ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូរ៉េ​ខាង​ត្បូង​​ធ្វើ​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី


លោក Hong Joon-pyo ដែល​ជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សេរីភាព​កូរ៉េ និង​ភរិយា​របស់​លោក​គឺ​លោកស្រី Lee Sun-sam ទៅ​បោះឆ្នោត​នៅ​ស្ថានីយ​បោះឆ្នោត​មួយ​នៅ​ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧។

នៅ​ថ្ងៃ​អង្គារ​នេះពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​បាន​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ក្នុង​ការ​បោះឆ្នោត​ពិសេស​មួយ​បណ្តាល​មក​ពីការ​ចោទប្រកាន់​លោកស្រី​អតីត​ប្រធានាធិបតី​ Park Geun-hye នៅ​ចំពោះ​មុខ​តុលាការ។​

ចំនួន​មនុស្ស​ទៅ​បោះឆ្នោត​អាច​មាន​ច្រើន​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្រោយ​រយៈពេល​មួយ​មាន​ការ​រំជើបរំជួល​ខាង​នយោបាយ​ដែល​នៅ​ក្នុង​នោះ​ការ​លាតត្រដាង​ឱ្យ​ដឹង​អំពី​អំពើ​ពុករលួយ​មាន​ប្រាក់​រាប់លាន​ដុល្លារ​ដែល​លោកស្រី​ Park បាន​ប្រព្រឹត្ត​នាំ​ឱ្យ​មាន​បាតុកម្ម​សាធារណៈ​ធំៗ​ដែល​បាន​បង្ខិតបង្ខំ​រដ្ឋសភា​ឱ្យ​ដក​លោកស្រី​ចេញ​ពី​តំណែង​ និង​អំពាវនាវ​ឱ្យ​មាន​ការ​បោះឆ្នោត​ថ្មី​មួយ។​

គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ទស្សន៍​ទាយ​ថា​ មនុស្ស​ទៅ​បោះ​ឆ្នោត​ក្នុង​ចំណោម​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​៣១លាន​នាក់​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នឹង​មាន​ជាង​៨០ភាគរយ​ដែល​អាច​ជា​ចំនួន​ច្រើន​បំផុត​ចាប់តាំង​ពី​លោក Kim Dae-jung បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​កាល​ពី​ឆ្នាំ១៩៩៧​មក ដែល​មាន​ចំនួន​៨០,៧ភាគរយ​នៃ​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ទៅ​បោះឆ្នោត។​

នៅ​ក្រោយ​ការ​ចោទ​ប្រកាន់​លោកស្រី​ Park Geun-hye ការ​គាំទ្រ​របស់​ពួក​សាធារណជន​ដល់​ពួក​បេក្ខជន​អភិរក្ស​និយម​បាន​ចុះ​ថម​ថយ។ នៅ​ក្នុង​ការ​ស្ទង់​មតិ​ថ្មីៗ​បំផុត លោក Moon Jae-in បេក្ខជន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​នៃ​ប្រទេស​កូរ៉េ​នាំ​មុខ​បេក្ខជន​ទាំង​អស់​១៣នាក់​ដោយ​មាន​ការ​គាំទ្រ​ជាង​៤០ភាគរយ៕

XS
SM
MD
LG