ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រសួង​មហា​ផ្ទៃ​កំពុង​តាម​ចាប់​អ្នក​​ប្រមាថ​​ព្រះ​មហាក្សត្រ​លើ​បណ្តាញ​សង្គម


លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ( Leng Len/VOA Khmer)

លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ( Leng Len/VOA Khmer)

ក្រសួង​មហាផ្ទៃ​កំពុង​ស៊ើប​អង្កេត​តាម​ចាប់​ខ្លួន​មនុស្សបីនាក់ដែល​បានបង្ហោះ​រូបភាព​ប្រមាថ​សម្តេច​ព្រះបរមនាថ​ នរោត្តម​សីហមុនី​ ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា តាម​បណ្តាញសង្គម​ Facebook។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ។​

ថ្មីៗ​នេះ ​ការ​ប្រមាថ​អង្គ​ព្រះ​មហា​ក្សត្រ​តាម​រយៈ​ការ​បង្ហោះ​រូបភាព​ និង​ប្រើ​ពាក្យមិន​គប្បីតាមបណ្តាញ​សង្គម ​Facebook​ កំពុង​ជា​ប្រធាន​បទ​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ជជែក​គ្នា និង​បញ្ចេញការ​មិន​ពេញ​ចិត្តចំពោះ​ទង្វើ​របស់​អ្នក​បង្ហោះ​នោះ។ ​គណនី​ Facebook ​ទាំង​នោះ​ភាគ​ច្រើនមាន​ឈ្មោះ​ជា​ភាសា​បរទេស ​ដែល​មាន​ជា​ភាសា​អង់គ្លេស ​និង​ថៃ​ជាដើម។​ ​

លោក​ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃបាន​ប្រាប់​ VOA ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា ​ក្រសួង​មហា​ផ្ទៃ​បាន​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​ចំនួន​៣​នាក់ ​ដែល​បាន​បង្ហោះ​រូបភាព ​និង​ប្រើ​សម្តី​ប្រមាថអង្គ​ព្រះ​មហា​ក្សត្រ​ខ្មែរ​ លើបណ្តាញ​សង្គម​ Facebook។ ​លោក​បន្ត​ថា ​ក្នុង​ចំណោម​ជន​ទាំង​៣​នាក់​នោះ ​២​នាក់​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ជា​សកម្ម​ជនគណបក្ស​មិន​កាន់​អំណាច និង​ម្នាក់​ទៀត​រស់​នៅ​បរទេស។​

លោក​បញ្ជាក់​ថា៖​

«នៅ​ក្នុង​ច្បាប់​របស់​យើង​មាន​ប្រការ​មួយ​ដែលចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ដែល​ថា​ ព្រះ​មហា​ក្សត្រ​មិន​អាច​ប៉ះពាល់​បាន​ ​តែ​ច្បាប់​ផ្សេង​ទៀត​វា​អត់​មាន​ចែង​លម្អិតថា​ ​នរណាធ្វើ​យ៉ាង​ម៉េចៗ​ដល់​ព្រះ​មហា​ក្សត្រ​ទេ។ ​ប៉ុន្តែ​អាស្រ័យ​ទៅលើ​ការ​ចោទ​ប្រកាន់​របស់​ស្ថាប័ន​តុលាការ​ យើង​គ្រាន់​តែ​រក​ឃើញ ​ប្រគល់​ឲ្យ​តុលាការ​ទៅ ​សំខាន់​តុលាការ​អាច​ចោទ​បទ​អី​ផ្សេង​ទៅ ​អាច​ជា​ព័ត៌មាន​មិន​ពិត​អី​អញ្ចឹង​ទៅ ​ស្រេច​ទៅ​លើ​តុលាការ​គេ​ចោទ​ទៅ។​ ប៉ុន្តែ​យើង​អាច​ធ្វើ​ការ​ចោទ​ប្រកាន់​បាន»។​

លោក​ខៀវ សុភ័គ​សុំ​មិន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​ពាក់​ព័ន្ធ​នឹង​ចំណាត់​ការ​ចំពោះ​អ្នក​ទាំង​នោះ​ទេ ដោយ​លោក​លើក​ឡើង​ថា ​ក្រសួងកំពុង​ស៊ើប​អង្កេត​បន្ថែម​ដើម្បី​នាំ​ខ្លួន​អ្នក​ទាំង​នោះទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស។​

លោក​មេធាវី​សុក សំអឿន ​ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​ប្រាប់ ​VOA​ ថា ​កម្ពុជា​មិន​មាន​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​មាន​ទោស​ដោយសារ​ការប្រមាថ​ព្រះ​មហា​ក្សត្រ​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​

«បើ​អត់​មាន​ច្បាប់​ដាក់​ទណ្ឌ​កម្ម​អី​ផង​ ដាក់​ទណ្ឌកម្ម​គេ​យ៉ាង​ម៉េច​ទៅ?​ ហើយ​រឿង​ហ្នឹង​មិនមែន​មាន​ន័យ​ថា ​ជា​ការ​ធ្វេស​ប្រហែស​ទេ​គឺ​ជា​ចេតនា​របស់​រដ្ឋាភិបាល ​ព្រោះ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ពេល​ហ្នឹង​មាន​ការ​ជជែក​គ្នា​រឿង​ហ្នឹង​ដែរ​ តែ​រដ្ឋាភិបាល​ខ្លួន​ឯងថា​ ព្រះ​មហា​ក្សត្រ​លោកមិន​ដែល​ប្រកាន់​នរណា​ទេ។ ​អ្នក​ព្រាង​ច្បាប់​របស់​រដ្ឋាភិបាលអះអាង​ថា​ ព្រះ​មហា​ក្សត្រ​លោក​មិន​ដែល​ប្រកាន់​នរណា​ទេ​ ដូច្នេះ​ចាំ​បាច់​ដាក់​ធ្វើ​អី?​ បើ​គង់​តែ​ព្រះមហា​ក្សត្រ​លើក​លែង​ទោស​ដដែល​ ឥឡូវ​តើ​យើង​គិត​ថា អាហ្នឹងវា​គួរ​មាន​ទោស​ឬ​អត់? ​បើ​មាន​ ទាល់​តែ​យើង​ធ្វើ​ច្បាប់​ហើយសិន​បាន​ចាប់​គេ​បាន»។​

រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​មាត្រា​៧ចែង​ថា ​អង្គ​ព្រះ​មហា​ក្សត្រ​មិនអាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។​

លោក​ជិន ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ បាន​ប្រាប់ ​VOA ​ថា ​កម្ពុជា​មាន​តែ​រដ្ឋ​ធម្មនុញ្ញ​ប៉ុណ្ណោះ​ដែលចែង​ពី​ព្រះ​មហា​ក្សត្រ​ថា ​គ្មាន​បុគ្គលណា​អាច​រំលោភ​បំពាន​ព្រះ​មហា​ក្សត្រ​បាន​ឡើយ។ ​ទោះ​ជា​យ៉ាង​ណា​ លោក​ថា​ព្រះ​មហា​ក្សត្រ​ជា​បុគ្គល​ឯកជន​ ដែល​ត្រូវ​ទទួល​បានការ​ការពារ​ដោយ​ច្បាប់​ព្រហ្ម​ទណ្ឌ​ ដូច្នេះ​សមត្ថ​កិច្ច​ និង​តុលាការ​អាច​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់លើ​បុគ្គល​ដែល​ប្រមាថ​ព្រះ​មហា​ក្សត្រ​បាន។​

លោក​បញ្ជាក់​ថា៖​

«វា​អាស្រ័យ​ទៅ​លើ​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ ថា​តើ​ទង្វើ​នៃ​ការ​បង្ហោះ​ ការ​ប្រមាថ​ទាំង​អស់​ហ្នឹង​វា​មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​ក្នុង​ការ​បង្កើត​ទៅ​ជាបទ​ល្មើស​ ដែល​មាន​ក្នុងបញ្ញត្តិព្រហ្ម​ទណ្ឌ​ដែរ​ឬក៏​អត់?​ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​ មាន​ធាតុផ្សំ​គ្រប់​គ្រាន់​ក្នុង​ការ​បង្កើត​ទៅ​ជា​បទល្មើស​ ​អាហ្នឹង​អាច​មាន​ចំណាត់​ការ​នីតិវិធី​ក្នុង​ការ​ចោទ​ប្រកាន់​តាម​បញ្ញត្តិ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។​ តែ​ប្រសិន​បើ​មិន​មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់ក្នុង​ការ​បង្កើត​ជាបទ​ល្មើស​ទេ អាហ្នឹង​មិន​អាចដាក់​ទោស​ទណ្ឌ​ពិន័យ​តាម​បញ្ញត្តិ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​បាន​ទេ»។​

លោក​ជិន ម៉ាលីន​បន្ថែម​ថា ​ព្រះ​មហា​ក្សត្រ​ជា​តួអង្គ​និមិត្ត​រូប​ជាតិ ​ដូច្នេះ​ការ​ប្រមាថ​អង្គ​ព្រះ​មហា​ក្សត្រ​គឺជា​ការ​ប្រមាថ​ប្រជាជាតិ ​សេចក្តី​ថ្លៃថ្នូរ​ និង​ជាតិ​សាសន៍​ទាំង​មូល។ ​លោក​បញ្ជាក់​បន្ថែម​ថា ​ដោយ​សារ​សព្វ​ថ្ងៃ​នេះ ​ការ​ប្រមាថ​លើ​អង្គ​ព្រះ​មហា​ក្សត្រ​បាន​កើត​ឡើង​ជា​ញឹកញាប់​ និង​កំពុងក្លាយ​ជា​បញ្ហា​ចោទ​ ក្រសួង​យុត្តិធម៌​នឹង​ពិភាក្សា​ក្នុង​ការ​បង្កើត​ច្បាប់​ដោយ​ឡែកដើម្បី​ការពារ​ព្រះ​មហា​ក្សត្រ។​

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​ចង់​ការពារ​អង្គ​ព្រះ​មហា​ក្សត្រ​បាន​យើង​កំណត់​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ ដើម្បី​ការពារ​នូវ​អង្គ​ព្រះ​មហា​ក្សត្រ​មិន​ឲ្យ​ទទួល​នូវ​ការ​រំលោភ។ ​ប៉ុន្តែ​យើង​គិត​ថា​ ស្ថានភាព​ពេល​នោះ ​យើង​ដូចជា​មិន​ចាំបាច់​ឲ្យ​មានការដាក់​ទោស​ទណ្ឌ​អី​ធ្ងន់ធ្ងរ​ទេ ​កាលៈ​ទេសៈ​ពេល​នោះ​បើ​យើង​រៀប​ចំវា​ហាក់​ដូចជា​ធ្ងន់ធ្ងរ​ពេក។​ តែ​ឥឡូវនេះ​វា​អាច​មាន​ការ​ប្រែប្រួល ​ជួន​កាល​កាលៈទេសៈ​ ស្ថានភាព​ ពេល​វេលា​វា​មាន​ការ​ប្រែប្រួល​ដែល​តម្រូវ​ឲ្យ​យើង​អាច​ធ្វើ​ការ​ពិចារណា​ឡើង​វិញ​ដែរ។ ​អីចឹង​គឺ​អាស្រ័យ​លើ​សាធារណ​មតិ​ដែរ​ ថា​តើ​ស្ថាន​ភាព​បច្ចុប្បន្ន​នេះ ​កាលៈទេសៈ​នេះ ​តើ​គួរ​តែ​ចាំបាច់ ​ឬ​មិន​ចាំ​បាច់?​ បើ​សាធារណៈ​មតិ​បង្ហាញ​ថា ​ជា​ការ​ចាំ​បាច់ ​យើង​អាច​ពិចារណា​ដែរ»។​

កាល​ពីដើម​ឆ្នាំ​២០១៦​នេះ​ យុវជន​ម្នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់​ធំ​ឃុំ​ខ្លួន​ក្នុងពន្ធនាគារ​ពី​បទ​គំរាម​សម្លាប់ ​និង​ប្រមាថ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​តាម​បណ្តាញ​សង្គម​ Facebook។​

ទាក់ទង​នឹង​ករណី​គំរាម​សម្លាប់​តាម​បណ្ដាញ​សង្គម​នេះ ​ តុលាការ​បាន​ចាត់​ការ​លើ​ករណី​មួយ​ចំនួន ​ដូចជា ​ករណី​គំរាម​សម្លាប់​លោក​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ករណី​គំរាម​សម្លាប់​លោក​សុខ ទូច ​ប្រធាន​ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន ​ហើយ​ក្រៅពីករណី​គំរាម​សម្លាប់ ​តុលាការ​បាន​ចាត់​វិធានការ​ប្រឆាំង​ការ​សកម្មភាព​ផ្សេងទៀត​តាម​ Facebook ​ដែរ​ ដូចជា​ករណីយុវជន​គង់ រ៉ៃយ៉ា ​ដែល​បង្ហោះការ​អំពាវនាវ​ចូល​រួម​បដិវត្តន៍​ពណ៌ ​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៥។​

ស្ត្រី​វ័យ​ក្មេង​ម្នាក់​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ ក្រោយពីបង្ហោះ​រូបភាព​ប្រមាថ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​លើ ​Facebook ​តែ​សមត្ថកិច្ចបាន​ដោះ​លែង​វិញ បន្ទាប់ពី​រក​ឃើញ​ថា​ គណនី ​Facebook ​របស់ស្រ្តី​ម្នាក់​នោះ​ត្រូវ​បានគេ​លួច​យក​មក​ប្រើ៕

XS
SM
MD
LG