ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជួប សំលាប់ ​ប្តឹង​ឧទ្ធរណ៍​សុំ​ការ​សម្រាល​ទោស


ជួប សំលាប់​ ឬ​គេ​ស្គាល់​ឈ្មោះ​ពិត​ថា​ អឿត អាង​ (ខាង​ក្រោយ​ខ្នង) នៅ​ក្នុង​រថយន្ត​ដឹក​អ្នកទោស​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៧។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កាត់​ទោស​ឈ្មោះ អឿត អាង ហៅ ជួប សំលាប់ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​​ពី​បទ​ឃាតកម្ម​គិត​ទុក​ជាមុន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត។

បន្ទាប់​ពីតុលាការ​រាជធានី​ភ្នំពេញកាត់​ទោស អឿត អាង ហៅ​ ជួប សំលាប់ ពី​បទ​ឃាតកម្ម​គិត​ទុក​ជាមុនលើ​លោក កែម ឡី អ្នកវិភាគ​ពី​បញ្ហា​សង្គមដ៏​ល្បីល្បាញ​របស់​កម្ពុជា​បាន​ជិត​មួយ​ខែ​មក ជួប សំលាប់ ក៏​សម្រេច​ឲ្យ​មេធាវី​របស់​ខ្លួន​ប្តឹង​ឧទ្ធរណ៍​ ដើម្បី​ស្នើ​ឲ្យ​មាន​ការ​សម្រាល​ទោស​ពី​តុលាការ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មេធាវី​ការពារ​ក្តី​ឲ្យ​ ជួប សំលាប់។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កាត់​ទោស​ឈ្មោះ អឿត អាង ហៅ ជួប សំលាប់ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិតពី​បទ​ឃាតកម្ម​គិត​ទុក​ជាមុន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ក្នុង​សំណុំ​រឿង​បាញ់​សម្លាប់​លោក កែម ឡី​ ដែល​ជាអ្នក​វិភាគ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​ កាល​ពី​ខែ​កក្កដា​កន្លង​ទៅ។

លោក ​កែម ឡី​ អ្នក​សិក្សា​ស្រាវជ្រាវ ​និង​ជា​អ្នក​វិភាគ​សង្គម​ដែល​តែងតែ​រិះគន់​ការ​ដឹកនាំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៦ ​នៅ​ស្តាម៉ាត​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ បូកគោ ​ក្នុង​រាជធានី​ភ្នំពេញ។

ក្រោយ​ការ​បាញ់​សម្លាប់​ភ្លាមៗ សមត្ថកិច្ច​ចាប់​បាន​បុរស​ម្នាក់​ដែល​អះអាង​ថា​ ខ្លួន​មាន​ឈ្មោះ​ ជួប សំលាប់ ហើយ​ថា ការ​បាញ់​សម្លាប់​លោក កែម ឡី គឺ​ដោយសារ​លោក កែម ឡី ជំពាក់​លុយ​ខ្លួន​ចំនួន​៣,០០០​ដុល្លារ​មិន​ព្រម​សង។

លោក យុង ផានិត មេធាវី​ការពារ​ក្តី​ឲ្យ​ ជួប សំលាប់ ប្រាប់ VOA ថា ​លោក​បាន​ដាក់​ឯកសារ​បណ្តឹង​ឧទ្ធរណ៍​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បន្ទាប់​ពី​កូន​ក្តី​របស់​លោក​ ឈ្មោះ ជួប សំលាប់ លើក​ឡើង​ថា ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​នេះ​ជា​ទោស​ធ្ងន់ធ្ងរ​ពេក​ និង​មិន​អាច​ធ្វើ​ឲ្យ​កូន​ក្តី​របស់​លោក​មាន​ឱកាស​កែប្រែ​កំហុស។

លោក យុង ផានិត បន្ថែម​ថា ក្រោយ​ការ​បាញ់​សម្លាប់​លោក កែម ឡី កូន​ក្តី​របស់​លោក​សោកស្តាយ​ចំពោះ​ទង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ដោយសារ​កូនក្តី​របស់​លោក​មិន​បាន​ស្គាល់​លោក កែម ឡី ច្បាស់។ លោក​រំពឹង​ថា តុលាការ​ជាន់​ខ្ពស់​នឹង​ផ្តល់​ស្ថានសម្រាល ដើម្បី​ឲ្យ​កូនក្តី​របស់​លោក​មាន​ឱកាស​កែ​ប្រែ​ខ្លួន​ដើម្បី​បម្រើ​ផល​ប្រយោជន៍​សង្គម។

មេធាវី​រូប​នេះ​បញ្ជាក់​ប្រាប់ VOAថា៖

«យើង​មើល​ទៅ​សកម្មភាព​របស់​គាត់​ ទាក់ទង​ទៅ​ហ្នឹង​អ្វី​ដែល​បាន​ប្រព្រឹត្ត ឬក៏​ជំនាញ​របស់​គាត់​ហ្នឹង គឺ​កើត​ឡើង​ដោយ​សារ​គាត់​ពើប​ប្រទះ​ជាមួយ​ហ្នឹង​មនុស្ស​អាក្រក់។ អញ្ចឹង​បើ​សិន​ជា​គាត់​មាន​ការ​ភ្ញាក់​រំឭក​កសាង​ខ្លួន គាត់​ប្រព្រឹត្ត​ថ្ងៃ​ក្រោយ​ទៅ​ជួប​ជាមួយ​មនុស្ស​ល្អ គាត់​នឹង​ធ្វើ​ការ​កែប្រែ​ខ្លួន ហើយ​គាត់​អាច​យក​ជំនាញ​គាត់​ហ្នឹង​យក​មក​ប្រើ​សម្រាប់​សង្គម​ជាតិ​បាន»។

​លោក អ៊ី រិន អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រាប់ VOA ​ថា តុលាការ​នឹង​បញ្ជូន​ពាក្យ​បណ្តឹង​របស់​លោក​មេធាវី យុង ផានិត ព្រម​ទាំង​សំណុំ​រឿង​ដែលពាក់ព័ន្ធ​ទៅ​សាលា​ឧទ្ធរណ៍​នៅ​សប្តាហ៍​ក្រោយ។

ការ​បាញ់​សម្លាប់​ លោក កែម ឡី ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​ចុង​ក្រោយ​មួយ​របស់​អង្គការ​ Global Witness ដែល​បាន​លាត​ត្រដាង​អំពី​អាជីវកម្ម​របស់​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​មាន​ទឹក​ប្រាក់​យ៉ាង​ហោច​ណាស់​២០០​លាន​ដុល្លារ។

កាល​ពី​ដើម​ខែ​មីនា​ តុលាការ​បាន​បង្ហាញ​ភស្តុតាង និង​វីដេអូ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​មួយ​ចំនួន​ដែល​យក​ចេញ​ពី​កន្លែង​កើត​ហេតុ។ វីដេអូ​ដែល​តុលាការ​បញ្ចាំង​ក្នុង​សវនាការ​នោះ មិន​បាន​បង្ហាញ​ពី​មុខមាត់​ពិត​របស់​អ្នក​បាញ់ និង​មិន​បាន​បង្ហាញ​ពី​សកម្មភាព​បាញ់​ប្រហារ​ចំៗ​លើ​លោក កែម ឡី នោះ​ទេ។ ចំណែក​សាក្សី​ដែល​ឆ្លើយ​បំភ្លឺ​ក្នុង​តុលាការ​ក៏​មិន​មាន​នរណា​ម្នាក់​ប្រាកដ​ថា ជួប សំលាប់ ពិត​ជា​អ្នក​បាញ់​នោះ​ដែរ។ មាន​តែ ជួប សំលាប់ ខ្លួន​ឯង​ប៉ុណ្ណោះ​ដែល​បាន​ឆ្លើយ​ថា ខ្លួន​ជា​អ្នក​បាញ់​សម្លាប់​លោក កែម ឡី។

ក្រោយ​បញ្ចប់​សវនាការ ទាំង​ក្រុម​គ្រួសារ​របស់​លោក កែម ឡី និង​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​សង្គម​ លើក​ឡើង​ថា វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ដែល​ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈ​នោះ​ មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ចំនួន​៦៥ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួមគ្នា​មួយ ដោយ​លើក​ឡើង​ថា ការ​ស៊ើប​អង្កេត និង​សវនាការ​របស់​តុលាការ​ដំណើរការ​ទៅ​ដោយ​មិន​ពេញ​លេញ និង​គ្មាន​តម្លាភាព។ ពួកគេ​បាន​ទាមទារ​ឲ្យ​មានការ​ស៊ើប​អង្កេត​ឯករាជ្យ​ជុំវិញ​ឃាតកម្ម​លើ​លោក កែម ឡី ​នេះ៕

XS
SM
MD
LG