ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ដក​ការ​តែង​តាំង​បេក្ខភាព​ប៉ូលិស​ដោយសារ​រឿង​អាស្រូវ​ពុករលួយ


លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ Joko Widodo ប្រកាស​តែង​តាំង​លោក​ Badrodin Haiti ជា​ប្រធាន​ប៉ូលិសស្តីទី​នៃប្រទេស​ឥណ្ឌូនេស៊ី​ កាលពីថ្ងៃទី​១៦ ខែ​មករា ឆ្នាំ២០១៥។
លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ Joko Widodo ប្រកាស​តែង​តាំង​លោក​ Badrodin Haiti ជា​ប្រធាន​ប៉ូលិសស្តីទី​នៃប្រទេស​ឥណ្ឌូនេស៊ី​ កាលពីថ្ងៃទី​១៦ ខែ​មករា ឆ្នាំ២០១៥។

ប្រធានា​ធិបតី​ Joko Widodo ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​និយាយ​ថា ​លោក​បាន​សម្រេច​ចិត្ត​ដក​ការ​តែងតាំង​ ​Budi Gunawam ពី​បេក្ខភាព​ជា​ប្រធាន​ប៉ូលិស​បន្ទាប់​ពី​មាន​រឿងអាស្រូវ​ពុករលួយ។

លោក​ប្រធានា​ធិបតី ​Joko ​បាន​និយាយ​នៅឯ​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ពុធ​ក្នុង​រដ្ឋ​ធានី​ហ្សាកាតា​ថា ​នៅ​ក្នុង​ការ​ពិនិត្យ​មើលការ​ពិត​ឃើញ​ថា​ បេក្ខ​ភាព​របស់​ឧត្តម​ស្នង​ការ Budi Gunawan ​ជា​ប្រធាន​ប៉ូលិស​នោះ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​សង្គម។ ដូច្នេះ ​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ស្ងប់​ស្ងាត់ហើយ​នឹង​ផ្តោត​លើ​សេចក្តី​ត្រូវការ​នៃ​កង​កម្លាំង​ប៉ូលិស​ឥណ្ឌូនេស៊ី ​ដើម្បី​ឲ្យ​មានប្រធាន​ដឹក​នាំ​ជា​បន្ទាន់​នោះ​ ថ្ងៃ​នេះ​យើង​ស្នើ​បេក្ខ​ជន​ថ្មី​គឺ​ឧត្តម​ស្នងការ​ Badrodin Haiti។

លោក​ប្រធានា​ធិបតី ​ដែល​គេស្គាល់​ជា​ទូ​ទៅ​ថា​ Jokowi ​បាន​មាន​ប្រសាសន៍​ថា ​លោក​កំពុង​ព្យួរ​ការងារ​សមាជិក​២​នាក់​របស់​គណៈ​កម្មការ​ជាតិ​ប្រឆាំង​នឹង​អំពើ​ពុករលួយដែល​គេស្គាល់​ថា ​KPK ដែល​បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការស៊ើប​អង្កេត​របស់​ប៉ូលិស​បន្ទាប់​ពី​ពួកគេ​បាន​ចោទ​ប្រកាន់​ថា​ លោក ​Gunawan ​ជា​ជន​សង្ស័យ​នៃ​អំពើ​ពុករលួយ។

លោក​ប្រធានា​ធិបតី​បាន​មាន​ប្រសាសន៍​ថា ​ពី​ព្រោះ​តែ​បញ្ហា​ផ្លូវ​ច្បាប់​ប្រឆាំង​លោក​ Abraham Samad និង​លោក ​Bambang Widjojanto ​ដែលជា​មន្រ្តី​នៃ​គណៈ​កម្មការ​ប្រឆាំង​អំពើ​ពុករលួយ ហើយកន្លែងនៅ​ក្នុង​ថ្នាក់​ដឹក​នាំរបស់​គណៈកម្មា​ធិការ​ KPK នៅទំនេរនោះ យោ​ង​ទៅ​តាម​ច្បាប់​ដែល​មាន​ស្រាប់​ ​ខ្ញុំនឹង​ចេញ​ក្រិត្យ​ក្នុង​នាម​ប្រធានា​ធិបតី ស្តី​ពី​ការ​ផ្អាក​ការ​ងារ​មន្រ្តី​ទាំង​២​នាក់​នេះ។

លោក​ Refly Harunអ្នក​ជំនាញខាង​រដ្ឋ​ធម្មនុញ្ញ​បាន​ប្រាប់​វីអូអេ​ថា ​ប្រធានា​ធិបតី ​មាន​អំណាច​ពេញ​លេញដើម្បី​ដកការតែងតាំង​របស់​លោក​ Budi Gunawan ​ទោះ​បី​លោក​អាច​ប្រឈមបញ្ហានៅ​ក្នុង​រដ្ឋ​សភា​ក៏ដោយ ​ជា​ពិសេសមក​ពី​គណបក្ស​តស៊ូ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ឥណ្ឌូនេស៊ី៕

XS
SM
MD
LG