ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេចក្តី​ព្រាង​គ្រោងឆ្អឹង​COC ​នៃសមុទ្រ​ចិន​ខាងត្បូង​ទំនង​ជារកបាន​សម្លេង​ឯកច្ឆន្ទ

  • សុខ ខេមរា

ផែនទីសមុទ្រចិនភាគខាងត្បូង ដែលបង្ហាញពីខ្សែបន្ទាត់​ទាមទារ​ដោយ​ប្រទេស​នានា​ ដែលជាភាគី​ជម្លោះ។

«ប្រទេស​ចិន​នឹង​យល់ព្រម​ទៅលើ​គម្រោង​ដែលអាច​បត់បែន​បាន ​និង ​មាន​លក្ខណៈ​ទន់​ខ្សោយ​ល្មម​ ដែល​ស្របនឹង​គោល​ជំហរ​របស់​ខ្លួន​លើបញ្ហា​សំខាន់​នៃ​បូរណភាពរបស់​ខ្លួន‍»។

ក្នុង​ដំណើរ​ការ​បង្កើត​គ្រោងឆ្អឹង​ជាបឋមៗ​នៃ​សេចក្តីព្រាង​ក្រមប្រតិបត្តិ ​COC ​ដែលគេ ទន្ទឹង​ជាយូរ​មកហើយ​នោះ​ ប្រទេស​ចិន​និង​អាស៊ាន​កាលពី​ខែមុន​បាន​បញ្ចប់​សេចក្តីព្រាង​ជាគ្រោង​ឆ្អឹងនេះ​មុនកិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៥០​ក្នុង​ប្រទេស​ហ្វីលីពីន ស្រប​ពេល​ដែល​ក្រុម​អ្នក​តាមដាន​ការវិវត្ត​ក្នុងតំបន់​នានា​រំពឹងថា ​បញ្ហា​ជម្លោះ​ទាំងឡាយ ក្នុងដែន​សមុទ្រចិន ​ដែល​ជាក្តី​បារម្ភ​របស់​តំបន់​និង​ពិភពលោក​នោះ​ នឹងត្រូវ​កាត់​បន្ថយ ឬអាច​ទប់ស្កាត់​បាន។

លោក​ ឈាង វណ្ណារិទ្ធ ​អ្នកវិភាគ​កិច្ចការ​តំបន់​បាន​អះអាងថា​ ប្រទេស​ហ្វីលីពីន​ដែល ជា​ប្រធាន​អាស៊ាន​មានការ​ជំរុញ​គម្រោង​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី ​ដូចជា​ចិន​ដែរ ​ក្រៅពី មាន​ទំនាក់​ទំនងល្អ​ជាមួយ​ចិន​ជាង​ពេល​មុនៗ។

«អញ្ចឹងទេ ​វាអាច​ទៅមុខ​បាន​ គ្រាន់តែ​យកអ្វី​ដែល​យើង​បាន​ព្រមព្រៀង​គ្នា​ពីមុន​មក បញ្ជូល​នូវ ​Hotline ​និង​ Cues ​ហ្នឹង​ វាជា​ខ្លឹមសារ​មួយ​ដែល​សំខាន់​ដែរ ​ដើម្បី​បញ្ជៀស ជម្លោះ​ជាយថាហេតុ​ណា​មួយ‍»។

លោក​បាន​បន្ថែមថា ​គ្រោងឆ្អឹង​នៃសេចក្តី​ព្រាង​ក្រមប្រតិបត្តិ ​ស៊ីអូស៊ី ​វាមិន​ខុស​ឆ្ងាយពី សេចក្តី​ថ្លែងការណ៍​ស្តីពី​ក្រមប្រតិបត្តិ​សមុទ្រចិន​ខាងត្បូង​ (DOC)​ ប៉ុន្មាន​ទេ។​ លោក បន្តថា​ គម្រោង​សេចក្តីព្រាង​ក្រម​ប្រតិបត្តិ​នេះទំនង​ជារាប់​បញ្ចូល​ចំណុច​ជាច្រើន​រួម ទាំង​ប្រព័ន្ធ​ទំនាក់​ទំនង​បន្ទាន់ ​រវាង​រដ្ឋមន្ត្រី​ការបរទេស​ហៅថា​Hotline ​Communication ដែលមាន​ន័យថា ​នៅពេល​មាន​ការ​អ្វីកើត​ឡើង​នឹងមាន​ទំនាក់​ទង​រវាង​រដ្ឋមន្ត្រី​ការ បរទេស ​ឬក៏កង​នាវា​ល្បាត​ដែនសមុទ្រ​ ដើម្បីឲ្យ​គាត់ទាក់​ទងគ្នា​បញ្ជៀស​ជម្លោះ ជាយថា​ហេតុ​ណាមួយ។ ​ម្យ៉ាងទៀត​ ក៏​ប្រហែល​ជាបញ្ចូល​នូវយន្តការ​ខ្ជូ ​Code for Unplanned ​Encounters​ at Sea ​ឬ CUES ​ ដែលជា​យន្តការ​មួយ​ដើម្បី​បញ្ជៀស​ជម្លោះនេះ​ដែរ។

បឯកសារ៖ លោក ឈាង វណ្ណារិទ្ធ ផ្តល់​បទ​សម្ភាសន៍​ទៅ​កាន់​អ្នក​យក​ព័ត៌​មាន កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)
បឯកសារ៖ លោក ឈាង វណ្ណារិទ្ធ ផ្តល់​បទ​សម្ភាសន៍​ទៅ​កាន់​អ្នក​យក​ព័ត៌​មាន កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)

លោក ​ឈាង វណ្ណារិទ្ធ​បញ្ជាក់​ពី​មូលហេតុ​ខ្លះដែល​ចិនចង់​ឲ្យតំបន់​អាស៊ាន​ស្ងប់ស្ងាត់ បន្តិច​សិន​ ​ព្រោះចិន​កំពុង​តែប្រយុទ្ធ​ជាមួយ​សហរដ្ឋ​អាមេរិក​ទាក់ទង​នឹង​បញ្ហា សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​ផ្សេងៗ​ បញ្ហាកូរ៉េ​ខាងជើង​ ដែល​ចិនមិន​ចង់ឲ្យ​កើតមាន​ភាព តាន​តឹង​ពីរកន្លែង​ឬសមរភូមិ​ច្រើន​ ដែលជា​រឿង​ពិបាក​គ្រប់គ្រង​ស្ថានការណ៍។

«អញ្ចឹងទេ​ប្រហែល​ជាចិន​រៀងបន្ទន់​ដែរ​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ហ្នឹង ដើម្បី​យើង​អាច​មាន​ចំណុច​រួមគ្នា​មួយ​ដើម្បី​សម្រេច​បាន​នូវការ​ចរចា​ទាក់ទង​នឹង គម្រោង​ស៊ីអូស៊ី​ហ្នឹង‍»។

លោក​សាស្ត្រាចារ្យ ​John Ciorciari ​(ចន ស៊ៀអ័រស៊ៀរី) ​សាស្ត្រាចារ្យ​ផ្នែក​គោល​នយោបាយ​សាធារណៈ​នៃសាកល​វិទ្យាល័យ​ Michigan ​នៃ​សហរដ្ឋ​អាមេរិក​បាន​សង្ស័យ​ពី តួនាទី​ចិន​ដែលមាន​ចិត្តចង់​សម្រេច​ឲ្យបាន​សេចក្តី​ព្រាង​ជាគ្រោង​ឆ្អឹង​របស់​ក្រមប្រតិបត្តិ​ COC។

«ប្រទេស​ចិន​នឹង​យល់ព្រម​ទៅលើ​គម្រោង​ដែលអាច​បត់បែន​បាន ​និង ​មាន​លក្ខណៈ​ទន់​ខ្សោយ​ល្មម​ ដែល​ស្របនឹង​គោល​ជំហរ​របស់​ខ្លួន​លើបញ្ហា​សំខាន់​នៃ​បូរណភាពរបស់​ខ្លួន‍»។

លោក​បាន​បន្តថា ​ស្ថានការណ៍​ក្នុងតំបន់​និង​នយោបាយ​អាមេរិក​ស្មុគស្មាញ​បានផ្តល់អំណោយ​ផលដល់​ចិន​ច្រើន​សម្រាប់​កិច្ចការ​តំបន់​ផងដែរ។

«ក្រម​ប្រតិបត្តិ ​COC ​អាច​ផ្តល់​ផល​ប្រយោជន៍​ចំពោះ​គម្រោង​ដែល​ផ្អែកលើ​ច្បាប់​ដើម្បី ដោះស្រាយ​ជម្លោះ​ដែនសមុទ្រ​ តែការ​យល់ព្រម​ពិភាក្សា​អំពីក្រម​ប្រតិបត្តិ ​ស៊ីអូស៊ី ​របស់​ប្រទេស​ចិននេះ ​គឺមិនមែន​ជាទង្វើ​បែប​សម្រុះ​សម្រួល​ដ៏ចាំ​បាច់​នោះ​ទេ។ ​ក្រម​ប្រតិបត្តិ​ដែល​ចងក្រង​នឹងមាន​សារៈប្រយោជន៍​ដល់ក្រុម​ប្រទេស​អាស៊ាន​ដែល​ទាមទារ​កម្មសិទ្ធិ គឺអាស្រ័យ​លើ​លក្ខខណ្ឌ​នៃកិច្ច​ព្រមព្រៀង​ ក៏ដូចជា​ហេតុការណ៍​នានា​នៅលើ​ទីតាំង ដោយ​ផ្ទាល់។​ ឥទ្ធិពល​ចិន​បាន​កើន​ឡើង ​នៅពេល​ដែលចិន​ពង្រីក​ការគ្រប់​គ្រង​ជាក់ លាក់​លើតំបន់​ជម្លោះ​នៃសមុទ្រ​ចិន​ខាងត្បូង។​ ភាពតាន​តឹង​រវាង​អាមេរិក​និង​ហ្វីលីពីន ហើយ​ការសង្ស័យ​ក្នុងតំបន់​អំពី​រដ្ឋបាល​លោក ​ត្រាំ​បាន​បង្កើត​លក្ខខណ្ឌ​កាន់តែ ប្រសើរ​ឡើង​ដល់​ក្រុង​ប៉េកាំង‍»។

រូបឯកសារ៖ និស្សិត​សកម្មជន​ហ្វីលីពីន​ធ្វើបាតុកម្ម​តវ៉ា​ការ​សាងសង់​កោះសិប្បនិម្មិត និង​ការ​ប្រើប្រាស់​យោធា​ ដោយ​ចិននៅ​តំបន់​ប្រជុំ​កោះ Spratlys ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃទី០៣ ខែ​មីនា ឆ្នាំ​២០១៦។
រូបឯកសារ៖ និស្សិត​សកម្មជន​ហ្វីលីពីន​ធ្វើបាតុកម្ម​តវ៉ា​ការ​សាងសង់​កោះសិប្បនិម្មិត និង​ការ​ប្រើប្រាស់​យោធា​ ដោយ​ចិននៅ​តំបន់​ប្រជុំ​កោះ Spratlys ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃទី០៣ ខែ​មីនា ឆ្នាំ​២០១៦។

លោក​សាស្ត្រាចារ្យ ​John Ciorciari ​បាន​បន្ថែម​ថា៖

«ជា​ការពិត​ប្រសិន​បើការ​ប្តេជ្ញាចិត្ត​ជា​យុទ្ធសាស្ត្រនិង​ការទូត​របស់​អាមេរិក​ចំពោះ​តំបន់ អាស៊ាន​ខ្សោយ ​ក្រុម​ប្រទេស​ដែលជា​ដៃគូ​ទាមទារ​កម្មសិទ្ធិ​នឹងមាន​ជំរើស​តិចតួច​ក្រៅ ពីទទួល​យក​កិច្ចព្រម​ព្រៀង​ដែល​ប្រទេស​ចិនមាន​ប្រៀប​កាន់តែ​ខ្លាំង​នោះ។​ច្បាស់​ជាង នេះទៀត​នោះ ​រឿងនេះ​ហើយ​ដែល​ជា​ហេតុផល​នាំឲ្យ​ប្រទេសចិន​រីករាយ​ក្នុងការ​ចូល​រួម​ពិភាក្សា​អំពី​ស៊ីអូស៊ី​នោះ។​ វាជា​ហេតុផល​ដែល​រដ្ឋបាល​លោក ​ត្រាំ​មិនអាច​មានលទ្ធ​ភាព​ក្នុងការ​វិលត្រឡប់​មកកាន់​តំបន់​អាស៊ាន​ដែរ​ ខណៈ​ដែល​មាន​ការ​ផ្តោតការ​យក​ចិត្ត​ទុកដាក់​ទៅលើ​ប្រទេស​កូរ៉េ​ខាងជើង​ ហើយនឹង​ការប្រឈម​មុខក្នុង​តំបន់​នានា​ផ្សេងៗ ទៀត​នោះ‍»។

លោក​ ឈាង វណ្ណារិទ្ធ ​វិញបាន​បន្ត​ថា កត្តា​ដែល​ធ្វើឲ្យ​ប្រទេស​មួយ​ចំនួន​ស្ងាត់នៅ ឡើយ​ដូចជា​ម៉ាឡេស៊ី ​វៀតណាម ​សីង្ហបូរី ​គឺដោយសារ​ប្រទេស​ទាំងហ្នឹង​រង់ចាំ​មើល ទំនាក់​ទំនង​របស់​អាមេរិក​ ចិន ​តើវា​វិវត្ត​ទៅដោយ​របៀបណា។

«ហើយ​ ដូណាល់ ត្រាំ​តាំង​ពីគាត់​ឡើង​កាន់​តំណែង​អត់ទាន់​និយាយ​ពាក្យ​ណា​ប៉ះពាល់ មកដល់​អាស៊ានទេ។​ អញ្ចឹង​ប្រហែល​ជាគាត់​មិនយក​ចិត្តទុក​ដាក់​ជាមួយ​អាស៊ាន ​ហើយ​បណ្តា​ប្រទេស​នៅក្នុង​អាស៊ានហ្នឹង​ក៏មាន​ការព្រួយ​បារម្ភ​ដែរ​ព្រោះបើ​អត់មាន​អាមេរិក មក​ចូលរួម​ជាសកម្ម​ទេ ​អត់មាន​ប្រទេស​ណា​ហ៊ាន​និយាយ​ខ្លាំង​ជាមួយ​ចិន​បានទេ។ ពីមុនហ៊ាន​និយាយ​ខ្លាំង​ជាមួយ​ចិន​បាន​ដោយសារ​គេមាន​បង្អែកខ្លះ​ ឥឡូវ​គេរង់​ចាំមើល គោលជំហរ​របស់​អាមេរិក​យ៉ាងម៉េច​ ហើយ​ទំនាក់​ទំនង​អាមេរិក​ ចិន​ហ្នឹង​យ៉ាងម៉េច។ អញ្ចឹង​ទេ​ប្រទេស​តូចៗ​ហ្នឹង​ក្នុង​អាស៊ាន​ហ្នឹង​រង់ចាំ​មើល​ប្រទេស​ធំពីរ​ហ្នឹង‍»។

រូបឯកសារ៖ លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។
រូបឯកសារ៖ លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។

ទោះជា​មានការ​តវ៉ា​យ៉ាង​ណាក្តី​តែចិន​ត្រូវគេ​ដឹងថា​បាន​ធ្វើកោះ​សិប្បនិម្មិត​ក្នុងដែន សមុទ្រ​ដែល​កំពុង​មាន​ជម្លោះ​រួចជា​ស្រេច​ ហើយ​ម្យ៉ាង​ទៀត​បាន​ធ្វើឲ្យ​រដ្ឋាភិបាល ហ្វីលីពីន ​បច្ចុប្បន្ន​ងាកឆ្ងាយ​ពីការ​សម្រេច​របស់​តុលាការ​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ​ហៅថា ​The Permanent ​Court ​of Arbitration ​ដែលបាន​កាត់​សេចក្តី​ឲ្យ​ហ្វីលីពីន​ឈ្នះក្តី​កាលពី​ពាក់​កណ្តាល​ឆ្នាំ២០១៦​កន្លង​ទៅទាក់​ទង​នឹង​ការ​ទាមទារ​កម្មសិទ្ធិ​នៅ សមុទ្រ​ចិន​ខាងត្បូង​ដែរ។

សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់ថា​ អាស៊ាន ​ដែល​រង​សម្ពាធ​ពីអន្តរជាតិ​ ជាពិសេស​មហា​អំណាច​ពិភពលោក​នោះ​ គឺជា​តំបន់​ទីផ្សារ​សេដ្ឋកិច្ច​ទី៥ ​ក្នុង​ពិភពលោក ​ដែល​មាន​ផលិតផល​សរុប​រួមគ្នា​រហូត​ដល់​ទៅ​ជិត២​លានលាន​កន្លះ​ដុល្លារ។​ ប្រទេស​ទាំង​១០​នេះ​រួម​មាន​ កម្ពុជា ​ឥណ្ឌូនេស៊ី ​ឡាវ ​ភូមា ​ថៃ ហ្វីលីពីន​ សិង្ហបុរី ​ម៉ាឡេស៊ី ​ប្រ៊ុយណេ ​និង​វៀតណាម។ ​ប្រទេស​នីមួយៗ​មាន​ផល​ប្រយោជន៍ រៀងៗខ្លួន​ពីមហា​អំណាច​ចិន​និង​អាមេរិក។

បើតាម​ការ​អះអាង​របស់​លោក ​មាស នី​ អ្នកវិភាគ​មួយរូប​ក្នុងប្រទេស​កម្ពុជា​បាន បង្ហាញ​ឲ្យឃើញ​ថា​ទោះជា​ប្រទេស​ចិន​កាន់តែ​មាន​ឥទ្ធិពល​ខ្លាំងក្នុង​តំបន់​ដោយ​គ្មាន​ពេលវិល​ថយ​ក្រោយ​ហើយ​កម្ពុជា​វិញ​ទោះ​ជាទទួល​បាន​ជំនួយ​ពីប្រទេស​ចិន​ជាច្រើន ក្នុង​មួយឆ្នាំៗក្តី​ ក៏ត្រូវ​ប្រកាន់​ជំហរ​របស់​ខ្លួនមួយ​ ដែលមិន​ត្រូវទោរទន់​ទៅកាន់​ចិន​ពេក នោះ​ដែរ។

«ខ្ញុំឃើញ​ថា​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរយើង​ តែកាល​ណា​យើង​ផ្តួលខ្លួន​ឯងទៅ​លើមហា​អំណាច​ណាមួយ​ធ្ងន់ពេក​យើងអត់​ដែលបាន​ប្រយោជន៍​អីទេ‍»។

លោកបាន​លើក​ឧទាហរណ៍​ពីរ​មក​បញ្ជាក់ថា​នៅពេល​ដែល​កម្ពុជា​ទោរទន់​ទៅនឹង ស.រ.អា​ ក្នុង​ទសវត្សរ៍​១៩៧០ ​កម្ពុជា​រងគ្រោះ​ដោយ​អន្តរាយ​ប្រទេស​របស់​ខ្លួន​ ហើយ ក្រោយមក​ពេល​កម្ពុជា​ទោរទន់​ទៅរក​ប្រទេស​ចិន​ក៏បាន​ធ្វើឲ្យ​មាន​សង្គ្រាម​កាប់​សម្លាប់ ពលរដ្ឋ​ខ្មែររាប់​លាននាក់​ ហើយ​ទាញ​ប្រទេស​ខ្មែរឲ្យ​ធ្លាក់ទៅ​ក្នុងរបប​កុម្មុយនីស្ត។​

«សូម្បី​រាល់ថ្ងៃ​នៅពេល​ដែល​រដ្ឋាភិបាល​យើង​ចាប់ផ្តើម​បង្ហាញ​ពីជំហរ​ទៅលើ​ចិននេះ ពលរដ្ឋ​ចាប់ផ្តើម​ព្រួយបារម្ភ​គ្រប់គ្នា​ហើយ ​ព្រួយបារម្ភ​អំពីរឿង​ខ្លាច​រដ្ឋាភិបាល​ហ្នឹង នាំយើង​ចូលទៅ​ក្រហម ​បានន័យថា​នាំយើង​ចូលទៅ​ក្នុងបក្ស​កុម្មុយនីស្ត​ឬក៏ដើរ​ទៅ រកលទ្ធិ​ផ្តាច់ការ‍»។

រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម។
រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម។

ប្រទេស​អាស៊ាន​ទាំង១០ ​កំពុង​អនុវត្ត​សេចក្តី​ថ្លែងការណ៍​ស្តីពី​ក្រមប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ (DOC) ​ដែល​មាន​ស្រាប់ ​ទោះ​ជា​ភាគី​ចិនត្រូវគេចោទប្រកាន់ថា​ មិន​បាន​គោរព​តាម​ជា​អចិន្ត្រៃយ៍​ក្តី។​ ប្រទេស​ដែល​មាន​ការ​ទាមទារ​កម្មសិទ្ធិ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ គឺ​ហ្វីលីពីន​ វៀតណាម ​ម៉ាឡេស៊ី ​ប្រ៊ុយណេ ​និង​ដែនដី​តៃវ៉ាន់។​ ទោះជា​មានជម្លោះ​យ៉ាងណា​ក្តី​ តែអ្នក​តាម​ឃ្លាំមើល​ស្ថានការណ៍​តំបន់​បាន​និយាយ​ថានៅ សមុទ្រ​ចិន​ខាងត្បូង​មិនមែនមាន​តែ​បញ្ហា​ជម្លោះ​នៃការ​ទាមទារ​កម្មសិទ្ធិ​តែមួយ មុខទេ។​ ដែន​សមុទ្រនេះ​នៅមាន​បញ្ហានៃ​ការ​នេសាទ​ខុសច្បាប់​ ចោរប្លន់​លើផ្ទៃ សមុទ្រ​ បញ្ហា​បរិដ្ឋាន ​និងបញ្ហា​ផ្សេងទៀត​ ដែល​បណ្តា​ប្រទេស​ក្នុងតំបន់​ត្រូវការ​សហការគ្នា ​ដោះស្រាយ​មុនពេល​ដែល​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី​ត្រូវគេ​តាក់តែង​នៅ​បន្ទាប់ ពីគ្រោងឆ្អឹង​នៃសេចក្កី​ព្រាងក្រម​ប្រតិបត្តិ​ស៊ីអូស៊ី​កើតឡើង​នៅឆ្នាំនេះ។​គ្រោង​ឆ្អឹង​នៃ​សេចក្តី​ព្រាង​ក្រមប្រតិបត្តិ​ស៊ីអូស៊ី ​នេះ​ទំនង​ជាត្រូវ​ដាក់ជូន​ថ្នាក់ដឹកនាំ​ប្រទេស​និង ប្រមុខរដ្ឋ ​និង​ប្រមុខ​រដ្ឋាភិបាល​សម្រេច​ក្នុងកិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៥០​ ក្នុង ប្រទេស​ហ្វីលីពីន៕

XS
SM
MD
LG