ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​អាស៊ាន​ចំ​ពេល​មាន​ភាព​តានតឹងលើ​បញ្ហា​នៅ​​សមុទ្រ​ចិន​ខាង​ត្បូង


ទង់ជាតិ​របស់​អាស៊ាន (រូប​ស្តាំ) នាំ​មុខ​ទង់ជាតិ​ប្រទេស​ជា​សមាជិក​ទាំង​១០​ ក្នុង​កិច្ចប្រជុំ​វេទិកា​ថ្នាក់​តំបន់​អាស៊ាន​នៅ​ប្រទេស​សិង្ហបុរី។
ទង់ជាតិ​របស់​អាស៊ាន (រូប​ស្តាំ) នាំ​មុខ​ទង់ជាតិ​ប្រទេស​ជា​សមាជិក​ទាំង​១០​ ក្នុង​កិច្ចប្រជុំ​វេទិកា​ថ្នាក់​តំបន់​អាស៊ាន​នៅ​ប្រទេស​សិង្ហបុរី។

រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​ចិន​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បន្ត​កិច្ច​ប្រឹងប្រែង​ដើម្បី​ការពារ​សន្តិភាព ​និង​ស្ថេរភាព​ក្នុង​តំបន់ ក៏​ប៉ុន្តែ​បាន​បញ្ចៀស​ការ​ពិភាក្សា​ជម្លោះ​ទឹក​ដី​ដ៏​ចម្រូង​ចម្រាស់​នៅ​ថ្ងៃ​សុក្រ​នេះ​ នៅ​ពេល​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀបចំ​ជំនួប​របស់​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​តំបន់​អាស៊ី​អាគ្នេយ៍។

មេដឹកនាំ​ចិន​មិន​ត្រូវ​គេ​រំពឹង​ថា​ នឹង​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ​ស្តី​ពី​ការ​ទាមទារ​ទឹក​ដី​មាន​ជម្លោះ​ក្នុង​អំឡុងពេល​នៃ​ជំនួប​ក្រៅ​ផ្លូវ​ការ​របស់​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​មក​ពី​ប្រទេស​ទាំង​១០​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬ​អាស៊ាន​នោះ​ទេ។

ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​សមាគម​អាស៊ាន​គឺ​ហ្វីលីពីន​ និង​វៀតណាម​បាន​ទាមទារ​ទឹក​ដី​ត្រួត​ស៊ី​គ្នា​ជាមួយ​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ក៏ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ​មាន​កា​រស្ទាក់​ស្ទើរ​ប្រើប្រាស់​វេទិកា​បែប​នេះ​ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ។

លោក Chang Wanquan រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​ចិន​មិន​បាននិយាយ​ឡើង​វិញ​ពី​ជម្លោះ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​បើក​ជំនួប​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ​លោក​បាន​អំពាវនាវ​ដល់​ប្រទេស​ជាតិ​នានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ឲ្យ​មាន​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​ឡើង​ ហើយ​និង​ការ​ប្រឹងប្រែង​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ ​ដូចជា​ភេរវកម្ម។

លោក Chang បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​៣-៤​នាទី​មុន​ដំបូង​ថា «ចិន​មាន​បំណងធ្វើ​កិច្ចសហប្រតិបត្តិការ​ និង​កិច្ចសន្ទនា​ជាមួយ​ក្រសួង​ការពារ​ប្រទេស​អាស៊ាន​ដើម្បី​ការពារ​សន្តិភាព​ និង​ស្ថេរភាព​នៅ​ក្នុង​តំបន់ ​ហើយ​រួប​រួម​គ្នា​ដើម្បី​បង្កើត​បរិយាកាស​សន្តិសុខ​ដ៏​ល្អ​មួយ‍»។

ចិន​បាន​ធ្វើ​ការ​ជាមួយ​សមាគម​អាស៊ាន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​លើ​វិធីសាស្រ្ត​ដែល​បាន​អូសបន្លាយ​យ៉ាង​យូរ​ដើម្បី​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ នៅ​ក្នុង​ដំណើរ​ការ​នេះ ​ចិន​កាន់​តែ​គគ្លើន​ឡើងៗ​ក្នុង​ការ​ការពារ​លើ​ការ​ទាមទារ​ផ្លូវ​នាវា​ចរណ៍​របស់​ខ្លួន៕

XS
SM
MD
LG