ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​ធ្វើ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​អង្គារ​ទី ៩ ខែ​ឧសភា ស្អែក


បេក្ខជន​ប្រធានាធិបតី​ឈរ​ថត​រូប​ជាមួយ​នឹង​បដា​ដែល​មាន​សរសេរ​ថា «តោះ​ ទៅ​បោះឆ្នោត​ទាំង​អស់​គ្នា» មុន​ការ​ជជែក​ដេញ​ដោល​តាម​ទូរទស្សន៍​មួយ​នៅ​ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។

ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​ស្អែក ក្រោយ​ពី​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក។

លោក Moon Jae-in បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​សេរី ដែល​បាន​នាំ​មុខ​នៅ​ក្នុង​ការ​ស្ទង់​មតិ​ជា​សាធារណៈ​នា​ពេល​ថ្មីៗ​នេះ ដោយ​ទទួល​បាន​ការ​គាំទ្រ​លើស ៤០ ភាគរយ បាន​ស្វះស្វែង​ការ​គាំទ្រ​ថ្ងៃ​ចុងក្រោយ​ពី​អ្នក​បោះឆ្នោត នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លោក Moon Jae-in បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ប្រសិន​បើ​គ្មាន​អំណាច​រួបរួម​របស់​ប្រជាពលរដ្ឋ​យើង​នោះ​ទេ រដ្ឋបាល​ប្រធានាធិបតី​ថ្មី​នឹង​ប្រឹងប្រែង​ដោយ​ត្រដាបត្រដួស​ពេល​ចាប់ផ្ដើម​ដំបូង​ជា​មិន​ខាន។ យើង​ត្រូវ​តែ​យក​ឈ្នះ​លើ​វិបត្តិ​នេះ ដោយ​អំណាច​រួបរួម‍»។

គូ​ប្រជែង​ប្រកិត​នឹង​លោក គឺ​លោក Hong Joon-pyo បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សេរីភាព​កូរ៉េ និង​លោក Ahn Cheol-soo បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាពលរដ្ឋ ដែល​បេក្ខជន​នីមួយៗ​ទទួល​បាន​ការ​គាំទ្រ​នៅ​ក្នុង​ការ​ស្ទង់​មតិ​ចំនួន​ជិត ២០ ភាគរយ។

លោក Hong Joon-pyo បាន​ធ្វើ​ការ​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដោយ​រួបរួម​ជាមួយ​លោក ដើម្បី​ការពារ​ទីផ្សារ​សេរី​បែប​អភិរក្ស​និយម។

ការ​បោះឆ្នោត​លើក​នេះ អាច​ជា​ការ​ធ្វើ​ប្រជាមតិ​លើ​គោលនយោបាយ​កូរ៉េ​ខាង​ជើង។

អ្នក​អភិរក្ស​និយម​ចង់​រក្សា​ការ​គាំទ្រ​ខ្លាំង​ក្លា​របស់​លោកស្រី Park Geun Hye អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ចំពោះ​សម្ព័ន្ធ​មិត្ត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក និង​ចំពោះ​គោល​នយោបាយ​តឹងតែង ដែល​ពឹងផ្អែក​លើ​ការ​ដាក់​ទណ្ឌកម្ម​ខ្លាំងក្លា និង​វិធានការ​យោធា ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ឲ្យ​លះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ជា​ថ្នូរ​នឹង​ជំនួយ​ផ្នែក​សេដ្ឋកិច្ច និង​ការ​ធានា​នូវ​សន្តិសុខ។

ចំណែក​ឯ​បេក្ខជន​ប្រធានាធិបតី​ដែល​មាន​ទស្សនៈ​សេរី​វិញ ចង់​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​កូរ៉េ​ខាង​ជើង ដោយ​ការ​ចរចា៕

XS
SM
MD
LG