ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ដោយសារ​តែ​ការ​ហាមឃាត់​របស់​ចិន ក្រុង​នេសាទ​មួយ​របស់​ហ្វីលីពីន​ត្រូវ​ទៅ​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍​វិញ

  • Ralph Jennings

ឆ្មាំ​សមុទ្រ​ចិន​ធ្វើ​ដំណើរ​ទៅ​កាន់​អ្នក​នេសាទ​ហ្វីលីពីន នៅ​ពេល​ពួកគេ​ជួប​គ្នា​នៅ​កោះ Scarborough Shoal ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥។

ទីក្រុង​មួយ​នៅ​ប្រទេស​ហ្វីលីពីន​ ដែល​ស្ថិត​នៅ​​ជួរ​មុខ​នៃ​​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ កំពុង​បង្កើត​ការ​ការពារ​ផ្លូវ​សមុទ្រ​ និង​លើក​កម្ពស់​អេកូទេសចរណ៍​ ដើម្បី​ជួយ​ការពារ​សមុទ្រ និង​បង្កើន​ទិន្នផល​សម្រាប់​វិស័យ​នេសាទ​ក្នុង​ស្រុក ដែល​កំពុង​រង​វិបត្តិ ឲ្យងើប​ឡើង​វិញ។

នាង Olive Ebido-Gregorio ​មន្ត្រី​គ្រប់គ្រង​ធនធាន​តាម​ឆ្នេរក្នុង​ក្រុង Masinloc បាន​និយាយ​ថា ក្រុង Masinloc ជា​ក្រុង​មួយ​ដែល​មាន​មនុស្ស​រស់​នៅ​ចំនួន៤៩.០០០នាក់​នៅ​លើ​កោះ Luzon តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ចិន​ខាង​ត្បូង។ ក្រុង​នេះ​កំពុង​ពង្រឹង​ការការពារ​ត្រី និង​ផ្កា​ថ្ម​នៅ​លើ​ផ្ទៃ​ឆក​សមុទ្រមានទំហំ​ ៧.៥៦០ ហិកតា។​

នាង​បាន​និយាយ​ថា ស្ថានភាព​នៃ​ផ្កា​ថ្ម​នៅ​ក្នុង​ឆក​សមុទ្រ​នេះ​ប៉ះពាល់​ដល់​ត្រី​ដែល​ហែល​កាត់​សមុទ្រ​ចិន​ខាង​ត្បូង​ មាន​ទំហំ​៣,៥លាន​គ.ម. ហើយ​៤០ ភាគរយ​នៃ​អំបូរ​ត្រី​នានា​នៅ​ក្នុង​សមុទ្រ​នេះ​មាន​ប្រភពមក​ពីក្រុង Masinloc។ ប្រទេស​ព្រុយណេ ចិន ម៉ាឡេស៊ី តៃវ៉ាន់ ហ្វីលីពីន និង​វៀតណាម​បាន​ទាមទារ​ផ្នែក​ខ្លួះ ឬ​ផ្នែក​ទាំង​មូល​នៃ​សមុទ្រ​ ដើម្បី​បុព្វហេតុ​នេសាទ។​

ផ្កា​ថ្ម​ប៉ប្រះ​ទឹក​ជា​ជម្រក​សំខាន់​របស់​ត្រី

នាង Ebido-Gregorio និយាយ​ថា «យើង​មាន​ការ​រួម​ចំណែក​ដ៏​ធំ​ទៅ​លើ​ផ្កាថ្ម​ប៉ប្រះ​ទឹក​ មិន​មែន​តែ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីនប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​បាន​រួម​ចំណែក​យ៉ាង​ច្រើន​នៅ​ក្នុង​តំបន់​ត្រីកោណ​ដែល​មាន​ផ្កាថ្ម ដូចជា​ ប្រទេសឥណ្ឌូនេស៊ី ថៃ និង​ហ្វីលីពីន។ ​ផ្កា​ថ្ម​ប៉ប្រះ​ទឹក​នេះ​ក៏​ប្រហែលជាអាច​រួម​ចំណែក​ដល់​ជីវចម្រុះ​នៃ​ប្រទេស​ដទៃ​ទៀតនៅជិតខាងនេះ​ផង​ដែរ»។

បើ​យោង​តាម​របាយការណ៍​របស់​ទស្សនាវដ្តី National Geographic នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៦ សមុទ្រ​នេះ​បាន​ផ្តល់​ទិន្នផល​ត្រី​ចំនួន១៦,៦ លាន​តោន​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ទិន្នផល​កំពុង​តែ​ធ្លាក់​ចុះ​ដោយ​សារ​តែ​ការ​នេសាទ​លើស​កម្រិត។

ការ​ថយ​ចុះ​ទិន្នផល​នេសាទ

ក្រុម​ឆ្មាំ​សមុទ្រ​ក្នុង​ស្រុក​បាន​ប៉ាន់ស្មាន​ថា នៅក្រុង Masinloc ទិន្នផល​នេសាទ​បាន​ធ្លាក់​ចុះ​៥០ ភាគរយ​ចាប់​តាំង​ពី​ឆ្នាំ២០១០​មក​ម៉្លេះ។

នាង​ Ebido-Gregorio ​បាន​និយាយ​ថា ការ​នេសាទ​ច្រើន​ហួសកំណត់​ កំណើន​ប្រជាជន​ដ៏​លើសលប់ និង​បម្រែ​បម្រួល​អាកាសធាតុ ​បាន​ប៉ះពាល់​ដល់​បរិស្ថានរស់​នៅ​របស់​សត្វសមុទ្រ​។ នាង​បាន​បន្ត​ថា ពលរដ្ឋ​ប្រមាណ​ ៣.០០០នាក់​ ដែល​បាន​ចុះ​បញ្ជី​ធ្វើ​ពាណិជ្ជកម្ម​នេសាទ​ បាន​ប្រើប្រាស់​សារធាតុ​សូដ្យូម​សាយ៉ាណែត និង​ម៉ាស៊ីន​បញ្ជូលឧស្ម័ន​ ដែលទាំង​អស់​នេះជា​របស់​ខុស​ច្បាប់ ដើម្បី​នេសាទ​នៅ​តាម​បណ្តោយ​ឆ្នេរ​ក្រុង Masinloc។​

មេបញ្ជាការ​ក្រុម​ឆ្មាំ​សមុទ្រ​និយាយ​ថា ទូក​បរទេស​នៅ​ក្បែរ​ក្រុង​នេះ​ក៏​ប្រើប្រាស់​មធ្យោបាយ​ខុស​ច្បាប់​ដើម្បី​នេសាទ​ផង​ដែរ។

ជម្លោះ​អំពី​ការ​ទាមទារ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​តែ​បន្ត

ប្រទេស​ចិន​ក៏​បាន​ហាមឃាត់​នាវា​ហ្វីលីពីន​មិន​ឲ្យចូល​ទៅ​កាន់​តំបន់​ថ្ម​ប៉ះប្រះ​ទឹក Scarborough Shoal ដែល​មាន​ចម្ងាយ​១៩៨គ.ម.​ពី​ក្រុង Masinloc ផង​ដែរ។ ប្រទេស​ចិន និង​ហ្វីលីពីន​ជាប់​ក្នុងជម្លោះ​លើអធិបតេយ្យភាព​តំបន់​ថ្ម​ប៉ប្រះទឹក​នេះ និង​ដែន​សមុទ្រ​មួយ​ភាគ​នៅ​តាម​ឆ្នេរ​ខាង​លិច​នៃ​ប្រទេស​ហ្វីលីពីន។

អ្នក​នេសាទ​ក្នុង​ក្រុង Masinloc និយាយ​ថា ការ​មិន​អាច​ចេញ​ចូល​តំបន់​ថ្ម​ប៉ប្រះទឹក​ Scarborough Shoal បាន​បង្ខំ​ពួកគេ​ឲ្យ​ទៅ​នេសាទ​នៅក្បែរ​បណ្តោយ​ឆ្នេរ​ហ្វីលីពីន ទី​ដែល​ទិន្នផល​ត្រី​មាន​ចំនួន​តិច​ ដោយសារ​តែ​ការ​នេសាទ​ច្រើនហួស​កម្រិត។ តំបន់​ថ្មប៉ប្រះទឹក Scarborough Shoal ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ខ្ពស់ ដោយសារតែមានចំនួន​ត្រី​ជា​ច្រើន​នៅ​ទី​នោះ។

លោក Raul Canumuy ​អ្នក​នេសាទ​វ័យ​៤៤ឆ្នាំ​ម្នាក់ ​បាន​និយាយ​នៅ​ពេល​ដែល​លោក​ជួយ​ប្រមូល​ផលនេសាទ​នៅ​ឆ្នេរ​ក្រុង Masinloc ថា៖ «លោក​ខឹង​ខ្លាំង​ណាស់​ ដោយសារ​តែ​ត្រី​ឥឡូវ​នៅ​ឆ្ងាយៗ​ណាស់»។ ​លោក​បាន​និយាយដោយចង្អុល​ទៅ​ផ្ទៃ​ទឹក​នៅ​ក្បែរ​ឆ្នេរថា៖ «ពី​មុន​ត្រី​មាន​នៅ​ជុំ​វិញ​នេះ​ទេ ប៉ុន្តែ​ឥឡូវ​នេះ​ពួកវា​នៅ​ចម្ងាយ​ ​៦៤គ.ម.​ពី​នេះ​ឯណោះ»។

ក្រុង Masinloc ប្រែ​ក្លាយ​ទៅ​ជា​ក្រុង​ទេសចរណ៍

មន្ត្រី​ទេសចរណ៍​ម្នាក់​របស់​ក្រុង​និយាយ​ថា វិស័យ​ទេសចរណ៍​បាន​ជំនួស​ឲ្យ​ការ​នេសាទ​ត្រី​នៅ​ក្នុង​ក្រុង Masinloc បាន​ខ្លះៗ។ មនុស្ស​ប្រមាណ​ ៥០០នាក់​ក្នុង​មួយ​ខែ​ បាន​ទៅ​ទស្សនា​តំបន់​អភិរក្សចំនួន​ពីរ​របស់​ឆក​សមុទ្រ​នេះ គឺ​កោះ​ព្រៃកោងកាង​ដែល​មាន​ផ្ទៃដី៧,៥ហិចតា និង​ជម្រក​សត្វ​សមុទ្រ San Salvador Marine Sanctuary។

អ្នក​ទេសចរ​ជិះ​ទូក​តូចៗ​កម្សាន្តសម្រាប់រយៈពេល​ជាង​កន្លះ​ថ្ងៃ។ ពួកគេ​មក​ពី​គ្រប់​ទីកន្លែង​នៃ​ប្រទេស​ហ្វីលីពីន និង​កន្លែង​ផ្សេងៗ​ទៀត​នៅ​តំបន់អាស៊ីអាគ្នេយ៍ និង​សហរដ្ឋ​អាមេរិក។

កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​សមុទ្រ

ចំណាត់ការរបស់​ក្រុង​ដើម្បី​ធានា​សម្រស់ និង​បរិស្ថាន​សមុទ្រ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ១៩៨៩ ដោយ​មាន​ការ​ប្រកាស​ដាក់​ជាតំបន់​ការពារ​ដំបូង​នៅ​តំបន់ឆក​សមុទ្រ​តាម​បណ្តោយ​ឆ្នេរ​កោះ​ Luzon ដែល​មាន​ក្រុង Masinloc ​ស្ថិត​នៅ​ទី​នោះ​ដែរ។ ឥឡូវ​នេះ​តំបន់​ចំនួន​៤ត្រូវ​បាន​ដាក់​ជា​តំបន់ការពារ​ ដើម្បី​ជួយ​សង្គ្រោះ​ផ្កា​ថ្ម ស្មៅ​សមុទ្រ និង​ព្រៃ​កោងកាង ដែល​ជា​ជម្រក​ត្រី។

ចាប់​ពី​ឆ្នាំ២០០៥ ដល់​ឆ្នាំ២០០៨ ក្រុង​នេះ​បាន​ចូលរួម​នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ ដែល​ផ្តល់​មូលនិធិ​ដោយ​កម្មវិធី​បរិស្ថាន​អង្គការ​សហប្រជាជាតិ​ដើម្បីទប់ស្កាត់​ការ​ថមថយ​គុណភាព​បរិស្ថាននៅសមុទ្រ​ចិន​ខាង​ត្បូង។​ ជាង​៣ឆ្នាំ​កន្លង​មក ក្រុង​នេះ​បាន​ធ្វើ​ការ​ជាមួយ​នឹង​ក្រុង​នៅ​ជាប់​ឆ្នេរ​សមុទ្រ​ចំនួន​ ១១ ផ្សេង​ទៀត និង​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ផ្នែកបរិស្ថាន​នៅ​ប្រទេស​ហ្វីលីពីន​ដើម្បី​គ្រប់គ្រង ឬ​ហាមឃាត់​ការ​នេសាទ។

ទោះ​ជា​យ៉ាង​ណា​នៅ​ក្នុង​ខែ​មិថុនា ក្រុង​នេះ​បាន​រកឃើញ​ការ​ខូចខាត​ផ្កា​ថ្ម​នៅ​កន្លែង​ចំនួន​បី​នៅ​តំបន់​ការពារ​ ដែល​អាច​គំរាមកំហែង​ដល់​ការ​ទិន្នផលត្រី និង​អំបូរ​សត្វ​ ដែល​អ្នក​ទេសចរ​ចង់​ឃើញ​ពេល​ទៅជ្រមុជ​ទឹក​លេង​នៅក្នុង​តំបន់​នោះ។

កិច្ចការពារ​បន្ថែម​ត្រូវ​បាន​គ្រោងឡើង​សម្រាប់​ឆ្នាំ​ក្រោយ។​

ការ​នេសាទ​ត្រូវ​បាន​គេ​ផ្អាក​មួយ​រយៈសិន​ដើម្បី​បង្កើន​ចំនួន​ត្រី​ឡើង​វិញ

ប្រទេស​ចិន​ព្យាយាម​គ្រប់គ្រង​ទិន្នផល​ត្រី តាម​រយៈ​ការ​ផ្អាក​ការ​នេសាទ​ប្រចាំ​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ១៩៩៥​មក។ ចាប់​ពី​ខែ​ឧសភា ដល់​ខែ​សីហា​ក្នុង​ឆ្នាំ​នេះ ប្រទេស​ចិន​នឹង​ប្រកាស​ពី​ការ​ផ្អាក​ការ​នេសាទ​នៅ​លើ​ផ្ទៃ​សមុទ្រ​ទូទាំង​តំបន់​ភាគ​ខាង​ជើង​នៃ​ខ្សែ​ស្រប​ទី១២។

តំបន់​នេះ​ក៏​ជា​តំបន់ដែល​ទាមទារ​ដោយ​វៀតណាម តៃវ៉ាន់ និង​ហ្វីលីពីន​ផង​ដែរ។ ការ​ហាម​នឹងចូលជាធរមាន​ចាប់​ពី​ខែ​ឧសភា​ ដល់​ខែសីហា។

លោក Fabrizio Bozzato ​អ្នក​ស្រាវជ្រាវ​ផ្នែក​កិច្ចការ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Tamkang នៅ​កោះ​តៃវ៉ាន់​និយាយ​ថា ​ប៉ុន្តែ​ប្រទេស​ដទៃ​ទៀត​យល់​ថា​ ការ​ផ្អាក​ការ​នេសាទ​នេះ​ជា​ការ​បញ្ជាក់​ពី​អំណាច​របស់​ចិន។ អ្នក​នេសាទ​នៅ​ក្រុង Masinloc និយាយ​ថា ពួកគេ​មិន​មាន​គម្រោង​គោរព​តាម​នោះ​ទេ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សាងសង់​កោះ​សិប្បនិម្មិត​ជាច្រើន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​សម្រាប់​ជា​ការ​ប្រើប្រាស់​របស់​យោធា រួម​ទាំង​ប្រព័ន្ធ​រ៉ាដា​ដែល​អាច​ចាប់​បាន​នូវ​សកម្មភាព​របស់​ប្រទេស​ផ្សេងៗនៅ​លើ​ដែន​សមុទ្រនេះ និង​បញ្ឈប់​ប្រទេស​ទាំង​ឡាយ​ណា​ដែល​ខ្លួន​យល់​ថា បាន​ធ្វើការ​រំលោភ​បំពាន។

លោក Bozzato បាន​និយាយ​ថា «ការ​ផ្អាក​ការ​នេសាទ​មួយ​រយៈ​នេះ​ត្រូវ​បាន​ណែនាំ​ឡើង​ក្នុង​គោលបំណង​ការពារ​កុំ​ឲ្យ​មាន​ការ​ថយចុះចំនួន​ត្រី​បន្ថែម​ទៀតនៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ បញ្ហា​គឺ​ថា ការ​ហាមឃាត់​ការ​នេសាទ​នេះ​ជា​សកម្មភាព​ឯកតោភាគី។ ភាគីនេសាទ​ផ្សេង​ទៀត​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​មិនបាន​យល់​ព្រម​ជាមួយ​នោះ​ទេ»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG