ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​បះបោះ​នៅ​ស៊ីរី​រង​ការ​វាយ​ប្រហារ​កាន់​តែ​ច្រើន​ឡើងៗ


ជន​ស៊ីវិល​ដើរ​កាត់​កម្ទេច​កម្ទី​នៃ​អគារ​នៅ​ក្នុង​តំបន់​ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ក្នុង​ក្រុង Aleppo ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
ជន​ស៊ីវិល​ដើរ​កាត់​កម្ទេច​កម្ទី​នៃ​អគារ​នៅ​ក្នុង​តំបន់​ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ក្នុង​ក្រុង Aleppo ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

យន្តហោះ​ចម្បាំង ​និង​កាំភ្លើង​ធំ​របស់​រដ្ឋាភិបាល​ស៊ីរី ​ដែល​មាន​ការ​គាំទ្រ​ពី​សម្ព័ន្ធ​មិត្ត​រុស្ស៊ី ​បាន​បង្កើន​ការ​វាយ​ប្រហារ​លើ​តំបន់​ក្រុមបះ​បោរ​កាន់កាប់​នៅ​ Aleppo ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។​ មនុស្ស​ជា​ច្រើន​បាន​ស្លាប់ ​រួម​ទាំង​កុមារ​ផង​ដែរ។​ នេះ​ជា​ការ​វាយ​ប្រហារ​តាម​អាកាស​ជា​ថ្មី​៤ថ្ងៃ​ជាប់​គ្នា​ដោយ​យន្តហោះចម្បាំង​រដ្ឋាភិបាល​ស៊ីរី តាំង​ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​ដើម្បី​បើក​ឱកាស​សម្រាប់​បេសកកម្ម​មនុស្សធម៌​រយៈ​ពេល​មួយ​ខែ។​

មាន​ជន​ស៊ីវិល​យ៉ាង​តិច​៦៥នាក់​បាន​ស្លាប់​តាំង​ពី​ការ​វាយ​ប្រហារ​នោះ​បាន​ចាប់​ផ្តើមឡើងវិញ​ នេះ​បើ​តាម​អង្គការ​សិទ្ធិ​មនុស្ស​ Syrian Observatory for Human Rights ​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស។ អង្គការ​សិទ្ធិ​មនុស្ស​នេះ​បន្ត​ថា​ ក្រុម​បះបោរ​បាន​បាញ់​រ៉ុក្កែត​ជាង​១០​គ្រាប់​ចូល​ក្នុង​តំបន់​រដ្ឋាភិបាល​កាន់កាប់​នៅ​ទីក្រុង​ Aleppo។ ​ការ​វាយ​ប្រហារ​បំផ្លិច​បំផ្លាញ​តំបន់​រស់​នៅ​របស់​មនុស្ស​ជាង​២៥ម៉ឺននាក់​កាលពី​សប្តាហ៍​មុន បាន​ចាប់​ផ្តើម​ដោយ​ការ​ប្រកាស​របស់​រុស្ស៊ី​អំពី​ផែនការ​វាយ​ប្រហារ​ភាគ​ខាងជើង​ខេត្ត​ Idlib កាន់កាប់​ដោយ​ក្រុម​បះបោរ​ និង​ខេត្ត​ Homs នៅ​ភាគ​កណ្តាល។​

ក្រុម​បះបោរ​ត្រូវ​កងទ័ព​រដ្ឋាភិបាល​ឡោមព័ទ្ធ​នៅ​ភាគ​ខាង​កើត​ក្រុង​ Aleppo​ តាំងពី​ខែ​កក្កដា។ ​ភ្នាក់ងារ​ជំនួយ​និយាយ​ថា ​ការ​ឧបត្ថម្ភ​អាហារ​ត្រូវ​បញ្ចប់។ ទីក្រុង Aleppo​ ដែល​ពី​មុន​ជា​មណ្ឌល​ពាណិជ្ជកម្ម​ និង​ឧស្សាហ​កម្ម​ ត្រូវ​បំផ្លិច​បំផ្លាញ​ដោយ​ការ​ប្រយុទ្ធគ្នា​តាំងពី​ឆ្នាំ​២០១២ ​នៅ​ពេល​ពួក​បះបោរ​ចូល​កាន់កាប់​ភាគ​ខាង​កើត។ ​មនុស្ស​១,២លាន​នាក់​រស់​នៅ​ក្នុង​តំបន់​រដ្ឋាភិបាល​កាន់កាប់​ត្រូវរង​ការ​វាយ​ប្រហារ​ដោយ​រ៉ុក្កែត​របស់​ក្រុម​បះបោរ៕

XS
SM
MD
LG