ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហគ្រិន​ជោគជ័យ​វ័យ​ក្មេង​ថា បច្ចេកវិទ្យា​ជួយ​ឲ្យ​អាជីវកម្ម​​​មាន​ប្រសិទ្ធភាព​​ជាង​មុន


លោក សុខ សុភមង្គល សហស្ថាបនិក​និង​ជា​នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា Codingate​ ដែល​ផ្តល់​សេវាកម្ម​ដំណោះស្រាយ​ខាង​បច្ចេកវិទ្យា ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​«ផល​ប្រយោជន៍​​នៃ​ការ​ប្រើ​​ប្រាស់​បច្ចេកវិទ្យា​ដើម្បី​សម្រួល​ដល់​​​​អាជីវកម្ម​គ្រប់​ខ្នាត​ន

​​អាជីវកម្ម​​​ខ្នាត​តូច​និង​មធ្យម​នៅ​កម្ពុជា​​ដែល​​បាន​ចុះ​បញ្ជី​ប្រមាណ​ជិត​៤០.០០០​អាជីវកម្ម នៅ​មាន​ការ​រារែក​ខ្លះ​នៅ​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នៅ​ក្នុង​ដំណើរការ​របស់​ខ្លួន។

ការ​បញ្ចូល​បច្ចេកវិទ្យា​ទៅ​ក្នុង​ដំណើរការ​របស់​អាជីវកម្ម​អាច​សម្រួល​ដល់​ការងារ​គ្រប់​គ្រង​បុគ្គលិក ការ​ផ្សព្វផ្សាយ​ដល់​អតិថិជន​គោលដៅ​ សម្រួល​ការ​រៀបចំ​ប្រព័ន្ធ​គណនេយ្យ និង​សម្រួល​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ជា​ដើម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក សុខ សុភមង្គល នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា Codingate ដែល​ផ្ដល់សេវាកម្ម​ដំណោះស្រាយ​ខាង​បច្ចេកវិទ្យា​ដល់​អាជីវកម្ម​គ្រប់​ខ្នាត។

ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA «សំឡេង​ជំនាន់​ថ្មី‍» កាល​ពី​យប់​ថ្ងៃ​ច័ន្ទ សហគ្រិន​វ័យ​ក្មេងអាយុ​២៧​ឆ្នាំ​ ​រូប​នេះ​ថ្លែង​ថា ការ​ប្រើប្រាស់​បច្ចេកវិទ្យា​មាន​សារៈសំខាន់​នៅ​ក្នុងការ​រៀបចំនិង​ដំណើរការ​របស់​ក្រុមហ៊ុន៖

«ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ វា​ជួយ​សន្សំ​ថវិកា​របស់​យើង និង​បង្កើន​ប្រសិទ្ធភាពក្នុង​ការ​ធ្វើ​ទី​ផ្សារ​លក់​និង​ធ្វើ​យុទ្ធសាស្ត្រ​ផ្សេងៗសម្រាប់​ការ​រីក​ចម្រើន​របស់​អាជីវកម្ម។‍»

ការ​ប្រើប្រាស់​បច្ចេកវិទ្យា​អ៊ីនធឺណិត​និង​ទូរស័ព្ទ​ទំនើប​ smartphone នៅ​កម្ពុជា​មិន​ត្រឹម​តែ​បាន​ជំរុញ​ឲ្យ​មាន​ការ​កកើត​វិស័យ​បច្ចេកវិទ្យា​ក្មេង​ខ្ចី​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ជំរុញ​ឲ្យ​អាជីវកម្មខាង​វិស័យមិន​មែន​បច្ចេកវិទ្យា​ក៏​ត្រូវ​សម្រប​ទៅ​តាម​ការ​ប្រែប្រួល​របស់​អតិថិជន​ដែល​ប្រើ​បច្ចេកវិទ្យា។ ការ​ស្រាវជ្រាវ​មួយ​របស់​មូលនិធិ​អាស៊ី​បាន​រក​ឃើញ​ថា ពលរដ្ឋ​កម្ពុជា​ជិត​៥០%​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​ភាគ​ច្រើន​គឺ​ប្រើ​តាម​ប្រព័ន្ធ​ទូរស័ព្ទ smartphone។

ប៉ុន្តែ​ទោះបីជា​អ្នក​ប្រើប្រាស់​បាន​សម្រប​លឿនទៅ​នឹង​ការ​ប្រើ​បច្ចេកវិទ្យា​នេះ​ក៏​ដោយ ក៏អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​នៅ​កម្ពុជាដែលបាន​ចុះ​បញ្ជី​ប្រមាណ​ជិត​៤០.០០០​អាជីវកម្ម នៅ​មាន​ការ​រារែក​ខ្លះ​នៅ​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នៅ​ក្នុង​ដំណើរការ​របស់​ខ្លួន។

យុវជន​មួយ​ក្រុម​កំពុង​មើល​គេហទំព័រ​ថ្មី​សម្រាប់​អប់រំ​យុវជន​អំពី​សម័យ​ខ្មែរ​ក្រហម តាម​ទូរស័ព្ទ​ដៃ។ (ផ្តល់​ដោយ អ៊ុច មករា/មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា DC-Cam)

យុវជន​មួយ​ក្រុម​កំពុង​មើល​គេហទំព័រ​ថ្មី​សម្រាប់​អប់រំ​យុវជន​អំពី​សម័យ​ខ្មែរ​ក្រហម តាម​ទូរស័ព្ទ​ដៃ។ (ផ្តល់​ដោយ អ៊ុច មករា/មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា DC-Cam)

លោក សុខ សុភមង្គល ដែល​ទើបត្រូវ​បាន​ត្រូវ​បាន​ទស្សនាវដ្ដីពាណិជ្ជកម្ម​ Forbes ដ៏​ល្បី​របស់​សហរដ្ឋ​អាមេរិក​ ​បញ្ចូលក្នុងបញ្ជី​សហគ្រិន​វ័យ​ក្មេង​ជោគជ័យក្រោម​អាយុ​៣០​ឆ្នាំ​នៅ​អាស៊ីប្រចាំ​ឆ្នាំ​២០១៧ បញ្ជាក់​ថា ទោះបីជា​សហគ្រិន​ជា​ច្រើន​មាន​ការ​យល់​ដឹង​អំពីផលប្រយោជន៍នៃ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ចំពោះ​អាជីវកម្ម​របស់​ខ្លួន​ក៏​ដោយ​ ក៏​ក្រុមហ៊ុនជា​ទូទៅ​មិន​បាន​ព្រាង​ទុក​អំពីការ​ចំណាយ​លើបច្ចេកវិទ្យា​នៅ​ក្នុង​ថវិកា​ប្រតិបត្តិការ​របស់​ខ្លួន​ឡើយ។ លោក​ថា​ បញ្ហា​នេះ​មិន​មែន​មក​ពី​កត្តា​លទ្ធភាព​ទេ តែ​មួយ​ផ្នែក​ដោយ​សារក្រុមហ៊ុន​ទាំង​នោះ​ ​មិន​ទាន់​យល់​ច្បាស់​ពី​សារៈសំខាន់​នៃ​កម្មវិធី​ software សម្រាប់​កុំព្យូទ័រ​និង​ទូរស័ព្ទ។

សហគ្រិន​បច្ចេកវិទ្យា​ដែល​បាន​ទទួល​រង្វាន់​ខាង​បច្ចេកវិទ្យា​ទំនើប​ឬ Cambodian Smart Technology Entrepreneur Award កាល​ពី​ឆ្នាំ​២០១៦ ផង​នោះ ពន្យល់ប្រាប់​ VOA ថា៖

«គាត់​ហ៊ានចំណាយលុយ​សម្រាប់​ទិញ​ hardware (ឧបករណ៍​និង​សម្ភារៈ​កុំព្យូទ័រ) ដូច​ជា​កុំព្យូទ័រ​ server (កុំព្យូទ័រ​មេ) ដែល​ចំណាយ​ខ្ពស់ គាត់​ហ៊ាន​ក្នុង​ការ​ចំណាយ ប៉ុន្តែ​បើ​សិន​ជា​គាត់​ចំណាយ​ក្នុង​ការ​ទិញសេវាកម្ម​ទាក់ទង​នឹង​ software គាត់មាន​លក្ខណៈ​គិត​គូរច្រើន។‍ គឺ​នៅ​ចំណុច​មួយ​ហ្នឹង​គឺជា​ចំណុច​មួយ​ដែល​ខ្ញុំ​គិត​ថា​ គាត់​គួរ​យល់​ដឹង​ដូច​គ្នា​ដែរទាក់ទង​នឹង​ hardware ទាំង​អស់​ហ្នឹង​គឺ​ software (កម្មវិធី​គ្រប់គ្រង) ជា​ចំណុច​សំខាន់​ ដែល​ក្នុង​ការ​ព្រាងទុក​គួរ​មាន​បញ្ចូល​ដែរ ដើម្បី​ឲ្យ​គាត់​អាច​ setup និង​យក​ software ឬ technology (បច្ចេកវិទ្យា​) ហ្នឹង​មកប្រើប្រាស់​ក្នុង​ក្រុមហ៊ុន​របស់​គាត់​ឲ្យ​បាន​ល្អ​អញ្ចឹង។

ឯកសារ៖ បុគ្គលិក​ម្នាក់កំពុង​ធ្វើ​ការ​នៅការិយាល័យ​នៃ​ក្រុមហ៊ុន Codingate ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៧។ (សឹង សុផាត/VOA)

ឯកសារ៖ បុគ្គលិក​ម្នាក់កំពុង​ធ្វើ​ការ​នៅការិយាល័យ​នៃ​ក្រុមហ៊ុន Codingate ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៧។ (សឹង សុផាត/VOA)

លោក សុភមង្គល​ ​លើក​ឧទាហរណ៍​មួយ​នៃ​ផល​ប្រយោជន៍​បច្ចេកវិទ្យាអ៊ីនធឺណិតនៅ​ក្នុង​ការ​ផ្សាយ​ផលិតផល​ឲ្យ​ចំ​អតិថិជន​គោលដៅ ដែល​ការ​ផ្សាយ​ដោយ​មិន​ប្រើ​បច្ចេកវិទ្យា​មិន​ប្រាកដ​ថា​ចំ​នោះ​ទេ។​

«ឧទាហរណ៍ដូច​ជា​យើង​លក់ផលិតផល​ជាមួយ​ខោអាវ​យុវជន​ ប៉ុន្តែព័ត៌មាន​ដែល​យើង​ផ្សព្វផ្សាយ​ទៅគឺ​ចំ​តែ​អតិថិជន​យើង​គឺ​គាត់​វ័យ​ចំណាស់​តែ​ប៉ះចំ​អ្នក​ដែល​មាន​វ័យ​ចំណាស់​ឬ​កូន​ក្មេង អញ្ចឹង​អ្នក​ដែល​ទិញ​របស់​យើង​គឺ​អត់​សូវ​ត្រូវ​ទេ។ មាន​ន័យ​ថា យើង​ចំណាយ​ទាំង​ពេល ចំណាយ​ទាំង​ថវិកា ប៉ុន្តែ​វា​អត់​ត្រូវ​ជាមួយ​នឹង​អតិថិជន​របស់​យើង។‍»

​លោក​យល់​ថា ក្នុង​បរិបទ​ដែល​មាន​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត (e-commerce) ​កាន់​តែ​កើន​ឡើង​នៅ​កម្ពុជា នឹង​ធ្វើអាជីវកម្ម​ទាំង​នេះ​កាន់​តែ​ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​ច្រើន​ឡើង។ ​លោក សុខ សុភមង្គល ថ្លែង​ថា ​នៅ​ពេល​បច្ចុប្បន្ន ប្រសិន​បើគេ​បង្កើត​អាជីវកម្ម​ថ្មី​មួយ​ ដូច​ជា​ហាង​កីឡា​ ក្រៅ​ពី​ការ​ប្រើ​បណ្ដាញ​សង្គម​ដូច​ហ្វេសប៊ុក​ដើម្បី​ផ្សាយ​ផលិតផលគេ​ក៏​ត្រូវ​ឲ្យ​ហាង​នេះ​មានវត្តមាន​នៅអនឡាញ​ដែរ។

«គាត់​អាច​មាន​ជា​លក្ខណៈ e-commerce វេប​សាយ​របស់​គាត់ អាច​យក​ផលិតផល​របស់​គាត់​ដាក់​ទៅ​លើ​វេប​សាយ​ទាំង​អស់​ ដើម្បី​ឲ្យ​គេ​ងាយស្រួល​ក្នុង​ការ​មើលព័ត៌មាន​ទាក់ទងផលិតផល​របស់​គាត់​ និង​មាន​លទ្ធភាព​ក្នុង​ការ order (បញ្ជា​ទិញ) ដែល​គេ​អាច​ pay (បង់​លុយ) តាម​អន​ឡាញ​ទៅទៀត។‍»

លោក​បន្ថែម​ថា ការ​ប្រើ​សេវា​បច្ចេកវិទ្យាសម្រាប់​អាជីវកម្ម​នា​ពេល​បច្ចុប្បន្ន​មាន​តម្លៃ​ធូរ​ថ្លៃ​និង​មាន​គុណភាព ដោយ​ម្ចាស់​អាជីវកម្ម​គ្រាន់​តែ​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​បន្តិច​ដើម្បី​ស្វែង​យល់​ថាបច្ចេកវិទ្យា​មួយ​ណា​សម​ស្រប​នឹង​អាជីវកម្ម​របស់​ខ្លួន និង​មាន​តម្លៃ​ទី​ផ្សារ​យ៉ាង​ណា៕

XS
SM
MD
LG