ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ទទួល​ការ​ចាប់​អារម្មណ៍​ពី​អ្នក​វិនិ​យោគ


វេទិកា​ស្តី​អំពី​«វិស័យ​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​នៅកម្ពុជា» ក្នុង​រាជធានីភ្នំពេញ​ នៅថ្ងៃ​ទី​៩​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ​ឬ​ហៅកាត់​ជា​ភាសា​អង់គ្លេស​ថា​ Fintech (Financial Technology)​ ត្រូវ​បាន​គេ​ជជែក​ជាផ្លូវការ​លើក​ដំបូង​បង្អស់​នៅ​កម្ពុជា​ កាលពី​ព្រឹក​ថ្ងៃអង្គារ​នេះ​ ដើម្បី​ផ្សព្វផ្សាយ​អំពី​និន្នាការ​ទីផ្សារ​ និង​សក្តានុពល​របស់​វិស័យ​នេះ​នៅ​កម្ពុជា។

វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ឬ ​ហៅកាត់​ជា​ភាសា​អង់គ្លេស​ថា​ Fintech ​គឺជា​ការប្រើ​ប្រាស់​កម្មវិធី​កុំព្យូរទ័រ​ និង​គ្រឿង​បច្ចេកវិទ្យា​ផ្សេងៗ​ ក្នុងការ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ ការ​សម្រួល​ដល់​ការផ្តល់​ និង​ទទួល​សេវាកម្ម​ហិរញ្ញវត្ថុ ​ការ​ទូទាត់​ប្រាក់ ​និង​សេវាកម្ម​ផ្សេងៗ​ក្នុង​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ។​

ថ្លែង​ក្នុង​វេទិកា​ស្តីអំពី​ «វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា‍» ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ លោក Tom ​Moyes ​ជា​ប្រធាន​គម្រោង​ Mekong Business Initiative ​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ADB​ បាន​ឲ្យ​ដឹង​ថា​ ពេល​នេះ​គឺ​ជា​ពេល​វេលា​ដ៏​ឥត​ខ្ចោះ​មួយ​ដែល​ទាមទារ​ឲ្យ​មាន​ការ​អភិវឌ្ឍ​លើ​វិស័យ Fintech នៅ​កម្ពុជា។​ លោក​បញ្ជាក់​ថា​ នេះ​គឺ​ដោយសារ​តែ​វា​ជា​ឱកាស​ធំ​មួយ​អាច​ឲ្យ​កម្ពុជា​ ទាញ​គម្លាត​រវាង​តម្រូវ​ការ​សេវាកម្ម​ហិរញ្ញវត្ថុ​ និង​លទ្ធភាព​ដែល​កម្ពុជា​អាចផ្តល់​ឲ្យ​សព្វថ្ងៃ​ ដែល​ឃ្លាត​គ្នា​ដល់​ទៅ​លើស​ ២៤លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​

លោក Tom Moyes ប្រធានគម្រោង​ Mekong Business Initiative នៃ​ធនាគារ​អភិវឌ្ឍ​អាស៊ី ADB នៅក្នុង​វេទិកា​ស្តី​អំពី​«វិស័យ​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​នៅកម្ពុជា» ក្នុង​រាជធានីភ្នំពេញ​ នៅថ្ងៃ​ទី​៩​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)
លោក Tom Moyes ប្រធានគម្រោង​ Mekong Business Initiative នៃ​ធនាគារ​អភិវឌ្ឍ​អាស៊ី ADB នៅក្នុង​វេទិកា​ស្តី​អំពី​«វិស័យ​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​នៅកម្ពុជា» ក្នុង​រាជធានីភ្នំពេញ​ នៅថ្ងៃ​ទី​៩​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

លោក Tom ​Moyes ​ជា​ប្រធាន​គម្រោង​ Mekong Business Initiative ​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB បាន​បញ្ជាក់​អំពី​តួនាទី​របស់​វិស័យ​ Fintech ​ក្នុង​ការ​ភ្ជាប់​គម្លាត​នេះ៖​

«កម្ពុជា​នៅ​ដើរ​យឺត​នៅឡើយ​ក្នុង​វិស័យ​នេះ។​ ដូច​នៅ​ប្រទេស​ដទៃ​ដែរ​ ប្រជាជន​នៅ​ជនបទ ​សង្ឃឹម​ថា ​ទទួល​បាន​ហិរញ្ញវត្ថុ​ក្នុង​ការ​អភិវឌ្ឍ​ជីវភាព។ ពួកគេ​ប្រឈម​នឹង​ភាពក្រីក្រ។ ដូចនេះ​យើង​មាន​ការ​ដ៏​ធំ​មួយ ​ដែល​ត្រូវ​ធ្វើ ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុងការ​ទទួលបាន​ហិរញ្ញវត្ថុ ​(បិរយាប័ន្ន ​ហិរញ្ញវត្ថុ)។​ ដូច​ខ្ញុំ​និយាយ​អញ្ចឹង​ យើង​ត្រូវការ​ប្តូរ​ទៅ​ប្រព័ន្ធ​ Fintech ​នេះ»។

វិស័យ​ Fintech​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ នឹង​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​បន្ថែម​ដល់ ​៦% ​ទៅ​លើ​កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុប​ប្រចាំឆ្នាំ​ (GDP) ​ក្នុង​រយៈពេល​ខ្លី​ទៅមុខ។ នេះ​បើ​យោង​ទៅ​ការ​ស្រាវជ្រាវ​ដែល​គាំទ្រ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB។

ទោះបីជា​វិស័យ​ Fintech ​នេះ​ ហាក់​ដូចជា​ថ្មី​សម្រាប់​បរិបទ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ក៏ដោយ​ គេ​ឃើញ​ថា​ ស្ថាប័ន​ធនាគារ​ធំៗ​ដូចជា​ ធនាគារ​អេស៊ីលីដា​ ធនាគារ RHB, ​និង​ធនាគារ ABA និង​ក្រុមហ៊ុន​ Wing គ្រឹះស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ​ និង​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ដូច​ជា​ Smart ​និង​ Metfone ​ជា​ដើម​ សុទ្ធតែ​បាន​ដំណើរការ និង​អនុវត្ត​អាជីវកម្ម​ក្នុង​វិស័យ​នេះ​ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​រួច​មក​ហើយ។​

ខុសពី​ប្រទេស​ដទៃទៀត​នៅ​ក្នុង​តំបន់​ និន្នាការ​នៃ​វិស័យ​ Fintech​ នៅ​កម្ពុជា​ជា​ជំហាន​ដំបូង​នេះ ផ្តោត​សំខាន់​ទៅ​លើ​ការ​ជួយ​ពង្រឹង​បរិយាប័ន្ន​វិស័យ​ហិរញ្ញវត្ថុ គឺ​មាន​ន័យ​ថា​បច្ចេកវិទ្យា​ផ្នែក​ហិរញ្ញ​វត្ថុ ឬ​ Fintech នា​សព្វ​ថ្ងៃ​នេះ​ ដើរ​តួនាទី​ ក្នុង​ការ​សម្រួល​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​របស់​អាជីវកម្ម​ ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​គ្រឹះស្ថាន​ផ្តល់កម្ចី​ហិរញ្ញវត្ថុ ​និង​ទៅ​អាជីវករ​ ក៏ដូចជា​ការ​ទូទាត់​លើ​ប្រព័ន្ធ​ឌីជីថល។

ថ្មីៗ​នេះ​ អាជីវកម្ម​ខ្នាត​តូច ​និង​មធ្យម​ (SMEs) ​មួយ​ចំនួន​សំឡឹង​ឃើញ​ឱកាស​ទីផ្សារ​ក្នុង​វិស័យ Fintech ​រួច​មក​ហើយ។ បច្ចុប្បន្ន​មាន​សហគ្រាស​បង្កើត​ថ្មី​ ឬ ​startup ​មាន​ចំនួន​ប្រមាណ​ជាង១០​ ដែល​ប្រឡូក​ចូល​ក្នុង​វិស័យ​នេះ​ជា​បន្ត​បន្ទាប់។

លោក ស៊ឹម ចាន់គីរីរ័ត្ន នាយក​ប្រតិបត្តិ​នៃ​សហគ្រាស​បង្កើត​ថ្មី​ ឬ startup មួយ​ឈ្មោះ​ថា​ «បញ្ជី» ដែល​ផ្តល់​សេវាកម្ម​ប្រឹក្សា​ និង​សម្រួល​ការ​គ្រប់គ្រង​ទិន្នន័យ​ហិរញ្ញវត្ថុ​របស់​សហគ្រាស​ខ្នាតតូច ​និង​មធ្យម​ បាន​ប្រាប់​ VOA ថា​ លោក​ចាប់​អារម្មណ៍​អាជីវកម្ម​លើ​វិស័យ​នេះ​ ដោយ​មើល​ឃើញ​កង្វះ​ខាត​ការ​គ្រប់គ្រង​ផ្នែកហិរញ្ញ​វត្ថុ​ឲ្យ​ត្រឹមត្រូវ​តាម​បរិបទ​ក្នុង​ស្រុក។

លោក ស៊ឹម ចាន់គីរីរ័ត្ន នាយកប្រតិបត្តិ​នៃ​សហគ្រាស​បង្កើត​ថ្មី ឬstartupមួយ​ឈ្មោះថា «បញ្ជី​ដែលផ្តល់​សេវាកម្ម​ប្រឹក្សា និងសម្រួល​ការគ្រប់គ្រង​ទិន្នន័យ​ហិរញ្ញវត្ថុ​របស់សហគ្រាស​ខ្នាតតូច និងមធ្យម» នៅក្នុង​វេទិកា​ស្តី​អំពី​«វិស័យ​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​នៅកម្ពជា‍»។ (ហ៊ាន សុជាតា/VOA)
លោក ស៊ឹម ចាន់គីរីរ័ត្ន នាយកប្រតិបត្តិ​នៃ​សហគ្រាស​បង្កើត​ថ្មី ឬstartupមួយ​ឈ្មោះថា «បញ្ជី​ដែលផ្តល់​សេវាកម្ម​ប្រឹក្សា និងសម្រួល​ការគ្រប់គ្រង​ទិន្នន័យ​ហិរញ្ញវត្ថុ​របស់សហគ្រាស​ខ្នាតតូច និងមធ្យម» នៅក្នុង​វេទិកា​ស្តី​អំពី​«វិស័យ​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​នៅកម្ពជា‍»។ (ហ៊ាន សុជាតា/VOA)

លោក ស៊ឹម ចាន់គីរីរ័ត្ន នាយក​ប្រតិបត្តិ​នៃ​សហគ្រាស​ឈ្មោះ​ថា​ «បញ្ជី» បាន​លើក​ឡើង​ថា៖​

«អីចឹង​ យើង​ឃើញ​ថា​ វាជា​ National Priority (អាទិភាព​ជាតិ) ​អីចឹង​យើង​ជួយ​អាហ្នឹង។ ក៏ប៉ុន្តែ​ យើង focus (ផ្តោតលើ) ​ជួយ​ SMEs ​(សហគ្រាស​ធុនតូច​និង​មធ្យម) ​ឲ្យ​ access to finance បាន (មាន​លទ្ធភាព​ទទួល​បាន​ថវិកា​ពង្រីក​អាជីវ​កម្ម)។ វា​ជា​ផែនការ​របស់​រាជរដ្ឋាភិបាល​ដែរ ​ដែល​ជំរុញ​ឲ្យ​គាត់​មាន​ proper record ​(កំណត់ត្រា​ហិរញ្ញវត្ថុ​ត្រឹម​ត្រូវ)​ តែ​បើ​ជំរុញ​ដោយ​ច្បាប់ មិន​មាន​ tool​ (កម្មវិធី​កុំព្យូរទ័រ) ​សម្រាប់​ទ្រទ្រង់​ឲ្យ​គាត់​ ក៏​មិន​អាច​ដែរ។ អីចឹង​យើង​ផ្តល់​ tool​ ហ្នឹងឯង»។​

«បញ្ជីរ»​ មាន​សមាជិក​ក្រុម​ការងារ​ប្រមាណ​ជិត​១០នាក់។​ ទោះ​បីជា​សហគ្រាស​នេះ​ ទើប​តែ​ប្រកាស​ដំណើរ​ការ​ជា​ផ្លូវការ​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​ក្តី ក៏​លោក​បាន​ចំណាយពេល​ប្រមាណ​ជិត​ ៥ ឆ្នាំ​ក្នុង​ការ​រៀប​ចំ។ សព្វថ្ងៃ​មាន​ ៦០០​សហគ្រាស​ធុនតូច​និង​មធ្យម​បាន​ប្រើ​សេវាកម្ម​របស់​ «បញ្ជី»។​

លោក គីរីរ័ត្ន​ ដែល​មាន​ជំនាញ​ និង​បទពិសោធន៍ជាង​ ១០ឆ្នាំ ​នៅ​លើ​វិស័យ​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ទៀត​ថា ធនធាន​មនុស្ស​ មិនមែន​ជា​ឧបសគ្គ​ក្នុង​អាជីវកម្ម​របស់​លោក​ទេ​ តែ​ការធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ប្រើប្រាស់​សេវាកម្ម​ ទុកចិត្ត​ទើប​ជា​ចំណុច​ចម្បង​ដែល​ត្រូវ​ពង្រឹង។

ប្រជាជន​កម្ពុជា​ភាគច្រើន និយម​ប្រើប្រាស់​ក្រដាស​ប្រាក់​ក្នុងការ​ចាយ​វាយ​ និង​ទូទាត់។​ អាជីវកម្ម​ខ្នាតតូច ​និង​មធ្យម​ភាគ​ច្រើន​នៅ​បន្ត​ចងក្រង​បញ្ជី​ហិរញ្ញវត្ថុ​ដោយ​កត់​ក្នុង​សៀវភៅ​សរសេរ​ដដែល។

បច្ចុប្បន្ន​នេះ​ ប្រជាជន​វ័យ​កណ្តាល​ប្រមាណ​ ១៣% ​មាន​គណនី​ធនាគារ​ផ្ទាល់ខ្លួន​ហើយ​ ៤%​ សន្សំ​ប្រាក់​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្លូវ​ការ។ ការ​ទូទាត់​នៅ​លើ​ប្រព័ន្ធ​ឌីជីថល​ ឬ​តាម​អ៊ីនធឺណេត​ ឬ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ នៅ​មាន​កម្រិត​ ដោយ​ការ​មិន​ពុំមាន​ការ​ទុកចិត្ត​ទៅ​លើ​ប្រព័ន្ធ​នោះ ​និង​កង្វះ​ចំណេះ​ដឹង​និង​ព័ត៌មាន​ក្នុង​វិស័យ​បច្ចេកវិទ្យា។​

រាជ​រដ្ឋាភិបាល​កម្ពុជា ​ក៏ដូច​ជា​ការ​ស្រាវជ្រាវ​កន្លង​មក​របស់​ ADB​ ហាក់​ដូច​ជា​ជឿជាក់​ខ្លាំង​លើ​ភាព​វិជ្ជមាន ​ក្នុង​វិស័យ​ Fintech។

ក៏​ប៉ុន្តែ​ការ​វិនិយោគ​លើ​វិស័យ​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ​ បើ​ប្រៀប​ធៀប​នៅ​នឹង​បណ្តា​ប្រទេស​ជិត​ខាង។ នេះ​បើតាមការ​លើក​ឡើង​របស់​លោក​ Gordon Peters ​ជា​ដៃគូ​សហការ​ប្រចាំ​ស្ថាប័ន​ Mekong Strategic Partners ​និង​ជា​អ្នក​វិភាគ​ទៅ​លើ​ការ​វិនិយោគ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ។

លោក​ Gordon Peters​ បាន​សរសេរ​តាម​សារ​អេឡិកត្រូនិក​អ៊ីមែល ​មក​កាន់ VOA ថា៖

«ទោះជា​យ៉ាងណា​ក៏ដោយ​ ការ​ផ្តល់​ការគាំ​ទ្រ​ជា​ថវិកា​ជួយ​បង្កើន​ការ​រីកចម្រើន​លូត​លាស់​នៅ​លើ​វិស័យនេះ​នៅខ្វះខាត។ ម្យ៉ាងទៀត​ វា​ទាមទារ​ឲ្យ​មាន​ការ​កំណត់​គោល​នយោបាយ​ និង​និយ័តកម្ម​នានា​ ដើម្បី​ជំរុញ​ឲ្យ​វិស័យ​នេះ​ដើរ​បាន​ប្រសើរ»។​

លោក​បញ្ជាក់​ ទោះ​ជា​យ៉ាង​ណា លោក​មាន​សុទិដ្ឋិនិយម​លើ​ការវិវត្ត​វិស័យ​ Fintech នៅ​ប្រទេស​កម្ពុជា។​

អ្នកស្រី ជា សេរី អគ្គនាយក​ធនាគារជាតិ​នៃ​កម្ពុជា​ ចូលរួម​វេទិកា​ស្តី​អំពី​«វិស័យ​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​នៅកម្ពុជា» ក្នុង​រាជធានីភ្នំពេញ​ នៅថ្ងៃ​ទី​៩​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
អ្នកស្រី ជា សេរី អគ្គនាយក​ធនាគារជាតិ​នៃ​កម្ពុជា​ ចូលរួម​វេទិកា​ស្តី​អំពី​«វិស័យ​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​នៅកម្ពុជា» ក្នុង​រាជធានីភ្នំពេញ​ នៅថ្ងៃ​ទី​៩​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

រាជរដ្ឋាភិបាល​កម្ពុជា​ ពុំទាន់​មាន​គោលនយោបាយ បរិយាប័ន្ន​ហិរញ្ញវត្ថុ (National Policy for Financial Inclusion) ​នៅ​ឡើយ​នោះ​ទេ។​ អ្នក​ស្រី​ ជា សេរី​ អគ្គនាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ប្រាប់​អ្នក​សារព័ត៌មាន​ថា​ គោលនយោបាយ​ដែល​គេ​រំពឹង​ថា​ នឹង​មាន​បញ្ចូល​យុទ្ធសាស្ត្រ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ Fintech ​នេះ​ ទំនង​នឹង​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នៅ​ត្រីមាស​ទី៣​ ក្នុង​ឆ្នាំ​ ២០១៧​ខាងមុខ។

អ្នក​ស្រី​ ជា សេរី អគ្គនាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​លើក​ឡើង​ថា៖

«Fintech មាន​ច្រើន​មែនទែន។ ​ប្រសិនជា​យើង​ត្រូវ​រៀប​យុទ្ធសាស្ត្រ ​គឺ​ទាមទារ​សហការ​ពីគ្រប់​អាជ្ញា​ធរ​ ទាំង​អាជ្ញាធរ​គ្រប់គ្រង​ប្រព័ន្ធ​ធានា​រ៉ាប់រង ​ក្រសួង​សេដ្ឋកិច្ច ​ក៏ដូច​ជា​អាជ្ញាធរគ្រប់​គ្រង​ទី​ផ្សារ​មូលបត្រ​ជាដើម។​ យើង​កំពុងតែ​ចាប់​ផ្តើម។ ប្រទេស​ក្នុង​អាស៊ាន​យើង​ ភាគច្រើន​គេ​ទៅ​មុន​យើង​ឆ្ងាយ​ហើយ។​ បទប្បញ្ញត្តិ​យើង​កំពុង​រៀបចំ​បណ្តើរៗ​ហើយ​ យើង​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន។​ ឥឡូវ​យើង​មាន​ players ​ថ្មីៗ​មក​ទៀត​ វា​ជំរុញ​ការ​ប្រកួត​ប្រជែង​ឲ្យ​តម្លៃ​សេវា​កាន់​តែ​ថោក»។

​លោក​ រស់ ខេមរា ជា​អ្នក​គ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា (Country Manager) ​របស់​ MBI ​ដែល​ដឹកនាំ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​របាយ​ការណ៍​ពាក់​ព័ន្ធ​នឹង​បរិបទ​វិស័យ​ Fintech​ នៅ​កម្ពុជា​ យល់​ឃើញ​ថា​ កម្ពុជា​អាច​ប្រើ​យុទ្ធសាស្ត្រ Regulatory Sandbox​ ក្នុង​រយៈពេល​សាកល្បង​ទៅ​លើ​សក្តានុពល​វិស័យ​នេះ រហូត​ដល់​រីក​លូតលាស់​ដល់​កម្រិត​ណា​មួយ​ ដែល​គួរ​តែកំណត់​និយ័តកម្ម​ជាក់​លាក់។

លោក រស់ ខេមរា​ បាន​ពន្យល់​ថា៖​

«Regulatory sandbox ​ហ្នឹង ​គឺ​គេ​ចង់​បើក​កន្លែង​ space ​ណា​មួយ​ឲ្យ​ Financial technology firms ឬ​ Startup​ ហ្នឹង​គាត់​ធ្វើការ​ក្នុង​ហ្នឹង។ គាត់​អភិវឌ្ឍ​ pilot ​តេស្ត​ Product ​គាត់​នៅ​ក្នុង​បរិយាកាស​មួយ​ដែល​គេ​ Control (គ្រប់គ្រង)។​ ពេល​វាអភិវឌ្ឍ​ដល់​កន្លែង​មួយ​ដែល​ថា​ អាច​មាន​ឥទ្ធិពល​ទៅ​លើ​សេដ្ឋកិច្ច​ទាំងមូល​ ឬ​ក៏​អីចឹង​ច្រើន​ហើយ​ទើប​យើង​ចាប់​ផ្តើម​ regulate ​តម្រូវ​ឲ្យ​គាត់​មាន License អី​ចឹង»។

លោក រស់ ខេមរា នាយកប្រចាំប្រទេស​របស់​គម្រោង Mekong Business Initiative នៃ​ធនាគារ​អភិវឌ្ឍ​អាស៊ី ADB នៅក្នុង​វេទិកា​ស្តី​អំពី​«វិស័យ​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​នៅកម្ពុជា» ក្នុង​រាជធានីភ្នំពេញ​ នៅថ្ងៃ​ទី​៩​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
លោក រស់ ខេមរា នាយកប្រចាំប្រទេស​របស់​គម្រោង Mekong Business Initiative នៃ​ធនាគារ​អភិវឌ្ឍ​អាស៊ី ADB នៅក្នុង​វេទិកា​ស្តី​អំពី​«វិស័យ​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​នៅកម្ពុជា» ក្នុង​រាជធានីភ្នំពេញ​ នៅថ្ងៃ​ទី​៩​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

លោក​ក៏​បញ្ជាក់​ផង​ដែរ​ថា ពេល​វេលា​បច្ចុប្បន្ន ​វា​អាច​លឿន​ពេក​ក្នុង​ការ​កំណត់​និយ័ត​កម្ម​ ពីព្រោះ​សហគ្រាស​បង្កើត​ថ្មី​ ឬ ​startup ​អាច​ពុំមាន​លទ្ធភាព​ប្រឡូក​ចូល​ក្នុង​វិស័យ​នេះ​ ហើយ​អាច​បង្អាក់​ការ​ច្នៃប្រឌិត​លើ​គំនិត​ពាណិជ្ជកម្ម​របស់​ពួក​គេ។

ស្រប​ពេល​ដែល​ពាណិជ្ជកម្ម​បែប​អេឡិកត្រូនិក​ (E-Commerce) ត្រូវបាន​គេ​ជជែក​ពិភាក្សា​ជា​ញឹក​ញាប់ អ្នក​ជំនាញ​និង​ដៃ​គូ​អភិវឌ្ឍន៍​នា​នា​ទាំង​ក្នុង​វិស័យ​ឯកជន ស្ថាប័ន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ ​និង​អន្តរជាតិ​ ដែល​លើក​ស្ទួយ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​នៅ​កម្ពុជា​ បង្ហាញ​ទស្សនៈ​សុទិដ្ឋិនិយម​ លើ​ការវិវត្ត​នៃ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា។

វិស័យ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ (Fintech) ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ថា​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​សម្រួល​ដល់​ការអភិវឌ្ឍ​លើ​ទៅលើ​វិស័យ​ពាណិជ្ជកម្ម​បែប​អេឡិកត្រូនិក​ (E-Commerce) ​ផង​ដែរ៕

XS
SM
MD
LG