ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កុងស៊ុល​នៅ​ឡុងប៊ិច​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ដំបូង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កុងស៊ុល​ខ្មែរ​នៅ​ឡងប៊ិច​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិខ្មែរ​ជា​លើក​ដំបូង

សំឡេង​ចម្រៀង​ជាតិ​អាមេរិកាំង​និង​សំឡេង​ចម្រៀង​ភ្លេង​ជាតិ​ខ្មែរ​បាន​បន្លឺ​ឡើង​ជាបន្តបន្ទាប់​គ្នា​នៅ​ក្នុង​សាល​​មួយ​ចំ​កណ្តាល​​ទីក្រុង​ឡុងប៊ិច ​រដ្ឋ​កាលីហ្វញ៉ា ​សហរដ្ឋ​អាមេរិក​ ​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា​កាលពីថ្ងៃ​ទី​៩ខែ​វិច្ឆិកា។

សំឡេង​ចម្រៀង​ជាតិ​អាមេរិកាំង​និង​សំឡេង​ចម្រៀង​ភ្លេង​ជាតិ​ខ្មែរ​បាន​បន្លឺ​ឡើង​ជាបន្តបន្ទាប់​គ្នា​នៅ​ក្នុង​សាលមួយ​ចំ​កណ្តាលទីក្រុង​ឡុងប៊ិច ​រដ្ឋ​កាលីហ្វញ៉ា ​សហរដ្ឋ​អាមេរិក​ ​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា​កាលពីថ្ងៃ​ទី​៩ខែ​វិច្ឆិកា។

នេះ​គឺ​ជាការ​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា​ជាលើក​ទីមួយ​នៅ​លើ​ទឹក​ដី​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេ​ស​ច្រើន​ជាង​គេ​បំផុត​មួយ​នេះ។

ពិធី​នេះ​រៀបចំ​ឡើង​ដោយ​ស្ថាន​អគ្គកុងស៊ុល​កិត្តិយស​របស់​ប្រទេស​កម្ពុជា​ប្រចាំ​នៅ​ ទីក្រុង​ឡុងប៊ិច​។

លោក​គីមឆា ហួត ​អគ្គកុងស៊ុល​កិត្តិយស ​បាន​បញ្ជាក់​ថា​នេះ​ជា​ឱកាស​ដែល​នឹង​ជួយ​ឱ្យ​មជ្ឈដ្ឋាន​ខាងក្រៅ​បាន​ដឹង​ឮពី​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច​និង​ភាព​សម្បូរបែប​នៃ​វប្បធម៌​របស់​ប្រទេស​កម្ពុជា។

«យើង​មាន​សេចក្តី ​សោមនស្ស​រីករាយ​ព្រោះ​នេះ​ជា​ឱកាស​ដែល​យើង​អាច​បង្ហាញ​ទីក្រុង​ឡុងប៊ិច​ថា​យើង​មាន​ចំនួន​ប្រជាជន​រស់​នៅ​ច្រើន​ហើយ​នៅ​ទីក្រុង​ឡូសអង់​ជឺឡេស​នេះ​ក៏មាន​កុងស៊ុល​បរទេស​ចំនួន​១០២​ប្រទេស​ដែល​យើង​ជា​សមាជិក​ជាមួ​យ​នឹង​គេ​ហើយ​យើង​អញ្ជើញ​គេ​មក​ដើម្បី​ឱ្យ​គេ​ស្គាល់​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​យើង​ដើម្បី​ឱ្យ​គេ​បាន​ទៅ ​ទស្សនា​ប្រទេស​ខ្មែរ​ ឱ្យ​គេ​ស្គាល់​ពី​វប្បធម៌ ទេសចរណ៍​ហើយ​ផ្នែក​ដទៃ​ដូច​ជា​ផ្នែក​វិនិយោគ​ទុន​ដើម្បី​ឱ្យ​ប្រទេស​យើង​ជឿនលឿន​ទៅថ្ងៃ​អនាគត‍»។​

ពិធីនេះ​មាន​ការលេង​ភ្លេង​ខ្មែរ​កំដរបរិយាកាស​ ការតាំងពិពរណ៍​បង្ហាញ​ពី​តំបន់​ទេសចរណ៍​ដ៏ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ ប្រាសាទ​អង្គរ​វត្ត​ និង​ការ​បង្ហាញ​ពី​របាំ​និង​សម្លៀក​បំពាក់ខ្មែរ។

លោក​សន សាំង​ នាយកក្រុមហ៊ុន ​Asia Now Tours ​ដែល​បាន​ដាក់​តាំងពិពរណ៍​បង្ហាញ​ពី​តំបន់​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ពីគោល​ដៅ​នៃ​ការជំរុញ​វិស័យ​ទេសចរណ៍៖

«ពួកខ្ញុំ​ចង់​សំដៅ​លើ​អ្នក​ដែល​អត់ដែល​ទៅលេង​ស្រុក​ខ្មែរ​ជាពិសេស​កូនក្មេង​ដែល​កើតនៅស្រុក​អាមេរិក​ជាដើម​ហើយ​នឹង​ជន​ជាតិ​គេ​ផ្សេងៗ​ទៀត​ដែល​អត់​ដែល​ធ្លាប់​បាន​ទៅលេងស្រុក​ខ្មែរ​ហើយ​គេ​ចេះ​តែង​តែ​ថា​ខ្លាច​អត់​ហ៊ាន​ទៅ​លេង​ម៉្លោះ​ហើយ​ថ្ងៃ​ខ្ញុំ​តាំង​ពិពរណ៍​ដើម្បី​បង្ហាញ​គេ​ថា​ស្រុក​ខ្មែរ​មាន​សុវត្ថិភាព​ទៅលេង​ទៅ​ពីព្រោះ​នៅ​ ស្រុក​ខ្មែរ​មិន​មែន​តែ​មក​ពី ស្រុក​អាមេរិក​ទេ​គឺ​មក​ពី​ជុំ​វិញ​ពិភពលោក​ដែល​ទៅលេង​ស្រុក​ខ្មែរ​។ ស្រុក​ខ្មែរ​ជា​កន្លែង​សប្បាយ​មួយ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​គួរ​តែ​យើង​ទៅលេង​ជាពិសេសកូនខ្មែរ​ដែល​កើត​នៅ​ ទីនេះ​ដែល​ខ្លាច​អត់ហ៊ាន​ទៅលេង​កុំភ័យគឺ​ស្រុក​ខ្មែរ​ឥឡូវ​មាន​សន្តិភាព​ណាស់‍»។​

​ទីក្រុង​ឡុងប៊ិច​ ដែល​គេ​ហៅ​ថា​ប្រទេស​កម្ពុជា​តូច បាន​ក្លាយ​ជា​ទីកន្លែង​ប្រមូលផ្តុំ​ពលរដ្ឋ​ខ្មែរ​ជាង​៦ម៉ឺន​នាក់​ដែល​បាន​មក​រស់​នៅ​ជាបន្តបន្ទាប់​ចាប់​តាំង​ពីក្រោយ​ការដួល​រលំនៃ​របបខ្មែរ​ក្រហម​ហើយ​នៅតែ​បន្ត​ទាក់​ទាញ​ពលរដ្ឋ​ខ្មែរ​ថ្មីៗ​ទៀត។

​លោក អ៊ឹង ហ្គារី ​បាន​មករស់នៅ​ទីក្រុង​ឡុងប៊ិច​ជាង​៣៥ឆ្នាំ​ហើយ។ បច្ចុប្បន្ន​លោក​ជា​អនុប្រធាន​ក្រុង​ខ្មែរ​។ លោក​បាន​បញ្ជាក់​ពីក្តី​សប្បាយ​រីករាយ​ដែល​បាន​មក​ចូលរួម​ក្នុង​ពិធី​បុណ្យ​នេះ​ហើយ​លោក​ចង់​ឱ្យ​មាន​ជាបន្ត​ទៀត៖

«ខ្ញុំ​គិត​ថា​ការរៀបចំ​បុណ្យ​ឯករាជ្យ​ជាតិ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​គួរ​តែ ​មាន​ជារៀងរាល់​ឆ្នាំ​ព្រោះ​ ធ្វើ​ឱ្យ​ប្រជាជន​យើង​ចងចាំ​ប្រទេស​ជាតិ​របស់​ខ្លួន​កុំ​ឱ្យ​ភ្លេច​ហើយ​អរគុណ​រាជរដ្ឋាភិបាល​ដែល​នាំ ​មក​នូវ​បុណ្យ​ហ្នឹង​មកដល់​ទីក្រុង​ខ្មែរ‍»។​

​ការប្រារព្ធ​ពិធី​នេះ​មានការ​ចូលរួម​ពី​ប្រតិភូ​យុវជន​ជាន់​ខ្ពស់​ដែល​មក​ពី​ប្រទេស​កម្ពុជា​ផងដែរ។

លោក ម៉ឹង ពន្លក ​ប្រធាន​ចលនា ​យុវជន​កម្ពុជា​ ឬ​ហៅ​កាត់​ថា ​ក្រុម១៥៧ ​ផ្តល់​បទសម្ភាស​ដល់​ VOA​ ក្នុង​ពេល​ដឹកនាំ​ប្រតិភូ​យុវជន​មកចូលរួម​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​នោះ​ថា៖

«ក្នុង​នាម​ខ្ញុំ​ជា​កូនខ្មែរ​យុវជន​ជំនាន់​ក្រោយ​នេះ​ពិតជា​មាន​ភ័ព្វសំណាង​ដែល​កើត​ក្នុង​ប្រទេស​កម្ពុជា​ហើយ​មាន​សុខ​សន្តិភាព​។ អីចឹង​ក្នុង​នាម​ជាកូន​ខ្មែរ​យុវជន​ជំនាន់ក្រោយ​សូម​ប្តេជ្ញា​ថា​នឹង​ការពារ​ទឹក​ដី​ជាពិសេស​គឺ​ការពារ​មរតក​សុខសន្តិភាព​ជូន​ប្រទេស​ជាតិ​ហើយ​រួមគ្នា​សហការ​រវាង​យុវជន​នៅ​កម្ពុជា​និង​យុវជន​នៅ​សហរដ្ឋ​អាមេរិក​នេះ​ដើម្បី​ការពារ​សុខសន្តិភាព​នេះ​ឱ្យ​មាន​និរន្តរភាព​ជារៀង​រហូត»។​

សម្រាប់​លោក​ម៉ឹង ពន្លក ​ការរីកចម្រើន​សេដ្ឋកិច្ច​ដែល​មាន​ចំនួន​៧ភាគរយ​ថេរ​គឺ​ជា​កត្តា​ដែល​លោក​មាន​ជំនឿ​ថា​អាច​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ទុន​ជាច្រើន​ឱ្យ​ទៅធ្វើ​វិនិយោគ​បន្ថែម​នៅ​ កម្ពុជា​ហើយ​ការប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ដោយ​មាន​ការផ្តោត​លើ​សក្តានុពល​របស់​ប្រទេស​កម្ពុជា​នេះ​គឺ​ជា​បង្អួច​ដ៏ល្អ​មួយ។

ប្រទេស​កម្ពុជា​បាន​ប្រកាស​ឯករាជ្យ​ចេញ​ពី​អាណា​និគម​និយម​បារាំង​នៅថ្ងៃទី​៩ ​ខែវិច្ឆិកា ​ឆ្នាំ​១៩៥៣​បន្ទាប់​ពី​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ប្រទេស​បារាំង​ជិត​មួយ​សតវត្សរ៍៕

XS
SM
MD
LG