ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជិត​៩​ខែ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​នៅ​ជាប់​ឃុំ​ដោយ​គ្មាន​សវនាការ


រូបថត​នេះ​ដែល​ត្រូវ​​ផ្សាយ​តាម​ទំព័រ Facebook របស់​អង្គការ​មាតា​ធម្មជាតិ​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៥ ​បង្ហាញ​ពី​សកម្មភាព​តវ៉ា​របស់​សកម្មជន​អង្គការ​នេះ​ក្នុង​ពេល​កន្លង​​ពេល​ថ្មីៗ​នេះ។ (អង្គការ​មាតា​ធម្មជាតិ)

សកម្មជន​ទាំង​បី​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ ​ត្រូវ​បាន​ព្រះ​រាជអាជ្ញា​តុលាការ​ដំបូង​ខេត្ត​កោះកុង​ ចោទ​ប្រកាន់​ពី​បទ​គំរាមកំហែង​ មាន​ចេតនា​បង្ក​ការ​ខូចខាត​ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ទប់​ស្កាត់​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង ​និង​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​សីហា​ ឆ្នាំ​២០១៥។

សកម្មជន​សិទ្ធិ​មនុស្ស​ និង​ក្រុម​គ្រួសារ​សកម្ម​ជន​បរិស្ថាន​បី​រូប​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្តកោះ​កុង ប​ន្ត​ស្នើ​ឲ្យ​តុលាការ​នៃ​ខេត្ត​នេះ ពន្លឿន​ការ​កាត់​សេចក្តី​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំងបី​នាក់​នេះ បន្ទាប់​ពី​ពួកគេ​បាន​ចំណាយ​ពេល​ជាង​៨ខែ​ នៅ​ក្នុង​ពន្ធ​នាគារ។​

សកម្មជន​ទាំង​បី​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ ​ត្រូវ​បាន​ព្រះ​រាជអាជ្ញា​តុលាការ​ដំបូង​ខេត្ត​កោះកុង​ ចោទ​ប្រកាន់​ពី​បទ​គំរាមកំហែង​ មាន​ចេតនា​បង្ក​ការ​ខូចខាត​ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ទប់​ស្កាត់​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង ​និង​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​សីហា​ ឆ្នាំ​២០១៥។​ ទោះបី​ជា​មាន​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នក​ទាំង​បី​នេះ​ ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ជា​ច្រើន​ក្នុង​ខេត្ត​កោះ​កុង​ បាន​បញ្ជាក់​កាល​ពី​ពេល​មុន​ថា​ អ្នក​ទាំង​បី​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នេះ​ទេ។​

លោក​ អំ សំអាត ប្រធាន​ការិយា​ល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ តុលាការ​គួរ​ពន្លឿន​ការ​បើក​សវនាការ​ជម្រះ​ក្តី​សកម្ម​ជនបរិស្ថាន​ទាំងបី​នាក់​ ដែល​បាន​ជាប់​ក្នុង​ពន្ធនាគារ​ជាង​៨ខែ​មក​ហើយ។​ លោក​ថា​ អ្នក​ការពារ​បរិស្ថាន​ទាំងបី​នាក់​នេះ​ មិនបាន​ធ្វើ​ខុស​ ដូច​តុលាការ​ខេត្ត​កោះកុង​ ចោទ​នោះទេ។​

«​យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ យើង​នៅ​តែ​អំពាវនាវ​អញ្ចឹង​ទៅ​ណ៎ា​ ពីព្រោះ​អ្នក​ទាំង​បីអ្នកហ្នឹង​ វា​អត់​មាន​កំហុស​អ្វី​ទេ​ ដូចការ​ចោទ​ប្រកាន់​ហ្នុង​ទេ។ អញ្ចឹង​បានយើង​សុំ​អំពាវនាវ​ថា​ យ៉ាង​ម៉េច​ឲ្យ​តុលាការ​ហ្នឹង​ លោក​ធ្វើ​សវនាការ​ អ្នក​ទាំងបី​ហ្នឹង​ឲ្យ​បាន​ឆាប់​ទៅ​ ហើយ​អាច​នឹង​ពិនិត្យ​មើល​ បើ​គ្មាន​ភស្តុតាងទេ​ ត្រូវ​តែ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​បីនាក់​ហ្នឹង​ឲ្យ​មាន​សេរីភាព​វិញ​ទៅណ៎ា»។​

លោក​បញ្ជាក់​បន្ត​ថា តុលាការ​ខេត្ត​កោះកុង មិនសូវ​ញាប់ដៃ​ញាប់​ជើង​ក្នុង​ការ​ដោះស្រាយ​រឿងក្តី​អ្នក​ការពារ​បរិស្ថាន​នេះ​ ដូច​តុលាការ​ក្រុង​ភ្នំពេញ​ ដែលកំពុង​មាមាញឹក​ក្នុង​បណ្តឹង​ទាក់​ទិន​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​មួយ ​ដែល​គេនៅ​មិន​ទាន់​ប្រាកដ​ថា​ ជា​របស់​លោក​ កឹម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឬ​យ៉ាងណានោះ។​

លោក​ថ្លែងថា៖​«អាហ្នឹង​ វា​យើង​មើល​ឃើញ​អញ្ចឹង​ហើយ​ គឺ​ឥឡូវ​ទិដ្ឋភាព​ឥឡូវ​ វា​ទៅ​ជា​អារឿង​បុគ្គល​ហ្នឹង​ រឿង​ស្នេហា​ រឿង​បុគ្គល​ហ្នឹង​ វា​ទៅជា​រឿង​មួយ​ដែល​សំខាន់​ទៅវិញ​សម្រាប់​តុលាការ។​ អញ្ចឹង​ខ្ញុំ​ឃើញ​ថា​ តុលាការ​ គាត់​រវល់​រឿងហ្នឹង​ច្រើន​ណាស់​ ហើយ​អញ្ចឹង​យើង​គិត​ថា​ ចុះ​អារឿង​ ដែល​ទាក់​ទង​នឹង​ផលប្រយោជន៍​សង្គម​កិច្ច​ការ​ពារ​សនិ្តសុខ​ សុវត្ថិភាព​ ហើយ​ទាក់​ទង​នឹង​បញ្ហា​ធនធាន​ធម្មជាតិ​ ដីធ្លី​បញ្ហា​អ្វី​ផេ្សង​ៗ​ទៀត​ ដែល​ត្រូវ​ដោះស្រាយ​ច្រើន​ អាហ្នុង​ហើយ​ដែល​ជា​តួនាទី ​សម្រាប់​ពន្លឿន​ក្នុង​ការ​ដោះស្រាយ​ ព្រោះ​អាហ្នុង​វា​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ»។​

ខាង​ក្រោម​នេះ​គឺជា​វីដេអូ​របស់អង្គការ​ចលនាមាតា​ធម្មជាតិ តវ៉ាឲ្យ​អាជ្ញាធរ​ខេត្ត​កោះកុងដោះលែង​សកម្មជន​ទំាងបី​នាក់​នោះ

ទាក់​ទិន​ការ​ឃុំ​ខ្លួន​អ្នក​ការពារ​បរិស្ថាន​ទាំង​បីនាក់​នេះ​ ស្ថាបនិក​ និង​ជា​នាយក​អង្គការ​«មាតា​ធម្មជាតិ‍»​ លោក Alejandro Gonzalez-Davdison កាល​ពី​ខែ​មេសា​ ឆ្នាំ២០១៦​នេះ បាន​ស្នើ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​នៃ​អង្គការ​សហប្រជាជាតិ​ ដើម្បី​បញ្ឈប់​ការ​ធ្វើ​បាប​ដោយ​អំណាច​តុលាការ​មក​លើ​សកម្ម​ជន​ការពារ​សម្បត្តិ​ធម្មជាតិ​ក្នុង​ខេត្ត​កោះកុង។

សកម្មជន​ការពារ​បរិស្ថាន​ និង​ជា​អ្នក​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​រូប​នេះ​ ដែល​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​បង្ខំ​ បាន​ដាក់​ប្តឹង​ទៅ​លោក​ Michel Forst ​អ្នក​រាយ​ការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​របស់​លោក​ បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​ជំទាស់​នឹង​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ និង​ជីក​រ៉ែ​នៅ​ក្នុង​ខេត្ត​កោះកុង​នៃ​ប្រទេស​កម្ពុជា។​ បណ្តឹង​នោះ​ បាននិយាយ​ដល់​សកម្មជន​បរិស្ថាន​ទាំង​បី ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ផងដែរ។

អ្នក​ស្រី​ថា​ សុភា និយាយ​ថា​ តុលាការ​ខេត្ត​កោះកុង​ គួរ​ពន្លឿន​ការ​កាត់​សេចក្តី​របស់​ខ្លួន​ ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​ទាំងបី​ ដែល​ក្នុង​នោះ​ មាន​ប្តី​របស់​អ្នក​ស្រី គឺ​លោក​ ស៊ីម​ សំណាង​ ដែល​បាន​ជាប់​ឃុំ​ជាច្រើន​ខែ​មក​ហើយ។

​«ការ​ឃុំខ្លួន​គាត់​ហ្នឹង​ គឺ​ជិត​ប្រាំបួន​ខែ​ហើយ​បង​ ហើយ​សវនាការ​ក៏អត់​ទាន់​មាន។​ ខ្ញុំ​ក៏អត់​ដឹង​ថា​ ខាង​តុលាការ​ គាត់​គិត​យ៉ាងណាដែរ​ តែជិត​១០ខែ​ ដែល​គាត់​ធ្វើ​តាម​នីតិវិធី​គាត់​ណាបង»។​

អ្នក​ស្រី​បន្ត​ថា​ រឿងក្តី​ប្តី​អ្នកស្រី​ មិន​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ដូច​រឿង​របស់​នាង​ ខុម​ ចាន់តារ៉ាទី​ ដែល​គេ​នៅ​សង្ស័យថា​ ជា​នារី​កំណាន់​របស់​លោក​ កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​ប្រឆាំង។​

«ខ្ញុំគិតថា​ រឿងហ្នឹង​ ខាង​តុលាការ​គាត់​ដោះស្រាយ​លឿន​ ប៉ុន្តែ​សម្រាប់​ខាង​ប្រជាជន​ ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​ដីធ្លី​ ដូចជា​ប្តី​ខ្ញុំ​ជាដើម​ សកម្មជន​ការពារ​បរិស្ថាន​ព្រៃ​ឈើ​ហ្នឹង​ គឺ​អត់​ងាយ​ដោះស្រាយ​ ដូចជា​ប្តីខ្ញុំ​ជាដើម​ គឺ​ប្រាំបួន​ខែ​ឥឡូវ​ហើយ​ គឺ​អត់​មាន​សវនាការ​សម្រាប់​ពួកគាត់​ ដែល​មាន​យុត្តិ​ធម៌។ យើង​មិន​ទាន់ដឹង​នោះ​ណ៎ា​បង។ ប៉ុន្តែ​សម្រាប់​រឿង​ហ្នឹង​ គឺ​ធ្វើ​លឿន​តែម្តង​ ខ្ញុំ​ក៏បាន​តាម​ដាន​រឿង​ព័ត៌មាន​ហ្នឹង​ដែរ។​ ឥឡូវ​ហ្នឹង​មាន​ការ​កោះហៅ​បន្ត​បន្ទាប់​អញ្ចឹង​ទៅ​ ខ្ញុំក៏​ឆ្ងល់​ខាង​តុលាការ​ដែរ​ ប៉ុន្តែ​យើង​ក៏អត់​ដឹង​ថា​ គាត់​គិត​យ៉ាងណា»។

VOA​ មិន​ទាន់​អា​ច​ទាក់​ទង​ លោក​ព្រះ​រាជអាជ្ញា​រង អ៊ីវ ត្រាយ​ ដើម្បី​សុំ​ការ​អធិប្បាយ​អំពី​លទ្ធភាព​ដែល​អាច​កើត​មាន​សម្រាប់​ពន្លឿន​នីតិវិធី​របស់​តុលាការ​ក្នុង​ការ​បើក​អង្គ​សវនាការ​ជំនុំជម្រះ​ក្តី​របស់​អ្នក​ការពារ​បរិស្ថាន​ទាំងបី​បាន​ទេ​ ដោយ​ទូរស័ព្ទ​លោក​រោទិ៍​ តែ​គ្មាន​អ្នក​ទទួល។​

កាល​ពី​ចុង​ខែ​មិនា​កន្លង​ទៅ​នេះ​ ក្រុម​គ្រួសារ​របស់​សកម្មជន​បរិស្ថាន​ទាំង​បី​រូប​នេះ​ បាន​ព្យាយាម​ស្វែងរក​ជំនួយ​ពី​លោក​ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ដោយ​ការ​ដើរ​ដោយ​ថ្មើរ​ជើង​ពី​តំបន់​វត្តភ្នំ​ដូនពេញ​ មក​ផ្ទះ​របស់​នាយក​រដ្ឋមន្ត្រី​នៅ​ក្បែរ​វិមាន​ឯករាជ្យ។​

ការ​ដើរ​ដោយ​ថ្មើរ​ជើង​ដែល​មាន​គ្នា​ប្រមាណ​តែ​ពីរ​ទៅ​បី​នាក់​ មិន​ត្រូវ​បាន​ស្វាគមន៍​ដោយ​អាជ្ញាធរ​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​ និង​មន្ត្រី​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី​នោះ​ទេ។​ ផ្ទុយ​ទៅ​វិញ​ ក្រុម​គ្រួសារ​របស់​សកម្មជន​បរិស្ថាន​ទាំង​បី​នាក់​នោះ​ បាន​រង​ការ​ស្តី​បន្ទោស​ធ្ងន់​ៗ​ ពី​លោក ​គង់​ ចំរើន ​មន្ត្រី​ទទួល​ពាក្យ​បណ្តឹង​របស់​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី។ មន្ត្រី​រូប​នេះ​ បាន​ប្រាប់​ក្រុម​គ្រួសារ​សកម្មជន​បរិស្ថាន​ថា​ លោក​ ហ៊ុន សែន​ ពុំ​មាន​សិទ្ធិ​ជ្រៀតជ្រែក​ស្ថាប័ន​តុលាការ​ ឬ​ស្ថាប័ន​សភា​នោះ​ទេ​ និង​បន្ទោស​ក្រុម​គ្រួសារ​ទាំងនោះ​ថា​ បាន​ធ្វើ​ខូច​ដល់​សណ្តាប់ធ្នាប់​សាធារណៈ។

ចលនា​មាតា​ធម្មជាតិ​ បាន​ធ្វើ​ការ​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ចការ​ការពារ​បរិស្ថាន​នៅ​ក្នុង​ខេត្ត​កោះកុង។​ ក្រៅ​ពី​ការ​តវ៉ា​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ដ៏​មហន្តរាយ​ដល់​បរិស្ថាន​នេះ​ ក្រុម​ការពារ​បរិស្ថាន​នេះ​ ក៏​បាន​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​វិនិយោគ​ទំនប់​វារីអគ្គិសនី​លើ​ស្ទឹង​អារ៉ែង​នៃ​ជួរ​ភ្នំ​ក្រវ៉ាញ ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ Sinohydro​ ផង​ដែរ។​ សកម្មភាព​របស់​ពួកគេ ​បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត៕

XS
SM
MD
LG