ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Facebook ​ក្លាយ​ជា​ប្រភព​ព័ត៌មាន​សំខាន់​ជាងគេ​សម្រាប់​ពលរដ្ឋ​កម្ពុជា


រូបឯកសារ៖ ស្លាកសញ្ញា Facebook. (រូបថត៖ AP Photo/Matt Rourke, File)

ក្នុង​ឆ្នាំ​២០១៦ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ Smart phone មាន​៤៨ភាគរយ គឺ​កើនឡើង​ពី​៤០ភាគរយ​កាល​ពី​ឆ្នាំ​២០១៥ ខណៈ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ក្នុង​ឆ្នាំ​២០១៦​ មាន​៣៧ភាគរយ គឺ​កើន​ពី​៣០​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៥។

អ៊ីនធឺណិត​ជា​ពិសេសបណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook) បាន​ក្លាយ​ទៅ​ជា​ប្រភព​ព័ត៌មាន​សំខាន់​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​បាន​យក​ឈ្នះ​លើ​ទូរទស្សន៍​ដែល​ធ្លាប់​ជា​ប្រភព​ព័ត៌មាន​នាំ​មុខ​គេ។ នេះ​បើ​យោង​តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

​របាយការណ៍​ដែល​សិក្សា​ពីការ​ប្រើប្រាស់​អ៊ីនធឺណិត និង​ទូរស័ព្ទ​ដៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៦​នេះ បាន​រក​ឃើញ​ថា ៣០​ភាគរយ​នៃ​អ្នក​ឆ្លើយ​សំណួរ​បាន​ឆ្លើយ​ថា អ៊ីនធឺណិត​ ជា​ពិសេស​បណ្ដាញ​សង្គមហ្វេសប៊ុក​គឺ​ជា​ប្រភព​ព័ត៌មាន​សំខាន់​បំផុត ខណៈ​អ្នក​ដែល​ឆ្លើយ​ថា​ទទួល​ព័ត៌មាន​ពី​ទូរទស្សន៍​មាន​២៩​ភាគរយ។

ក្នុង​ការ​សិក្សា​ដូចគ្នា​នេះ​កាល​ពី​ឆ្នាំ​មុន ៣២​ភាគរយ​នៃ​អ្នក​ឆ្លើយ​សំណួរ​បាន​ឆ្លើយ​ថា ទូរទស្សន៍​គឺ​ជា​ប្រភព​ព័ត៌មាន​សំខាន់​ជាង​គេ តាម​ពី​ក្រោយ​ដោយ​អ៊ីនធឺណិត​ឬ​ហ្វេសប៊ុក​ដែល​មាន​២៥​ភាគរយ។

ការ​សិក្សាស្រាវជ្រាវក្នុងឆ្នាំ​២០១៦នេះ​ ត្រូវ​បានធ្វើឡើង​ដោយមូលនិធិ​អាស៊ី (The Asia Foundation) វិទ្យាស្ថានបើកទូលាយ និងទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដោយ​បាន​សម្ភាស​ពលរដ្ឋចំនួន​២០៦១នាក់​ អាយុចន្លោះពី១៥ឆ្នាំដល់៦៥ឆ្នាំកាល​ពីខែ​កញ្ញា នៅក្នុង៥រាជធានី​ខេត្ត​។

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ ការ​ផ្លាស់ប្ដូរ​នៃ​ប្រភព​ព័ត៌មាន​ដែល​ពេញ​និយម​នេះ​បាន​កើតឡើង​ស្រប​គ្នា​ជាមួយ​នឹង​ការ​កើន​ឡើង​នៃ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​ឬSmart phone និង​អ្នកប្រើប្រាស់​អ៊ីនធឺណិត។

ក្នុង​ឆ្នាំ​២០១៦ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ Smart phone មាន​៤៨ភាគរយ គឺ​កើនឡើង​ពី​៤០ភាគរយ​កាល​ពី​ឆ្នាំ​២០១៥ ខណៈ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ក្នុង​ឆ្នាំ​២០១៦​ មាន​៣៧ភាគរយ គឺ​កើន​ពី​៣០​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៥។

លោក​ ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ប្រកាស​កាលពី​ព្រហស្បតិ៍​នៅ​ឯ​ពិធី​សម្ពោធ​ទីស្នាក់ការ​ថ្មី​របស់​ក្រសួង​ថា គិត​ត្រឹម​ខែ​កញ្ញា​ឆ្នាំ២០១៦ ចំនួន​ស៊ីមកាត​ទូរស័ព្ទ​ចល័ត​មាន​ជាង១៩,៣​លាន​ស៊ីម ​និង​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​មាន​ជាង៧,១លាន​នាក់។

លោក​ ផុង គឹមឆូយ អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​បើកទូលាយ​ដែល​ជា​អ្នក​សរសេរ​របាយការណ៍​ម្នាក់​ក្នុង​ចំណោម​អ្នក​សរសេរ​របាយការណ៍​៣នាក់​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ក្នុង​ឆ្នាំ​២០១៦​នេះ ​ពន្យល់​ពី​មូលហេតុ​នៃ​ការ​កើន​ឡើង​នៃ​ចំនួន​ពលរដ្ឋស្វែង​រក​ព័ត៌មាន​ពី​អ៊ីនធឺណិត​ឬ​ហ្វេសប៊ុក​ដូច​នេះ​ថា៖

«ទី​១​ អាច​ទាក់ទង​ជាមួយ​ការ​ទទួល​បាន​ព័ត៌មាន​គ្រប់ពេលវេលា មិន​ថា​នៅ​ទីណា​ក៏​ដោយ​ឱ្យ​តែ​គាត់​មាន​អ៊ីនធឺណិត​គឺ​គាត់​អាច​ access បាន។ អញ្ចឹង ​វា​ងាយស្រួល​ជាង​ការ​ស្ដាប់​ radio (វិទ្យុ) ឬ​ក៏​ការ​មើល​ទូរទស្សន៍​ព្រោះ​ទូរទស្សន៍​ឬ​ក៏​វិទ្យុ​ហ្នឹង​គេ​មាន​schedule (កាលវិភាគ​) របស់​គេ។ ម៉ោង​ព័ត៌មាន​របស់​គេ​ គេ​មាន​តាម​ព្រឹក​ថ្ងៃ​ល្ងាច​ឬ​ក៏អីចឹង​ទៅ។ បាទ​អញ្ចឹង​គេ​អត់​អាច access បាន convenient (ងាយស្រួល)​ទេ»។

លោក​ផុង គឹមឆូយ បន្ថែម​ទៀត​ថា៖

«ហើយ​មួយ​ទៀត​អាច​ទាក់ទង​ជាមួយ​រឿង​កត្តា​ដោយសារ​តែ​តម្លៃ​ការប្រើប្រាស់​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា​យើង​មាន​តម្លៃ​សមរម្យ​ដែរ។ អ៊ីចឹង​នៅ​ពេលណាដែល​ផែនការ​ទិន្នន័យ​ហ្នឹង​ផ្ដល់​ជូនពី​ mobile operator (ក្រុម​សេវា​ទូរស័ព្ទ​) មាន​តម្លៃ​សមរម្យ វា​ក៏​ជា​ការ​ផ្ដល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​ គឺ​គាត់​អាច​ប្រើប្រាស់​អ៊ីនធឺណិត​ហ្នឹង​បាន​ដែរ។ ហើយ​ម្យ៉ាង​វិញ​ទៀត​ហ្នឹង​គឺ​ដោយសារ​តែ​smart phone មានការ​រីកចម្រើន​ច្រើន។ អញ្ចឹង​ប្រជាពលរដ្ឋ​ មាន​smart phone បូក​ផ្សំ​ជាមួយ​នឹង​អ៊ីនធឺណិត​ហ្នឹង​ទៀត គឺ​គាត់អាច access ​ទៅលើ​ព័ត៌មាន​អី​ផ្សេងៗ​បាន​ច្រើន»។

លោក អ៊ូ ​វីរ: ​ប្រធានអង្គការវេទិកាអនាគត​មានប្រសាសន៍ថា និន្នាការ​នៃការស្វែងរក​ព័ត៌មាន​តាម​អ៊ីនធឺណិត​នេះគឺទំនោរដែលកំពុងកើតមាននៅ​ទូទាំង​ពិភព​លោក​ ដោយសារ​ភាព​សម្បូរ​បែបនិងភាព​ងាយស្រួល​។

ទោះ​យ៉ាង​ណា លោ​ក​ថា គុណភាពនៃព័ត៌មាន​នៅលើទូរទស្សន៍​ ក៏អាចជាមូលហេតុដែលនាំឱ្យមានការ​ស្វែង​រកប្រភពព័ត៌មានផ្សេងទៀត​ផង​ដែរ​។

លោក​ អ៊ូ វីរៈ បន្ត​ថា ការ​ពឹងផ្អែក​លើ​បណ្ដាញ​សង្គម​ដើម្បី​ទទួល​បាន​ព័ត៌មាន​ អាច​មាន​ផល​អវិជ្ជមាន​មួយ​ចំនួន​ដូចជា​ព័ត៌មាន​មិន​ពិត​ឬ​ការ​ប្រើ​ពាក្យ​អសុរោះ​ជាដើម។

យ៉ាងណាក៏ដោយ លោក​ថា បទពិសោធន៍​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​និង​បណ្ដាញ​សង្គម​នេះ​យូរ​ទៅ​នឹង​អាច​បង្រៀន​ពលរដ្ឋ​ឱ្យ​ចេះ​វាយតម្លៃ​ថា​ព័ត៌មាន​ណា​ដែល​អាច​ជឿ​ទុកចិត្ត​បាន។

លោក​បន្ត​ថា ក្រៅ​ពី​ផ្ដល់​ព័ត៌មាន​បន្ថែម​លើ​អ្វី​ដែល​ស្ថាប័ន​ព័ត៌មាន​ផ្ដល់​ឱ្យ បណ្ដាញ​សង្គម​ក៏​ជា​ទី​កន្លែង​ដែល​ពលរដ្ឋ​អាច​ចែកចាយ​នូវ​អ្វី​ដែល​ពួក​គេ​បាន​ជួប​ប្រទះ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់​តែ​មាន​ការ​ចូលរួម​កាន់​តែ​ខ្លាំង។

«គាត់​ហាក់​ដូចជា​មាន​អារម្មណ៍​ថា គាត់​ហ្នឹង​មិនមែន​គ្រាន់តែ​ជា​អ្នក​ឃ្លាំ​មើលព្រឹត្តិការណ៍​ពិភព​លោក​ឬ​ព្រឹត្តិការណ៍​ស្រុក​ខ្មែរ​ទេ ​គាត់​ក៏​អាច​ចូល​រួម​សកម្ម​ក្នុង​ការ​មាន​ឥទ្ធិពល​លើ​ព័ត៌មាន​ជា​សាធារណៈ​ផង​ដែរ»។

ការសិក្សា​ដដែល​ ក៏បាន​រក​ឃើញ​ផង​ដែរ​ថា ពលរដ្ឋ​៨៨ភាគរយ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ដើម្បី​បើក​មើល​បណ្ដាញ​សង្គម​ហ្វេសប៊ុក ៣ភាគរយ​ប្រើប្រាស់​កុំព្យូទ័រ និង​៩​ភាគរយ​ប្រើប្រាស់​ឧបករណ៍​ទាំង​ពីរ​នេះ​ដើម្បី​បើក​បណ្ដាញ​សង្គម​មួយ​នេះ។ ការ​សិក្សា​នេះ​ក៏បាន​បង្ហាញ​ផង​ដែរ​ថា ៧៦​ភាគរយ​នៃ​ទូរស័ព្ទ​ដែល​ពលរដ្ឋ​ប្រើប្រាស់ ​អាច​អាន​អក្សរ​ខ្មែរ​បាន៕

XS
SM
MD
LG