ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​កោះកុង​បើក​សវនាការ​សកម្មជន​បរិស្ថាន​ដោយ​មិន​ឲ្យ​សាធារណជន​ចូល​ស្តាប់


ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​ចំនួន៨ តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត​កោះកុង នៅពេល​ដែល​តុលាការ​បើក​សវនាការ​ជំនុំជម្រះ​ក្តី​ដែល​បាន​ចោទប្រកាន់​សកម្មជន​បរិស្ថាន​របស់​ចលនា​មាតា​ធម្មជាតិ​៣នាក់ នៅ​ខេត្ត​កោះកុង កាលពី​ថ្ងៃច័ន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០១៦។ (រូបថត​ដកស្រង់​ចេញ​ពី​ទំព័រ​ហេ្វកប៊ុក​របស់​ចលនា​មាតាធម្មជាតិ)

សកម្មជន​ទាំង​បី​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ​ រួមមាន​ លោក​ សាន់​ ម៉ាឡា លោក ទ្រី​ សុវិគា​ និង​លោក​ ស៊ីម​ សំណាង។

តុលាការ​ខេត្ត​កោះកុង​ ​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​បាន​បើក​អង្គ​សវនាការ​ដោយ​មិន​ឲ្យ​សាធារណជន​ចូលស្តាប់​ការ​ជំនុំ​ជម្រះ​ក្តី​សកម្ម​ជនបរិស្ថាន​បីរូប​នៃ​ចលនា​មាតា​ធម្មជាតិ​ក្នុង​សំណុំ​រឿង​ទប់ស្កាត់​ការ​បូមខ្សាច់​នៅ​ក្នុង​ខេត្ត​ ដែល​នៅ​ជាប់​នឹង​ប្រទេស​ថៃ​នេះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង។

សកម្មជន​ទាំង​បី​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ​ រួមមាន​ លោក​ សាន់​ ម៉ាឡា លោក ទ្រី​ សុវិគា​ និង​លោក​ ស៊ីម​ សំណាង។ ពួក​គេ​ត្រូវ​បាន​ព្រះ​រាជ​អាជ្ញា​តុលាការ​ដំបូង​ខេត្ត​កោះកុង ​ចោទ​ប្រកាន់​ពី​បទ​គំរាម​កំហែង​ និង​ធ្វើ​ឲ្យ​ខូចខាត ​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វី​មួយ ​ក្នុង​អំឡុង​ពេលពួកគេ​ធ្វើ​យុទ្ធនាការ​ទប់​ស្កាត់​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង ហើយ​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​សីហា​ ឆ្នាំ​២០១៥។​

លោក​ អ៊ិន គង់ជិត​ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho)​ បាន​ប្រាប់​ VOA ​នៅល្ងាច​ថ្ងៃ​ច័ន្ទ​ថា​ តុលាការ​បាន​បើក​សវនាការ​ ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ ដោយ​ការ​សួរ​ដេញដោល​ទៅលើ​សកម្ម​ជន​ទាំង​បីនាក់ ​មន្ត្រី​អាជ្ញាធរ​ស្រុក​បទុមសាគរ​ ​តំណាង​ក្រុម​ហ៊ុន​ Direct ​Acess​ និង​មន្ត្រី​ធនធាន​រ៉ែ។

លោក​បន្ត​ថា​ តុលាការ​បាន​បន្ត​សួរ​សាក្សី​ចំនួន​១៦នាក់​បន្ថែម​ទៀត ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​ដដែល​នោះ​ ទាក់​ទិន​សំណុំ​រឿង​ទប់​ស្កាត់​ការ​បូម​ខ្សាច់​នេះ។ លោក​បញ្ជាក់​ថា​ សវនាការ​នេះ​មិន​បាន​បើក​ឲ្យមាន​ការ​ចូលរួម​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ​ ដោយ​តុលាការ​ប្រាប់​ថា​ បន្ទប់​អង្គ​សវនាការ​មាន​លក្ខណៈ​តូច​ចង្អៀត។

(ទស្សនាវីដេអូដកស្រង់ចេញពីទំព័រហ្វេកប៊ុករបស់ចលនាមាតាធម្មជាតិ ទាក់ទងនឹងដំណើរការ​ជំនុំជម្រះក្តីសកម្មជនបីរូប​នៃចលនាមាតាធម្មជាតិ)

ទាក់ទង​នឹង​ការ​បិទ​បាំងនេះ​ លោក​ អ៊ិន គង់ ជិត​ថ្លែង​ថា​ យុវជន​ទាំង​បី​នាក់នេះ​មុខ​ជា​ពិបាក​រក​ឃើញ​ពន្លឺ​យុត្តិធម៌។​

«យើង​មើល​ទៅ​ការ​រៀបចំ​ដំណើរការ​នោះ​ហាក់​ដូច​ជា​មាន​អ្វី​ជា​អាថ៌​កំបាំង​ ហើយ​យើង​រពឹង​ថា​ យុត្តិធម៌​ប្រហែល​ជា​មិន​អាច​ស្វែងរក​បាន​ចំពោះ​ជន​ជាប់​ចោទ​ទាំង​បី​ហ្នឹង​ទេ»។

មន្ត្រី​សិទ្ធិ​មនុស្ស​រូបនេះ​បាន​បន្ថែម​ថា​ ប្រជា​ពលរដ្ឋ​ប្រមាណ​៩០​នាក់​ មក​ពី​សហគមន៍​នានា​ក្នុង​ខេត្ត​កោះកុង​ ដែល​រង​គ្រោះ​ដោយសារ​ការ​រំលោភ​បំពាន​ដីធ្លី​ ​បាន​មក​ចូលរួម​ឃ្លាំ​មើល​អង្គ​សវនាការ​នេះ​ដែរ។

ការ​បើក​សវនាការ​ជម្រះ​ក្តី​សកម្មជន​ទាំងបី​នាក់​នេះ​បាន​កើត​ឡើង​ នៅ​ក្រោយ​ពេល​ដែល​លោក Alejandro​ ​Gonzalez-Davidson ​ស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិ​ បាន​ប្តឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ​កាល​ពីខែ​មេសា​ ឆ្នាំ​២០១៦​ ដើម្បី​សុំ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​ធ្វើ​បាប​ដោយ​អំណាច​តុលាការ​មក​លើ​សកម្មជន​ការពារ​សម្បត្តិ​ធម្មជាតិ​ក្នុង​ខេត្ត​កោះកុង។​

VOA ​ព្យាយាម​ទាក់​ទង​លោក​ អ៊ីវ​ ​ត្រាយ​ ​ព្រះរាជ​អាជ្ញារង​នៃ​តុលាការ​ខេត្ត​កោះកុង​ដើម្បី​សុំការ​អធិប្បាយ​ទាក់​ទិន​ការ​បើក​សវនាការនេះ​ តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ។​

ចលនា​មាតា​ធម្មជាតិ​បាន​ធ្វើ​ការ​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ចការ​ការពារ​បរិស្ថាន​នៅ​ក្នុង​ខេត្ត​កោះកុង។​ ក្រៅ​ពី​ការ​តវ៉ា​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ដ៏​មហន្តរាយ​ដល់​បរិស្ថាន​នេះ​ ​ក្រុម​ការពារ​បរិស្ថាន​នេះ​ក៏​បាន​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​វិនិយោគ​ទំនប់​វារីអគ្គិសនី​លើ​ស្ទឹង​អារ៉ែង​នៃ​ជួរ​ភ្នំ​ក្រវ៉ាញ ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ Sinohydro​ ផង​ដែរ។​សកម្មភាព​របស់​ពួក​គេ​មិន​បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​សប្បាយ​ចិត្តនោះ​ទេ។​

បន្ទាប់ពី​ការ​សាក​សួរ​ដេញ​ដោល​អស់​រយៈពេល​មួយ​ថ្ងៃ​ពេញ​នោះ តុលាការ​ខេត្ត​កោះកុង​បាន​ប្រកាស​ផ្អាក​អង្គ​សវនាការ​នៅ​ម៉ោង​៥​និង​៣០នាទី​ល្ងាច​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​ ហើយ​តុលាការ​នឹង​បន្ត​អង្គ​សវនាការ​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ៕

XS
SM
MD
LG