ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បារាំង​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​បដិវត្តន៍​នៅ​ថ្ងៃអាទិត្យ​នេះ

  • Luis Ramirez

ប្រជាជន​រង់ចាំ​ជាជួរ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​បារាំង​ជុំ​ទី២ ក្នុង​ឆ្នាំ​២០១៧ នៅ​ស្ថានីយ​បោះឆ្នោត​ក្នុង​ទីក្រុង​ Bron ប្រទេស​បារាំង​កាល​ពី​ថ្ងៃទី​០៧ ឧសភា ២០១៧។

នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​ប្រវត្តិ​នា​ពេល​ថ្មីៗ​នេះ ដែល​ប្រជាពលរដ្ឋ​បារាំង​នឹង​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ដោយ​គ្មាន​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ដែល​ធ្លាប់​កាន់​អំណាច។

ជម្រើស​របស់​ពួក​គេ​មាន លោក Emmanuel Macron បេក្ខជន​កណ្ដាល​និយម ដែលគាំទ្រ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​គាំទ្រ​សហភាព​អឺរ៉ុប និង​លោក​ស្រី Marine Le Pen បេក្ខជន​ជាតិ​និយម ដែល​ចង់​ឲ្យ​បារាំង​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប និង​បញ្ចប់​មួយ​ភាគ​ធំ​នៃ​ការ​ធ្វើ​អន្តោប្រវេសន៍​ចូល​ប្រទេស​បារាំង ជាពិសេស​ចំពោះ​បណ្ដា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម។

យុទ្ធនា​ការ​ឃោសនាបោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​បារាំង បាន​ក្លាយជា​យុទ្ធនាការ​ដ៏​រញ្ជួយ​ចិត្តមួយ ខណៈ​ដែល​ប្រជាពលរដ្ឋ​បារាំង​ត្រូវ​សម្រេច​ចិត្ត​ថា​តើ​ខ្លួន​គួរតែ​ ស្ថិត​នៅ​ក្នុង​ដំណើរ​នៃ​សកលភាវូបនីយកម្ម ឬ​ក៏​ត្រួស​ត្រាយផ្លូវ​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប​ ជាមួយ​ការ​ការពារ​ព្រំដែន​ដ៏​រឹងមាំ និង​ផ្ដោត​លើ​កិច្ច​ការ​ក្នុង​ប្រទេស ឲ្យ​ស្រប​ជា​មួយ​ការ​ប្រែ​ប្រួល​និន្នាការ​ជា​ច្រើន​ក្នុង​ពិភពលោក។

លោកស្រី Marine Le Pen បេក្ខជន​ប្រធានាធិបតី​បារាំង​បាន​និយាយ​ថា៖​ «ខ្ញុំ​គិត​ថា ខ្ញុំ​នៅ​ក្នុង​ជំហរ​មួយ​ដែល​ល្អ​បំផុត ក្នុង​ការ​និយាយ​ទៅ​កាន់​ពិភពលោក​ដែល​កំពុង​តែ​ឆ្ពោះ​ទៅ​មុខ និយាយ​ទៅ​កាន់​ប្រធានាធិបតី​រុស្ស៊ី លោក Putin និយាយ​ទៅកាន់​ប្រធានាធិបតី​អាមេរិក លោក Trump និយាយ​ទៅ​កាន់នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស លោកស្រី May ពី​អ្វី​ដែល​លោក​ស្រី​ May ចង់​និយាយ និង​និយាយ​ទៅ​កាន់​ប្រធានាធិបតី​ឥណ្ឌា​ លោក Modi ពី​ព្រោះ​ប្រទេស​ទាំង​នេះ តិច​ ឬ​ច្រើន​កំពុង​តែ​ចាក​ចេញ​ពី​មនោគមវិជ្ជា​ទីផ្សារ​សេរី ​ការ​ប្រកួត​ប្រជែង និង​ការ​ធ្វើ​ឲ្យ​ការ​គាំពារ​សង្គមទន់​ខ្សោយ ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​មាន​ទស្សនៈ​នយោបាយ​ស្រប​ជា​មួយពួកគេ​ ជាជាង​ជា​មួយ​ទស្សនៈ​នយោបាយ​របស់​លោកស្រី Merkel»។​

បេក្ខជន​ជាតិ​និយម លោក​ស្រី Le Pen ទទួល​បាន​ចំណាត់​ថ្នាក់​ទី២ នៅ​ក្នុង​ការ​បោះឆ្នោត​ជុំ​ទី១ ប៉ុន្តែ​សង្ឃឹម​ថា​ការសន្យា​នឹង​នាំ​យក​ការ​ងារ​រោង​ចក្រ​ត្រឡប់​មក​វិញ និង​ការ​បង្កើន​អត្ថប្រយោជន៍​សង្គម​កិច្ច​របស់​លោក​ស្រី នឹង​យក​ឈ្នះ​គូរ​ប្រជែង​បាន។

ដូច​គ្នា​ទៅ​នឹង​ការ​បោះ​ឆ្នោត​របស់​លោក​ Donald Trump អ្នក​បោះឆ្នោត​ដែល​មិន​បាន​បញ្ចេញ​ការ​ពេញ​ចិត្ត​របស់​ខ្លួន​ជា​សាធារណៈ អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល បន្ទាប់​ពី​លទ្ធផល​នៃ​ការ​ស្ទង់​មតិមក​ដល់​ពេល​នេះ​ ត្រូវ​បាន​នាំ​មុខ​យ៉ាងរឹង​មាំ ដោយ​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច លោក Emmanuel Macron។​

លោក Emmanuel Macron បេក្ខជន​ប្រធានាធិបតី​ បារាំងបាន​លើក​ឡើង​ថា​៖ «វា​មិន​មែន​ត្រឹម​តែ​ជា​កេរ្តិ៍​ដំណែល​ផ្នែក​បញ្ញា នយោបាយ និង​សីលធម៌​ របស់​ប្រទេស​បារាំង​នោះ​ទេ ដែល​កំពុង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់ ប៉ុន្តែ​អនាគត​នៃ​សាមគ្គីភាព​របស់អឺរ៉ុប ការគ្រប់គ្រង​វាសនា​របស់​អឺរ៉ុប​ដោយ​ខ្លួនឯង និង​អនាគត​របស់​ពិភព​លោក​ទាំង​មូល ដែល​យើង​សម្រេច​ចិត្ត​ចូល​រួម​ចំណែក»។

អត្រា​គ្មាន​ការ​ងារ​ធ្វើដ៏​ខ្ពស់​បំផុត​មួយ​ក្នុង​តំបន់​អឺរ៉ុប និង​ការ​រង​ការ​វាយ​ប្រហារ​ផ្ទួនៗ​ពី​ពួក​ភេរវករ បង្ក​ឲ្យ​មាន​សំណួរ​ដ៏​ធំ​មួយ អំពី​សកលភាវូបនីយកម្ម និង​អ្វី​ដែល​ប្រជាពលរដ្ឋ​ភាគ​ច្រើន​យល់​ថា​ជា​គោល​នយោបាយ​បរាជ័យ។

លោក​ស្រី Le Pen ចង់​លុប​ចោល​ប្រាក់​អឺរ៉ូ។ អ្នក​ឆ្វេង និង​អ្នកកណ្ដាល​និយម​យល់​ថា​ការ​សម្រេច​របស់​លោក​ស្រី ជា​រឿង​ដ៏​គ្រោះថ្នាក់។ ​នៅ​ក្នុង​វេទិកា​ជជែក​ដេញ​ដោល​ចុង​ក្រោយ​របស់បេក្ខជន​ប្រធានាធិបតី លោក Macron បាន​និយាយ​ថា លោកស្រី Le Pen អាច​នឹង​បង្កាត់​ឲ្យ​មាន​ «សង្គ្រាម​ស៊ីវិល» ក្នុង​ប្រទេស​បារាំង។​

បញ្ហា​ប្រឈម​ធំ​បំផុត​របស់​លោក Macron គឺ​ការ​បញ្ចុះ​បញ្ចូល​អ្នក​បោះ​ឆ្នោត ពី​រឿង​ដែល​លោក​ធ្លាប់​ជា​សមាជិក​នៃ​រដ្ឋបាល​គណបក្ស​សង្គម​និយម ដែល​ជា​គណបក្ស​កាន់​អំណាច​ក្នុង​ពេល​បច្ចុប្បន្ន ហើយ​ថា​លោក​នឹង​មិន​នាំ​មក​នូវ​អ្វី​ដដែល​ដូច​គណបក្ស​សង្គម​និយម​ទេ។ សួរថា ហេតុអ្វី​បាន​ជា​លោក នាំ​មុខ​ក្នុង​ការ​បោះឆ្នោត?

លោក Partick Weil ប្រវត្តិ​វិទូ មួយ​រូប​បាន​ឆ្លើយ​នឹង​សំណួរ​នេះ​ថា៖ «ពី​ព្រោះ​លោក​មាន​លទ្ធភាពបង្ហាញ​ថា​លោក​គឺជា​អ្នក​ក្រៅ​មួយ​រូប។ ក្នុង​នាម​ជា​បុគ្គល​ឯករាជ្យ​មួយ​រូប​នៅ​ក្នុង​រដ្ឋបាល​ចាស់។ ហើយ​ឥឡូវ តើ​បដិវត្តន៍​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច​នោះ យើង​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ»។

ប្រទេស​បារាំង​ស្ថិត​ក្នុង​ភាព​បែក​បាក់​យ៉ាង​ស៊ី​ជម្រៅ ប្រហែល​ជា​បែក​បាក់​ជាង​ពេល​ណា​ទាំង​អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រក្រោយ​សង្គ្រាម។ មិន​ថា ការ​បោះឆ្នោតថ្ងៃ​អាទិត្យ​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ ឬ​យ៉ាងណា​នោះ​ទេ មាន​សំណួរ​សំខាន់​មួយ​ចោទ​សួរ ថា​តើ​ ការ​ផ្លាស់​ប្ដូរ​កម្រិត​ណា​ដែល​អ្នក​បោះ​ឆ្នោត​របស់​បារាំង​ម្នាក់​ចង់​បាន៕

ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា

XS
SM
MD
LG