ្យ​មាន​ការ​បោះឆ្នោត​ថ្មី​មួយ។
លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅ​ក្នុង​ទីក្រុង​សេអ៊ូល ប៉ុន្តែ​គម្លាត​នៃ​ជ័យជម្នះ​ដ៏​ធំធេង​របស់​លោក Moon នៅ​ក្នុង​ការ​វាស់​ស្ទង់​មតិ​ក្រោយ​បោះឆ្នោត​នេះ មិន​ទំនង​ជា​ខុស​ពី​លទ្ធផល​ផ្លូវការ​ខ្លាំង​នោះ​ទេ៕

XS
SM
MD
LG