ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​បារាំង​ចាប់ផ្ដើម​បោះឆ្នោត​ប្រធានាធិបតី​ជុំ​ចុង​ក្រោយ​នៅ​ថ្ងៃ​អាទិត្យ​នេះ


ឯកអគ្គរដ្ឋទូតបារាំង​ប្រចាំ​សហរដ្ឋអាមេរិក​លោក Gerard Araud​ ​ជាមួយ​ប្រជាជន​បារាំង​ផ្សេងទៀត​ដែល​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក បាន​ចូលរួម​បោះ​ឆ្នោត​​ប្រធានាធិបតី​បារាំង​ថ្មី​រវាង​បេក្ខជន​លោក Emmanuel Macron និង​លោកស្រី Marine Le Pen នៅ​ស្ថានទូត​បារាំង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​០៦ ឧសភា ២០១៧។

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​បារាំង​ជុំ​ទី​ពីរ ដែល​ជា​ជុំ​ចុង​ក្រោយ បាន​ចាប់ផ្ដើម​ហើយ​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ការ​បោះឆ្នោត​លើក​នេះ ត្រូវ​បាន​ពលរដ្ឋ​បារាំង​ភាគ​ច្រើន​បាន​និយាយ​ថា ជា​ការ​បោះឆ្នោត​ដ៏​ស្វិតស្វាញ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ប្រទេស​បារាំង ដោយ​ហេតុ​ថា វា​ជា​ការ​បោះឆ្នោត​ដែល​អាច​សម្រេច​ថា​តើ​ប្រទេស​បារាំង​គួរតែ​ស្ថិត​នៅ​ក្នុង​សហភាព​អឺរ៉ុប ឬ​ក៏​ចាកចេញ​ពី​សហភាព​អឺរ៉ុប។

នៅ​ក្នុង​ការ​ប្រកួតប្រជែង ដែល​គ្របដណ្ដប់​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា បញ្ហា​ការងារ និង​បញ្ហា​អន្តោប្រវេសន៍ និង​សន្តិសុខ​ជា​ដើម ជម្រើស​សម្រាប់​អ្នក​បោះឆ្នោត​លើក​នេះ នៅ​ក្នុង​ការ​ជ្រើសរើស​បេក្ខជន​ មួយ​រូប ក្នុង​ចំណោម​បេក្ខជន​ពីរ​រូប គឺ​លោក Emmanuel Macron អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ដែល​មាន​ទំនោរ​ទៅ​រក​សហភាព​អឺរ៉ុប និង​លោកស្រី Marine Le Pen អ្នក​មាន​ទស្សនៈ​ជាតិ​និយម ប្រឆាំង​នឹង​អន្តោប្រវេសន៍ គឺ​ជា​ជម្រើស​ដែល​ពិបាក​ធ្វើ​ការ​សម្រេច​ចិត្ត។

មូលហេតុ​ចម្បង​របស់​លោកស្រី Le Pen នៅ​ក្នុង​ការ​ប្រឆាំង​នឹង​សហភាព​អឺរ៉ុប គឺ​ស្រដៀង​ទៅ​នឹង​អ្វី​ដែល​អ្នក​គាំទ្រ​ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប បាន​លើក​ឡើង​ថា គោល​នយោបាយ​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​សហភាព​អឺរ៉ុប មាន​ន័យ​ថា សហភាព​អឺរ៉ុប​ជា​អ្នក​គ្រប់គ្រង​ព្រំដែន មិន​មែន​ប្រទេស​ជា​សមាជិក​ជា​អ្នក​គ្រប់គ្រង​នោះ​ទេ។

រី​ឯ​គោល​នយោបាយ​របស់​លោក Macron វិញ គឺ​គាំទ្រ​សហភាព​អឺរ៉ុប ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា លោក​ចង់​ធ្វើ​ការ​កែ​ទម្រង់​សហភាព​អឺរ៉ុប ដើម្បី​ឲ្យ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ជាង​មុន និង​បាន​ព្រមាន​ថា ការ​អនុវត្ត​របស់​សហភាព​អឺរ៉ុប​ជា​បន្ត​ដូច​សព្វថ្ងៃ អាច​ធ្វើ​ឲ្យ​បារាំង​ចាកចេញ​ពី​សហភាព​អឺរ៉ុប។

ការ​ស្ទង់​មតិ​នានា គិត​មក​ទល់​នឹង​ថ្ងៃ​អាទិត្យ​នេះ បាន​បង្ហាញ​ថា លោក Macron បាន​នាំ​មុខ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៦៣ ភាគរយ។ ចំណែក​ឯ​លោកស្រី Le Pen វិញ ទទួល​បាន​សំឡេង​គាំទ្រ​តែ ៣៧ ភាគរយ ប៉ុណ្ណោះ៕

XS
SM
MD
LG